ហេតុការណ៍ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅខេត្តត្រាតប្រទេសថៃ កំពុងគំរាមកំហែងភ្នំ Banthat យ៉ាងខ្លាំងក្លា ខណៈគ្រាប់មីនជាច្រើនបានផ្ទុះជាបន្តបន្ទាប់ ដោយតាមរយៈសារព័ត៌មានថៃចុះផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកឡើងថាប្រទេសកម្ពុជាជាដើមចម។ ការណ៍រាយការណ៍នេះ បានធ្វើឱ្យអាជ្ញាធរមូលដ្ឋាន និងក្រសួងបរិស្ថានចេញមុខច្រានចោលភ្លាមៗ ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនមានអ្វីជាប់ពាក់ព័ន្ធនឹងមូលហេតុនៅពីក្រោយការឆេះព្រៃនៅខេត្តត្រាតនោះឡើយ។
យោងតាមសារព័ត៌មានថៃ The Nation Thailand ក្រោមចំណងជើងថា « Fires from Cambodia ravage Banthat Mountain forests in Trat» ឬបកប្រែថា ភ្លើងមកពីប្រទេសកម្ពុជាបានបំផ្លិចបំផ្លាញព្រៃនៅខេត្តត្រាត ករណីភ្លើងឆេះព្រៃនេះ កំពុងប្រឈមនឹងខាតបង់យ៉ាងធ្ងន់ធ្ងរនូវធនធានធម្មជាតិជីវចម្រុះនៅទូទាំងភ្នំ Banthat ដោយហេតុថាអណ្តាតភ្លើងបន្តឆាបឆេះឥតស្រាកស្រាង និងបណ្តាលឱ្យគ្រាប់មីនផ្ទុះពិបាកក្នុងការពន្លត់អគ្គិភ័យ។ ក្នុងសេចក្តីរាយកការណ៍ព័ត៌មានដែលចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញថា មានភាគីអ្នកស្រុកបានប្រទះឃើញភ្លើងរាលដាលពីព្រំដែនកម្ពុជាទៅទូទាំងភ្នំនៅម៉ោងប្រហែល ៣រសៀលកាលថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
ជុំវិញករណីនេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ថា ករណីឆេះព្រៃនេះគ្មានអ្វីជាប់ពាក់ព័ន្ធនឹងកម្ពុជានោះឡើយ។ ក្នុងនោះ លោកសង្កត់ធ្ងន់ថា ព័ត៌មានដែលចោទថាកម្ពុជាជាមូលហេតុបង្កឱ្យមានការឆាបឆេះព្រៃនៅប្រទេសថៃ ចេញផ្សាយដោយពុំមានមូលដ្ឋានច្បាស់លាស់ និងមិនត្រឹមត្រូវនោះទេ ដ្បិតតាមប្រភពអាជ្ញាធរមូលដ្ឋាននៅខេត្តពោធិ៍សាត់ដែលមានព្រំប្រទល់ជាប់នឹងថៃបានបង្ហាញទឡ្ហីករណ៍យ៉ាងម៉ឺងម៉ាត់ថាទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដែលបង្កជាភ្លើងឆេះរាលដាលទៅប្រទេសជិតខាងនោះឡើយ រីឯរូបភាពដែលសារព័ត៌មាននោះចុះផ្សាយជារូបភាពចេញពីការឆេះព្រៃនៅថៃប៉ុណ្ណោះ។
លោក ខ្វៃ អាទិត្យា៖«ការចុះផ្សាយរបស់កាសែត The Nation Thailand ហ្នឹងគឺមិនបានឆ្លុះបញ្ចាំងការពិតនោះទេ ហើយគឺយើងឃើញថាតំបន់ដែលជាប់នៅខេត្តដែលគាត់(កាសែត)បានលើកឡើងរបស់ប្រទេសថៃ មិនមានព្រៃស្រោង ឬក៏តំបន់ព្រៃណាមួយជាប់នឹងព្រំដែននោះទេ។ បាទ! បានន័យថា យើងមានតែភ្នំ វាលស្មៅប៉ុណ្ណោះ ដែលយើងមានករណីស្ថានភាពភូមិសាស្រ្តហ្នឹង។ ហើយក្នុងករណីនេះ ក្រសួងបរិស្ថាន ក៏ដូចជាអាជ្ញាធរខេត្តពោធិ៍សាត់បានសង្កេតមើលភូមិសាស្រ្តនៅក្នុងករណីដែលបានលើកឡើងហ្នឹង គឹមិនមែនជាការពិតនោះទេ ហើយយើងច្រានចោលចំពោះការផ្សាយនេះ ពីព្រោះថាកន្លងមកយើងមិនមានការឆេះព្រៃ។»។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន
ជាមួយគ្នានេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានចេញសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយច្រានចោលព័ត៌មាន The Nation Thailand ដែលលើកឡើងមូលបង្កាច់កម្ពុជាចំពោះករណីភ្លើងឆេះព្រៃនៅខេត្តត្រាត។ ទោះបីជាមូលហេតុចម្បងមិនមែនមកពីកម្ពុជាក្តី តែក្នុងនាមលោក ខ្វៃ អាទិត្យា ជាអ្នកធ្វើការយ៉ាងជិតសិ្នទ្ធនឹងកង្វល់ទាក់ទងបញ្ហាបរិស្ថាន ចាត់ទុកករណីភ្លើងឆេះព្រៃជាបញ្ហាចម្បងដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ និងត្រូវចុះទៅអន្តរាគមន៍ភ្លាមៗដើម្បីកុំឱ្យរីករាលដាលរហូតបង្កជាគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈចំហេះនៃការឆេះ ដែលប៉ះពាល់ទៅដល់គុណភាពខ្យល់ជាដើម។
លោក ខ្វៃ អាទិត្យា៖«ឆ្លើយតបនឹងការឆេះនេះដែរ យើងក៏មានការចុះអប់រំ ផ្សព្វផ្សាយទៅប្រជាពលរដ្ឋឱ្យចូលរួមក្នុងការទប់ស្កាត់ការដុត ការឆេះហ្នឹងជាដើម។ ហើយថ្មីៗយើងធ្វើការជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ផ្សព្វផ្សាយសារាចរលេខ០១ ស្តីអំពីការទប់ស្កាត់នឹងការបំពុលខ្យល់សាធារណៈ និងនៅក្នុងអាជ្ញាធរខេត្តពោធិ៍សាត់នេះបានជ្រួតជ្រាប ហើយចូលរួមនៅក្នុងការធ្វើការអប់រំបន្តទៅប្រជាពលរដ្ឋ ដើម្បីឱ្យយល់ដឹងអំពីការឆេះ ការទប់ស្កាត់ការដុតនេះ ព្រោះមិនមែនតែការឆេះការដុតនេះទេ វាប៉ះពាល់ដល់បរិស្ថានទេ ប៉ះពាល់ដល់គុណភាពខ្យល់ ការប្រែប្រួលគុណភាពខ្យល់នៅកម្ពុជាផងដែរ។ ព្រោះព្រៃនេះគឺជាសម្បតិ្តធម្មជាតិរបស់យើងដែលត្រូវតែការពារឱ្យបាន អ៊ីចឹងប្រសិនជាមានករណីយើងត្រូវតែទប់ស្កាត់ ព្រោះយើងការពារសុវត្ថិភាពព្រៃឈើ ដូចជាការពារសុវត្ថិភាពជីវិតរបស់យើងដែរ។»។
រូបភាព៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់
ដោយឡែក មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានចង្អុលបង្ហាញថា កម្ពុជាក៏មានករណីភ្លើងឆេះស្មៅអំបោស និងដើមស្បូវតិចតួចនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏ប៉ុន្តែករណីនេះមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនោះទេ បន្ទាប់ពីរដ្ឋបាលខេត្តពោធិ៍សាត់បានចុះអន្តរាគមន៍ និងចាត់វិធានការបានទាល់ពេលវេលាក្នុងការទប់ស្កាត់ និងពន្លត់អគ្គិភ័យមិនឱ្យឆេះរាលដាល។
គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរថៃកំពុងពន្លត់ភ្លើងឆេះព្រៃនៅភ្នំ Banthat ដែលបន្តឆេះទៅកាន់ភូមិចំនួនបួននៅក្នុងខេត្តត្រាត ប្រទេសថៃ។ ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយនៅខេត្តត្រាតបានឱ្យដឹងថា អាជ្ញាធរថៃបានដាក់ពង្រាយទឹកប្រមាណ ១ម៉ឺនលីត្រ ដើម្បីគាំទ្រទៅដល់អ្នកពន្លត់អគ្គីភ័យក្នុងការប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យដែលកំពុងឆេះឆាបបំផ្លាញមួយភាគបីនៃព្រៃឈើនៅខេត្តត្រាត។ ទន្ទឹមនឹងនេះ អាជ្ញាធរថៃបានបង្ហាញពីក្តីកង្វល់ទាក់ទិននឹងគ្រាប់មីន ដែលកំពុងរារាំងប្រតិបត្តិការពន្លត់អគ្គីភ័យ ដោយកត់សម្គាល់ឃើញថា អ្នកពន្លត់អគ្គីភ័យមិនអាចឡើងភ្នំដើម្បីដោះស្រាយអគ្គីភ័យបាននៅផ្នែកមួយចំនួន ព្រោះតំបន់ព្រំដែនទាំងនេះមានគ្រាប់មីនមិនទាន់ផ្ទុះរាយប៉ាយដែលពិបាកក្នុងការអន្តរាគមន៍៕