ភ្នំពេញ៖ ស្របពេលដែលរដ្ឋាភិបាលជំរុញឱ្យក្រសួងចំនួនពីរប្រឹងប្រែងរៀបចំគោលនយោបាយគាំទ្រឱ្យកម្ពុជាមានសមត្ថភាពផលិតជីកសិកម្មក្នុងស្រុក កសិករមួយចំនួនក៏បង្ហាញការសាទរ ដោយចង់ឃើញកម្ពុជាអាចធ្វើជីបានដោយខ្លួនឯងមិននាំចូលជីពីបរទេស។ សង្គមស៊ីវិលដែលធ្វើការងារផ្នែកកសិកម្មក៏ទន្ទឹងចង់ឱ្យកម្ពុជាមានជីកសិកម្មដោយខ្លួនឯងផងដែរ ដ្បិតអាចកាត់បន្ថយថ្លៃដើមផលិតនិងមិនធ្វើឱ្យខូចបរិស្ថាន។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
ការប្រើប្រាស់ជីនិងថ្នាំកសិកម្ម របស់កសិករក្នុងប្រទេសកម្ពុជាពុំទាន់មានភាពច្បាស់លាស់ និងប្រាដកនិយមនៅឡើយទេ ខណៈជីថ្នាំមួយចំនួនធំដែលប្រើប្រាស់ក្នុងការងារបង្កបង្កើនផលត្រូវបានដឹងថា នាំចូលពីបរទេស។
ចំពោះមុខបញ្ហាការផលិតដើម្បីផ្គត់ផ្គង់ជីថ្នាំកសិកម្មត្រូវបានរដ្ឋាភិបាលលើកទឹកចិត្តឱ្យក្រសួងចំនួន ២ គឺក្រសួងកសិកម្ម និងក្រសួងឧស្សាហកម្មធ្វើយ៉ាងណាជំរុញឱ្យកម្ពុជាអាចមានសមត្ថភាពឈានទៅផលិតជីកសិកម្មបានដោយខ្លួនឯង កាត់បន្ថយការនាំចូលជីពីបរទេស។
លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា តំណាងឱ្យនាយករដ្ឋមន្រ្តីបានថ្លែងក្នុងកម្មវិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និង ទិសដៅ អនុវត្តឆ្នាំ២០២៥» កាលពីថ្ងៃ២២ ខែមករា ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់ថា កម្ពុជាត្រូវការជីកសិកម្មដោយផ្តោតលើអាទិភាពលើជីសរីរាង្គ។ គំនិតផ្តួចផ្តើមនេះ បើតាមលោកឧបនាយករដ្ឋមន្រ្តី គឺដើម្បីជំរុញកាត់បន្ថយការចំណាយរបស់ពលរដ្ឋលើការទិញជី ហើយការប្រើប្រាស់ជីក្នុងស្រុកក៏អាចរក្សាគុណភាពដីបានល្អ។
លោក សុខ ចិន្តាសោភា៖«ក្រសួងកសិកម្ម និងក្រសួងឧស្សាហកម្ម ត្រូវជំរុញគាំទ្រគោលនយោបាយផលិតជី ក្នុងស្រុកដោយផ្តោតលើជីសរីរាង្គជាអាទិភាព ដើម្បីកាត់បន្ថយថ្លៃដើមផលិត រក្សានិរន្តភាពគុណភាពដី បង្កើនប្រាក់ចំណូលក្នុងគ្រួសារ»។
លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា។រូបភាពពីហ្វេកប៊ុកក្រសួងកសិកម្ម។
លោក ឌិន សាខន ប្រធានសហគមន៍កសិករឃុំត្រពាំងឫស្សី ខេត្តកំពង់ធំ និយាយថា បច្ចុប្បន្នកសិករជាសមាជិកក្នុងសហគមន៍បានទិញជីរបស់ដេប៉ូដែលនាំចូលជីពីបរទេស ក្នុងមួយប៉ាវតម្លៃប្រមាណ ១១ម៉ឺនរៀល។ លោកថា បើសិនមានក្រុមហ៊ុនក្នុងស្រុកអាចផលិតជីនិងថ្នាំកសិកម្មបានមែននោះ ពិតជាការប្រសើរ ព្រោះអាចមានតម្លៃធូរថ្លៃជាងជីនិងថ្នាំនាំចូលពីបរទេស។
លោក ឌិន សាខន៖« ខ្ញុំគិតថាល្អ បើសិនយើងមានផលិតផលក្នុងស្រុកគឺមានន័យថា យើងអាចជួយគ្នាទៅវិញទៅមក។ ទាក់ទងតម្លៃបើសិនជាធូរថ្លៃនោះកសិករនឹងជួយទិញ»។
ដោយឡែកអ្នកស្រី ចែម ចាន់ ប្រធានសហគមន៍ច្រនាងស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំនិយាយថា ក្នុងសហគមន៍របស់អ្នកស្រីបានប្រើប្រាស់ជីរបស់បរទេសដែលមានតម្លៃចន្លោះពី១០ម៉ឺនរៀលដល់១៧ម៉ឺនរៀល ដែលអ្នកស្រីចាត់ទុកថាមានតម្លៃថ្លៃ ដូច្នេះធ្វើឱ្យការផលិតក៏ត្រូវលក់ចេញក្នុងតម្លៃថ្លៃដូចគ្នា។ អ្នកស្រី ចង់ឱ្យកម្ពុជាមានសមត្ថភាពផលិតជីបានដោយខ្លួនឯង ដ្បិតអាចកាត់បន្ថយថ្លៃដើមផលិត ធ្វើឱ្យដីមិនឆាប់ខូចរេចរឹល និងអាចឱ្យកសិករលក់ផលដំណាំក្នុងតម្លៃសមរម្យជូនអ្នកទទួលទាន។
អ្នកស្រី ចែម ចាន់៖«និយាយរួមបើយើងផលិតជីដោយខ្លួនឯង ប្រហែលជាអាចកាត់បន្ថយថ្លៃដើម ព្រោះរាល់ថ្ងៃទិញជីថ្លៃ។សព្វថ្ងៃខ្លះយើងប្រាស់ជីក្បាលក្របី ជីបៃតង របស់វៀតណាម របស់ថៃ ជាដើម វាធ្វើឱ្យអត់គុណភាពដី ចឹងបើយើងមានជីខ្លួនឯងជាជីសរីរាង្គអាហ្នឹងជួយដីវិញ »។
រូបភាពជីនិងថ្នាំកសិកម្មលក់តាមដេប៉ូ។រូបភាពពីហ្វេកប៊ុកក្រសួងកសិកម្ម។
ថ្មីៗនេះស្ថាប័នតាមដានសុវត្ថិភាពចំណីអាហាររបស់សហភាពអឺរ៉ុបបានប្រកាសថា អង្កររបស់កម្ពុជាដែលនាំចូលអឺរ៉ុបត្រូវបានរកឃើញថា មានសំណល់ថ្នាំកសិកម្មលើអង្ករលើសកម្រិតកំណត់ ដែលសហភាពអឺរ៉ុបកម្រិតត្រឹម ០,០១មីលីក្រាមក្នុងមួយគីឡូក្រាម។ ប្រការនេះធ្វើឱ្យអឺរ៉ុបបញ្ជាឱ្យដឹកអង្ករកម្ពុជាត្រឡប់មកវិញ។
អ្នកតាមដានបញ្ហាកសិកម្មមើលឃើញថា កសិករកម្ពុជាពុំមានការប្រើប្រាស់ជីថ្នាំកសិកម្មគោរពតាមបទបញ្ជាត្រឹមត្រូវនៅឡើយទេ ដែលប្រការនេះនាំឱ្យមានបញ្ហាសុខភាពដល់អ្នកទទួលទាន។
ជុំវិញរឿងនេះ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ធ្លាប់ប្រាប់ថា កម្ពុជាគួរជំរុញគិតគូរពីការធ្វើកសិកម្មតាមបែបស្អាតគ្មានសំណល់ថ្នាំគីមី ឬមានកម្រិតទាបក្នុងផលដំណាំ។ តែការធ្វើបែបនេះបាន សម្រាប់លោក ថេង សាវឿន គឺក្រសួងត្រូវបង្កើនលទ្ធភាពផលិតជីក្នុងស្រុកជារបស់ខ្លួនឯងឱ្យសមស្របទៅនឹងស្ថានភាពដី ហើយជីសរីរាង្គជាជម្រើសត្រូវផលិតដាក់ឱ្យប្រើ។
លោក ថេង សាវឿន៖«យើងត្រូវធ្វើកសិកម្មដោយប្រើថ្នាំពុលបែបធម្មជាតិ មិនមែនថ្នាំពុលគីមីឬជីគីមីទេ បើមិនចឹងវានាំឱ្យប៉ះពាល់សុខភាព។ចឹងដើម្បីធ្វើកសិកម្មតាមបែបប្រពលវប្បកម្មលើកកម្ពស់សុខភាពបាន ត្រូវតែមានការប្តេជ្ញាខ្ពស់ពីក្រសួងកសិកម្មគាំទ្រក្នុងការផលិតជីនិងថ្នាំកសិកម្មសរីរាង្គ ឬជីថ្នាំធម្មជាតិ »។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន។រូបភាពពីហ្វេកប៊ុកក្រសួងកសិកម្ម។
សូមបញ្ជាក់ថាកាលពីឆ្នាំ២០២៣ កម្ពុជាបាននាំចូលជីកសិកម្មពីបរទេស ពិសេសពីប្រទេសជិតខាងក្នុងទំហំទឹកប្រាក់ជាង ៣២៥លានដុល្លារអាមេរិក ពោលកើនជាង ១៧%។ ដោយឡែករបាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញថា ការនាំចូលជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិតឬស្មៅ ក្នុងឆ្នាំ ២០២២ កន្លងទៅ មានទំហំទឹកប្រាក់សរុបជាង ៤៨០ លានដុល្លារ កើនឡើងប្រមាណ ៦ ភាគរយ បើធៀបនឹងឆ្នាំ ២០២១៕