en     km
en     km

យាយម៉ាំមីប្តេជ្ញាបន្តតវ៉ាឱ្យតុលាការដោះលែងកូនស្រីខ្លួន ទោះបីសុខភាពខ្លួនឯងទ្រុឌទ្រោមក្តី

Share

អ្នកស្រី ង៉ែត ឃុន ឬគេស្គាល់ថាជាយាយម៉ាំមី សកម្មជនដីធ្លីបឹងកក់ មានសុខភាពកាន់តែទ្រុឌទ្រោម ប៉ុន្តែនៅតែប្ដេជ្ញាតវ៉ាឱ្យតុលាការដោះលែងកូនស្រីខ្លួន ដែលជាប់ចោទពីបទ «បំផ្លាញទ្រព្យសម្បត្តិសាធារណៈ»។ ជាមួយគ្នានេះ អង្គការសិទ្ធិមនុស្ស ក៏នៅតែទទូចឱ្យតុលាការដោះលែងកូនស្រីសកម្មជនរូបនេះ ពីព្រោះការឃុំខ្លួននេះមិនបានផ្ដល់ប្រយោជន៍សម្រាប់សង្គមជាតិឡើយ មានតែទទួលបានការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិប៉ុណ្ណោះ។ កញ្ញា កែវ សុជាតា រាយការណ៍

 

 

កូនស្រីអ្នកស្រី ង៉ែត ឃុន គឺអ្នកស្រី អេង សុខា ជាសកម្មជនស្ដ្រីដែលសកម្មក្នុងការចូលរួមសកម្មភាពតវ៉ានានារបស់សកម្មជនដីធ្លីសកម្មជនបរិស្ថាន និងអ្នកនយោបាយ ត្រូវជាប់ឃុំខ្លួនក្នុងពន្ធានាគារព្រៃស ក្រោមបទចោទ «បំផ្លាញទ្រព្យសម្បត្តិសាធារណៈ» ក្នុងអំឡុងពេលអ្នកស្រីស្រែកទាមទារយុត្តិធម៌ជូនម្ដាយខ្លួននៅខាងមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។

អ្នកស្រី ង៉ែត ឃុន ដែលមានវ័យ ៨៥ឆ្នាំ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៥ ខែមីនានេះថា មកដល់ពេលនេះ ពន្ធនាគារបានអនុញ្ញាតឱ្យអ្នកស្រី ចូលជួប ដើម្បីសួរសុខទុក្ខអំពីស្ថានភាពជំងឺកូនហើយ។ ក្រោយពីពន្ធនាគារអនុញ្ញាត អ្នកស្រី ឃុន បានទៅសួរសុខទុក្ខកូនក្នុងមួយសប្ដាហ៍ពីរដង ដោយស្ថានភាពអ្នកស្រី អេង សុខា រស់នៅក្នុងពន្ធនាគារ មានសុខភាពមិនល្អឡើយ។

ថ្វីត្បិតពន្ធនាគារ អនុញ្ញាតឱ្យអ្នកស្រីបានជួបកូនស្រីហើយក្ដី ប៉ុន្តែ អ្នកស្រី ង៉ែត ឃុន នៅមិនស្ងប់ចិត្ត និងមានការបារម្ភចំពោះសុខភាពកូនស្រី ព្រោះអ្នកស្រី អេង សុខា មានបញ្ហាជំងឺប្រចាំកាយ។ អ្នកស្រីដាក់ក្តីព្រួយបារម្ភដោយពុំសូវមានទំនុកចិត្តលើការថែទាំជំងឺពីសំណាក់មន្រ្តីពន្ធនាគារនោះទេ ដែលបញ្ហានេះអាចប៉ះពាល់ដល់អាយុជីវិតកូនរបស់អ្នកស្រី។

អ្នកស្រី ង៉ែត ឃុន និងកូនស្រី។ រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក។

អ្នកស្រី ង៉ែត ឃុន៖ «រាល់ថ្ងៃហ្នឹងអស់កម្លាំងហូបបាយហូបអីអត់បាន ណាពិបាកចិត្តកូន ដល់ពិបាកចិត្តកូនហ្នឹងមិនដឹងធ្វើម៉េ​ច ពិបាកចិត្តទៅរឹតតែទុក្ខលើខ្លួនហ្នឹងទៅទៀត ហើយឡើងលែងចង់ឃ្លានបាយឃ្លានទឹកអីរាល់ថ្ងៃអត់ពិបាកចិត្តកូនពេក។ ខ្ញុំឃើញវានៅក្នុងពន្ធនាគារអ៊‌ីចឹង ដូចខ្ញុំធ្លាប់ជាប់ដែរអ៊‌ីចឹង ខ្ញុំនឹកឃើញអាណិតកូន ហើយខ្ញុំពិបាកចិត្តណាស់ ខ្ញុំភ័យបារម្ភខ្លាចតែវាដួលប្រកាច់ទៅ បោកក្បាលដួលនឹងឥដ្ឋហ្នឹង»។

ជុំវិញរឿងនេះ លោក យិន ម៉េងលី អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ដីធ្លី និង​ធនធាន​ធម្មជាតិ​ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ដែលតាមឃ្លាំមើលករណីនេះ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា មកដល់ពេលនេះ សមាគមអាដហុកបានផ្ដល់មេធាវីការពារក្ដីជូនអ្នកស្រី អេង សុខា រួចរាល់ហើយ។ ដូច្នេះមេធាវីរបស់អាដហុក កំពុងធ្វើការលើករណីនេះ ដោយបានដាក់ឯកសារទៅកាន់តុលាការ ដើម្បីស្នើឱ្យអ្នកស្រី សុខា បាននៅក្រៅឃុំបណ្ដោះអាសន្ន។

