en     km
en     km

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រើនរំលឹកមន្រ្តីក្រសួងពាក់ព័ន្ធត្រៀមលក្ខណៈកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

Share

គ្រោះមហន្តរាយធម្មជាតិ (រូបភាព គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតអំពាវនាវចំនួន ៧ ចំណុច ក្រើនរំលឹកដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវគិតគូរត្រៀមលក្ខណៈកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីបង្ការការពារសុវត្ថិភាពជូនពលរដ្ឋ។ សារលិខិតនេះកើតឡើងក្នុងឱកាសប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់អាស៊ាន និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

ឆ្លើយតបនឹងសារអំពាវនាវរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោក សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យវិទ្យុស្រ្តីដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះថា រយៈពេល ៩ ខែឆ្នាំ២០២៤នេះ មានករណីខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២៦៧លើក ធ្វើឱ្យផ្ទះរលំ ៤៩០ខ្នង និងរបើកដំបូលចំនួន ៣៩៣៥ខ្នង។ ក្នុងនោះករណីខ្យល់កន្ត្រាក់បានកើតឡើងសឹងតែគ្រប់រាជធានី ខេត្ត ទាំង២៥ ហើយខេត្តរងការប៉ះពាល់ និងខូចខាងច្រើនជាងគេ គឺខេត្តកំពត។

សម្រាប់គ្រោះថ្នាក់រន្ទះវិញ លោក សុទ្ធ គឹមកុលមុនី ឱ្យដឹងថា រន្ទះបានកើតមានស្ទើរគ្រប់ខេត្តផងដែរ សរុបមានចំនួនជាង១០០លើក បង្កឱ្យមនុស្សស្លាប់ ៥៤នាក់ និងរងរបួស ៤៣នាក់។ ចំណែកសត្វគោ ក្របី វិញបានងាប់ចំនួន៤០ក្បាលផងដែរ។ ក្រៅពីនេះលោកបន្ថែមថា គ្រោះមហន្តរាយដោយសារទឹកជំនន់ បានកើតឡើងចំនួន ២លើក ដោយលើកទី១ ជំនន់ទឹកភ្ញៀងនៅតាមតំបន់ខេត្តមួយចំនួននៅភាគខាងលិច​ និងករណីជំនន់ទី ២ គឺជំនន់ទឹកទន្លេមេគង្គ។

លោក សុទ្ធ គឹមកុលមុនី៖«ចំពោះជំនន់​ទី១ បានប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសដំណាំកសិកម្ម  ដំណាំខូចខាតច្រើនជាងគេ ដំណាំស្រូវ ក្នុងចំណោមខេត្តដែលប៉ះពាល់ខូចខាត ច្រើនជាងគេគឺខេត្តកំពង់ធំ ចំពោះជំនន់ទី២ ជំនន់នៅតាមខេត្តតំបន់ទន្លេមេគង្គ ខេត្តដែលរងផលប៉ះពាល់ច្រើនជាងគេ គឺខេត្តក្រចេះ ទៅលើដំណាំស្រូវ តែម្តង»។

ជុំវិញសាររបស់នាយករដ្ឋមន្រ្តីខាងលើ ដែលណែនាំឱ្យស្ថាប័នពាក់ព័ន្ធអន្តរាគមន៍គ្រោះមហន្តរាយនេះ លោក សុទ្ធ គឹមកុលមុនី បញ្ជាក់ថា កម្រិតខេត្ត គឺអាជ្ញាធរដែនដីមានភាពម្ចាស់ការ និងជំនាញអាចទទួលខុសត្រូវបាន ដូច្នេះការអន្តរាគមធ្វើឡើងជាបន្ទាន់ដោយអាជ្ញាធរនៅមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធអាចឆ្លើយតបបានទាន់ពេលវេលា​និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា សារលិខិតអំពាវនាវចំនួន ៧ ចំណុច នៅក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ របស់ ​សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះរួមមានទី១-ពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយរៀបចំឱ្យមានដំណើរការជាប្រក្រតី និងជាអចិន្រ្តៃយ៍នៅក្នុងលេខា ធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួង ស្ថាប័ន និង ថ្នាក់ក្រោមជាតិ ពង្រឹង និងពង្រីកកងប្រតិបត្តិការរុករក និងសង្គ្រោះ។ ជាងនេះត្រូវរៀបចំកញ្ចប់ថវិកាប្រើប្រាស់នៅក្នុង ខ្ទង់ថវិកាក្នុងក្រសួង ស្ថាប័ន ដើម្បីធានាឱ្យមានធនធានមនុស្សសម្រាប់បំពេញការងារ មានមធ្យោបាយ សម្ភារៈ ថវិកាសម្រាប់ដំណើរការការងារ និងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ។

ទី២-បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់ នឹងត្រូវដោះស្រាយឱ្យបានទាន់ ពេលវេលា នៅក្នុងករណីកើតមានគ្រោះមហន្តរាយ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ជាពិសេស យកចិត្តទុកទៅលើការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។

ទី៣- ធ្វើការតាមដានឱ្យជាប់ជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត និងត្រូវកំណត់ជាស្រេចនូវទីទួលសុវត្ថិភាព ក៏ដូចជាការចាត់វិធានការ សម្របសម្រួល និង ត្រៀមកម្លាំង មធ្យោបាយ អន្តរាគមន៍ សង្គ្រោះបន្ថែម។

ទី៤- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវត្រៀមស្បៀង និងសម្ភារៈ បរិក្ខារចាំបាច់ ដែលត្រូវបញ្ចេញទៅឱ្យប្រជាជនរងគ្រោះ ដោយគ្រោះមហន្តរាយនានា ក្នុងករណីមានការស្នើសុំពីរាជធានី ខេត្ត។

ទី៥- ក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានជាប្រចាំ អំពីអាកាសធាតុ ការព្យាករណ៍ ស្ថានភាពភ្លៀង និងកំពស់ទឹក និងត្រូវធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ដើម្បីអន្តរាគមន៍ ឱ្យបានទាន់ពេលវេលា។

ទី៦- ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្រូវពូជ និងសម្ភារៈ ចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ បង្កឱ្យមានការខូចខាតស្រូវ ដំណាំរបស់ប្រជាពលរដ្ឋ ចាំបាច់ ត្រូវជួយស្ដារឡើងវិញ និង

ទី៧- អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីធ្វើអន្តរាគមន៍សង្គ្រោះតាមការចាំបាច់ ពង្រឹងសមត្ថភាពកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់គ្រោះមហន្តរាយដែលកើតឡើង៕

រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

Share

ព័ត៌មានទាក់ទង