en     km
en     km

ស្ថាប័នម្ហូបអាហារអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មក្នុងអង្ករកម្ពុជាលើសកម្រិតកំណត់

Share

ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មកម្ពុជា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានបញ្ចេញព័ត៌មានពីការរកឃើញរបស់ស្ថាប័នម្ហូបអាហាររបស់សហភាពអឺរ៉ុប(RASFF)ដោយបញ្ជាក់ថា អង្កររបស់កម្ពុជាដែលនាំចូលទីផ្សារអឺរ៉ុបមានផ្ទុកកម្រិតសំណល់ថ្នាំកសិកម្មលើសស្តង់ដាកំណត់។

គេហទំព័រប្រព័ន្ធជូនដំណឹងរហ័ស សម្រាប់ម្ហូបអាហារនិងចំណីសត្វរបស់សហភាពអឺរ៉ុប (Rapid Alert System for Food and Feed-RASFF)រកឃើញថា អង្ករកម្ពុជាមានផ្ទុកសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិជាធរមាន ដែលសហភាពអឺរ៉ុបកំណត់ត្រឹម ០,០១មីលីក្រាម/គីឡូក្រាម។

បញ្ហានេះ បើតាម​អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មកម្ពុជាបញ្ជាក់ថា កំពុងតែជះឥទ្ធិពលដល់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ខណៈកន្លងមកថ្មីៗនេះ អង្ករកម្ពុជាមួយចំនួនដែលមានបញ្ហានេះត្រូវបានដឹកត្រឡប់មកវិញ។

សេចក្តីជូនដំណឹងទទួលបានពីទំព័រហ្វេសប៊ុកក្រសួងកសិកម្ម។

ទាក់ទងរឿងនេះវិទ្យុស្រ្តីព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្មទាំងពីររូបតែអ្នកនាំពាក្យមិនទាន់ឆ្លើយតប។ ចំណែកក្រុមហ៊ុននាំអង្ករចេញក៏ពុំទាន់ទទួលទូរស័ព្ទផងដែរនៅថ្ងៃនេះ។

ទាក់ទងរឿងនេះ ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន យល់ថា កម្ពុជាល្មមដល់ពេលយកចិត្តទុកដាក់លើបញ្ហាប្រើប្រាស់ថ្នាំគីមីពុលក្នុងការបង្កបង្កើនផល ស្របពេលមានការណែនាំដាស់តឿនពីសហភាពអឺរ៉ុប។ លោកថា ឱកាសនេះកម្ពុជាគួរតែបង្កើនការផលិតជីថ្នាំស្របតាមស្តង់ដា ហើយរឹតបណ្តឹងការនាំចូលជីគីមីពីបរទេស ជំរុញយ៉ាងណា គិតគូរពីសុខភាពអ្នកបរិភោគជាចម្បង។

សូមស្តាប់ការលើកឡើងរបស់លោក ថេង សាវឿន ដូចតទៅ!

យ៉ាងណាឆ្លើយតបនឹងបញ្ហាខាងលើ អគ្គនាយកដ្ឋានកសិកម្មបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញការអនុវត្តវិធានការមួយចំនួន ដើម្បីកែប្រែស្ថានភាពស្របតាមចង់បានរបស់សហភាពអឺរ៉ុបដែលកំណត់ត្រឹម ០,០១ មីលីក្រាម/គីឡូក្រាមនេះ។

ក្នុងនោះក្រសួងជំរុញឱ្យ ការរៀបចំចងក្រង«សហគមន៍កសិកម្មទំនើប»ដំណាំស្រូវត្រូវផ្សារភ្ជាប់នឹងយន្តការលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុប បង្ការយ៉ាងណាមិនឱ្យមានសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់។ ជាងនេះ គឺត្រូវផ្តោតលើការប្រើប្រាស់ប្រភេទថ្នាំកសិកម្មដែលមានកម្រិតកំណត់ទាប ដើម្បីធានានិរន្តរភាពទីផ្សារអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប។

សម្រាប់ប្រជាកសិករ និងភាគីពាក់ព័ន្ធទាំងដែលកំពុងបង្កបង្កើនផលស្រូវ ក្រសួងអំពាវនាវ ឱ្យការប្រើប្រាស់ថ្នាំគីមីក្លាយជាជម្រើសចុងក្រោយ។ ករណីប្រើថ្នាំគីមីដោយជៀសពុំបាន ក្រសួងសូមឱ្យកសិករអនុវត្តតាមណែនាំបច្ចេកទេសដែលមានលើសម្បកវេចខ្ចប់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា។

សម្រាប់អ្នកនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបវិញ អគ្គនាយកដ្ឋានកសិកម្ម ដាស់តឿនគួរតែធ្វើតេស្តរកសារធាតុសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករមុនពេលនាំចេញ។ ការធ្វើបែបនេះ ដើម្បីបញ្ចៀសនូវបញ្ហាសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ និងធានាបាននូវនិរន្តរភាពទីផ្សារនាំចេញ។ សម្រាប់ព័ត៌មានពិស្តារទាក់ទងការប្រើប្រាស់ថ្នាំកសិកម្មត្រឹមត្រូវតាមការចង់បានរបស់ទីផ្សារអឺរ៉ុប អាចស្វែងរកបានតាមរយៈ ស្កាន QR code នៅខាងក្រោមសេចក្តីជូនដំណឹងនេះ ឬកសិករអាចសុំការណែនាំពីមន្រ្តីកសិកម្មក្នុងមូលដ្ឋាន៕

Share

ព័ត៌មានទាក់ទង