ភ្នំពេញ៖ យ៉ាងហោចណាស់អ្នកពាក់ព័ន្ធក្នុងកិច្ចការងារអភិរក្សបរិស្ថានប្រមាណ៤០០នាក់ កាលពីថ្ងៃទី១៣និងទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីបុណ្យបំបួសព្រៃឈើលើកទី៨ នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃបន្តទៀតពីសំណាក់ជនខិតខូច និងដើម្បីការពារមុខរបររបស់ប្រជាសហគមន៍ដែលអាស្រ័យអនុផលព្រៃឈើនៅទីនោះ។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
នាឱកាសទិវានៃក្តីស្រលាញ់ឆ្នាំ២០២៥នេះ ក្រុមយុវជនបរិស្ថាន អង្គការសង្គមស៊ីវិលផ្នែកបរិស្ថាន ដោយមានការចូលរួមពីប្រជាសហគមន៍ ព្រះសង្ឃ និងមន្រ្តីឧទ្យាននុរក្សសរុបប្រមាណ ៤០០នាក់ បានរៀបចំពិធីបុណ្យបំបួសព្រៃឈើលើកទី ៨ ស្ថិតនៅក្នុងភូមិ ទឹកខ្មៅចាស់ នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារ។ ពិធីតាមបែបជំនឿសាសនានេះ ដូចសព្វមួយដងគឺដើម្បីរំឭកគុណដល់អ្នកដែលបានបូជាជីវិតនៅក្នុងកិច្ចការពារបរិស្ថាន ព្រមទាំងបណ្តុះស្មារតីឲ្យមានកិច្ចសហការគ្នាក្នុងការថែរក្សាព្រៃឈើឲ្យបានគង់វង្ស។
សកម្មភាពបំបួសដើមឈើនៅព្រៃព្រះរកា ខេត្តព្រះវិហារ។រូបភាពពីហ្វេសប៊ុកអង្គការ ភ ប អ។
លោក ម៉ន សុផែន ប្រជាសហគមន៍មកពីស្រុកឆែតខេត្តព្រះវិហារបានឱ្យដឹងថា ការណ៍ដែលលោកស្ម័គ្រចិត្តចូលរួមពិធីបំបួសព្រៃឈើនេះ ព្រោះដើមឈើជ័រច្បោះមួយចំនួនក្នុងព្រៃនេះ ក៏មានដើមឈើរបស់លោកផងដែរ ដែលលោកប្រមូលផលដងជ័ររាល់ថ្ងៃ។លោកថា លោកនិងប្រជាសហគមន៍ផ្សេងទៀតអាចរកថវិកាពីការដងជ័រច្បោះនេះបានប្រមាណពី ៣ ម៉ឺនរៀលដល់ ៨ ម៉ឺនរៀលក៏មានក្នុងមួយថ្ងៃ។ បន្ថែមពីនេះប្រជាសហគមន៍ខ្លះអាចរកអនុផលព្រៃឈើផ្សេងៗតួយ៉ាងមានជាការរកឃ្មុំព្រៃ បន្លែព្រៃ រកវល្ល័ ផ្សិត និងត្រីជាដើម។
សម្រាប់ប្រជាសហគមន៍រូបនេះចាត់ទុកព្រៃគឺជាជីវិត និងជាឆ្នាំងបាយ ដែលត្រូវសហការចូលរួមគ្នាថែរក្សា ខណៈលោកថា ក្នុងដែនជម្រកសត្វព្រៃនេះ នៅតែមានសកម្មភាពលួចកាប់ឈើខុសច្បាប់ជាហូរហែរ។
លោក ម៉ន សុផែន៖«សម្រាប់អ្នកមានដើមច្បោះ ប្រៀបដូចគាត់មានទូរ ATM ឱ្យគាត់ទៅបើកលុយឱ្យយើងរាល់ថ្ងៃចឹងឯង។ពេលយើងអត់លុយយើងចូលទៅដងជ័រយើងបាន១០ទៅ២០ម៉ឺនអីទៅ។បើដូចច្បោះខ្ញុំវិញខ្លាំងជាប្រាក់ខែមន្រ្តីរាជការទៀតណ្ណោះ ដោយខ្ញុំមានជាង៤ពាន់ដើមជាង ខ្ញុំដងមួយខែពេញមួយខែវិលជុំហើយរកបាន៥ម៉ឺនទៅ៨ម៉ឺន។ដោយយើងមើលឃើញពីផលប្រយោជន៍ហ្នឹងហើយបានជាយើងគិតថាចូលរួមជួយថែរក្សា បើមិនរួមចំណែកការពារទេវានឹងបាត់បង់ បើបាត់បង់វាដូចបាត់ឆ្នាំងបាយចឹង »។
ប្រជាសហគមន៍ និងមន្រ្តីបរិស្ថានចូលរួមពិធីបំបួសដើមឈើទាំងអស់គ្នា។រូបភាពពីហ្វេសប៊ុកអង្គការ ភ ប អ។
ដោយឡែកកញ្ញា ងួន យ៉ែមវតី នាយិកាប្រតិបត្តិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាននិងការអភិវឌ្ឍ (ភ ប អ)ដែលបានចូលរួមកម្មវិធីនេះសម្តែងក្តីរីករាយដែលដំណើរការពិធីមានការចូលរួមសហការជួយសម្រួលពីមន្រ្តីមានសមត្ថកិច្ចផ្នែកបរិស្ថាន ដែលនេះជាសកម្មភាពសហការគ្នាល្អរវាងមន្រ្តីអាជ្ញាធរនិងអ្នកធ្វើការងារផ្នែកបរិស្ថាន។ដោយឡែកក្នុងអំឡុងដំណើរចូលព្រៃព្រះរកានេះ កញ្ញានៅតែប្រទះឃើញមានដើមឈើមួយចំនួនត្រូងការកាប់បំផ្លាញនិងព្រៃផ្នែកខ្លះត្រូវភ្លើងឆេះផងដែរ។ ទោះបីជាបែបនេះក្តី កញ្ញាយល់ថា ការចូលរួមពីអ្នកពាក់ព័ន្ធរៀបចំពិធីបែបនេះឡើង នឹងអាចជាសារដាស់តឿនដល់ជនខិលខូចមួយចំនួនលែងហ៊ានប្រព្រឹត្តិបទល្មើសបន្តទៀត ហើយក៏ជាផ្នែកមួយជួយសហការជាមួយសមត្ថកិច្ចក្នុងបុព្វហេតុការពារធនធានជាតិទាំងគ្នា។
កញ្ញា ងួន យ៉ែមវតី៖«ហើយយើងទៅចូលរួមទៅបំបួសនេះក៏ក្នុងន័យអភិរក្សដែល គ្រាន់តែន័យតាមបែបសាសនា។ចឹងយើងសង្ឃឹមថា អាជ្ញាធរតាមរយៈមន្រ្តីឧទ្យានុរក្សក្នុងអាណត្តិថ្មីនេះ នឹងយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារធនធានធម្មជាតិ ហើយពួកគាតើនឹងបើកទូលាយសហការជាមួយពលរដ្ឋសហគមន៍ក្នុងការចុះល្បាតរួមគ្នា»។
កញ្ញា ងួន យ៉ែមវតី ចូលរួមធ្វើបទបង្ហាញនាពេលកន្លងទៅ។រូបភាពពីប្រធានអង្គការ ភ ប អ។
ជុំវិញរឿងនេះដែរលោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារដែលទើបចូលកាន់ដំណែងថ្មីលើកឡើងថា ការការពារបរិស្ថាននិងធនធានធម្មជាតិនេះ ពុំមែនជារឿងរបស់មន្រ្តីបរិស្ថានតែឯងនោះទេ ពោលកិច្ចការពារបរិស្ថានត្រូវមានការចូលពីភាគីពាក់ព័ន្ធដើម្បីសម្រេចគោលដៅរួមទាំងអស់គ្នា។តែយ៉ាងណាលោកប្រធានមន្ទីរខេត្តព្រះវិហាររំពឹងថា សកម្មភាពណាមួយក្នុងកិច្ចការងារនេះគប្បីត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ នោះមន្រ្តីមូលដ្ឋាននិងសមត្ថកិច្ចបរិស្ថាននឹងបើកទូលាយសហការជានិច្ច។
លោក មឿន សុភេទ៖«បើសិនជាសកម្មភាពទាំងឡាយណាស្របនឹងច្បាប់យើងគាំទ្រជានិច្ច យើងអត់បដិសេធទេហើយយើងក៏ត្រូវការកម្លាំងចូលរួមផ្សេងៗដែលដើម្បីការពារបរិស្ថានរបស់យើង ការងារបរិស្ថាននេះមិនមែនជាការងារដាច់ដោយឡែកទេ គឺជាការងារួមទាំងអស់គ្នា យើងត្រូវការកម្លាំងគ្រប់ជ្រុងជ្រោយដើម្បីបរិស្ថាន»។
សកម្មភាពបំបួសដើមឈើនៅព្រៃព្រះរកា ខេត្តព្រះវិហារ។រូបភាពពីហ្វេសប៊ុកអង្គការ ភ ប អ។
សូមរំលឹកជូនថា ពិធីបុណ្យបំបួសព្រៃឈើលើកទី៨ នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកាមានមនុស្សចូលរួមប្រមាណ៤០០អង្គនាក់ ក្នុងនោះមានការចូលរួមពីប្រជាសហគមន៍ចំនួន ៥ស្រុក រួមមាន ស្រុករវាង ស្រុកត្បែងមានជ័យ ស្រុកឆែប ស្រុកជាំក្សាន្ត និងស្រុកជ័យសែន។ បន្ថែមពីនេះក៏មានផងដែរ ព្រះសង្ឃអង្គ មន្រ្តីឧទ្យាននុរក្ស អង្គការសង្គមស៊ីវិល ដោយបានប្រើប្រាស់គោយន្តចំនួន ៥៤គ្រឿង និងម៉ូតូ ២៤គ្រឿងជិះប្រារព្ធកម្មវិធីនេះ។ សម្រាប់ប្រជាសហគមន៍ចាត់ទុកព្រៃព្រះរកានេះ គឺជាដែនជម្រកសត្វចុងក្រោយបង្អស់ដែលត្រូវមានកិច្ចសហការគ្នាឱ្យបានល្អរវាងអាជ្ញាធរមន្រ្តីបរិស្ថាននិងប្រជាសហគមន៍ថែរក្សាឱ្យបានគង់វង្សទុកសម្រាប់កូនចៅជំនាន់ក្រោយ៕