ភ្នំពេញ៖ កសិករស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រមាណជាង ៤៥គ្រួសារកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានដឹកស្រូវតាមគោយន្តមកបិទកំណត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ដើម្បីតវ៉ាឱ្យស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងកសិកម្មអន្តរាគមន៍ករណីស្រូវចុះថោក។ ជុំវិញរឿងនេះ មន្រ្តីក្រសួងកសិកម្មចង្អុលបង្ហាញថា បញ្ហាស្រូវធ្លាក់ថ្លៃបែបនេះមកពីកសិករដាំដុះប្រភេទស្រូវ OM ជាពូជរបស់ប្រទេសវៀតណាមច្រើនលើសលុបពេក ដែលជាហេតុនាំឱ្យចាល់គ្មានអ្នកទិញ។ ចំពោះមុខស្ថានភាពនេះ ក្រសួងកសិកម្មជំរុញដល់កសិករគួរបង្កើនការដាំដុះស្រូវពូជរបស់ខ្មែរឱ្យបានច្រើន ដើម្បីធានារក្សាតម្លៃលើទីផ្សារ។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
ជាថ្មីម្តងទៀត និងក្រោយរយៈជិត ១០ ឆ្នាំគឺកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ កសិករក្នុងស្រុកមោងឫស្សីខេត្តបាត់ដំបង បានច្រកស្រូវដាក់ក្នុងការុងដឹកតាមគោយន្ត មកទម្លាក់បិទកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ជាការសម្តែងមតិតវ៉ាជាថ្មីម្តងទៀត ខណៈតម្លៃស្រូវឆ្នាំនេះធ្លាក់ថ្លៃយ៉ាងខ្លាំង។
គេនៅចាំបានថា កាលពីខែកញ្ញា ឆ្នាំ២០១៦ ក៏មានបាតុភាពកើតទុក្ខមិនសុខចិត្តពីសំណាក់កសិករក្នុងស្រុកមោងឫស្សីដូចគ្នានេះដែរ ដែលកាលណ្ណោះ កសិករបានដឹកស្រូវមកចាកពង្រាយពេញកំណាត់ផ្លូវជាតិលេខ ៥ តវ៉ារឿងស្រូវចុះថោកបែបនេះដូចគ្នា។ ក៏ប៉ុន្តែលទ្ធផលនៃការតវ៉ាគ្រានោះ រដ្ឋាភិបាលបានបញ្ចេញកញ្ចប់សាច់ប្រាក់ចំនួន ២៧លានដុល្លារ ជួយអន្តរាគមន៍ទិញស្រូវពីកសិករដោះស្រាយបញ្ចប់រឿងភ្លាមៗគ្រានោះ។
តែសម្រាប់កូដកម្មកាលពីម្សិលមិញ កសិករពុំទាន់ទទួលដំណោះស្រាយអ្វីនៅឡើយទេ។
សកម្មភាពតវ៉ារបស់កសិករដែលបណ្តាញសង្គមចែករំលែកតៗគ្នា។រូបភាពពីបណ្តាញសង្គម។
កសិករដែលដឹកស្រូវមកបិទផ្លូវត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ដែលត្រូវបានបង្ហោះអណ្តែតពេញបណ្តាញសង្គមនានា គេសង្កេតឃើញអ្នកចូលរួមភាគច្រើនជាស្រ្តី ដោយពួកគេបានប្រើក្រដាលឡាំងកេសស្រាបៀរសរសេររំលេចតួអក្សរធំៗថា«សូមសម្តេចនាយករដ្ឋមន្ត្រី និងក្រសួងកសិកម្មជួយតម្លៃស្រូវឡើងថ្លៃផង»។ ជាងនេះក្រុមអ្នកតវ៉ាមានឃោសនៈស័ព្ទបំពងសំឡេងមួយផងដែរ ដោយក្រុមអ្នកតវ៉ាសុំការយោគយល់ពីអ្នកបញ្ជាយានយន្តលើដងផ្លូវដែលមិនអាចបើកបរទៅមុខបាន សុំឱ្យចែករំលែកព្រឹត្តិការណ៍នេះតៗគ្នាផង បំណងដើម្បីឱ្យអ្នកពាក់ព័ន្ធបានដឹងនិងជួយដោះស្រាយ។
បដិវាទកម្មកើតឡើងពីតម្លៃស្រូវចុះថោកឆ្នាំនេះ កសិករដែលប្រមូលផ្តុំគ្នាបានត្អូញត្អែរតាមឃោសនៈស័ព្ទថា ពួកគេគ្មានបំណងតវ៉ាចង់បានមានចង់បានអ្វីនោះទេ ដោយគ្រាន់តែចង់ឱ្យមានអន្តរាគមន៍សមរម្យចំពោះបញ្ហាតម្លៃស្រូវ ដ្បិតតម្លៃស្រូវដើមឆ្នាំនេះមិនសមាមាត្រនឹងថ្លៃប្រេងសាំង ថ្លៃជី និងថ្លៃដឹកជញ្ជួនដែលចេះតែឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ។
ការលើកឡើងរបស់កសិករស្រុកមោងឫស្សីតាមឃោសនៈស័ព្ទ៖«ថ្លៃជី ១៥ ម៉ឺន ថ្លៃបាញ់ថ្នាំ ថ្លៃច្រូត ថ្លៃកម្លាំងកសិករមិនគិតទេ ប្រេងម៉ាស៊ូតក៏ឡើងថ្លៃ ឥឡូវស្ករ ប៊ីចេង ក៏ឡើងថ្លៃដែរ ចុះហេតុអ្វីបានជាស្រូវរបស់យើងខ្ញុំមិនឡើងថ្លៃចឹង…មែនទេបងប្អូន…មែន!»។
សម្រាប់ការតវ៉ារបស់កសិករស្រុកមោងឫស្សីកាលពីម្សិលមិញ ក្រសួងកសិកម្មពុំទាន់បានបង្ហាញអន្តរាគមន៍ណាមួយជាក់លាក់នៅឡើយទេ ក៏ប៉ុន្តែមន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា ក្រសួងបានដឹងនិងកំពុងតាមដានបញ្ហានេះដោយមិនព្រងើយកន្តើយនោះឡើយ។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មតបនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងការតវ៉ារបស់កសិករនៅស្រុកមោងឫស្សីតាមក្រុមតេឡេក្រាមកាលពីម្សិលមិញថា ក្រសួងបានដឹងរឿងនេះដោយចាត់ទុកថា ករណីបែបនេះគឺកើតឡើងតែមួយកម្សួលតែប៉ុណ្ណោះដោយបានរសាយវិញអស់ទៅហើយ។ សម្រាប់មូលហេតុនៃការធ្លាក់ថ្លៃស្រូវឆ្នាំនេះ អ្នកនាំពាក្យប្រាប់ថា ដោយសារតែប្រជាកសិកម្មមួយចំនួនធំបានដាំដុះស្រូវ ប្រភេទ OM ដែលជាប្រភេទពូជស្រូវស្រាលនាំចូលពីប្រទេសវៀតណាម និងដាំដុះសម្រាប់តែលក់ឱ្យឈ្មួញវៀតណាម។ ម្ល៉េះហើយនៅពេលឈ្មួញវៀតណាមមិនមកសម្រុកទិញពីកសិករកម្ពុជា ប្រការនេះជាហេតុធ្វើឱ្យស្រូវចាល់នឹងត្រូវធ្លាក់ថ្លៃ។
កញ្ញា អ៊ឹម រចនា៖«រាល់ថ្ងៃនេះប្រភេទស្រូវយុទ្ធសាស្រ្តរបស់ខ្មែរដូចជាស្រូវសែនក្រអូប និងប្រភេទផ្ការំដួលហ្នឹង គឺលក់ចេញក្នុងតម្លៃដែលអាចទទួលយកបាន។ហើយមានតែពូជស្រូវOM ដែលជាប្រភេទពូជស្រូវស្រាលដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសនិយមដាំដុះ ដោយសារវាប្រើរយៈពេលខ្លីនិងទទួលបានទិន្នផលខ្ពស់។ តែយ៉ាងណាក៏ដោយ ពូជស្រូវរបស់បរទេសនេះពុំមានស្ថិរភាពថ្លៃទេ ហើយថ្លៃដែលអាចលក់បានគឺអាស្រ័យលើមាត់ឈ្មួញដែលមកពីប្រទេសជិតខាងយើង ហើយពូជស្រូវនេះរោងម៉ាស៊ីនយើងនៅទូទាំងប្រទេសមិននិយមទទួលទិញនោះទេ និងមិនមានតម្រូវការនាំចេញទៅទីផ្សារបរទេស»។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម។
ស្របពេលដែលកសិករក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង និងកសិករតាមបណ្តាលខេត្តនានាមួយចំនួនទៀតមានបញ្ហាធ្លាក់ថ្លៃស្រូវប្រភេទស្រូវស្រាលឬ ស្រូវ OM ៥១,៥៤ ពូជមកពីវៀតណាមបែបនេះ ជាមួយគ្នានោះសាររបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មត្រូវបានបង្ហោះបកស្រាយដោយបញ្ជាក់ថា ស្រូវឆ្នាំនេះពុំមែនធ្លាក់ថ្លៃគ្រប់ប្រភេទនោះទេ ពោលគឺមានបញ្ហាតែស្រូវពូជនាំចូលពីប្រទេសវៀតណាមតែប៉ុណ្ណោះ។