ដោយឡែកករណីនេះ បន្តដំណើរយ៉ាងណាទៀត លោកថា អាស្រ័យលើប្រព័ន្ធតុលាការ ហើយសមាគម បានត្រឹមតែដាក់ពាក្យធានាឱ្យនៅក្រៅឃុំប៉ុណ្ណោះ ហើយក៏គ្មានតួនាទីអ្វីដែលធ្វើឱ្យលើសពីច្បាប់កំណត់ឡើយ។ យ៉ាងណាការឃុំខ្លួននេះ លោកចាត់ទុករឿងនេះ ជារឿងអយុត្តិធម៌ពីព្រោះសកម្មភាពតវ៉ារបស់អ្នកស្រីសុខា មិនមែនមកបំផ្លាញទ្រព្យសម្បត្តិសាធារណៈឡើយ ដោយអ្នកស្រីមកក្នុងចេតនាទាមទារស្វែងរកយុត្តិធម៌ជូនម្ដាយតែប៉ុណ្ណោះ។

លោក យិន ម៉េងលី អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ដីធ្លី និង​ធនធាន​ធម្មជាតិ​ នៃ​សមាគម​អាដហុក។ រូបភាពពីអង្គការសង់ត្រាល។

លោក យិន ម៉េងលី៖ «អ៊‌ីចឹងមើលឃើញថាគាត់ហ្នឹងទៅរកយុត្តិធម៌ មិនបានទទួលយុត្តិធម៌ទេ តែបែរជាទទួលរងការចោទប្រកាន់ថែមទៀត ធ្វើឱ្យគាត់ទទួលរងភាពអយុត្តិធម៌ផ្ទួនគ្នាលើភាពអយុត្តិធម៌ថែមទៀតបាទ ចំពោះបញ្ហារបស់គាត់ហ្នឹង។ យើងបានទទួលតាំងពីដើមដំបូង យើងសុំឱ្យចៅក្រមដោះលែងគាត់ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នទៅ ឬក៏ទម្លាក់បទចោទចំពោះគាត់ទៅ ធម្មតាមនុស្សម្នាក់តែងរងនៅភាពអយុត្តិធម៌ច្រើន អ៊‌ីចឹងវាអាចបង្កឱ្យមានផលប៉ះពាល់ដល់អារម្មណ៍របស់មនុស្សម្នាក់ហើយ អ៊‌ីចឹងពេលខ្លះមិនអាចអារម្មណ៍របស់ខ្លួនបានទេ អ៊‌ីចឹងសុំឱ្យធ្វើការដោះលែងទៅទីមួយម្ដាយក៏គាត់ចាស់ជរាដែរ សុំដោះលែងគាត់ឱ្យមើលម្ដាយទៅ កុំបន្តឃុំគាត់អ៊‌ីចឹងទៀត វាគ្មានប្រយោជន៍អីទេសម្រាប់តុលាការ និងសម្រាប់ប្រទេសជាតិយើង»។

ងាកមក អ្នកស្រី ង៉ែត ឃុន ទោះបីសុខភាពខ្លួនឯងហាក់ទ្រុឌទ្រោមក្តី អ្នកស្រីនៅតែបន្តតស៊ូឡើងទៅមើលកូនក្នុងពន្ធនាគារ និងបន្តសកម្មភាពតវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យតុលាការពិចារណាដោះលែងអ្នកស្រី អេង សុខា មានសេរីភាពឡើងវិញ។ ថ្វីដ្បិតការតវ៉ានោះ គ្មានប្រសិទ្ធភាព ឬត្រូវប្រើពេលរាប់ឆ្នាំក្ដី ក៏អ្នកស្រីប្ដេជ្ញាធ្វើសកម្មភាពទាំងនោះរហូតទទួលបានយុត្តិធម៌។

អ្នកស្រី ង៉ែត ឃុន៖ «សុំឱ្យដោះលែងកូនខ្ញុំចេញមកពីព្រោះកូនខ្ញុំ ខ្ញុំថាកូនខ្ញុំអត់មានធ្វើអីខុសទេ ដោយសារកូនខ្ញុំមកទាមទារភាពយុត្តិធម៌ដែលជនល្មើសដៃដល់ហ្នឹងមកវ៉ៃខ្ញុំបែកក្បាល ហេតុអ្វីបានជាតុលាការមិនចាប់ជនដៃដល់ហ្នឹងមកផ្តន្ទាទោស»។

អ្នកស្រី អេង សុខា វ័យ ៣៧ឆ្នាំ ត្រូវសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ មុនចាប់ខ្លួនអ្នកស្រី អេង សុខា នៅថ្ងៃដដែលអ្នកស្រីសុខា បានផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុកខ្លួននៅ​ខាងមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយនិយាយរិះគន់ការអនុវត្តរបស់តុលាការថាជារឿងអយុត្តិធម៌​ចំពោះម្ដាយខ្លួន ដែលត្រូវគេវាយឱ្យរងរបួសក្បាល ក្នុងពេលតវ៉ារកដំណោះស្រាយដីធ្លីជាមួយក្រុមហ៊ុន​ស៊ូកាគូ (Shukaku) របស់​លោក​ឧកញ៉ា ឡាវ ម៉េងឃីន ជា​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់​អំណាច​ដែលបាន​រំលោភ​យក​ដីធ្លី​ផ្ទះសម្បែង​របស់​ពួកគាត់ កាលពី​ជាង ១០ឆ្នាំ​មុន៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង