លំពែងគឺជាប្រភេទក្រពេញនៃប្រព័ន្ធរំលាយអាហារស្ថិតនៅក្នុងពោះ ដែលមានតួនាទីសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបដែលមិនអាចខ្វះបាន ហើយតួនាទីទាំងនោះរួមមាន ជួយដល់ការរំលាយអាហារ (enzymes digestifs) និងការបញ្ចេញជាតិអរ័ម៉ូនសំខាន់ៗមួយចំនួនទៀត (exocrine et endocrine)។ នេះបើយោងតាមការបង្ហាញពីមន្ទីរពេទ្យកាល់ម៉ែត។
តួយ៉ាង ជំងឺរលាកលំពែង តែងតែកើតមានជាញឹកញាប់ស្មើគ្នាលើស្រ្តីនិងបុរស ហើយជំងឺនេះក៏ចាត់ទុកថាជាជំងឺដែលអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងអាចបណ្ដាលបាត់បង់ជីវិតផងដែរ។ ដូច្នេះជំងឺរលាកលំពែងនេះ គឺទាមទារឲ្យមានការព្យាបាលជាបន្ទាន់ និងត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្រ្ត (urgence médicale) ។
តើជំងឺរលាកលំពែងស្រួចស្រាវជាអ្វី?
យោងតាមគេហទំព័រសុខភាព helloគ្រូពេទ្យ បានបង្ហាញថា ជំងឺរលាកលំពែងស្រួចស្រាវ គឺជាការរលាកភ្លាមៗ ដែលកើតឡើងមានរយៈពេលខ្លី ដែលវាមានកម្រិតចាប់ពីស្រាលទៅដល់ធ្ងន់ធ្ងរ។ អ្នកជំងឺភាគច្រើនដែលមានជំងឺនេះ នឹងជាសះស្បើយពេញលេញ បន្ទាប់ពីទទួលបានការព្យាបាលត្រឹមត្រូវ។ ចំពោះករណីធ្ងន់ធ្ងរ អាចធ្វើឲ្យមានហូរឈាមនៅក្នុងក្រពេញនោះតែម្ដង ហើយធ្វើឲ្យខូចខាតជាលិកាក្រពេញធ្ងន់ធ្ងរ មានបង្ករោគ និងធ្វើឲ្យកើតជាគីស។ ជំងឺរលាកលំពែងធ្ងន់ធ្ងរ អាចធ្វើឲ្យគ្រោះថ្នាក់ដល់សរីរាង្គសំខាន់ផ្សេងទៀតដូចជា បេះដូង សួត និងតម្រងនោម។
រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត
យ៉ាងណាមិញ ចំពោះមូលហេតុដែលបង្កឲ្យមានរលាកដល់សរីរាង្គលំពែងមានច្រើនយ៉ាង ហើយក្នុងនោះ មូលហេតុដែលសំខាន់ៗរួមមាន៖ ពិសាគ្រឿងស្រវឹងច្រើនដែលមានរយៈពេលយូរ (alcoolisme chronique) និងអ្នកជំងឺមានបញ្ហាគ្រួសក្នុងផ្លូវទឹកប្រមាត់ដែលធ្លាក់មកស្ទះនៅក្នុងផ្លូវរបស់លំពែង (calcul biliaire migrant)។ មួយវិញទៀត ដោយសារប្រើប្រាស់ថ្នាំមួយចំនួនដែលមិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្រ្ត និងមានជំងឺប្រចាំកាយផ្សេងៗទៀត (ដូចជា hémochromatose, maladie de Wilson, mucoviscidose )។
រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត
តាមការលើកឡើងរបស់មន្ទីរពេទ្យកាល់ម៉ែត រោគសញ្ញារបស់ជំងឺនេះរួមមាន៖ អ្នកជំងឺនឹងឈឺចុកចាប់ក្នុងពោះខ្លាំងភ្លាមៗ ជាពិសេសនៅតំបន់ចុងដង្ហើម ក្អួតចង្អោរ មានទល់ខ្យល់និងទល់លាមក ឡើងកម្តៅខ្លួន និងមានហត់ដង្ហក់ពិបាកដកដង្ហើមជាដើម។ ចំពោះការធ្វើរោគវិនិឆ្ឆ័យជំងឺនេះផងដែរ គឺមានពិនិត្យឈាម (bilan sanguin) មើលអេកូពោះ និងថតស្គែនន័រផងដែរ(scanner abdomino-pelvien avec injection)…។
រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត
ហើយចំពោះការព្យាបាលនៃជំងឺនេះ មន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងថា គឺតម្រូវឱ្យអ្នកជំងឺសម្រាកព្យាបាល និងតាមដាននៅក្នុងមន្ទីរពេទ្យជាមួយក្រុមគ្រូពេទ្យឯកទេសជំនាញ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរនៃការវិវត្តរបស់ជំងឺ៕