ភ្នំពេញ៖ ទំព័រហ្វេសប៊ុករបស់ស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហោះសេចក្តីថ្លែងការណ៍ខ្លីមួយទាក់ទងនឹងករណីឃាតកម្មលើលោក លិម គិមយ៉ា អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅប្រទេសថៃកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំងជុំវិញឃាតកម្មលើលោក លិម គិមយ៉ា ដែលចេញផ្សាយកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បញ្ជាក់ថា ប្រទេសបារាំងថ្កោលទោសអំពើឃាតកម្មលើលោក លិម គិមយ៉ា ដែលជាពលរដ្ឋបារាំង និងជាសមាជិកគណបក្សប្រឆាំងកម្ពុជា ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែមករា នៅប្រទេសថៃ។
ហេតុបាញ់សម្លាប់អតីតមន្រ្តីបក្សប្រឆាំងខាងលើ ប្រទេសបារាំងសូមសម្តែងមរណទុក្ខចំពោះក្រុមគ្រួសារ និងសាច់ញាតិរបស់សព ហើយប្រទេសបារាំងមានទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់សពដោយជួយអន្តរាគមន៍ក្នុងក្របខ័ណ្ឌនៃការផ្តល់ការគាំពារផ្នែកកុងស៊ុល។
អ្វីជាពិសេសនោះប្រទេសបារំាងនឹងតាមដានដោយយកចិត្តទុកដាក់អំពីការស៊ើបអង្កេត ដែលធ្វើឡើងដោយអាជ្ញាធរថៃ ដើម្បីស្វែងរកការពិតចំពោះករណីនេះ។
សូមជម្រាបជូនថា លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅទីក្រុងបាងកកកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ខ្មាន់កាំភ្លើងជាជនជាតិថៃត្រូវចាប់ខ្លួនបាននៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បន្ទាប់ពីរត់ឆ្លងដែនចូលកម្ពុជា។
ជុំវិញរឿងនេះ ស្នងការនគរបាលក្រុងបាងកក ប្រទេសថៃ លោក ស្យាម ប៊ុនស៊ុម ធ្វើសន្និសីទកាសែត កាលពីថ្ងៃទី៩ ខែមករា ម្សិលមិញថា តុលាការព្រហ្មទណ្ឌថៃ បានចេញដីកាចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលពាក់ព័ន្ធនឹងការសម្លាប់លោក លិម គិមយ៉ា៕