ពលករខ្មែរដែលសង្រ្គោះពីការលិចទូកនៅសមុទ្រថៃ សុំការជួយអន្តរាគមន៍ពីភាគីពាក់ព័ន្ធ។ រូបភាពពី អ្នកស្រី រី សាង មន្រ្តីបណ្តាញពលករកម្ពុជា
បន្ទាប់ពីត្រូវបានសង្គ្រោះជីវិតពីករណីព្យុះបោកបក់វាយពន្លិចទូកនេសាទកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ថ្មីៗនេះ ពលករខ្មែរ ៤ នាក់ដែលចំណាកស្រុកទៅធ្វើការជាអ្នកនេសាទក្ដាមនៅសមុទ្រប្រទេសថៃ សុំកិច្ចអន្តរាគមន៍ពីអ្នកពាក់ព័ន្ធឱ្យជួយផ្តល់ជំនួយផ្សេងៗ ដើម្បីឆាប់បានវិលត្រលប់មកប្រទេសកម្ពុជាវិញ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
ពលករខ្មែរនេសាទនៅថៃ៖
« ខ្ញុំលិចទូកតាំងពីថ្ងៃ២៤ពេលគេមកសង្រ្គោះខ្ញុំនៅថ្ងៃទី២៥ម៉ោងប្រហែលជា៩ព្រឹក។ សូមឱ្យបងប្អូនយើងទាំងក្នុងប្រទេសនិងក្រៅប្រទេសជួយចេញជាសោហ៊ុយ ជិះឡានទៅផ្ទះវិញផង ជួបការលំបាក បាយមិនទាន់បានហូបផង។ ចង់ឱ្យរដ្ឋាភិបាលរបស់យើង ឬស្ថានទូតប្រចាំនៅប្រទេសថៃឱ្យមានចំណាប់អារម្មណ៍ចំពោះពលករយើងដែលមកធ្វើការនៅប្រទេសថៃ។ ខ្ញុំសំណូមពរដល់ក្រសួងឱ្យជួយមើលពួកខ្ញុំដែលកំពុងតែខ្វះខាត »។
នេះជាការលើកឡើងរបស់ពលករខ្មែរទាំង៤នាក់ដែលជួបគ្រោះឧប្បត្តិហេតុលិចទូកនៅប្រទេសថៃខណៈ ទៅធ្វើការជាពលករនេសាទក្តាមនៅខេត្តចាន់ថៈបុរី ប្រទេសថៃ បានឱ្យអ្នកយកព័ត៌មានវិទ្យុស្រ្តី សម្ភាសន៍តាមទំនាក់ទំនងបណ្តាញសង្គម Messenger នៅថ្ងៃទី២ខែកក្កដា ឆ្នាំ២០២៤។
លោក លាង ពលករម្នាក់ក្នុងចំណោមពលករខ្មែរទាំង៤នាក់ដែលបានលិចទូកនោះបានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ថា រហូតមកដល់ពេលនេះមិនមានភាគីពាក់ព័ន្ធណាមួយ ជួយដល់ពួកគាត់នៅឡើយ មានតែបណ្តាញសង្គមស៊ីវិលមួយចំនួនតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ ចំពោះថៅកែខាងភាគីថៃ ក៏មិនទាន់មានជាដំណោះស្រាយអ្វីសម្រាប់ពួកគាត់ដែរ។
«ខ្ញុំបាត់សម្ភារអស់ហើយ ទាំងទូរសព្ទ ខោអាវ ប៉ាស្ទ័រ លិចទឹកខូចអស់ហើយ ខ្ញុំសុំឱ្យរាជរដ្ឋាភិបាលជួយលពលករទាំងអស់ ដែលរស់នៅប្រទេសគេ ដែលមានឧប្បតិ្តហេតុសុំឱ្យមើលថែពលករដែលមកធ្វើការនៅស្រុកគេ»។
ស្ថិតក្នុងភាពលំបាកខ្វះខាតបែបនេះលោក អ៊ុន ពលករម្នាក់ទៀត បានសំណូមពរដល់ ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសជួយដល់គាត់ដើម្បីបានប្រាក់សោហ៊ុយខ្លះៗធ្វើដំណើរត្រលប់មកមាតុភូមិវិញ
«សូមឱ្យបងប្អូនយើងទាំងក្នុងប្រទេសនិងក្រៅប្រទេសជួយចេញជាសោហ៊ុយ ជិះឡានទៅផ្ទះវិញផង ជួបការលំបាក បាយមិនទាន់បានហូបផង»។
ជាមួយគ្នានេះដែរ លោក ឆាយ ហេង ពលករនេសាទនៅខេត្តចាន់ថៈបុរី ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល ឬស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ក្នុងករណីដែលពលករមានឧប្បត្តិហេតុ ហេតុការណ៍ណាមួយកើតឡើង ទាក់ទងស្ថានទូត សូមយកចិត្តទុកដាក់ចំពោះពលកររបស់ខ្លួន។
«ក្តីសង្ឃឹមរបស់ពលករដែលមកធ្វើការនៅស្រុកថៃ ចង់ឱ្យរដ្ឋាភិបាលយើងជួយមើលការខុសត្រូវពេលដែលមានហេតុការណ៍អី គ្រោះថ្នាក់ជីវិត ឬគ្រោះថ្នាក់ដល់សុខភាព បាក់ដៃបាក់ជើងឧទាហរណ៍យើងមានការអីប៉ិប ស្ថានទូតរបស់យើងមកដល់ប៉ិប មានន័យថាប្រទេសរបស់យើង ម៉ែឪ របស់យើងមិនបោះបង់កូនចៅទេ ទោះបីកូនចៅទៅរស់នៅទីណាក៏ដោយ»។
អ្នកស្រី រី សាង មន្ត្រីបណ្តាញពលករកម្ពុជា ដែលបានសហការជួយអន្តរាគមន៍ដល់ក្រុមអ្នកនេសាទខ្មែរដែលរងគ្រោះក្នុងហេតុការណ៍លិចទូកនេះ ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ អនុព័ន្ធការងារ ឬក៏ស្ថានទូតខ្មែរ ប្រចាំនៅប្រទេសថៃ សុំឱ្យចុះមកកន្លែងកើតហេតុពេលដែលពលករជួបឧប្បត្តិហេតុដោយបន្ទាន់ សុំឱ្យចុះមកជួយមើលនឹងយកចិត្តទុកដាក់ ចរចារជាមួយចៅកែដើម្បីឱ្យ ពលករខ្មែរមានភាពកក់ក្តៅ និងទទួលបានសំណង និងសិទ្ធិប្រើប្រាស់នៅប្រទេសថៃ។
អ្នកស្រី រី សាង ៖ «ខ្ញុំសើ្នចង់ឱ្យម្ចាស់ប្រទេសយើង នាយករដ្ឋមន្រ្តី ឬក្រសួងការងារ រាជរដ្ឋាភិបាលដែលមានតួនាទីគ្រប់គ្រងប្រជាពលរដ្ឋខ្លួនឯង ឱ្យគាត់ចូលដល់ដើម្បីអំណាច ដែលពលករ គាត់ត្រូវបានទទួលថាឃើញ យើងមកពេញមកចុះសួរសុខទុក្ខ គាត់ ក៏ដូចជាដឹងលឺរឿងគាត់ ដើម្បីឱ្យខាងថៃទទួលស្គាល់ហើយ ឱ្យពលករយើងទទួលបានសិទ្ធិ ពេញលេញផង»។
លោក អំ សំអាត យកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ ករណីពលករខ្មែរទាំង៤នាក់ដែលបានលិចទូកនេះគឺត្រូវការសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាលជាពិសេសស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ដើម្បីធ្វើកិច្ចអន្តរាគមន៍ជាមួយនឹងប្រទេសថៃ ដើម្បីជួយដល់ពលករទាំងអស់ ឱ្យគាត់អាចត្រលប់មកស្រុកវិញ និងទទួលបាននូវឯកសារស្របច្បាប់ឡើងវិញ។
លោក អំ សំអាត ៖« ស្ថានទូតខ្មែរនៅប្រទេសថៃដំណើរការនីតិវិធីឱ្យបានលឿនក្នុងការជួយ ពលករដើម្បីកុំឱ្យពួកគាត់រងគ្រោះ ព្រោះពួកគាត់បាត់ឯកសារអស់ហើយគាត់ក្លាយទៅជាជនមួយដែរស្នាក់នៅប្រទេសគេដោយខុសច្បាប់ ដូច្នេះគាត់អាចប្រឈមមុខនឹងជាប់ពន្ធធនាគារ ដោយសារតែមិនមានឯកសារបញ្ជាក់ពីភាពស្របច្បាប់»។
ជុំវិញរឿងពលករខ្មែរទាំង៤នាក់នេះ លោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា « ចំពោះពលករកម្ពុជា ទាំង៤នាក់ដែលទៅធ្វើការនៅប្រទេសថៃ ពុំមានឯកសារគ្រប់គ្រាន់ ហើយជួបឧប្បត្តិហេតុលិចទូកនោះ សព្វថ្ងៃពួកគាត់កំពុងស្នាក់នៅកំពង់ផែនៃខេត្ត ចាន់ថៈបុរី បន្ទាប់ពីមានការជួយសង្គ្រោះ ពីការលិចទូក ពួកគាត់ត្រូវបានពិនិត្យសុខភាព និងពុំមានបញ្ហាសុខភាពនោះទេ សព្វថ្ងៃនេះថៅកែបានផ្តល់កន្លែងស្នាក់នៅ និងអាហារហូបចុកដល់ពួកគាត់ ចំពោះសំណូមពរនៃការវិលត្រលប់មកកម្ពុជាវិញ អនុព័ន្ធការងារបានសម្របសម្រួលជាមួយខាងឯកអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តស្រះកែវ ដើម្បីបំពេញបែបបទជូនពួកគាត់ ដើម្បីវិលត្រលប់មកប្រទេសកម្ពុជាវិញក្នុងពេលឆាប់ៗខាងមុខនេះ»៕
រូបភាពពី អ្នកស្រី រី សាង មន្រ្តីបណ្តាញពលករកម្ពុជា