en     km
en     km

ខ្មាន់កាំភ្លើងបាញ់សម្លាប់អតីតតំណាងរាស្ត្រខ្មែរ ជាឃាតករស៊ីឈ្នួល

Share

ប​ន្ទាប់ពីខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំង ត្រូវបញ្ជូនដល់ដៃសមត្ថកិច្ចថៃ ភាគីថៃស៊ើបអង្កេតឃើញថាខ្មាន់កាំភ្លើងរូបនេះ ត្រូវគេជួលមកឱ្យសម្លាប់តំណាងរាស្ត្រខ្មែរ ខណៈដែលឃាតករនៅតែមិនព្រមសារភាពមេខ្លោងដែលជួលខ្លួន ដោយសារបារម្ភពីសុវត្ថិភាពគ្រួសារ។ លោក គីម​ ចាន់ចាវ រាយការណ៍

 

 

មុនបញ្ជូនខ្មាន់កាំភ្លើងទៅប្រទេសថៃ សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនលោក ឯកឡាក់ ភាណយ អតីតទាហានជើងទឹកថៃ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ អំឡុងពេលខ្មាន់កាំភ្លើងរូបនេះ រត់ឆ្លងដែ​នគេចខ្លួនមកកម្ពុជា។ ក្រោយពីចាប់ខ្លួនបាន ៣ថ្ងៃ នៅថ្ងៃទី១១ ខែមករានេះ សមត្ថកិច្ចកម្ពុជា បញ្ជូនខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក គិមយ៉ា ទៅឱ្យសមត្ថកិច្ចថៃ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ (Bangkok Post) ចុះផ្សាយនៅថ្ងៃទី១២ ខែមករានេះ លោក អដ្ឋាផន វង្សសិរិព្រីដា (Arthaphorn Wongsiripreeda) ប៉ូលិស​ក្រុង​បាងកក បាននិយាយថា បន្ទាប់ពីឃាតករត្រូវបញ្ជូនមកថៃ ហើយសមត្ថកិច្ចសួរនាំរហូតដល់ម៉ោង១០យប់ កាលពីថ្ងៃសៅរ៍ ទី១១ មករានេះ លោក ឯកឡាក់ ភាណយ (Ekkalak Pheanoi) ដែលជាខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនបាញ់សម្លាប់លោក គិមយ៉ា ដោយការស៊ីឈ្នួល។ មួយវិញទៀតខ្មាន់កាំភ្លើងរូបនេះ នៅតែបដិសេធមិនព្រមប្រាប់ឈ្មោះមេខ្លោងនៅពីក្រោយដែលជួលខ្លួនឱ្យបាញ់សម្លាប់អតីតតំណាងរាស្ត្រខ្មែរឡើយ ដោយលើកហេតុផលថាបារម្ភពីសុវត្ថិភាពគ្រួសារ។

លោក លិម គិមយ៉ា អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ។ រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក។

នៅថ្ងៃដដែលនោះ តាមកាសែត The Nation ចុះផ្សាយដែរថា ខ្មាន់កាំភ្លើងដែលជួលឱ្យបាញ់សម្លាប់លោក គិមយ៉ា សារភាពថា មេខ្លោងដែលនៅពីក្រោយឃាតកម្មនេះ ជាអ្នកមានគុណលើខ្លួនដែលបានជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់គ្រួសារលោក បន្ទាប់ពីលោក ឯកឡាក់ ភាណយ ត្រូវបានបណ្តេញចេញពីការងារ។

នៅថ្ងៃទី១៣ ខែមករានេះ សារព័ត៌មានថៃ AMARINTV ផ្សាយថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បញ្ជាឱ្យមានការយាមកាមតឹងរឹងបំផុតក្នុងទីឃុំឃាំងលោក ឯកឡាក់ ភាណយ ដោយបារម្ភថា ខ្មាន់កាំភ្លើងរូបនេះអាចត្រូវគេលបធ្វើឃាត អំឡុងពេលសមត្ថកិច្ចស៊ើបអង្កេត។

លោក លិម គិមយ៉ា វ័យ ៧៤ឆ្នាំ ជាបញ្ញវន្តមួយរូបដែលបានបន្ត​ការ​សិក្សានៅប្រទេសបារាំង និងធ្លាប់ធ្វើជាមន្ត្រី​បម្រើ​ការ​ងារនៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​បារាំង។ ក្រោយមកលោកត្រឡប់ចូលកម្ពុជាវិញ និងបានរួមជីវភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ហើយបានជាប់ឆ្នោតជាតំណាងរាស្ត្រជាលើកដំបូង កាលពីឆ្នាំ២០១៣​ ដោយបម្រើការងារជាតំណាងរាស្ត្រនៅមណ្ឌលកំពង់ធំ រហូតដល់ឆ្នាំ២០១៧ ជាឆ្នាំដែលគេ រំលាយគណបក្សសង្គ្រោះជាតិ។

មុនបញ្ជូនឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា ទៅប្រទេសថៃ អ្នកនយោបាយបក្សប្រឆាំង និងសកម្មជនសង្គម ដាក់ការសង្ស័យលើលើជនដែលពាក់ព័ន្ធជាមួយខ្មាន់កាំភ្លើងដែលគេកំណត់ថាជា លោក ពេជ្រ គឹមស្រ៊ិន បងប្អូនបង្កើតលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។ តែក្រោយពីបញ្ជូនមកថៃ ពួកគេសង្ស័យជនជាប់ពាក់ព័ន្ធម្នាក់ទៀតដែលវេរលុយឱ្យខ្មាន់កាំភ្លើង គឺលោក លី រតនារស្មី មានតួនាទីជាទីប្រឹក្សាសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។

លោក គិមយ៉ា ជាអ្នកនយោបាយបក្សប្រឆាំងម្នាក់ មាន​សញ្ជាតិ​ពីរ គឺ​ខ្មែរ និង​បារាំង  ដែលតែងតែប្រើ​ហ្វេសប៊ុករិះគន់លើការដឹកនាំរបស់រដ្ឋាភិបាលក្នុងការងារអភិឌ្ឍន៍សង្គមជាតិ។ លោកត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ក្រោយមួយថ្ងៃឃាតកម្មនេះ សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនឃាតករបាន កាលពីថ្ងៃទី៨ ខែមករានេះ។

ក្រៅពីអ្នកនយោបាយបក្សប្រឆាំងត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ កន្លងមកនៅកម្ពុជាក៏មានឃាតកម្មបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគសង្គម លោក ឈុន វុទ្ធី សកម្មជនព្រៃឈើ លោក ជា វិជ្ជា ​មេដឹកនាំសហជីពការពារសិទ្ធិកម្មករ រួមទាំងអ្នកសារព័ត៌មានដែលរាយការណ៍ពីការកាប់ទន្ទ្រានព្រៃឈើ លោក ឈឿង ឈឹង ត្រូវបាញ់សម្លាប់កាលពីខែធ្នូ ឆ្នាំ២០២៤៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង