en     km
en     km

GMAC​ ៖​ វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​វាយនភ័ណ្ឌ​សម្លៀក​បំពាក់​បើក​វគ្គ​ជំនាញ​បន្ថែម​ដល់​កម្មករ​ (មានសំឡេង)

Share

ភ្នំពេញ៖ វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈវាយនភ័ណ្ឌសម្លៀកបំពាក់របស់កម្ពុជា ដែលសមាគមរោងចក្រកាត់ដេរកម្ពុជា អះអាងថា វិទ្យាស្ថាននេះ នឹងជួយពង្រឹងវិជ្ជាជីវៈកម្មករ និយោជិត កម្ពុជាឲ្យកាន់តែល្អប្រសើរ។ តែតំណាងសហជីពយល់ថា វិទ្យាស្ថាននេះមិនបានបើកទូលាយសម្រាប់កម្មករ និយោជិតទូទៅនោះទេ។

 

 

នេះគឺជាលើកដំបូងហើយដែលប្រទេសកម្ពុជា មានវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈវាយនភ័ណ្ឌ ដែលជាការបើកទូលាយសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ដែលមានបំណងចង់ចូលធ្វើការក្នុងវិស័យកាត់ដេរ និងមានបំណងដើម្បីពង្រឹងសមត្ថភាព វិជ្ជាជីវៈ កម្មករ និយោជិត ឲ្យកាន់តែប្រសើរថែមទៀត។ នេះបយោងតាមការបញ្ជាក់ពី អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជាលោក កាំង មូនីកា ដែលបានប្រាប់វិទ្យុស្ដ្រីអេហ្វអឹម១០២ នៅថ្ងៃទី១១ ខែកក្កដានេះ។
លោក កាំង មូនីកា ៖«យើងទទួលយកទាំងអ្នកធ្វើការផ្ទាល់នៅក្នុងរោងចក្រហ្នឹងផង ហើយអាចទទួលសិស្សថ្មីៗពីខាងក្រៅ ឧទាហរណ៍ដូចជាសិស្សដែលទើបប្រឡងបាក់ឌុបជាប់ ហើយគាត់ចង់ចាប់យកជំនាញវិជ្ជាជីវៈក្នុងវិស័យរបស់យើង គាត់អាចចុះឈ្មោះចូលរៀនបាន ហើយយើងអាចបង្រៀនពីថ្នាក់កណ្ដាលទៅដល់ថ្នាក់ខ្ពស់»។

វិទ្យាស្ថាននេះ អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជាអះអាងថា អាចទទួលបានសិស្សចូលរៀនយ៉ាងច្រើន ។ លោក កាំង មូនីកា បន្ថែមទៀតថា សិស្សដែលចូលរៀនក្នុងវិទ្យាស្ថាននេះ នឹងបានសិក្សាជំនាញជាច្រើនជាពិសេស បច្ចេកទេសនៃផលិកម្មកាត់ដេរ។
លោក កាំង មូនីកា ៖«វាមានច្រើនជំនាញហើយក្នុងនោះកម្រិត Diploma មានបី ហើយនឹងវគ្គខ្លីៗ មានចំនួន ២៨មុខទៀត»។
វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​វាយនភ័ណ្ឌ​សម្លៀក​បំពាក់
តែយ៉ាងណាការចូលរៀននេះ គឺតម្រូវឲ្យកម្មករ និយោជិត ឬក៏ពលរដ្ឋទូទៅ បង់ប្រាក់តម្កល់មួយចំនួនផងដែរ លើកលែងកម្មករ និយោជិត ដែលរោងចក្ររបស់ពួកគេជាដៃគូ របស់សមាគម ហើយបញ្ជូនទៅ គឺមិនត្រូវឲ្យសាមីខ្លួនបង់ប្រាក់នោះទេ ព្រោះការចំណាយទាំងប៉ុន្មានរោងចក្ររបស់ពួកគេជាអ្នករ៉ាប់រង។

ត្រង់ចំណុចនេះ លោក កាំង មូនីកា សង្កត់ធ្ងន់ថា ការតម្រូវឲ្យកម្មករ និយោជិត ឬក៏ពលរដ្ឋទូទៅបង់ប្រាក់សម្រាប់ការសិក្សា គឺដើម្បីឲ្យសិស្សដែលចូលរៀនមានការតាំងចិត្ដច្បាស់លាស់ពីការសិក្សា។
លោក កាំង មូនីកា ៖«ដើម្បីបញ្ជាក់ពីការតាំងចិត្ដរបស់គាត់ក្នុងការសិក្សា ហើយនឹងរៀងចប់ហើយទៅបំពេញការងារឲ្យរោងចក្រ ព្រោះរោងចក្រមានការធានានូវតំណែមួយក្នុងរោងចក្ររបស់គាត់»។

តែជាមួយគ្នានេះអគ្គលេខាធិការរង GMAC រូបនេះ ឲ្យដឹងថា សម្រាប់កម្មករ និយោជិត ឬក៏ពលរដ្ឋទូទៅដែលចង់ចូលរៀន ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ វិទ្យាស្ថានក៏បានការសហការផងដែរជាមួយរោងចក្រ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលនឹងផ្ដល់កម្ចីសម្រាប់កូនសិស្ស។

សម្រាប់សិស្សដែលមានចំណងចូលរៀននៅវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈវាយនភ័ណ្ឌសម្លៀកបំពាក់អាចទៅទទួលព័ត៌មានឲ្យកាន់តែច្បាស់នៅវិទ្យាស្ថាននេះ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ គីឡូម៉ែត្រលេខ១៨ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

មេដឹកនាំសហជីពម្នាក់ បានសាទរ ចំពោះការបើកវិទ្យាស្ថាននេះ ក៏ប៉ុន្ដែលោកយល់ឃើញថា នឹងមិនបើកទូលាយសម្រាប់កម្មករ និយោជិត ទូទៅនោះទេ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថា ថ្វើបើវិទ្យាស្ថាននេះបើកដំណើរការក្នុងបំណងដើម្បីធ្វើឲ្យវិជ្ជាជីវៈ កម្មករ និយោជិត កាន់តែប្រសើរក្ដី ក៏ប៉ុន្ដែមើលទៅវាហាក់ដូចជា មុខជំនួញដើម្បីរកផលចំណេញ ។ ជាងនេះលោកថា ការបើកឱកាសឲ្យកម្មករ និយោជិត ចូលរៀនក៏មិនមានភាពស្មើដូចគ្នាដែរ។ លោកកត់សំគាល់ថា ក្រុមតំណាងសហជីពត្រូវបានរើសអើង។ «បើតាមខ្ញុំដឹងក្រុមហ៊ុនមួយចំនួនគេរើសយក ឲ្យធ្វើការ ហើយបង់លុយទៀត បន្ទាប់ពីរៀនមកគេយកទៅធ្វើការក្រុមហ៊ុនហ្នឹង ក៏ប៉ុន្ដែខ្ញុំគិតថា តំណាងសហជីពត្រូវបានគេរើសអើងហើយ»។

ប្រធានសហភាពការងារកម្ពុជា យល់ឃើញថា ដើម្បីតម្លាភាពគឺវិទ្យាស្ថាននេះគួរ បើកឱកាសឲ្យមានការចូលរួមគ្រប់គ្រង ជាត្រីភាគី មានទាំងរដ្ឋាភិបាល និយោជក់ និងតំណាងសហជីព ដែលជាអ្នកការពារសិទ្ធិកម្មករ។
«យើងត្រូវមានគណៈកម្មការ ឬក៏គណៈគ្រប់គ្រងគួរតែជាត្រីភាគីទៅ មានពីសហជីព និយោជក់ រដ្ឋាភិបាល ទៅ ហើយសហជីពត្រូវយកសហជីពតំណាងកម្មករ កុំយកតែសហជីពស្ថិតក្រោមអំណាចរបស់ខ្លួន»។

ឧស្សាហកម្មកាត់ដេរ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ខណៈវិស័យនេះមានពលរដ្ឋប្រមាណ ៧០ ម៉ឺននាក់កំពុងបម្រើការងារ ដែលភាគច្រើនសុទ្ធសឹងជាស្ត្រី នេះយោងតាមរបាយការណ៍របស់មូលនិធិអាស៊ីកាលពីខែមីនា កន្លងទៅ៕

Share

Image
Image
Image