លោក ឌិត ទីណា៖«មួយរយៈនេះយើងនិយាយថាស្រូវធ្លាក់ថ្លៃ តែអ្នកនិយាយហ្នឹងមិនបានបញ្ជាក់ថាស្រូវធ្លាក់ថ្លៃហ្នឹងជាប្រភេទអ្វីនោះទេ។ យើងមានធ្វើស្រូវសែនក្រអូប ស្រូវប្រណិត ស្រូវសរ និងស្រូវOM ។ហើយស្រូវស្រាលនេះមួយរយៈនេះយើងធ្វើលក់ទៅកាន់វៀតណាមច្រើន ហើយធ្វើសម្រាប់តែទីផ្សារវៀតណាម តែបើយើងធ្វើស្រូវហ្នឹងសម្រាប់រោងម៉ាស៊ីនខ្មែរយើងអាចរក្សាទីផ្សារបាន តែអាហ្នឹងមានមនុស្សដឹងតិចណា។ស្រូវប្រាំងឥឡូវមានបញ្ហាដោយសារយើងសម្រុកធ្វើច្រើនដោយសារចង់ចំណេញច្រើន ស្ថិតិនៅឆ្នាំនេះ មានជាង៧០ម៉ឺនហិកតា គិតជាថទិន្នផលបើប្រមូលផលអស់ជិត ៥លានតោន ហើយសិនតែជាប្រភេទOM។យើងកំពុងមើល យើងមិនមែនចេះតែអន្តរាគមន៍មកខាតទាំងអស់គ្នានោះទេ»។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម។
សម្រាប់រដ្ឋមន្រ្តីក្រសួងកសិកម្ម យុទ្ធសាស្រ្តដែលអាចបញ្ជៀសបាននូវហានិភ័យកុំឱ្យខាតបង់ដោយសារការដាំដុះស្រូវ ក្រសួងបានរៀបចំផែនការយុទ្ធសាស្រ្តរួមហើយ ដោយជួយកសិករណាដែលងាកមកបង្កបង្កើនផលការដាំដុះស្រូវពូជក្នុងស្រុក ឬពូជស្រូវយុទ្ធសាស្រ្តមានដូចជាប្រភេទស្រូវ ផ្ការំដួល និងសែនក្រអូប ជាដើម។
លោក ឌិត ទីណា៖«យើងចង់ក្លាយជាកសិកម្មទំនើបអត់?នៅក្នុងការងារធ្វើសហគមន៍កសិកម្មទំនើបនេះ យើងនឹងជួយបងប្អូនដែលធ្លាប់ធ្វើស្រូវ OM នេះ មកធ្វើស្រូវសែនក្រអូបក្នុងសហគមន៍កសិកម្មទំនើប។របៀបធ្វើកសិកម្មទំនើបយើងមិនចាំបាច់ខ្ចីគេម្នាក់ឯងនោះទេ ដោយមិនចាំបាច់ខ្ចីគេតែម្តងឯងនោះទេ ដោយក្រសួងកសិកម្មត្រឹមឱ្យសហគមន៍ហ្នឹងខ្ចីលុយដើមហ្នឹងតែម្តង។ខ្ចីទៅធ្វើស្រែទៅ ពេលប្រមូលផលមកវិញលក់កាត់កងសងថ្លៃកម្ចីដែលមានការប្រាក់ទាបនេះហើយគឺដឹងតែចំណេញតែម្តង »។
សម្រាប់ពូជស្រូវស្រាលប្រភេទOMនេះ ពុំមែនធ្លាក់ថ្លៃតែនៅប្រទេសកម្ពុជានោះទេ បើតាមកាសែតក្នុងស្រុកវៀតណាម VnExpress និយាយថា កសិករវៀតណាមក៏រងបញ្ហាធ្លាក់ថ្លៃស្រូវប្រភេទនេះផងដែរនៅឆ្នាំនេះ។ ជាងនេះនៅតាមបណ្តាប្រទេសនាំចេញអង្ករធំៗ តួយ៉ាងមានប្រទេសថៃ វៀតណាម ឥណ្ឌា ប៉ាគីស្ថាន ក៏ធ្លាក់ថ្លៃផងដែរ ពោលគឺធ្លាក់លក់បានខ្ទង់ ៦៥០ដុល្លារក្នុងមួយតោនកាលពីឆ្នាំមុន បានធ្លាក់មកត្រឹមតែជាង៤៣០ដុល្លារក្នុងមួយតោននៅដើមឆ្នាំនេះ។ កាសែតនេះព្យាករណ៍ទុកមុនថា ស្ថានភាពថ្លៃស្រូវស្រាលនេះអាចនឹងមាននិន្នាការបន្តធ្លាក់ថ្លៃចុះបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥នេះ។
សម្រាប់អ្នកជំនាញផ្នែកកសិកម្ម ផ្តល់ជាដំណោះស្រាយលើបញ្ហាធ្លាក់ថ្លៃស្រូវថា ដើម្បីដោះស្រាយបញ្ហា ក្រសួងគួរតែបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការជ្រើសរើសពូជស្រូវសមស្របតាមប្រភេទដី។ជាងនេះ ណែនាំបច្ចេកទេសដាំដុះ ដើម្បីឱ្យទិន្នផលស្រូវទទួលបានច្រើន និងមានតម្លៃខ្ពស់ពេលលក់ចេញ ជាជាងការពឹងផ្អែកលើទីផ្សារប្រទេសជិតខាង៕