ទីប្រឹក្សាប្រធានាធិបតីថ្មីនៃប្រទេស Gambia បាននិយាយថា បាត់លុយរដ្ឋ ១១លានដុល្លារ ពីរតនាគារដែលរកឃើញភ្លាមៗបន្ទាប់ពីជនផ្ដាច់ការ ចាមេស និរទេសខ្លួនរស់នៅក្រៅប្រទេស ដោយមានការសង្ស័យថា លោក ចាមេស អាចយកទៅតាមខ្លួន។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ប្រាក់ ១១លានដុល្លារនេះត្រូវបានទីប្រឹក្សារបស់លោក Adama barrow ប្រធានាធិបតីថ្មីនៃប្រទេស Gambia បាននិយាយថា លុយនេះពិតជាបាត់នៅរតនាគារមែន គឺ អំឡុងពេលដែលលោក ចាមេស ស្ថិតនៅក្នុងស្ថានភាពនិរទេសខ្លួន។ ទោះយ៉ាងណាក៏ដោយ អ្នកជំនាញហិរញ្ញវត្ថុកំពុងបន្ដការស៊ើបអង្កេតនៅឡើយ។ លោក ចាមេស ត្រូវបានបង្ខំឱ្យនិរទេសខ្លួនអោយទៅនៅប្រទេសគីនេ កាលពីរសៀលថ្ងៃសៅរ៍ ទី២១ មករា គឺភ្លាមៗបន្ទាប់ពីកងទ័ពសហភាពអាហ្វ្រិកខាងលិចបានទៅឡោមព័ន្ធលោក នៅពេលដែលលោកកំពុងស្នាក់នៅសេតិវិមានប្រធានាធិបតី។
លោក ចាមេស បានកាន់អំណាចនៅប្រទេស Gambia តាមរយៈការធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីរបស់ខ្លួន។ អំឡុងលោក កាន់អំណាច២២ឆ្នាំ ពរពេញដោយការរំលោភសិទ្ធិមនុស្ស ប្រព្រឹត្តអំពើពុករលួយ និងបក្សពួកនិយម៕