en     km
en     km

២១ឆ្នាំ សហជីព និងអង្គការសិទ្ធិមនុស្ស បន្តទាមទារឱ្យសមត្ថកិច្ចស្វែងរកឃាតករសម្លាប់លោក ជា វិជ្ជា

Share

សកម្មជននយោបាយ សហជីព កម្មករ និងអង្គការសិទ្ធិមនុស្ស ប្ដេជ្ញាបន្តទាមទារឱ្យសមត្ថកិច្ចស្វែងរកឃាតករពិត ដែលបាញ់សម្លាប់លោក ជា វិជ្ជា ​អតីតប្រធាន​សហ​ព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលពួកគេប្រមូលផ្ដុំគ្នាគោរពវិញ្ញាណក្ខន្ធខួប ២១ឆ្នាំ នៃការបាញ់សម្លាប់អតីតសហជីពរូបនេះ។ យ៉ាងណាគណបក្សកាន់អំណាច នៅតែបញ្ជាក់ថា សមត្ថកិច្ចមិនទាន់បិទសំណុំរឿងនេះឡើយ ដោយបន្តស្រាវជ្រាវ និងស៊ើបអង្កេត។ លោក គីម ចាន់ចាវ រាយការណ៍

 

 

លោក ជា វិជ្ជា ជាសហជីពមួយរូបដែលសកម្មធ្វើការតវ៉ាជូនកម្មករ លោកត្រូវគេបាញ់សម្លាប់​កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅមុខតូបលក់កាសែត​មួយ​កន្លែង​​ម្ដុំរបង​វត្តលង្កា។ អស់រយៈពេលជាងពីរទសវត្សរ៍ហើយ ឃាតកពិត​ប្រាកដ​​ដែលបាញ់សម្លាប់មេសហជីពរូបនេះ មិនទាន់ចាប់បានដើម្បីផ្ដន្ទទោសនៅឡើយ។

តាមអង្គការលីកាដូ ក្រោយខ្មាន់កាំភ្លើងបាញ់សម្លាប់លោក ជា វិជ្ជា មានមនុស្សពីរនាក់​ គឺលោក​ ប៊​ន​ ​សំណាង​ ​និង​លោក​ ​សុខ​ ​សំអឿន​  ត្រូវបាន​តុលា​ការចោទប្រកាន់​ដោយ​មិន​ត្រឹមត្រូវ​ថា ​ជា​ឃាតករ ​ហើយ​ត្រូវ​​ជាប់ពន្ធនាគារ​អស់​រយៈពេល​ ​៥​​ឆ្នាំ​ ​មុន​ពេល​តុលាការ​បដិសេធ​ចោល​បទចោទប្រកាន់​នេះ។

កាលពីថ្ងៃទី២២ ខែមករានេះ សហជីព សកម្មជន កម្មករ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយប្រមាណជា ៧០នាក់ បានប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅមុខរូបសំណាកលោក ជា វិជ្ជា ក្បែរវត្តលង្កា រាជធានីភ្នំពេញ ដើម្បីគោរពវិញ្ញាណក្ខន្ធរំលឹកខួបគម្រប់ ២១ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា។ ពួកគេបានចូលរួមដាក់កម្រងផ្កា និងអុជធូកនៅមុខរូបសំណាកនេះ។

ការប្រមូលផ្ដុំរបស់ពួកគេមានការឃ្លាំមើល និងថតរូបអ្នកចូលរួម ពីសំណាក់មន្រី្ដនគរបាលប្រមាណជាង ៣០នាក់ ទាំងក្នុងឯកសណ្ឋាន និងសម្លៀកបំពាក់ស៊ីវិល។

រូបភាពពីហ្វេសប៊ុកលោក រ៉ុង ឈុន។

លោក ជា មុនី ប្អូនប្រុសបង្កើតលោក ជា វិជ្ជា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខរូបសំណាកថា ក្នុងនាមលោកជាសាច់ញាតិ នៅតែបន្តជំរុញឱ្យអាជ្ញាធរធ្វើការស៊ើបអង្កេតស្វែងរកឃាតករពិតដែលបាញ់សម្លាប់លោក ជា វិជ្ជា។ ប្រសិនសិនជាឃាតករពិតនៅមិនទាន់ចាប់ខ្លួនទេ លោកនៅតែស្នើឱ្យអាជ្ញាធរផ្ដល់យុត្តិធម៌។

លោក ជា មុនី៖ «យើងមិនចង់ឃើញការបាញ់សម្លាប់ បាញ់ហើយចេះតែបាញ់មួយ បាញ់ពីរ បាញ់បី ចេះតែបាញ់ពីរបីឆ្នាំបាញ់មួយៗ អ៊‌ីចឹងណា។ ជារៀងរាល់ឆ្នាំយើងតែងតែធ្វើពិធីគោរពនេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធមួយចំនួនដែលឃ្លាំមើលយុត្តិធម៌សូមឱ្យជំរុញ»។

ចំណែកលោក អាត់ ធន់ ស្ថាបនិកសហភាពការងារកម្ពុជា (CLC) លើកឡើងថា លោក ជា វិជ្ជា ជាថ្នាក់ដឹកនាំសហជីពមួយរូប ដែលធ្វើការលះបង់ដើម្បីកម្មករ ហើយវីរភាពរបស់មេសហជីពរូបនេះ ធ្វើឱ្យកម្មករ សហជីព និងអង្គការជាតិ-អន្តរជាតិ គោរពស្រលាញ់ ព្រោះលោក ជា វិជ្ជា បានធ្វើឱ្យថៅកែរោងចក្រគោរពវិស័យការងារ និងគោរពសិទ្ធិកម្មករ។ ក្រៅពីនេះពួកគេបន្តអំពាវនាវឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ តាមរកឃាតករពិតប្រាកដ ដើម្បីផ្ដល់យុត្តិធម៌ ដែលបាញ់សម្លាប់លោក ជា វិជ្ជា។

លោក អាត់ ធន់៖ «បើសិនជាស្ថានភាពហ្នឹងមិនអាចរកយុត្តិធម៌ទេ សហជីពផ្សេងៗទៀតអាចនឹងត្រូវបានគេសម្លាប់ បញ្ហាវិស័យការងារអាចនឹងត្រូវបានធ្លាក់ចុះនៅឥទ្ធិពលសហជីព ហើយកម្មករអាចនឹងរងគ្រោះ ដល់ពេលទីបំផុតចុងក្រោយនិយោជកមានអីក្រៅពីកេងប្រវ័ញ្ចកម្មករ កម្មកររងអយុត្តិធម៌ ទីបំផុតការងារដោយបង្ខំ ការរំលោភសិទ្ធិការងារនៅក្នុងប្រទេសច្រើន គឺវាអត់ល្អទេ»។

ជាមួយគ្នានេះអ្នកស្រី ទូច សើ ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា សហជីព កម្មករ និងអង្គការសិទ្ធិមនុស្ស ដែលមកចូលរួមនេះ ពួកគេមើលឃើញថា ២១ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា កន្លងមកនេះ ពន្លឺយុត្តិធម៌នៅមិនទាន់មានឡើយ។ ការមិនទាន់ទទួលបានយុត្តិធម៌នេះ ហាក់ដូចអាជ្ញាធរពាក់ព័ន្ធគ្មានសកម្មភាពចាប់ឃាតករពិតប្រាដកដែលបាញ់សម្លាប់លោក ជា វិជ្ជា។

អ្នកស្រី ទូច សើ៖ «ឃាតកម្មលើលោក ជា វិជ្ជា ហ្នឹង យើងត្រូវតែស៊ើបអង្កេត យើងត្រូវតែដាក់ពាក្យបណ្ដឹងបន្តទៀត យើងអត់មានថាចប់នៅត្រឹមហ្នឹងទេ យើងត្រូវតែបន្តជារៀងរាល់ឆ្នាំ។ អំពាវនាវទៅខាងរដ្ឋាភិបាល ឬមួយក៏ខាងស្ថាប័នណាដែលពាក់ព័ន្ធ សូមឱ្យគាត់ជួយដើម្បីវែកមុខរកឃាតករ ចាប់យកមកផ្តន្ទាទោស កុំចាប់មនុស្សក្លែងក្លាយ យកផ្តន្ទាទោសគឺមិនត្រឹមត្រូវនោះទេ»។

អ្នកស្រី ទូច សើ ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា។  WMC/Keo socheata

យ៉ាងណាសំណើពីសហជីពទាំងនោះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្លើយតបយ៉ាងខ្លីតាមប្រព័ន្ធតេលេក្រាមថា ករណីនេះ ជាសមត្ថកិច្ចរបស់តុលាការ ហើយប្រសិនបើសហជីព អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ មានតម្រុយពីជនល្មើស និងភស្តុតាង លោកណែនាំឱ្យផ្តល់ជូនតុលាការ។

វិទ្យុស្ដ្រីព្យាយាមទាក់ទងលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មកដល់រសៀលថ្ងៃទី២៣ ខែមករានេះ មិនមានការឆ្លើយតបពីលោកឡើយ។

ចំណែកលោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ មកដល់រសៀលថ្ងៃទី២៣ ខែមករានេះក៏មិនមានការឆ្លើយតបពីលោកដែរ។

ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី និយាយដែរថា​ ក្រោយពីលោក ជា វិជ្ជា ត្រូវគេបាញ់សម្លាប់មក ជាង ២០ឆ្នាំនេះ សិទ្ធិសេរីភាពនៃការបញ្ចេញមតិត្រូវបានធ្លាក់ចុះ ច្បាប់ធ្វើបាតុកម្ម ក៏កំណត់អ្នកចូលរួម ក្នុងពេលប្រទេសកម្ពុជា កាន់របបប្រជាធិបតេយ្យ។ មួយវិញទៀត រាល់សកម្មភាពបាតុកម្មរបស់កម្មករ តែងតែឃើញអាជ្ញាធរមកបង្ក្រាប មិនមែនមកការពារសុវត្ថិភាពឡើយ។

លោក មាជ សុវណ្ណារ៉ា៖ «អ៊‌ីចឹងខ្ញុំសង្ឃឹមថារដ្ឋាភិបាលនៃបក្សបន្តអំណាចថ្មី នឹងស្វែងរកយុត្តិធម៌ ព្រោះឧក្រិដ្ឋព្រហ្មទណ្ឌការបាញ់សម្លាប់មនុស្សនេះ គឺអត់មានអាយុកាលនៃការបញ្ចប់ទេ»។

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ លើកឡើងថា លោក ជា វិជ្ជា ជាមេសហជីពដំបូងគេ ដែលជួយលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ដូច្នេះលោកមិនចង់ឃើញការបាញ់សម្លាប់សកម្មជនសហជីព អ្នកនយោបាយ អ្នករិះគន់សង្គម និងសកម្មជនបរិស្ថាន បន្តកើតមានទៀតឡើយ ហើយក្នុងនាមជាបក្សកម្លាំងជាតិ សូមស្នើឱ្យបញ្ចប់សកម្មភាពបាញ់សម្លាប់ និងបញ្ចប់និទណ្ឌភាពក្នុងសង្គម។

លោក រ៉ុង ឈុន៖ «ថ្វីត្បិតតែយើងមិនទាន់កាន់អំណាច តែយើងមានសិទ្ធិជំរុញ មានសិទ្ធិលើកឡើងដាក់ជូនរដ្ឋាភិបាលឱ្យវែកមុខរកឃាតករ និងអ្នកនៅក្រោយខ្នងឃាតករយកមកផ្តន្ទាទោស នៅពេលអនាគតខាងមុខ ៣ឆ្នាំ ៤ឆ្នាំទៀត គណបក្សកម្លាំងជាតិដឹកនាំរដ្ឋាភិបាល ការវែកមុខរកឃាតករ ការបាញ់សម្លាប់លោក ជា វិជ្ជា គឺជាអាទិភាពរបស់គណបក្សកម្លាំងជាតិហើយ ហើយយើងមិនប្រើពេលវេលាមិនយូរទេ»។

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ស្នើសុំឱ្យរដ្ឋាភិបាលស្វែងរកឃាតករពិត ដែលបាញ់សម្លាប់លោក ជា វិជ្ជា ពីព្រោះឃាតករដែលចាប់បានកន្លងមក មិនមែនជាឃាតករពិតដែលបាញ់សម្លាប់មេសហជីពរូបនេះឡើយ។ ដូច្នេះលោករំពឹងថារដ្ឋាភិបាលអាណត្តិថ្មី នឹងវែកមុខរក ហើយស៊ើបរកឃាតករពិត ដើម្បីយកមកផ្តន្ទាទោស។

លោក ទាវ វណ្ណុល៖ «សូមឱ្យវិញ្ញាណក្ខន្ធរបស់លោក ជា វិជ្ជា នៅតាមជួយថែរក្សាដល់អ្នកប្រជាធិបតេយ្យក៏ដូចជាំកម្មករទាំងអស់នៅទូទាំងព្រះរាណាចក្រកម្ពុជាយើងឱ្យទទួលនូវអ្វីដែលកម្មករទាំងអស់ត្រូវបានទទួល គឺជាពិសេសប្រាក់ខែខ្ពស់ជាងអ្វីដែលកម្មករបានទទួលសព្វថ្ងៃនេះ»។

ងាកមកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មើលឃើញថា ឃាតកម្មលើលោក ជា វិជ្ជា នេះ សមត្ថកិច្ច មិនទាន់បញ្ឈប់សកម្មភាពស៊ើបអង្កេតស្វែករកឃាតករពិតនៅឡើយទេ ថ្វីត្បិតការវែកមុខរកឃាតករពិតនេះ មានរយៈពេលយូរឆ្នាំក្ដី ប៉ុន្តែសមត្ថកិច្ចមិនបានបិទសំណុំរឿងនេះទេ។

លោក សុខ ឥសាន៖ «រឿងដែលស្រាវជ្រាវហ្នឹងដូចខ្ញុំជម្រាបមិញអ៊‌ីចឹង គឺសមត្ថកិច្ចមិនទាន់បិទសំណុំរឿងទេ គេនៅបន្តស្រាវជ្រាវបន្តទៅទៀតទៅតាមការជាក់ស្ដែង ក៏ប៉ុន្តែការឃើញ ឬមិនឃើញនោះ វាមិនអាស្រ័យទៅតាមចិត្តចង់របស់យើងទេ វាអាស្រ័យទៅលើសំណុំរឿងរបស់ករណីនីមួយៗ ពីព្រោះករណីអំពើឃាតកម្មនេះ វាមិនមែនមានតែកម្ពុជាយើងម្នាក់ទេ គឺវាមានករណី២០ឆ្នាំប្លាយហើយ វាមិនមែនមានមួយទេ វាមានច្រើន។ អ៊‌ីចឹងទេដោយសារបទល្មើសហ្នឹង ជាបទឧក្រិដ្ឋ អាហ្នឹងវាមិនទាន់ផុតអាយុកាលរបស់វាទេ អ៊‌ីចឹងសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវអ៊‌ីចឹងបាទ!»។

ជុំវិញរឿងនេះ លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក កត់សម្គាល់ឃើញថា ជាង ២០ឆ្នាំមកនេះ សមត្ថកិច្ច នៅមិនទាន់ចាប់ឃាតករពិតបានឡើយ ហើយក្នុងនាមជាអង្គការសិទ្ធិមនុស្ស ចាត់ទុកការអូសបន្លាយពេលនេះ ហាក់ដូចជាសមត្ថកិច្ចមិនចង់ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។ ដូច្នេះចំណុចនេះហើយ បង្កឱ្យមាននិទណ្ឌភាព និងការបាញ់សម្លាប់ចេះតែបន្តកើតមានជាបន្តបន្ទាប់។

លោក យី សុខសាន្ត៖ «ក្នុងនាមជាអង្គការសង្គមស៊ីវិល ដែលធ្វើការលើវិស័យសិទ្ធិមនុស្ស យើងយល់ថារដ្ឋាភិបាល ក៏ដូចជាតុលាការ គួរតែពន្លឿនការស្វែងរកឃាតករដៃដល់ ដើម្បីមកកាត់ទោសតាមផ្លូវច្បាប់ ដើម្បីឱ្យក្រុមគ្រួសារ ក៏ដូចជាមតិមហាជន និងមតិជាតិ និងអន្តរជាតិឱ្យគេទទួលស្គាល់ថា ប្រទេសកម្ពុជាយើង មាននីតិរដ្ឋពិតប្រាកដ បើមិនដូច្នេះទេប្រជាពលរដ្ឋលែងមានជំនឿលើប្រព័ន្ធយុត្តិធម៌ប្រទេសកម្ពុជា»។

ជាមួយគ្នានេះ អ្នកគាំទ្រលោក ជា វិជ្ជា អ្នកស្រី រឿន កូលាប ជាអតីតសហជីពមកពីរោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រាប់ឱ្យដឹងដែរថា លោក ជា វិជ្ជា ជាថ្នាក់ដឹកនាំសហជីពមួយរូប ដែលបានលះបង់ជីវិតជួយកម្មករ ដោយអ្នកស្រីមានការគោរព ដឹងគុណ និងកោតសរសើរ ចំពោះវីរភាពដែលមេសហជីពរូបនេះបានតស៊ូ។

អ្នកស្រី រឿន កូលាប។ WMC/Keo socheata

អ្នកស្រី រឿង កូលាប៖ «តាំងពីគាត់ស្លាប់ទៅរហូតមកទល់ពេលនេះ គឺថាកម្មករមួយចំនួនគាត់ថាបាក់ទឹកចិត្ត ហើយក៏ខាងរោងចក្រមួយចំនួន ក៏មានការគាបសង្កត់ទៅលើកម្មករជាច្រើន។ អ៊‌ីចឹងហើយខ្ញុំគិតថា បើសិនជាគ្មានបង្គោលបង្អែកមួយដ៏រឹងមាំទេ កម្មករនឹងជួបហានិភ័យច្រើន»។

អ្នកស្រីនៅតែមានសង្ឃឹមថារដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងបន្តជួយវែកមុខរកឃាតករពិតដែលបាញ់សម្លាប់លោក ជា វិជ្ជា ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។

ក្រៅពីមេដឹកនាំសហជីពត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ កន្លងមកក៏មានឃាតកម្មបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគសង្គម លោក ឈុន វុទ្ធី សកម្មជនព្រៃឈើ អ្នកសារព័ត៌មានដែលរាយការណ៍ពីការកាប់ទន្ទ្រានព្រៃឈើ លោក ឈឿង ឈឹង ត្រូវបាញ់សម្លាប់កាលពីខែធ្នូ ឆ្នាំ២០២៤ ហើយនិងលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅប្រទេសថៃកាលពីដើមឆ្នាំ២០២៥នេះ៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង