en     km
en     km

កសិករក្នុងឃុំមួយនៅខេត្តសៀមរាបដង្ហោយរកកិច្ចអន្តរាគមន៍ខណៈស្រូវសើមលក់បានតែ៦៩០៛

Share

ភ្នំពេញ៖ កសិករក្នុងភូមិមួយចំនួននៃខេត្តសៀមរាប បានត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះអំឡុងពេលប្រមូលផលនារដូវប្រាំងនេះ ដោយស្រូវសើមប្រភេទ ៥៤ ៥១ ពូជស្រូវរបស់វៀតណាមលក់បានតែ ៦៩០ រៀលតែប៉ុណ្ណោះ។ ប្រឈមមុខបញ្ហានេះ កសិករស្នើសុំស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយ តែអ្នកនាំពាក្យក្រសួងកសិកម្មបដិសេធសុំមិនអត្ថាធិប្បាយលើបញ្ហាស្រូវធ្លាក់ថ្លៃនេះទេ ដ្បិតកន្លងមកក្រសួងធ្លាប់បានផ្សព្វផ្សាយណែនាំលើកទឹកចិត្តដល់កសិករគួរផលិតស្រូវពូជក្នុងស្រុក និងជំរុញឱ្យកសិករចូលជាសហគមន៍មុនសម្រេចចិត្តដាំដុះស្រូវ។

លោក កែវ​ សុខា ជូនសេចក្តីរាយការណ៍

បញ្ហាស្រូវធ្លាក់ថ្លៃបានលេចឡើងមួយករណីទៀត ក្នុងភូមិប្រឡាយ សង្កាត់សៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប ខណៈស្រូវដែលកសិករកំពុងប្រមូលផលលក់បានត្រឹមតែ ៦៩០រៀលប៉ុណ្ណោះ ពោលគឺធ្លាក់ថ្លៃខ្លាំងជាងបណ្តាឆ្នាំមុនៗដែលធ្លាប់លក់បានខ្ទង់ ៨០០រៀលដល់១០០០រៀល។ នេះជាការរាយការណ៍របស់លោក ហ៊ីង សុផៃ មកកាន់វិទ្យុស្រ្តីដើម្បីផ្សព្វ ផ្សាយរកអន្តរាគមន៍។

លោក ហ៊ីង សុផៃ ជាកសិករដាំដុះស្រូវក្នុងភូមិប្រឡាយ សង្កាត់សៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប និងកសិករផ្សេងទៀត បានដាំដុះស្រូវពូជរបស់វៀតណាមប្រភេទ OM ៥៤៥១ ដោយហេតុថា ស្រូវនេះងាយស្រួលដាំ ធន់នឹងជំងឺ និងឆាប់បានទទួលផល។ មួយវិញទៀតលោកថា លោកធ្លាប់ដាំពូជស្រូវប្រឌិតពូជក្នុងស្រុកផងដែរ តែពុំមិនទទួលបានផលនោះទេ ព្រោះរងការខូចខាតដោយសារជំងឺខ្លាំង។

តាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននិងតាមរយៈការរាយការណ៍មកវិទ្យុស្រ្តីលោក និងកសិករក្នុងភូមិផ្សេងទៀត ចង់ឱ្យថ្នាក់ដឹកនាំ និងក្រសួងស្ថាប័នជួយអន្តរាគមន៍លើករណីនេះ ដើម្បីជួយរកម្ចាស់រោងម៉ាស៊ីនណាដែលអាចជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ។

លោក ហ៊ីង សុផៃ បញ្ជាក់ថា បើសិនគ្មានអ្នកមកជួយទិញស្រូវក្នុងតម្លៃលើសពី៦៩០រៀលនេះទេ នោះកសិករនឹងទទួលរងខាតបង់ប្រាក់ ខាតបង់ទាំងពេលវេលានិងកម្លាំងកាយចិត្តផងដែរ។

លោក ហ៊ីង សុផៃ៖«វាមិនសល់លុយទេបងអើយ ព្រោះចំណាយលើថ្លៃជី ថ្លៃថ្នាំ ថ្លៃភ្ជួរ ថ្លៃពូជទៀត ខាតតែកម្លាំងវាអត់បានចំណេញអី បងឯងគិតមើលបានតែ៦៩០រៀល។ យើងនៅចំណាយលើថ្លៃច្រូត ថ្លៃដឹកជញ្ជូនទៀត។ កាលពីឆ្នាំមុនៗវាធ្លាក់ដែរតែវានៅគួរសមនៅត្រឹម៨០០រៀលខ្លះដល់១០០០រៀល។សូមសំណូមពរដល់រដ្ឋាភិបាលជួយគិតគូរដល់កសិករផង មិនថា ដាំស្រូវដំណាំអ្វីនោះទេធ្វើយ៉ាងណារបស់កសិករខំដាំសូមឱ្យមានទីផ្សារបន្តិចមក»។

រូបភាពស្រូវរបស់កសិករដែលលក់បានត្រឹម៦៩០រៀល។រូបភាពពីហ្វេសប៊ុក លោក សុផៃ។

ទាក់ទងក្នុងរឿងនេះលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មសុំមិនធ្វើការអត្ថាធិប្បាយអ្វីវែងឆ្ងាយនោះទេ ដ្បិតក្រសួងធ្លាប់ផ្សព្វផ្សាយគោលការណ៍ណែនាំជាច្រើនឱ្យកសិករងាកមកដាំដុះស្រូវប្រឌិត ចងក្រងជាសហគមន៍កសិកម្ម ដើម្បីធានាបាននូវតម្លៃសមរម្យពេលលក់ចេញ។ លោកបញ្ជាក់ថា ក្នុងករណីដែលក្រសួងអន្តរាគមន៍ជួយទិញស្រូវឬជួយរករោងម៉ាស៊ីនទិញស្រូវ លុះត្រាតែជាប្រភេទស្រូវក្នុងស្រុកពូជរបស់ខ្មែរ។ លោកថាពូជស្រូវរបស់វៀតណាមនេះ ពិបាករកម្ចាស់រោងម៉ាស៊ីនទិញខ្លាំងណាស់។

សូមរំលឹកជូនថា កាលពីដើមឆ្នាំ២០២៥នេះ កសិករខ្មែរស្ទើរតែទូទាំងប្រទេសបានជួបបញ្ហាធ្លាក់ថ្លៃស្រូវជាទ្រង់ទ្រាយធំម្តងរួចមកហើយ ដោយកាលណ្ណោះកសិករខ្មែរនាំគ្នាសម្រុកដាំស្រូវប្រភេទ OM ពូជស្រូវរបស់វៀតណាម ខណៈទីផ្សារប្រទេសផលិតស្រូវប្រភេទនេះបានជួបបញ្ហាធ្លាក់ថ្លៃដូចគ្នា។ យ៉ាងណាជាដំណោះស្រាយលើបញ្ហាត្អូញត្អែររបស់កសិករ រដ្ឋាភិបាលកាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៥ ក៏បានសម្រេចទម្លាក់ថវិកាចំនួន ៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករ ក្នុងអំឡុងពេលស្រូវធ្លាក់ថ្លៃ។

ក្នុងអំឡុងពេលនោះដែរ គេក៏សង្កេតឃើញមានម្ចាស់ក្រុមហ៊ុន និងក្រុមឧញ៉ាមួយចំនួន បានចេញមុខជួយទិញស្រូវពីពលរដ្ឋក្នុងតម្លៃសមរម្យដើម្បីជាការរួមចំណែកជួយអន្តរាគមន៍ជាមួយរដ្ឋាភិបាល។ អ្នកសារព័ត៌មានវិទ្យុស្រ្តីកំពុងព្យាយាមទាក់ទងម្ចាស់ក្រុមហ៊ុនមួយចំនួនដែលធ្លាប់ជួយទិញពីកសិករដើម្បីដឹងពីព័ត៌មាននេះ៕

 

Share

ព័ត៌មានទាក់ទង