loader

EU ប្រាប់កម្ពុជាឱ្យពិចារណាជាថ្មីករណីរំលាយបក្សប្រឆាំង តែមន្រ្តីកម្ពុជាហាក់មិនចាប់អារម្មណ៍

ភ្នំពេញ៖ ខណៈសំណុំរឿងប្តឹងរំលាយបក្សប្រឆាំងបានទៅដល់ដៃតុលាការកំពូល សហភាពអឺរ៉ុបកាលពីមិ្សលមិញ (៩តុលា) បានចេញលិខិតសម្តែងក្តីបារម្ភចំពោះចំណាត់ការផ្សេងរបស់រដ្ឋាភិបាលដែលព្យា យាមរំលាយបក្សសង្គ្រោះជាតិ។ យ៉ាងណាមន្រ្តីការបរទេសកម្ពុជា ហាក់មិនចាប់អារម្មណ៍ច្រើន លើក្តីកង្វល់របស់សហគមន៍អឺរ៉ុបនេះទេ ដោយសំអាងថា ស្ថានភាពវិវត្តចុងក្រោយនេះ កម្ពុជាបានពន្យល់ដល់អង្គទូតច្បាស់លាស់ហើយ។

 

                                                                 លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស។

សហភាពអឺរ៉ុប ដែលជាម្ចាស់ជំនួយធំជាងគេរបស់កម្ពុជា និងជាប្រទេសនាំសម្លៀកបំពាក់ធំជាងគេពីកម្ពុជាផងដែរនោះ បានចេញនូវសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទម្សិលមិញ ដោយដាក់ក្តីព្រួយបារម្ភចំពោះចំណាត់ការរបស់រដ្ឋាភិបាលដែលកំពុងធ្វើដំណើរឈានទៅរំលាយគណបក្សប្រឆាំង។

សេចក្តីថ្លែងការណ៍សហគមន៍អឺរ៉ុបបន្ថែមថា៖«ការរំលាយគណបក្សប្រឆាំងមួយ ដែលទទួលបានសម្លេងឆ្នោតគាំទ្រពីពើរដ្ឋជាង ៤០% ក្នុងការបោះឆ្នោតឃុំ សង្កាត់ កន្លងមក គឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបយ្យនៅកម្ពុជា ហើយនាំឱ្យខូចដល់​ការ​ជឿទុកចិត្ត​បាន​នៃ​ដំណើរការ​បោះឆ្នោត​នា​ពេល​បច្ចុប្បន្ន​នេះ។ ក្នុងន័យនេះសហភាពអឺរ៉ុបស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិចារណាឡើងវិញ»។

ជាការឆ្លើយតបនៅថ្ងៃទី ១០ តុលានេះ អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីស្តីការក្រសួងថា កម្ពុជាមិនទាន់មិនអ្វីឆ្លើយតបថ្មីចំពោះក្តីព្រួយបារម្ភ និងការទទូចរបស់សហភាពអឺរ៉ុបនេះទេ ព្រោះកម្ពុជាធ្លាប់បានពន្យល់ទៅបណ្តាអង្គទូតទាំងអស់ ឱ្យបានយល់ពីការវិវត្តថ្មីៗនៃស្ថានភាពនយោបាយ និងផ្លូវច្បាប់រួចរួលហើយ។

លោក ជុំ សុន្ទរី៖«ចំពោះបញ្ហាហ្នឹង កន្លងមកឯកឧត្តមទេសរដ្ឋមន្រ្តីក្នុងជំនួបជាមួយបណ្តាអង្គទូតផ្សេងៗប្រចាំកម្ពុជាគឺបានជំរាបជូន និងបានមកស្រាយច្បាស់លាស់អំពីមូលហេតុនឹងការវិវត្តនៃសភាពការណ៍បច្ចុប្បន្ននៅកម្ពុជា ហើយក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ ជាច្រើនពីបញ្ហាហ្នឹង ដូច្នេះយើងនៅមិនទាន់មានអ្វីថ្មីទៀតទេ»។

សេណារីយោនៃដំណើរឆ្ពោះទៅការរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកឃ្លាំមើលនយោបាយមើលឃើញថា កាន់តែខិតជិតមកដល់មកដល់ហើយ ជាក់ស្តែងតុលាការកំពូលនៅនេះ បានឈានមួយជំហានទៀត ដោយបានចេញដីកាបង្គាប់ឱ្យមេធាវីគណបក្សសង្គ្រោះជាតិត្រៀមដាក់ឯកសារ ដើម្បីត្រៀមឆ្លើយតបទៅនឹងបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលសុំរំលាយគណបក្សសង្គ្រោះជាតិ។

យ៉ាងណាក៏ដោយគេដឹងថា គណបក្សហ៊្វិនស៊ិនប៉ិចនិងគណបក្សយុវជនកម្ពុជាដែលគណបក្សតូចៗទាំងពីរដែលគ្មានអាសនៈនៅរដ្ឋសភាក៏បានដាក់ពាក្យបណ្តឹងសុំរំលាយគណបក្សប្រឆាំងនេះ ក្រោមហេតុផលថា លោក កឹម​ សុខា បានប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេសដែលជាទោសក្បត់ជាតិ។

ពាក្យបណ្តឹងរបស់គណបក្សទាំងពីរនេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលបានចាប់លោក កឹម សុខា​ ប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី០៣ កញ្ញា ពីបទក្បត់ជាតិ ពាក់ព័ន្ធ​នឹង​វីដេអូ​មួយ​កាលពី​ឆ្នាំ ២០១៣ ​ដែល​ត្រូវ​បាន​ចែកចាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ ក្នុង​វីដេអូ​នេះ​លោក​ សុខា បាន​ថ្លែង​ក្នុង​វេទិកា​មួយ​នៅ​អូស្ត្រាលី​ថា ​លោក​ទទួល​បាន​ការ​ណែនាំ​ និង​ជំនួយ​ពី​អាមេរិក​សម្រាប់​អាជីព​នយោបាយ​របស់​លោក​។

នៅមុនប្រតិកម្មរបស់សហគមន៍អឺរ៉ុបនេះ អង្គការអន្តរជាតិធំមួយចំនួន ដូចជាអង្គការលើកលែងទោសអន្តរជាតិ អង្គការ Global witness អង្គការសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) និងសមាជិកសភាអាស៊ានដើម្បីសិទិ្ធមនុស្ស បានចេញសេចក្តីថ្លែងការណ៍ក្នុងន័យប្រហាក់ប្រហែលគ្នាថា    រដ្ឋាភិបាលកម្ពុជាកំពុងដើរប្រាសចាកពីគន្លងប្រជាធិបតេយ្យកាន់តែខ្លាំង បន្ទាប់មានការប៉ុនប៉ុងរំលាយគណបក្សប្រឆាំងមុនការបោះឆ្នោត។ អង្គការទាំងនោះ បានអំពាវនាវឱ្យទៅកាន់ប្រទេសម្ចាស់ជំនួយ ដៃគូរពាណិជ្ជកម្មរបស់កម្ពុជា ពិសេសគឺសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ត្រូវដាក់ទណ្ឌកម្មណាមួយ ដើម្បីឱ្យរដ្ឋាភិបាលធ្វើការពិចារណាឡើងវិញ ជៀសវាងដឹកនាំប្រទេសទៅរករបបផ្តាច់ការជាថ្មី។

វិស័យវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ជាវិស័យស្នូរមួយឈានមុខក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ កម្មករ-កម្មការិនីក្នុងវិស័យមួយនេះមានប្រមាណជិត​ ៨០ ម៉ឺននាក់។ ទាក់ទិននឹងវិស័យនេះ សហភាពអឺរ៉ុបជាទីផ្សារធំជាងគេដែលនាំសម្លៀកបំពាក់ពីកម្ពុជា ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ អ្នកវិភាគព្រមានថា ប្រសិនបើសហភាពអឺរ៉ុបពិតជាបិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជាមែន នោះកម្ពុជានឹងអាចធ្លាក់ចូលវិវត្តសេដ្ឋកិច្ចជាក់ជាពុំខាន។ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសកម្ពុជា ក៏ធ្លាប់សម្តែងក្តីព្រួយបារម្ភពីទំនាក់ទំនងការទូតកម្ពុជា-អាមេរិកផងដែរ ដោយលោកថា សហរដ្ឋអាមេរិក និងបបួលសហភាពអឺរ៉ុបបិទកូតានាំចូលសម្លៀកបំពាក់ពីកម្ពុជា ប្រសិនបើចំណងការទូតនៅតែល្អក់កករនោះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាអបអរសាទរចម្រើនព្រះជន្មព្រះ​មហាក្សត្រីនរោត្តម មុនីនាថ សីហនុយាងចូល​៨៤ព្រះវស្សា

សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ [...]

ប្រទះឃើញពងសត្វ«ក្រពើត្រី»ជាសត្វកម្រចំនួន ៤៨ នៅព្រែកស្រែអំបិល ខេត្តកោះកុង

កោះកុង៖ ក្រុមអភិរក្សសត្វព្រៃនៃរដ្ឋបាលជលផល និង[...]

លោក សម រង្ស៊ី សួរសម្ដេច ហ៊ុន សែន ថាហេតុអ្វីមិនប្ដឹងលោកទៅតុលាការបារាំង

លោក សម រង្ស៊ី នៅតែបន្តចោទសួរទៅនាយករដ្ឋមន្ត្រី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត