loader

អ្នកជំនាញបារម្ភពីវាសនាកម្មករ ស្របពេលទីផ្សារអន្តរជាតិព្រមានបិទកូតានាំចូល

ក្រុងភ្នំពេញ៖ វាយនភណ្ឌ គឺជាវិស័យមួយដ៏សំខាន់ដែលជួយទ្រទ្រង់វិស័យសេដ្ឋកិច្ចជាតិកម្ពុជា។ វិស័យវាយនភណ្ឌ នេះ បានផ្តល់ការងារដល់ពលរដ្ឋខ្មែរ ជិតមួយលាននាក់។ក្នុងមនុស្ស ជិតមួយលានាកនេះជា ប្រាក់ចំណូលដល់មនុស្ស ជាង២លាននាក់ផ្សេងទៀត។ វិស័យមួយនេះបាននាំឱ្យទំហំពាណិជ្ជកម្មជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិក រួមនឹងប្រទេសផ្សេងៗទៀតកើនឡើង ជិត៨ពាន់លានដុល្លារ។ តែចុងក្រោយនេះមានការព្រួយបារម្ភ ពីការធ្លាក់ចុះវិស័យនេះ បើស្ថានការណ៍នយោបាយ នៅបន្តឡើងកំដៅ។ 

អ្នកជំនាញក្នុងវិស័យនេះ បានដាក់ក្តីបារម្ភរបស់ខ្លួនថា កម្តៅនយោបាយនៅកម្ពុជាអាចជិះឥទ្ធិពលខ្លាំងទៅលើវិស័យវាយនភណ្ឌ ដែលកត្តានេះធ្វើឲ្យកម្មករកម្មការនីរាប់សែននាក់ប្រឈមមុខនឹងបាត់បង់ការងាររបស់ខ្លួន។

ស្តាប់សំឡេង លោក សេរីវឌ្ឍនៈ ៖ 

វិស័យវាយនភណ្ឌ គឺជាវិស័យដែលមានសក្តានុពលធំទូលាយ គឺជាកម្លាំងចលករដ៏ធំមួយក្នុងការជួយ សេដ្ឋកិច្ចកម្ពុជាឲ្យឡើងខ្លាំង នៅរយៈពេលប្រាំឆ្នាំ ចុងក្រោយនេះ។

យោងតាម ធនាគារអភិវឌ្ឍអាស៊ី (ADB) កំណើនសេដ្ឋកិច្ច កម្ពុជា បានកើនឡើងដល់ទៅ ៧ ភាគរយ ក្នុងឆ្នាំ​២០១៧ ហើយសន្ទុះដ៏ខ្លាំងនេះ ពឹងផ្អែក ទៅលើវិស័យ ៣ ធំៗ នោះ គឺវិស័យវាយនភណ្ឌ វិស័យទេសចរណ៍ និង វិស័យកសិកម្ម។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខ្មែរប្រមាណ ១ លាននាក់ គឺជាកម្មករកម្មការនី ដែលចូលខ្លួនមកបម្រើវិស័យវាយនភណ្ឌ បើគិតមកត្រឹមដើមឆ្នាំ ២០១៨ នេះ។ 

តែថ្មីៗនេះ កម្តៅនយោបាយនៅកម្ពុជាហាក់ដូចជា ឡើងកម្តៅខ្លាំង បន្ទាប់ពីរដ្ឋាភិបាល ប្តឹងទៅតុលាការកំពូល ឲ្យរំលាយគណបក្សសង្គ្រោះជាតិ និង បិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួននាំឱ្យ សហគមន៍អឺរ៉ុបនិងអាមេរិកបានព្រមានបិទពន្ធអនុគ្រោះ និង បិទកូតា នាំចូល ប្រសិនបើកម្ពុជាពុំស្តារលិទ្ធិប្រជាធិបតេយ្យឡើងវិញ។ នេះជាកត្តាមួយធ្វើឲ្យអ្នកជំនាញក្នុងវិស័យនេះ ដាក់ការព្រួយបារម្ភថា ប្រសិនបើកម្ពុជាបាត់បង់វិស័យវាយនភណ្ឌ នោះកម្ពុជាស្មើនឹងបាត់បង់ឱកាសការងារឲ្យប្រជាជនជាង ៣ លាននាក់។

លោក បណ្ឌិត មាសនី អ្នកវិភាគបញ្ហាសង្គម មានប្រសាសន៍ ថា វិស័យវាយនភណ្ឌនេះ ប្រសិនបើបាត់បង់ គឺជិះឥទ្ធិពលអវិជ្ជមានខ្លាំងមកលើកម្លាំងសេដ្ឋកិច្ចកម្ពុជា។

លោកបណ្ឌិតបង្ហាញថា កត្តា ២ យ៉ាង ដែលនឹងប្រឈមមុខ នោះគឺគ្រឹះសេដ្ឋកិច្ចជាតិ និង វាសនានៃកម្មករកម្មការនី។ កត្តា ២ យ៉ាងនេះ នឹងធ្វើឲ្យកម្ពុជា ជួបប្រទះនឹងវិបត្តិនៃឱកាសការងារ។ លោកបន្ថែមថា ប្រសិនបើបាត់បង់មែន នោះវាសនានៃកម្មករកម្មការនីប្រមាណជាង ១ លាននាក់ អាចប្រឈមមុខនឹងការធ្វើចំណាកស្រុក ហើយភាគីដែលចូលរួមពាក់ព័ន្ធដូចជាអ្នកលក់ដូរបម្រើសេវាកម្មដល់កម្មករកម្មការនីយ៉ាងតិច ៣ លាននាក់ក៏ប្រឈមមុខនឹងការបាត់បង់ការងារដូចគ្នាផងដែរ។

សំឡេង លោក បណ្ឌិត មាស នី៖ បើយើងមើលពីទិន្នន័យនិងស្ថានភាពសេដ្ឋកិច្ច និង នយោបាយកម្ពុជា គឺពឹងទៅលើវិស័យវាយនភណ្ឌនឹងធ្ងន់ធ្ងរជាងគេ ព្រោះអីយើងដឹងហើយថា វិស័យកាត់ដេរនេះ ហើយគឺគាំទ្រ ស្ទើតែ ៧០ ភាគរយលើ GDP ប្រជាជន ។អញ្ជឹងប្រសិនបើមានការបាត់បង់ណាមួយដែលពាក់ព័ន្ធនឹងការនាំចេញនៃវិស័យវាយនភណ្ឌហ្នឹង! គឺយើងត្រូវមានបញ្ហា ២ កម្រិត គឺគ្រឹះសេដ្ឋកិច្ចជាតិ និង វាសនាកម្មករកម្មការនី ថាតើពួកគាត់នឹងសម្រេចចិត្តយ៉ាងណា បើគ្មានការងារ ឬ ក៏ប្រមូលផ្តុំគ្នារកការងារធ្វើនៅក្នុងទីក្រុងភ្នំពេញឬយ៉ាងណា។បើយើងមើលអ្នកដែលចូលរួមភាគីពាក់ព័ន្ធ ដូចជាអ្នកជួលផ្ទះ អ្នកលក់នំនែក មុខរោងចក្រជាដើមពួកគាត់នឹងបាត់បង់ការងារធ្វើ ហើយសេវាកម្មទាំងអស់ហ្នឹងគឺដួលរលំផងដែរ។

យ៉ាងណាក៏ដោយ លោក បណ្ឌិត បានទទួច ឲ្យរដ្ឋាភិបាលគួរតែយក ឆន្ទៈ និង មនោសញ្ចេតនាដោយ ពុំគួររង់ចាំសម្ពាធអន្តរជាតិទេ ដោយទាញឲ្យភាគីអ្នកនយោបាយខ្មែរ បែមករកតុចរចាគ្នា។

លោកបណ្ឌិត បន្ថែមថា ទាំងរដ្ឋាភិបាលនិងភាគីបក្សប្រឆាំងគួរតែយករឿងជាតិជាធំ កុំយករឿងផ្ទាល់ខ្លួនជាបញ្ហា។
សំឡេង លោក បណ្ឌិត មាស នី៖ បាទអាហ្នឹង! ដូចខ្ញុំធ្លាប់បាននិយាយថា គឺគូរភាគីទាំងអស់ មិនគួររង់ចាំមើលតែសម្ពាធអន្តរជាតិ ដោយដាក់កម្ពុជាជា រឿងជាតិទាំងអស់គ្នា ហើយយើងត្រូវត្រៀមលក្ខណៈដោយបែរមករកតុចរចា ហើយបោះចោលនូវទំនាស់ផ្ទាល់ខ្លួនទាំងឡាយ ដែលវាជាទំនាស់ផ្ទាល់ខ្លួនរវាងអ្នកដឹកនាំនឹងអ្នកដឹកនាំ។

យ៉ាងណាក៏ដោយ អគ្គលេខាធិការ​នៃសមាគម​រោងចក្រកាត់ដេរ នៅកម្ពុជា ហៅកាត់ថា GMACលោក កេន លូ បានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្រ្តីថា កាលដែលមានការព្រមានពីសហគមន៍អន្តរជាតិ គឺជារឿងដែលយើងពុំអាចទស្សន៍ទាយទុកជាមុន  ហើយក៏គ្មានសិទ្ធិទៅហាមឃាត់ផងដែរ។ តែលោកបានបញ្ជាក់ថា រឿងនេះ រដ្ឋាភិបាលនឹងពុំឈរអោបដៃមើលកម្ពុជាដួលនោះទេ។

សំឡេង លោក កេន លូ៖ បើវិស័យធ្លាក់ចុះអាហ្នឹងយើងត្រូវមើលផង ព្រោះថាទីផ្សារគេបិទទ្វារ មានន័យថា អឺរ៉ុបលែងអោយនាំចូល ឬ ក៏ទីផ្សារអាមេរិកវាលែងនាំឲ្យនាំចូល យើងអត់អាចធ្វើអ្វីបានទេ ព្រោះវាជាសិទ្ធិរបស់ប្រទេសផ្សេង ប៉ុន្តែយើងមើលលើតម្រូវការក្នុងស្រុកម្តង បើតម្រូវការច្រើនអត់មានគ្រប់គ្រាន់អាហ្នឹងជាបញ្ហា! មានន័យថា អាខាងក្នុងយើងប្រកួតអត់ឈ្នះគេ ហើយ ខ្ញុំគិតថារដ្ឋាភិបាលចេះគិតគូរហើយ មិនមែនអត់រវល់ទេ។

កាលពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៨ មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ ​ហៅ​កាត់​ថា IMF បាន​បង្ហាញ​ក្ដី​បារម្ភ​ពី​ស្ថាន​ភាព​មិនប្រាកដ​ប្រជានៃ​នយោបាយ​កម្ពុជា​ និង​ហានិភ័យនៃ​ម៉ាក្រូហិរញ្ញវត្ថុ ដោយ​ថា អាច​ប៉ះពាល់​​ទំនុក​ចិត្ត​​អតិថិជន​ និង​អ្នក​វិនិយោគ។កត្តានេះ រដ្ឋាភិបាល​គួរធានា​ឲ្យ​មាន​​គោល​នយោបាយ​គ្រប់​គ្រង​ហានិភ័យ​ម៉ា​ក្រូ​សេដ្ឋកិច្ចឲ្យ​បាន​ល្អ ដោយការ​ពារនិរន្តភាព​​នៃសារពើ​ពន្ធ និង​ការ​ធ្វើ​កំណែ​ទម្រង់​ ដើម្បី​ជំរុញ​កំណើន​ភាព​រឹង​មាំ​ និង​ទំនុក​ចិត្ត​។

​គូសបញ្ជាក់ផងដែរថា ចាប់តាំងពីការព្រមានរបស់សហគមន៍អឺរ៉ុប ដោយបិទកូតានាំចូលសំលៀកបំពាក់កាត់ដេរ ថ្មីៗនេះ មាន៩ រោងចក្រហើយដែលបិទដោយថៅកែរត់ចោលដោយពុំមានមូលហេតុ ។ករណីនេះ សម្តេចហ៊ុន សែន បានបញ្ជាដោយផ្ទាល់មាត់ ឲ្យក្រសួងនិងភាគីពាក់ព័ន្ធ យកថវិកាបុរេប្រទាន ៤ លាន ៥៧ ម៉ឺន ដុល្លារអាមេរិក ទៅដោះស្រាយសំណងជូនកម្មករបម្រើការងារនៅរោងចក្រចំនួន ៩ មានកម្មករសរុប ៤ ១៤៦នាក់ ដែលថៅកែបិទទ្វារោងចក្រ​រត់ចោល៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ពង្រីករោងចក្រនៅកម្ពុជាដើម្បីគេចពីសង្គ្រាមពាណិជ្ជកម្ម

ក្រុងភ្នំពេញ៖ ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ Nien[...]

អ្នកជំនាញសេដ្ឋកិច្ច៖ គ្មានប្រទេសណាចំណេញច្រើនពីសង្រ្គាមពាណិជ្ជកម្មក្រៅពីវៀតណាមឡើយ

ក្រុងភ្នំពេញ៖ វៀតណាមបានក្លាយជាប្រធានបទយ៉ាងក្ត[...]

រយៈពេល ៦ ខែឆ្នាំ ២០១៩ កម្ពុជាប្រមូលពន្ធបានជាង ១៥០០ លានដុល្លារអាមេរិក ​

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត