en     km
en     km

យុវជនលើកពីសារប្រយោជន៍ពេលទទួលបានចំណេះដឹងផ្នែកសារព័ត៌មាន

Share

ប្រព័ន្ធផ្សព្វផ្សាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការពាំនាំព័ត៌មាន ការផ្សាយពាណិជ្ជកម្ម ចំណេះដឹងថ្មីៗ និងការកំសាន្តជាដើមដល់សាធារណជន។ ប្រព័ន្ធផ្សព្វផ្សាយដែលយើងធ្លាប់បានស្គាល់ និងកំពុងមានវត្តមានសព្វថ្ងៃមានដូចជា ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវត្តី ព្រឹតិ្តបត្រជាដើម ហើយបច្ចុប្បន្ននេះបណ្តាញសង្គមបានក្លាយជាទីពេញនិយមរបស់មហាជន ពិសេសយុវវ័យ។ ដោយមើលឃើញពីសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) ក្រោមជំនួយ​បច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW) បានផ្តល់វគ្គបណ្តុះបណ្តាលដល់យុវជនក្នុងខេត្តបាត់ដំបង និងកំពង់ធំ ចំនួន ៤៥ នាក់ស្តីពី អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ(Medial Literacy)កាលពីពេលកន្លងទៅ។

តើយុវជនទាំងអស់ទទួលបានចំណេះដឹងអ្វីខ្លះ? ហើយបានយកចំណេះដឹងទៅធ្វើអ្វីខ្លះដើម្បីការអភិវឌ្ឍន៍ក្នុងសហគមន៍? ដើម្បីជ្រាបកាន់តែច្បាស់សូមនាង កញ្ញា លោក លោកស្រីអញ្ជើញស្តាប់បទយកការណ៍ដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ!

នេះជាសកម្មភាពបង្រៀនរបស់យុវជនបង្គោលខេត្តកំពង់ធំ ទៅកាន់យុវជនចំនួន ១៥ នាក់ក្នុងឃុំគោលដៅស្ថិតក្នុងស្រុកបារាយណ៍ ស្តីពី ចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយ​ និងមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន។ ក្នុងបន្ទប់តូចមួយក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ យុវជនបង្គោលក៏បានដឹកនាំការលេងល្បែងកំសាន្តមួយចំនួនផងដែរ ទាក់ទងនឹងមេរៀន ធ្វើឱ្យសិក្ខាកាមម្នាក់ៗបញ្ចេញសំណើចក្អាកក្អាយបង្កើតបានបរិយាកាសសប្បាយរីករាយ។

សកម្មភាពយុវជនបង្គោលកំពុងបង្រៀនដល់យុវជនឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ឆ្លងកាត់វគ្គបណ្តុះបណ្តាលស្តីពី អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ(Medial Literacy)យុវជន ៤៥ នាក់ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានយល់ដឹងពីគោលការណ៍គ្រឹះនៃសារព័ត៌មាន ការផ្ចៀតផ្ទាត់ព័ត៌មានពិត សុវត្ថិភាពនៃការប្រើប្រាស់បណ្តាញសង្គម ជំនាញសរសេរអត្ថបទខ្លី(5W1H) របៀបសម្ភាសន៍ និងការថតវីដេអូជាដើម។ ពួកគេបានទទួលការបណ្តុះបណ្តាលនេះពីគ្រូបង្គោលនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

យុវជនស្រុកមោងឬស្សីខេត្តបាត់ដំបងកំពុងរៀបចំមេរៀនត្រៀមឡើងបង្ហាញ ក្រោមការជួយពិនិត្យពីគ្រូនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា។

ក្រោយពីសិក្សាវគ្គខ្លី យុវជនទាំងអស់បានយកចំណេះដែលខ្លួនទទួលបាន ផលិតជាព័ត៌មានជុំវិញព្រឹត្តិការណ៍ដែលកើតមានក្នុងសហគមន៍ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ការប្រកបរបររកស៊ី សិល្បៈវប្បធម៌ កសិកម្ម ការចូលរួមរបស់ពលរដ្ឋនិងយុវវ័យក្នុងកិច្ចការអភិវឌ្ឍន៍មូលដ្ឋាន និងបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋជួបប្រទះ ដើម្បីផ្សព្វផ្សាយឈានទៅរកដំណោះស្រាយទាន់ពេលវេលា។

មិនត្រឹមតែប៉ុណ្ណោះយុវជនបង្គោល ក៏បានចុះចែករំលែកចំណេះដឹងបន្តទៅកាន់យុវជនក្នុងឃុំរបស់ពួកគេរៀងៗខ្លួនផងដែរ។

គ្រូនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជាកំពុងបង្ហាញពីរបៀបថតរូបដល់យុវជនស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យុវជន ហុក ដេប៉ូ ជាសិក្ខាកាមមួយរូបនិងជាយុវជនបង្គោលខេត្តកំពង់ធំនិយាយថា បន្ទាប់ពីបានសិក្សាវគ្គខ្លីស្តីពី អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ(MIL) លោកកាន់តែយល់ច្បាស់ពីរបៀបសរសេរព័ត៌មាន យល់ពីប្លង់ថតរូប ថតវីដេអូ ចេះបែកចែកព័ត៌មានពិតឬក្លែងក្លាយ ​ដឹងពីអ្វីគួរចែករំលែកឬមិនគួរចែករំលែកលើបណ្តាញសង្គម និងដឹងវិធីសាស្រ្តការពារគណនីហ្វេសប៊ុកឱ្យរឹងមាំជាដើម។ យុវជនមាឌធំដំបង សក់រួញអង្គាដីរូបនេះបន្តទៀតថា លោកសប្បាយចិត្ត ព្រោះខ្លួនមានសមត្ថភាពគ្រប់គ្រាន់អាចសរសេរព័ត៌មាននិងរឿងរ៉ាវដែលកើតមានឡើងក្នុងសហគមន៍ ដើម្បីផ្សព្វផ្សាយជាសាធារណៈជំរុញឱ្យមានការអភិវឌ្ឍន៍ និងដំណោះស្រាយពីអ្នកពាក់ព័ន្ធទាន់ពេលវេលា។

«នៅពេលដែលខ្ញុំបានរៀននូវគម្រោងMIL នេះ ខ្ញុំចេះសរសេរអត្ថបទព័ត៌មាន គឺខ្ញុំបានជួយសហគមន៍ ដូចជាការសរសេរព័ត៌មានពីវិស័យកីឡា ហាក់ដូចជាជួយលើកតម្កើងវិស័យកីឡាឱ្យយុវជនបានចូលមកលេងកីឡាជៀសឆ្ងាយពីគ្រឿងញៀន។មួយទៀតដូចការលក់ដូររបស់បងស្រី សួរ ចិត្រ ដែលគាត់លក់ដូរម្ហូបអាហារប្រើបន្លែធម្មជាតិ ធ្វើមានអនាម័យ ដូច្នេះពេលខ្ញុំសរសេរព័ត៌មានផ្ញើជូនខាងWMC ផុសលើវេបសាយ អីចឹងមានន័យថា ដូចផ្សព្វផ្សាយឱ្យគាត់បានលក់ដាច់ជាងមុន ដែលនេះហើយជាការជួយសហគមន៍របស់ខ្ញុំឱ្យបានរីកចម្រើន »។

យុវជន ហុក ដេប៉ូ បានសរសេរព័ត៌មានជាច្រើនទាកើទងរឿងរ៉ាវក្នុងសហគមន៍។

ក្នុងពេលបង្រៀនដល់យុវជន គ្រូបង្គោលនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បានចែករំលែកនូវចំណេះដឹងក៏ដូចជាបង្ហាញពីសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយ។ ដោយយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍នេះ យុវទាំងអស់បានចំណាយពេលពេញមួយសប្តាហ៍ចូលរៀនវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) និងព្រមចូលរួមវគ្គបណ្តុះបណ្តាលបន្តដើម្បីក្លាយខ្លួនជាយុវជនបង្គោលប្រចាំឃុំហើយមានសមត្ថភាពចែករំលែកចំណេះដឹថដល់យុវជនក្នុងសហគមន៍ផងដែរ។

