ភ្នំពេញ៖ ជំងឺភ្នែកឡើងបាយ បើសិនមិនទទួលការព្យាបាលឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលានោះទេ នោះអាចបណ្តាលឱ្យងងឹតភ្នែកតែម្តង ហើយអំឡុងពេលកើត អ្នកជំងឺក៏មានសភាពឈឺចុកចាប់ភ្នែកផងដែរ។ ក៏ប៉ុន្តែជំងឺភ្នែកឡើងបាយនេះ ពុំមែនជាជំងឺកាចសាហាវ ឬ បង្កគ្រោះថ្នាក់ដល់ភ្នែកលឿនពេកនោះទេ បើសិនទទួលបានការព្យាបាយ និងមានវិធានការការពារត្រឹមត្រូវជាមុន។
ក្នុងនាទីសុខភាពនៅថ្ងៃនេះ វិទ្យុស្រ្តីសូមលើកយកបញ្ហាជំងឺភ្នែកឡើងបាយមកជម្រាបជូននាង កញ្ញា លោក លោកស្រី ឱ្យបានដឹងពីឫសគល់នៃបញ្ហា ជាមួយវិធានការការពារមួយចំនួន។ តទៅនេះសូមស្តាប់ការអត្ថាធិប្បាយរបស់លោក កែវ សុខា ដូចតទៅ។
អ្វីទៅជាភ្នែកឡើងបាយ? នេះជាចំណងជើងអត្ថបទដែលមន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញលើទំព័រហ្វេសប៊ុក ដើម្បីលើកមកបង្ហាញជូនសាធារណជនឱ្យបានជ្រាបពីបញ្ហានេះ។
ផ្អែកតាមមន្ទីរពេទ្យកាល់ម៉ែត«ភ្នែកឡើងបាយ» គឺជាជំងឺមួយប្រភេទកើតនៅលើកែវភ្នែក ដែលស្ថិតនៅក្រោយកូនក្រមុំរបស់ភ្នែក ដោយកែវភ្នែកដែលធ្លាប់មានភាពថ្លាច្បាស់ បែរជាឡើងស្រអាប់ រឺឡើងពណ៌សត្រង់កូនក្រមុំ។ បញ្ហានេះបណ្តាលឱ្យពន្លឺ និងរូបភាពមិនអាចឆ្លងកាត់ទៅចំកន្លែងចាប់រូបភាពនៅបាតភ្នែកបាននោះទេ និងធ្វើឱ្យគំហើញធ្លាក់ចុះផងដែរ។
រូបភាពពីមន្ទីរពេទ្យកាល់ម៉ែត។
ចំណែកអាការៈ និងរោគសញ្ញាភ្នែកឡើងបាយ សញ្ញាណចម្បងរបស់វា បង្ហាញប្រាប់អ្នកថា សមត្ថភាពភ្នែករបស់អ្នកមានការថយចុះបន្តិចម្តងៗ ពេលស្ថិតក្រោមម្លប់ ឬពេលថ្ងៃរសៀលជាដើម។ អាការៈមួយទៀតដែលអាចសម្គាល់បាន គឺការមើលឃើញមានសភាពបែកផ្សែង និងស្រវាំងភ្នែកជាងធម្មតាពេលនៅក្រោមពន្លឺថ្ងៃភ្លឺខ្លាំង ឬនៅពេលមានពន្លឺភ្លើងចាំងមកចំភ្នែកនៅពេលយប់។ ករណីមួយទៀត កូនក្រមុំភ្នែកមានពណ៌សដែលយើងអាចមើលឃើញដោយភ្នែកទទេ នៅពេលភ្នែកចាប់ផ្តើមបាយឡើងក្រាស់ខ្លាំងៗ។
ដោយឡែក នៅពេលកម្រិតបាយភ្នែកនៅតិច នោះអាចឱ្យអ្នកជំងឺមើលឆ្ងាយមិនច្បាស់ ហើយអ្នកជំងឺត្រូវផ្លាស់ប្តូរវ៉ែនតាសម្រាប់មើលឆ្ងាយញឹកញាប់ តែអ្នកជំងឺអាចមើល ឬអានអក្សរជិតៗបានដោយមិនចាំបាច់ពាក់វ៉ែនតាមើលជិត។ តែក្នុងករណីកម្រិតបាយឡើងស្រអាប់ខ្លាំង នោះអ្នកជំងឺមិនអាចមើលឃើញច្បាស់ទាំងឆ្ងាយ និងទាំងជិត។ទាំងនេះ ជាអាការៈខ្លះៗដែលស្តែងឱ្យយើងទាំងអស់គ្នាដឹង មុនពេលបញ្ហានេះរាលដាលកាន់តែខ្លាំងឡើងៗ។
រូបភាពពីមន្ទីរពេទ្យកាល់ម៉ែត។
ឥឡូវនេះយើងមកដឹងពីមូលហេតុនៃការបង្កជំងឺនេះវិញម្តង។
ជំងឺភ្នែកឡើងបាយអាចកើតឡើងមកពីកត្តាផ្សេងៗគ្នា ដោយវាចាប់ផ្តើមមានវត្តមានពេលមនុស្សមានវ័យកាន់តែចាស់ទៅៗ។ ក្រៅពីបញ្ហាវ័យជរា បញ្ហាភ្នែកឡើងបាយ ក៏បណ្តាលមកពីមានជំងឺប្រចាំកាយ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺទឹកដក់ក្នុងភ្នែក ជំងឺរលាកប្រស្រីភ្នែក ហើយវាអាចកើតទោះបីជាវ័យនៅក្មេងក៏ដោយ។
តាមមន្ទីរពេទ្យកាល់ម៉ែត បញ្ហាការប៉ះទង្គិច ឬរបួសទៅលើគ្រាប់ភ្នែក ឬការធ្វើការងារដែលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យខ្លាំងជាញឹកញាប់ក៏ជាមូលហេតុនៃជំងឺភ្នែកឡើងបាយបានផងដែរ។
អ្វីដែលគួរឱ្យចាប់ភ្លឹកមួយទៀតនោះ គឺការប្រើប្រាស់ថ្នាំបន្តក់ភ្នែកព្យាបាលជំងឺរលាកភ្នែក រឺបញ្ហាភ្នែកក្រហមដែលមានផ្ទុកនូវសារជាតិស្តេរ៉ូអ៊ីត ខណៈការប្រើមានរយៈពេលយូរហួសកម្រិតពេក។ កត្តាមួយទៀតនៃជំងឺឡើងបាយភ្នែក អាចកើតមានមកតាំងពីកំណើតតែម្តង។ មូលហេតុមានតាំងពីកំណើត ព្រោះម្តាយដែលកំពុងពពោះមានកើតជំងឺស្អូចក្នុងខ្លួន។
រូបភាពពីមន្ទីរពេទ្យកាល់ម៉ែត។
បើទោះបីជាជំងឺភ្នែកឡើងបាយ បង្កឱ្យងងឹតភ្នែកក៏ដោយ តែលោកអ្នកអាចមានលទ្ធភាពបង្ការទុកជាមុន តាមរយៈទទួលការព្យាបាលទាន់ពេលវេលា និងមានវិធានការការពារត្រឹមត្រូវ។
ពីមន្ទីរពេទ្យកាល់ម៉ែតបានឱ្យដឹងថា ភ្នែកឡើងបាយនេះអាចព្យាបាលបាន ហើយមើលឃើញច្បាស់មកវិញ ក្រោយពីទទួលការព្យាបាលវះកាត់យកកែវដែលមានឡើងបាយចេញ ដោយវេជ្ជបណ្ឌិតឯកទេស នៅតាមមន្ទីរពេទ្យភែ្នកនានាទូទាំងប្រទេស។ ហើយក្រោយការវះកាត់វេជ្ជបណ្ឌិតអាចធ្វើការណាត់ជួបនិងណែនាំឱ្យអ្នកជំងឺត្រូវពាក់វ៉ែនតាការពារ មិនត្រូវឈ្លីភ្នែក មិនត្រូវលើករបស់ធ្ងន់ហួសកម្លាំង និងការពារកុំឱ្យទឹកចូលភ្នែករយៈពេល ៤ ទៅ ៥សប្តាហ៍។
ក្រៅពីជម្រើសទទួលយកការព្យាបាលជំងឺឡើងបាយភ្នែក មន្ទីរពេទ្យកាល់ម៉ែតក៏ប្រាប់ពីគន្លឹះការពារភ្នែកឡើងបាយនេះផងដែរ។
មន្ទីរពេទ្យណែនាំឱ្យការពារ ដោយកុំឱ្យមានការប៉ះទង្គិច ឬមានរបួសផ្ទាល់ទៅលើគ្រាប់ភ្នែក។ បើអាចសូមពាក់របាំងការពារ ឬវ៉ែនតាការពារភ្នែករាល់ពេលធ្វើការងារណាដែលអាចបង្កគ្រោះថ្នាក់ទៅលើភ្នែក និងផ្ទៃមុខរបស់លោកអ្នក។ ត្រូវពាក់មួក និងវ៉ែនតាការពារកាំរស្មីព្រះអាទិត្យ។ ដោយឡែកការសម្រេចប្រើថ្នាំព្យាបាលភ្នែកដោយថ្នាំបន្តក់ត្រូវប្រាដកថាមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ៕