en     km
en     km

គ.ជ.ប អះអាងថាមានប្រតិភូសហភាពអឺរ៉ុបមកឃ្លាំមើលការបោះឆ្នោត តែមន្ត្រីទូត EU ថាមិនមានទេ  

Share

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអះអាងថា មានអ្នកសង្កេតការណ៍អន្តរជាតិមកពីប្រទេសជាច្រើននៅជុំវិញពិភពលោក មកកាន់កម្ពុជាដើម្បីសង្កេតការណ៍បោះឆ្នោត នៅថ្ងៃទី២៩កក្កដា ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ លោកហង្សពុទ្ធាអ្នកនាំពាក្យ របស់គ.ជ.ប បានផ្ដល់បទសម្ភាសខ្លីជាមួយវិទ្យុស្ត្រីថា នៅថ្ងៃសៅរ៍ទី២៨កក្កដា នៅពេលព្រឹកនឹងមានជំនួបមួយរវាង លោកស៊ិក ប៊ុន ហុក ប្រធាន គ.ជ.ប និង មន្ត្រីប្រតិភូ អន្តរជាតិ ក្នុងនាមជាអ្នកសង្កេតការណ៍ បោះឆ្នោត ក្នុងនោះមាន ទាំងប្រតិភូសហគមន៍អឺរ៉ុបផងដែរ។

សូមស្ដាប់ ប្រសាសន៍របស់លោកហង្សពុទ្ធា៖

បើតាម សេចក្ដជូនដំណឹង មួយរបស់ គ.ជ.ប ដែល វិទ្យុស្ត្រីបានមើ់លឃើញ បានបញ្ជាក់ន័យដើមថា៖ តបតាមការស្នើសុំរបស់ ឯកឧត្តមស៊ីកប៊ុនហុង ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងទទួលជួបគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ ជាន់ខ្ពស់ចំនួន៣២រូប មានជាអាទិ៍ ៖សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា មកពីសហគមន៍អឺរ៉ុប នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាថ្ងៃទី២៨កក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០ម៉ោង ។

ជំនួបនេះគឺដើម្បីស្វែងយល់អំពីការរៀបចំ និង ការប្រព្រឹត្តិទៅនៃការបោះឆ្នោត មុនពេលចូលរួមសង្កេតការណ៍បោះឆ្នោត នៅថ្ងៃទី ២៩ កក្កដា ខែឆ្នាំ ២០១៨។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និង អន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន។

នៅក្នុងសារអេម៉ែល ឆ្លើយតបនឹងសំណួររបស់ វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា លោក

ច្សច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុបប្រចាំនៅកម្ពុជា បាន បញ្ជាក់ថា ៖«សហភាពអឺរ៉ុប មិនបាន បញ្ជូន បេសកកម្មឃ្លាំមើលការបោះឆ្នោត សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩កក្កដានេះ ទេ។ បញ្ហានេះ មានឆ្លុះបញ្ជាំង នឹងសេចក្ដីសម្រេច របស់សហភាពអឺរ៉ុប ដូចដែល បញ្ជាក់ រូចហើយ នៃក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុបក្នុងសេចក្ដីសន្និដ្ឋានរបស់សហភាពអឺរ៉ុប ធ្វើឡើងកាលពីថ្ងៃទី២៦ កុម្ភៈរួចហើយ ដែលបញ្ជាក់ថា ដំណើរការបោះឆ្នោត ដែលគណបក្សប្រឆាំងធំចូលរួមត្រូវបានផាត់ចោលនោះ គឺមិនអាចស្របច្បាប់ឡើយ។

លិខិតរបស់ លោក ច្សច អេដហ្គាបាន បញ្ជាក់ទៀតថា៖«ខ្ញុំបាន ឃើញហើយ សេចក្ដីជូនដំណឹងរបស់ គ.ជ.ប។ តែខ្ញុំមិនបានដឹងថា តំណាង៣២ នៃក្រុមសង្កេតការណ៍អន្តរជាតិ មកតំណាង ក្រុមណាមួយទេ។ នេះគឺជា បញ្ហាមួយ ដែល បានយោង ដល់គ.ជ.ប។យ៉ាងណាក៏ដោយ​ខ្ញម អាចបញ្ជាក់ថា មិនមាន ក្រុមណាមួយតំណាងអោយ សហគមន៍ អឺរ៉ូប ឬសហភាពអឺរ៉ុប នោះទេ ។

តែបែបនេះ ក្ដី បើតាមសារព័ត៌មាន Fresh News  ដែលស្រង់សម្ដីអ្នកនាំពាក្យ គ.ជ.ប បាន បញ្ជាក់ថា  អ្នកសង្កេតការណ៍អន្តរជាតិ ដែលចូលរួមសង្កេតការណ៍បោះឆ្នោត នៅអាណត្តិទី០៦ គឺអាចមានរហូតដល់ជាង៥០០នាក់ឯណោះ មកពី៤២ប្រទេស ខណៈពេលនេះគ.ជ.ប បានទទួលស្គាល់ជាផ្លូវការចំនួន៣២២នាក់ និងកំពុងពិនិត្យមើលសំណើចំនួន២១៦នាក់៕

 

 

Share

Image
Image
Image