en     km
en     km

GMAC​ សហជីព​ បារម្ភ​ថា​ កម្មករ​ កម្មការិនី​ នឹង​ចំណាកស្រុក​ បើ​ EU​ បិទ​ការ​អនុគ្រោះ​ពន្ធ​

Share

​ភ្នំពេញ​ ៖​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ សហជីព​តំណាង​កម្មករ​ និង​អ្នកវិភាគ​ បង្ហាញ​ក្ដី​ព្រួយបារម្ភ​ដូច​គ្នា​ថា​ កម្មករ​ កម្មការិនី​ នឹង​បាត់បង់​ការងារ​ ហើយនឹង​អាច​ឈាន​ដល់​ការ​ធ្វើ​ចំណាកស្រុក​ថែម​ទៀត​ផង​ បើសិនជា​សភា​អឺរ៉ុប​ សម្រេច​បិទ​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​រហូត​មក​ដល់​ចុងខែ​កក្កដា​ នេះ​ សេចក្ដីសម្រេច​របស់​សភាព​អឺរ៉ុប​ ស្ដី​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ លើ​ទំនិញ​របស់​កម្ពុជា​ នៅ​ មិន​ទាន់​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​នៅឡើយ​ទេ​។​ តែ​បែប​នេះ​ក្ដី​ មានការ​ព្រួយបារម្ភ​ថា​ សហភាព​អឺរ៉ុប​ អាច​នឹង​បិទ​ការ​អនុគ្រោះ​ លើ​ទំនិញ​គ្រប់​ប្រភេទ​ពី​កម្ពុជា​។​ ទាំង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ សហជីព​តំណាង​កម្មករ​ និង​អ្នកវិភាគ​ សុទ្ធតែ​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ដូចៗ​គ្នា​ ពី​ការ​បាត់បង់​ការងារ​របស់​ពលរដ្ឋ​ខ្មែរ​ដ៏​ច្រើន​លើសលប់​ និង​ការ​ធ្វើ​ចំណាកស្រុក​របស់​ពល​ការិនី​ខ្មែរ​ ទៅ​ក្រៅប្រទេស​ ប្រសិនបើ​ពិតជា​មានការ​បិទ​ ការ​អនុគ្រោះ​ពន្ធ​ សម្រាប់​ទំនិញ​កម្ពុជា​ នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​ពិតមែន​។​

​លោក​ កេ​ន​ លូ​ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ វិស័យ​វាយ​ន​ភណ្ឌ​នេះ​ បាន​ផ្ដល់​ការងារ​ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​ បើ​ទោះជា​មិនមែន​ទូ​ទាំង​ប្រទេស​ក្ដី​ ក៏​ប៉ុន្ដែ​ជា​ចំនួន​ដ៏​ច្រើន​មួយ​។​
​លោក​បន្ដ​ថា​ ក្នុង​ករណី​ដែល​មានការ​បិទ​ ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ពិតមែន​ ច្បាស់​ណាស់​ ពលរដ្ឋ​ខ្មែរ​ច្រើន​សិប​ម៉ឺន​នាក់​ នឹង​ត្រូវ​អត់​ការងារ​ធ្វើ​ ៖«​វិស័យ​ពួក​យើង​មាន​កម្មករ​ ជាង​ ៧០​ម៉ឺន​នាក់​ ដែល​កំពុងធ្វើការ​នៅ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ អ​ញ្ចឹ​ង​បើសិន​បាត់​ការ​អនុគ្រោះ​ពន្ធ​ពី​សហ​គម​ និយាយ​រួម​វា​ប៉ះពាល់​ខ្លាំង​ណាស់​ អាច​ឈាន​ដល់​កម្មករ​ ប្រជាជន​យើង​បាត់បង់​ការងារ​មួយ​ចំនួន​»​។​

​បន្ថែម​ពី​នេះ​ លោក​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ មើល​មិនឃើញ​ថា​ មាន​វិស័យ​ណា​ដែល​ធំ​ទូលាយ​ ហើយ​អាច​ទទួលយក​កម្មករ​ កម្មការិនី​ ក្នុង​ចំនួន​ដ៏​ច្រើន​បែប​នេះ​ ទៅ​ធ្វើការ​ ក្រៅពី​វិស័យ​វាយ​ន​ភណ្ឌ​នោះ​ទេ​។​ ជាង​នេះ​ ព្រោះតែ​ការ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ មានការ​អភិវឌ្ឍ​យ៉ាងច្រើន​។​ លោក​ កេ​ន​ លូ​ សង្ឃឹមថា​ សភាព​អឺរ៉ុប​ នឹង​ពិចារណា​ ពី​កត្ដា​គ្រោះថ្នាក់​សម្រាប់​កម្មករ​ កម្មការិនី​ ខ្មែរ​ រាប់​សិប​ម៉ឺន​នាក់​នេះ​ នឹង​នៅ​តែ​បន្ដ​ ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​ជា​បន្ដ​ទៀត​ ៖«​នៅ​ពេល​ដែល​ខាង​សហ​គម​អឺរ៉ុប​ អនុគ្រោះ​ឲ្យ​រួច​ពន្ធ​ ពិតជា​ជួយ​ប្រទេស​ខ្មែរ​អភិវឌ្ឍន៍​ច្រើន​ អ​ញ្ចឹ​ង​សុំ​ឲ្យ​គាត់​វិល​ទៅ​ពិចារណា​ពី​បញ្ហា​ ហើយ​ប្រសិនបើ​គាត់​ដក​ចេញ​ អាច​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​កាត់ដេរ​ សម្លៀក​បំពាក់​នៅ​ស្រុក​ខ្មែរ​»​។​

​ដូច​គ្នា​ដែរ​លោកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ មាន​ប្រសាសន៍​ថា​ វិស័យ​វាយ​ន​ភណ្ឌ​ គឺ​បាន​ជួយ​ដល់​កម្មករ​ កម្មការិនី​ រាប់​ម៉ឺន​នាក់​ ហើយ​វិស័យ​នេះ​ក៏​បាន​ជួយ​ផ្ដល់​ការងារ​ និង​ប្រាក់​ចំណូល​ដល់​កម្មករ​ ពិសេស​ស្ដ្រី​យ៉ាងច្រើន​ផង​ដែរ​ ដោយ​មិន​ចាំបាច់​ចំណាកស្រុក​ បើ​ទោះជា​ក្នុង​វិស័យ​នេះ​ ពេល​ខ្លះ​មាន​បញ្ហា​ចម្រូងចម្រាស់​មួយ​ចំនួន​ក្ដី​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ បន្ដ​ថា​ ប្រសិនជា​មិន​មាន​វិស័យ​វាយ​ន​ភណ្ឌ​នេះ​ទេ​ ស្ដ្រី​ខ្មែរ​ដ៏​ច្រើន​លើសលប់​ នឹង​ធ្វើ​ចំណាកស្រុក​ជាក់​ជា​មិន​ខាន​ ហើយ​លោកស្រី​ជឿជាក់​ថា​ មាន​ស្ដ្រី​តិច​តែ​ប៉ុណ្ណោះ​ ដែល​ត្រឡប់​ទៅ​ធ្វើស្រែ​ចម្ការ​វិញ​ ដោយសារ​តែ​បច្ចុប្បន្ន​នេះ​ លោកស្រី​មើលឃើញ​ថា​ ផលិតផល​កសិកម្ម​ ហាក់​ពុំ​សូវ​មាន​ទីផ្សារ​សម​ស្រប​សម្រាប់​កសិករ​ឡើយ​ ៖«​ក្នុង​ករណី​ដែល​អត់​មាន​វិស័យ​ហ្នឹង​ ១០០​ភាគរយ​ គាត់​ប្រាកដជា​ធ្វើ​ចំណាកស្រុក​ហើយ​ ហើយ​មនុស្ស​ភាគតិច​ណាស់​ដែល​ត្រឡប់​ទៅ​ធ្វើស្រែ​ចម្ការ​វិញ​ ដោយសារ​តែ​ស្រែ​ចម្ការ​ជា​ទូទៅ​យើង​ដឹង​ហើយ​ថា​ នៅ​ពេល​ដែល​គាត់​ទៅ​ធ្វើ​ គាត់​អត់​មាន​ទីផ្សារ​លក់ដូរ​ នៅ​ផលិតផល​ដែល​គាត់​ដាំ​ អ​ញ្ចឹ​ង​គាត់​គឺ​ភាគតិច​ណាស់​ដែល​ត្រឡប់​ទៅ​ធ្វើស្រែ​ចម្ការ​វិញ​»​។​

​អ្វី​ដែល​ជា​ការ​មើលឃើញ​ របស់​ស្ដ្រី​ មេដឹកនាំ​កម្មករ​ កម្មការិនី​ រូប​នេះ​ លោក​ សាស្ដ្រាចារ្យ​ ឯម​ សុវណ្ណ​រ៉ា​ អ្នកវិភាគ​បញ្ហា​សង្គម​ យល់​ស្រប​។​ លោក​មាន​ប្រសាសន៍​ថា​ នៅ​ពេល​នេះ​គ្មាន​អ្នក​ណា​ដឹង​នោះ​ទេ​ ថា​ សហភាព​អឺរ៉ុប​ នឹង​បិទ​ ឬ​ក៏​បន្ដ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា​។​ ក៏​ប៉ុន្ដែ​ក្នុង​ករណី​ដែល​សហភាព​អឺរ៉ុប​ បិទ​ការ​អនុគ្រោះ​ពន្ធ​មែន​ កម្មករ​ យ៉ាងច្រើន​ នឹង​គ្មាន​ការងារ​ធ្វើ​ ហើយ​ពួក​គេ​មួយ​ចំនួន​អាច​នឹង​ត្រូវ​ចំណាកស្រុក​ ។​ លោក​ថា​ វិស័យ​កាត់ដេរ​នេះ​ទាក់ទង​នឹង​ស្ត្រី​ច្រើន​ជាងគេ​ ៖«មនុស្ស​ជាង​ ៧០​ម៉ឺន​នាក់​ហ្នឹង​ អ្នក​ទៅ​វិញ​ប្រហែល​ ៣០​ម៉ឺន​នាក់​ចុះ​ ឬ​ក៏​ ៥០​ម៉ឺ​នាក់​ចុះ​ ៣៥​ម៉ឺន​ ហើយ​ ៣៥​ម៉ឺន​ទៀត​ ១៥​ម៉ឺន​ទៅ​ខាងក្រៅ​ ចុះ​ ២០​ម៉ឺន​នៅ​ធ្វើ​អី​ ហ្នឹង​ជា​បញ្ហា​សង្គម​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​ ហើយ​បើ​មិន​ដោះស្រាយ​»​។​

