របបអាហារគីតូ គឺជាអាហារដែលមានពីសារធាតុកាបូអ៊ីដ្រាតទាប និងជាតិខ្លាញ់ខ្ពស់។ សារធាតុកាបូអ៊ីដ្រាតភាគច្រើនមាននៅក្នុង បាយ នំបុ័ន នំបញ្ចុក គុយទាវ ដំឡូង ពោត ស្ករ សូដា ឬនំផ្សេងៗដែលធ្វើពីម្សៅ ។ របបអាហារគីតូ គេបរិភោគខ្លាញ់ សាច់ បន្លែ ប៉ុន្តែគេមិនបរិភោគអាហារដែលមានសារធាតុកាបូអ៊ីដ្រាតខ្ពស់ទេ។
នេះជាវិធីសាស្រ្ត សម្រាប់ទទួលបានថាមពលពីប្រួតេអ៊ីននិងជាតិខ្លាញ់ និងកាត់បន្ថយការទទួលថាមពល ពីសារធាតុកាបូអ៊ីដ្រាត សម្រាប់សកម្មភាពប្រចាំថ្ងៃ ។ វិធីនេះគេហៅថា Ketosis ។
មនុស្សភាគច្រើននិយមរបបអាហារគីតូនេះ សម្រាប់សម្រកទម្ងន់ ប៉ុន្តែវាអាចជួយគ្រប់គ្រងផ្នែកវេជ្ជសាស្រ្តយ៉ាងជាក់លាក់ផងដែរ ។ របបអាហារនេះ អាចជួយដល់អ្នកជំងឺ ដែលមានជំងឺបេះដូង ជំងឺខួរក្បាលមួយចំនួន និង សូម្បីតែបញ្ហាមុន ប៉ុន្តែតម្រូវឱ្យមានការពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុនសិន ដើម្បីរកមើលថា តើវាមានសុវត្ថិភាពសម្រាប់អ្នកជំងឺក្នុងការសាកល្បងរបបអាហារគីតូនេះ ជាពិសេសប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី១ ។
របបអាហារគីតូមានសារៈប្រយោជន៍ជាច្រើនដូចជា
ទី១-ការសម្រកទម្ងន់៖ របបអាហារគីតូ អាចជួយឱ្យអ្នកស្រកទម្ងន់បានច្រើនក្នុងរយៈពេល 3 ទៅ 6 ខែដំបូងជាងរបបអាហារមួយចំនួនផ្សេងទៀត។ នេះដោយសារតែ វាប្រើប្រាស់កាឡូរីពីសារធាតុខ្លាញ់ទៅជាថាមពល សម្រាប់សកម្មភាពប្រចាំថ្ងៃ។
ទី២- ជំងឺមហារីក៖ អាំងស៊ុយលីនគឺជាអរម៉ូនមួយប្រភេទ ដែលឱ្យរាងកាយ ប្រើប្រាស់ឬរក្សាទុកជាតិស្ករ ជាប្រភពថាមពល ។ របបអាហារគីតូ នេះធ្វើឱ្យ រាងកាយដុតថាមពលនេះយ៉ាងឆាប់រហ័ស និងធ្វើឱ្យបរិមាណអាំងស៊ុយលីនតិច។ កម្រិតទាបនេះអាចជួយការពារនិងប្រឆាំង ពីប្រភេទមហារីកមួយចំនួន ឬបន្ថយការលូតលាស់នៃកោសិកាមហារីក។
ទី៣- ជំងឺបេះដូង៖ របបអាហារគីតូ ត្រូវបានផ្សារភ្ជាប់ទៅនឹងរបបអាហារដែលមាន ជាតិខ្លាញ់ច្រើនអាចបង្កើនកូលេស្តេរ៉ុល “ល្អ” និងបន្ថយកូលេស្តេរ៉ុល “អាក្រក់”។ នេះដោយសារតែ អាំងស៊ុយលីនមានកម្រិតទាបដែលជាផលពីរបបអាហារគីតូនេះ ដែលអាចបញ្ឈប់រាងកាយពីការបង្កើតកូឡេស្តេរ៉ុលកាន់តែច្រើន។ នេះមានន័យថា អ្នកអាចកាត់បន្ថយការកើនឡើងនៃសម្ពាធឈាម ការឡើងរឹងនៃសរសៃឈាមក្រហម ជំងឺខ្សោយបេះដូង និងស្ថានភាពបេះដូងផ្សេងទៀត។
ទី៤- បញ្ហាមុន៖ របបអាហារគីតូនេះ ធ្វើឱ្យធ្លាក់ចុះកម្រិតអាំងស៊ុយលីន ដែលអាចជួយបញ្ឈប់ការកើតមុនផងដែរ។
ទី៥- ជំងឺទឹកនោមផ្អែម៖ របបអាហារគីតូនេះ ជារបបអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប អាចជួយរក្សាជាតិស្ករក្នុងឈាម ឱ្យមានកម្រិតទាប និងមានប្រសិទ្ធភាពក្នុងការធ្វើតេស្តជាតិស្ករ ជាងរបបអាហារដទៃទៀត។ ប៉ុន្តែនៅពេលដែលរាងកាយដុតជាតិខ្លាញ់សម្រាប់ថាមពល វាបង្កើតសារធាតុដែលហៅថា ketones។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ជាពិសេសប្រភេទទី ១ បើសិនជាមាន សារធាតុ ketone ច្រើនពេកនៅក្នុងឈាមរបស់អ្នក នឹងអាចធ្វើឱ្យអ្នកឈឺ។
ទី៦- ជំងឺឆ្កួតជ្រូក៖ របបអាហារគីតូ បានជួយគ្រប់គ្រងការប្រកាច់ ដែលបណ្តាលមកពីស្ថានភាពនៃជំងឺឆ្កួតជ្រូកនេះ។
ទី៧- ជំងឺ Polycystic Ovary Syndrome ៖ គឺជាបញ្ហាអរម៉ូនដែលកើតឡើងក្នុងកំឡុងវ័យបន្តពូជ។ រោគសញ្ញានៃជំងឺនេះ គឺស្រ្តីមិនមានរដូវញឹកញាប់ទេ ឬអាចមករដូវច្រើនថ្ងៃ។ ជំងឹនេះ គឺដោយសារអាំងស៊ុយលីនមានកម្រិតខ្ពស់។ ដូច្នេះ របបអាហារគីតូ បន្ថយបរិមាណអាំងស៊ុយលីន នឹងអាចជួយព្យាបាលវា រួមផ្សំជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅផ្សេងទៀត ដូចជាការហាត់ប្រាណ និងការសម្រកទម្ងន់ជាដើម។
យ៉ាងណាមិញ របបអាហារគីតូនេះ អាចបង្កជាបញ្ហាខ្លះៗផងដែរដូចជា ៖ អ្នកអាចមានការទល់លាមក ជាតិស្ករក្នុងឈាមទាបកម្រិតស្រាល ឬការមិនរំលាយអាហារ។ របបអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប អាចនាំឱ្យកើតគ្រោះក្នុងតម្រងនោម ឬកម្រិតអាស៊ីតខ្ពស់នៅក្នុងខ្លួន (អាស៊ីតអ៊ុយរិច) តែមិនសូវមានជាញឹកញាប់នោះទេ ។ ផលរំខានផ្សេងទៀតអាចមាន “ជំងឺគ្រុនផ្តាសាយ keto” ដែលមានអាការៈឈឺក្បាល ខ្សោយ ឆាប់ខឹង មានបញ្ហាក្លិន និងអស់កម្លាំង។
ជាចុងក្រោយ ប្រសិនបើអ្នកមានស្ថានភាពទាំងនេះ សូមធ្វើការផ្លាស់ប្តូររបបអាហារបន្តិចម្តងៗ ហើយត្រូវមានការណែនាំពីគ្រូពេទ្យជាមុនសិន ៕