យុវជនស្រុកមោងឬស្សីឡើងអនុវត្តលំហាត់ម្នាក់ម្តងៗដែលគ្រូបង្គោលនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានដាក់ឱ្យធ្វើ។

យុវតី សឿង ចាន់ដា ជាយុវជនបង្គោលប្រចាំស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកឡើងថា ការទទួលបានវិជ្ជាជីវសារព័ត៌មាននេះ ពិតជាមានសារៈសំខាន់សម្រាប់កញ្ញា ព្រោះកញ្ញាយល់ដឹងកាន់តែច្បាស់ពីសារប្រយោជន៍នៃប្រព័ន្ធផ្សព្វផ្សាយ ពិសេសឥទ្ធិពលនៃព័ត៌មានដែលអាចជំរុញការអភិវឌ្ឍន៍ក្នុងសហគមន៍តាមរយៈការផលិតអត្ថបទព័ត៌មាន។ យុវតីដែលមានតួនាទីក្នុងក្រុមប្រឹក្សាឃុំបារាយណ៍ផងនោះ បានឱ្យដឹងបន្តថា កញ្ញានឹងបន្តចែករំលែកចំណេះដឹងដល់យុវជនក្នុងសហគមន៍ ដើម្បីឱ្យយុវជនកាន់តែយល់ច្បាស់ពីសារៈសំខាន់នៃការទទួលបានព័ត៌មានពិត និងអាចសម្រេចចិត្តត្រឹមត្រូវមុនចែករំលែកព័ត៌មានបន្តលើបណ្តាញសង្គម។

«សម្រាប់នាងខ្ញុំពេលខាងមុខនេះ នឹងមានវគ្គខ្លីមួយដើម្បីចែករំលែកចំណេះដឹងដែលបានរៀនពីអក្ខរកម្មព័ត៌មាន(MIL)ហ្នឹងដល់យុវជន ដូច្នេះនាងខ្ញុំនឹងខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យយុវជនជំនាន់ក្រោយបានយល់ដឹងពីចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយ(MIL)»។

កញ្ញា សឿន ចាន់ដា យុវជនបង្គោលខេត្តកំពង់់ធំបានត្រៀមខ្លួនចុះបង្រៀនយុវជនក្នុងឃុំនាពេលខាងមុខពីអក្ខរកម្ពុជាព័ត៌មានដែលខ្លួនបានចេះដឹង។

គិតត្រឹមដំណាច់ឆ្នាំ២០១៩នេះ យុវជនក្នុងខេត្តបាត់ដំបង និងកំពង់ធំ បានផលិតអត្ថបទផ្តល់មកមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានចំនួនជាង ១០០ អត្ថបទហើយ។ អត្ថបទភាគច្រើនពាក់ព័ន្ធទៅនឹងរឿងរ៉ាវ និងបញ្ហាផ្សេងៗដែលកើតមានឡើងក្នុងសហគមន៍ ដូចជា មុខរបរលក់ដូរ ការនេសាទ កសិកម្ម ការចូលរួមរបស់ពលរដ្ឋក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន វិស័យកីឡា និងបញ្ហាគ្រោះធម្មជាតិជាដើម។ ដោយឡែកយុវជនឆ្នើមដែលត្រូវជ្រើសរើសជាយុវជនបង្គោលប្រចាំឃុំ ពួកគេបានចុះទៅបណ្តុះបណ្តាលបន្តដល់យុវជនក្នុងឃុំរបស់ពួកគេរៀងៗខ្លួនក្រោមការជួយតម្រង់ទិសពីគ្រូបង្គោលនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា៕​

ផលិតដោយ

សហការឧបត្ថម្ភដោយ

Share

Image
Image
Image