​បន្ថែម​លើ​នេះ​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ បន្ដ​ទៀត​ថា​ ប្រសិនបើ​វិស័យ​វាយ​ន​ភណ្ឌ​មាន​បញ្ហា​ មិនមែន​ប៉ះពាល់​តែ​វិស័យ​នេះ​ទេ​ ពោល​គឺ​វិស័យ​ផ្សេងៗ​ទៀត​ ដែល​ពឹងផ្អែក​លើ​វិស័យ​មួយ​នេះ​ ក៏​នឹង​ត្រូវ​ដួល​ ព្រោះ​សេដ្ឋកិច្ច​បាន​ជាប់​គាំង​ ៖«​កម្ពុជា​យើង​អាច​ប្រឈម​បញ្ហា​ច្រើន​ ដោយសារ​តែ​កម្ពុជា​អាច​បាត់​ចំណូល​ បាត់​កម្លាំង​ពលកម្ម​ អាច​អត់​ការងារ​ធ្វើ​ជាង​ ៧០​ម៉ឺន​នាក់​ ហើយ​វិស័យ​ផ្សេងៗ​ក៏​អាច​ដួល​ដែរ​។​ ពលរដ្ឋ​ផ្សេងៗ​ដែល​រស់​ដោយសារ​ចំណូល​ នៃ​វិស័យ​វាយ​ន​ភណ្ឌ​ហ្នឹង​ ដូច​ជា​ កម្មករ​ អ្នក​លក់ដូរ​ ជួល​ផ្ទះ​អីហ្នឹង​ វា​ពាក់ព័ន្ធ​ជាមួយ​កម្មករ​ ដែល​ធ្វើ​ការងារ​នៅ​ខាង​វិស័យ​កាត់ដេរ​ហ្នឹង​។​ អ​ញ្ចឹ​ង​វា​អាច​បាត់បង់​ចំណូល​កំណើនសេដ្ឋកិច្ច​កម្ពុជា​ដែរ​»​។​

​ចំណែក​ លោក​ អាត់​ ធន់​ មេដឹកនាំ​សហភាព​ការងារ​កម្ពុជា​ ដែល​ធ្វើ​ការងារ​ដើម្បី​ប្រយោជន៍​កម្មករ​ កម្មការិនី​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ជឿជាក់​ថា​ ប្រសិនបើ​គ្មាន​វិស័យ​វាយ​ន​ភណ្ឌ​នេះ​ទេ​ ជម្រើស​ទី​មួយ​របស់​កម្មករ​ ពិសេស​កម្មការិនី​ ច្បាស់​ជា​នឹង​ធ្វើ​ចំណាកស្រុក​។​ លោក​បន្ដ​ថា​ បើកាលណា​ពួក​គេ​ឈាន​ដល់​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ បញ្ហា​ប្រឈម​នានា​ នឹង​កើតឡើង​ទ្វេ​ដង​ ដែល​មាន​ជា​អាទិ៍​ ការ​រំលោភសិទ្ធិ​ការងារ​ ការ​បៀតបៀន​កេ​រិ៍្ដ​ភេទ​ ការ​ចាប់រំលោភ​ ឬ​ក៏​ការ​ញៀន​ថ្នាំ​ជាដើម​ ៖«​ទោះជា​ការ​ចំណាកស្រុក​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ហ្នឹង​បញ្ហា​វា​តែងតែ​កើត​មាន​ហើយ​ គ្រាន់តែ​ថា​ នៅ​ក្នុងស្រុក​បញ្ហា​វា​មាន​តិច​តូច​។​ បើ​ចំណាក​ស្រុ​ក្រៅប្រទេស​ហ្នឹង​ យើង​ដឹង​ហើយ​ថា​ សម្ពាធ​ការងារ​ ការ​កេ​ញ​ប្រវ័ញ្ច​ការងារ​ នៅ​ក្នុងស្រុក​ក៏​មាន​ដែរ​ ទម្រាំ​នៅ​ក្រៅប្រទេស​ ការ​ចាប់រំលោភ​ ការ​បោកប្រាស់​បៀតបៀន​ផ្លូវភេទ​ ឬ​ក៏​ការ​កេ​ញ​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ រួម​ទាំង​ បរិយាកាស​សង្គម​ដែល​គេ​នៅ​ទីនោះ​មាន​ជំងឺ​ អេ​ដស៍​ ឬ​ក៏​ប្រើ​ថ្នាំ​ប្រើ​អីហ្នឹង​វា​មាន​បញ្ហា​ទាំងអស់​ហ្នឹងហើយ​ ដែល​ធ្វើ​ឲ្យ​បន្ទុកគ្រួសារ​គាត់​កាន់តែ​លំបាក​ថែម​ទៀត​»​។​

​លើស​ពី​នេះ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ យល់​ថា​ បើ​ពលរដ្ឋ​ខ្មែរ​ គ្មាន​ការងារ​ធ្វើ​ចំនួន​ច្រើន​ នោះ​កំណើន​នៃ​ការ​ជំពាក់​បំណុល​ធនាគារ​ ក៏​នឹង​កើនឡើង​ផង​ដែរ​។​ តែ​យ៉ាង​លោក​ អាត់​ ធន់​ ចង់​ឃើញ​ដំណោះស្រាយ​សម​ស្រប​មួយ​រវាង​អន្ដរជាតិ​ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ជា​ជាង​ការ​បិទ​ការ​អនុគ្រោះ​ពន្ធ​ លើ​វិស័យ​វាយ​ណ​ន​ភណ្ឌ​ពី​កម្ពុជា​ ៖«​ចំពោះ​ខាង​សហជីព​យើង​ ក៏​ដូច​ជា​ខាង​កម្មករ​ យើង​យល់​ថា​ ជម្លោះផ្ទៃក្នុង​ពាក់ព័ន្ធ​ទៅ​នឹង​ លទ្ធិប្រជាធិបតេយ្យ​ ការ​បោះ​ឆ្នោត​ ការ​ប្រកួតប្រជែង​ក្នុង​បក្ស​ទាំង​ពីរ​ហ្នឹង​ CPP​ និង​ CNRP​ រហូត​ដល់​បាត់​ការ​គាំទ្រ​ពី​សហ​គម​អន្ដរ​អឺរ៉ុប​រហូត​ដល់​ផ្ដាច់​អីហ្នឹង​ ខ្ញុំ​គិត​ថា​ បើ​អាច​ទៅ​រួច​រដ្ឋាភិបាល​ សហ​គម​អឺរ៉ុប​ សហរដ្ឋអាមេរិក​អីហ្នឹង​ គួរ​ជជែក​គ្នា​ក្នុង​ក្រប​ខណ្ឌ​ណាមួយ​ កុំ​ដាក់​បញ្ហា​ ការ​ផ្ដាច់​ការ​នាំ​ចេញ​ជា​បញ្ហា​ទី​១​ អី​អ​ញ្ចឹ​ង​ព្រោះ​វា​ប៉ះពាល់​ខ្លាំង​ដល់​កម្មករ​ និយោជិត​»​។​

​រយៈពេល​ចុង​ក្រោយ​នេះ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​ឲ្យ​មាន​យន្ដការ​ផ្សេងៗ​ ក្នុង​ការ​គាំទ្រ​ដល់​កម្មករ​ ពិសេស​កម្មការិនី​ ដែល​កំពុង​បម្រើ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​ និង​ស្បែង​ជើង​នេះ​។​ ក្រុម​សហជីព​ និង​អ្នកវិភាគ​ មើលឃើញ​ថា​ ប្រសិនបើ​មានការ​បិទ​ ការ​អនុគ្រោះ​ពន្ធ​ ពី​កម្ពុជា​ពិតមែន​ អ្វី​ដែល​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ ច្បាស់​ជាស់​មិន​អាច​ដល់​ដៃ​កម្មករ​ កម្មការិនី​ ជាង​ ៧០​ម៉ឺន​នាក់​នេះ​ទេ​។​

​កម្ពុជា​ បាន​ចំណេញ​ប្រាក់​ពន្ធ​ ពី​ការ​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ ជាង​ ៦៧៦​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំៗ​។​ ប្រទេស​កម្ពុជា​ បាន​ទទួល​គម្រោង​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ លើ​ផលិតផល​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (Everything​ But​ Arms)​ តាំង​តែ​ពី​កម្ពុជា​ មាន​កិច្ចព្រមព្រៀង​សន្តិភាព​ នៅ​ឆ្នាំ​១៩៩១​ ដែល​ជា​ឧបករណ៍​អន្តរជាតិ​មួយ​ ជួយ​បញ្ចប់​សង្គ្រាមស៊ីវិល​ ជិត​២​ទសវត្សរ៍​នៅ​កម្ពុជា​៕

Share

Image
Image
Image