en     km
en     km

យុវជនបរិស្ថានប្រទះឃើញបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារ ៥៤ករណី

Share

ភ្នំពេញ៖ សកម្មជននិងយុវជនបរិស្ថានបានប្រទះឃើញករណីកាប់បំផ្លាញព្រៃឈើចំនួន ៥៤ករណី ស្ថិតក្នុងភូមិសាស្រ្តព្រៃឡង់ ខេត្តព្រះវិហារ ខណៈក្រុមយុវជនចុះពិនិត្យតាមដានស្ថានភាពព្រៃ ក្រោយរដ្ឋាភិបាលបានដកដំណែងមន្រ្តីបរិស្ថានខេត្តមួយចំនួនដែលកន្លងមកមិនបានអភិរក្សព្រៃឡង់ឱ្យបានល្អ។ យ៉ាងណាសម្រាប់ការរកឃើញនូវបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ជាថ្មីនៅដើមឆ្នាំ២០២៥នេះ ក្រុមយុវជនបរិស្ថានចាត់ទុកថា ជាការខ្វះសមត្ថភាពរបស់មន្រ្តីបរិស្ថានថ្មីដែលនៅតែបណ្តែតបណ្តាយឱ្យកើតបញ្ហានេះកើតឡើងដដែលជាដដែល ហើយយុវជនស្នើដល់ប្រមុខរដ្ឋាភិបាលគប្បីដាក់ទណ្ឌ ឬពិន័យឱ្យធ្ងន់ធ្ងរលើមន្រ្តីអសកម្មដើម្បីជាសារដាស់តឿនដល់អ្នកកាន់ដំណែងក្រោយៗ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

ក្នុងដំណើរចុះពិនិត្យតាមដានបទល្មើសព្រៃឈើ និងធនធានធម្មជាតិ របស់ក្រុមយុវជនបរិស្ថានដឹកនាំដោយសកម្មជនបរិស្ថានលោក ម៉ា ចិត្រា រយៈតែមួយថ្ងៃមួយយប់ប៉ុណ្ណោះ យុវជនបានប្រទះឃើញគល់ដើមត្រាច និងដើមពពេលទំហំមុខកាត់ចាប់ពី៤០សង់ទីម៉ែត្រ ដល់៩០សង់ទីម៉ែត្រ ត្រូវជនល្មើសកាប់បំផ្លាញនៅចំណុចតំបន់ជាំក្ដាមក្រហម ភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ខាងជើងភ្នំចំបក់ក្អែក។

សកម្មភាពចុះពិនិត្យព្រៃឡង់របស់ក្រុមយុវជនបរិស្ថាន។រូបភាពពីហ្វេសប៊ុក ម៉ា ចិត្រា។

ក្រៅពីករណីបទល្មើសកាប់ព្រៃឈើនេះ យុវជនបរិស្ថានក៏បានលឺស្នូរផ្ទុះសំឡេងគ្រាប់កាំភ្លើងបរបាញ់សត្វព្រៃនៅពេលយប់ផងដែរ។ សម្រាប់លោក ម៉ា ចិត្រា​ សកម្មជនបរិស្ថាននិងសិទ្ធិមនុស្សចាត់ទុកបទល្មើសធនធានធម្មជាតិដែលកើតឡើងជាថ្មីនេះ គឺជាកង្វះសមត្ថភាពរបស់មន្រ្តីបរិស្ថានថ្មីដែលនៅតែបណ្តែតបណ្តាយឱ្យកើតមានបញ្ហាកើតមានដដែលជាដដែល និងអាចមកពីមានការឃុបឃិតប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់បក្ខពួកមន្រ្តីទាំងនោះ។

លោក ម៉ា ចិត្រា ស្នើដល់ប្រមុខរដ្ឋាភិបាលត្រូវចាត់វិធានការបោសសម្អាតមន្រ្តីខិលខូចជំនួសមកវិញនូវមន្រ្តីស្អាតស្អំ មានឆន្ទៈក្នុងកិច្ចការពារបរិស្ថាន និងបើកទូលាយឱ្យសកម្មជនបរិស្ថាន យុវជនការពារព្រៃឈើ និងប្រជាសហគមន៍អាចចូលរួមក្នុងកិច្ចការការពារធនធានធម្មជាតិងាយស្រួល។ លោកថា កន្លងមកនេះអាជ្ញាធរមួយចំនួនមិនបានសហការជាមួយប្រជាសហគមន៍ ឬយុវជនបរិស្ថាននោះទេ ថែមទាំងព្យាយាមរារាំងពួកគេមិនឱ្យចុះល្បាតព្រៃទៀតផង ទើបជាហេតុធ្វើឱ្យបទល្មើសព្រៃឈើតែងកើតមានជាហូរហែរ។

លោក ម៉ា ចិត្រា៖«ការយល់ឃើញរបស់ខ្ញុំ ដើម្បីអាចការពារធនធានធម្មជាតិបានល្អប្រសើរ កាត់បន្ថយការកាប់បំផ្លាញ ទី១ គឺឆន្ទៈរបស់ថ្នាក់ដឹកនាំគឺនាយករដ្ឋមន្រ្តី តតែគាត់[នាយករដ្ឋមន្រ្តី]មានឆន្ទៈ ទើបអាចបញ្ជាកូនចៅធ្វើការដោយមានឆន្ទៈ។ បើកូនចៅគាត់ធ្វើខុស កូនចៅគាត់អត់អាចការពារព្រៃឈើបានហើយគាត់ចេះតែអនុគ្រោះ ចេះតែយោគយល់ចង់មិនចង់ព្រៃហ្នឹងវាហិន ហោចហើយ គ្មានសល់ទេ។ ពេលកូនចៅគាត់ធ្វើមិនបានល្អ គាត់មានសិទ្ធិហៅទៅសាកសួរ និងបណ្តេញចេញអាហ្នឹងបានអាចការពារបាន ហើយបើយើងបណ្តែតបណ្តោយឱ្យតែចឹង ខ្ញុំគិតថាវាអាចនាំឱ្យមានការប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធដែលអាចបណ្តាយឱ្យមានករណីកាប់បំផ្លាញកើតឡើង។ហើយមួយទៀត ត្រូវតែមានការបើកឱ្យចូលរួមពីប្រជាពលរដ្ឋ សាធារណជន អង្គការសង្គមស៊ីវិល ជាពិសេសគឺប្រជាសហគមន៍មូលដ្ឋានហ្នឹងឯង ហើយមិនចាំបាច់បង្កភាពស្មុគស្មាញ រកលិខិតស្នាមមកពីសហគ មន៍ណាៗអីចឹងណា»។

លោក ម៉ា ចិត្រា បានដឹកនាំក្រុមការងារចុះពិនិត្យព្រៃឡង់នៅដើមឆ្នាំ២០២៥នេះនិងគ្រោងទៅតំបន់ផ្សេងៗទៀត។រូបភាពពីហ្វេសប៊ុក ម៉ា ចិត្រា។

លោក ម៉ា ចិត្រា សង្កេតឃើញទៀតថា កន្លងមកនេះលោកដឹងថាមានការដកប្រធានមន្ទីរបរិស្ថានជាច្រើននាក់ដោយជំនួសមកវិញនូវមន្រ្តីថ្មី តែសម្រាប់បទល្មើសព្រៃឈើវិញនៅតែកើតមានដដែរ។ ចំពោះសកម្មជនបរិស្ថានរូបនេះ ចង់ឱ្យនាយករដ្ឋមន្រ្តីនៅមុនពេលតែងតាំងមន្រ្តីថ្មី គឺត្រូវដាក់ពិន័យឬទោសទណ្ឌមន្រ្តីដែលបានប្រព្រឹត្តិកំហុស ធ្វើដូច្នេះបាន នោះមន្រ្តីដែលមកកាន់ដំណែងថ្មីអាចខ្លបខ្លាចលែងហ៊ានប្រព្រឹត្តិអំពើពុករលួយក្នុងដែនអំណាចដែលខ្លួនកាន់កាប់។

ឈើដែលជនខិលខូចបានអារជាបន្ទះៗបំរុងដឹកចេញពីព្រៃ។រូបភាពពីហ្វេសប៊ុក ម៉ា ចិត្រា។

ជុំវិញករណីបទល្មើសកាប់ព្រៃឈើខាងនេះលោក មាស ញឹម មន្រ្តីមន្ទីរបរិស្ថានខេត្តព្រះវិហារនិយាយថា លោកនឹងចាត់ក្រុមការងារចុះទៅពិនិត្យទីតាំងជាក់ស្តែងដែលយុវជនបានរាយការណ៍។ជាងនេះលោកសូមថ្លែងអំណរគុណសម្រាប់កិច្ចសហការរបស់ប្រជាពលរដ្ឋពិសេសយុវជនដែលបានយកចិត្តទុកលើការងារថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ដែលនេះជាផ្នែកមួយរួមចំណែកបន្ថែមលើការងារអភិរក្សព្រៃកាន់តែមានប្រសិទ្ធភាព។

លោក មាស ញឹម៖«បាទអរគុណដែលបានផ្តល់នេះ ខ្ញុំទើបមកពីព្រៃដែលឥឡូវចូលប្រជុំ ខ្ញុំអត់ទាន់ទទួលបានព័ត៌មាននេះទេ តែខ្ញុំសូមស្វាគមន៍ការជូនដំណឹងនេះ»។

សម្រាប់ដំណើរចុះពិនិត្យក្នុងភូមិសាស្រ្តព្រៃឡង់របស់យុវជនបរិស្ថាននេះ លោក ម៉ា ចិត្រា បញ្ជាក់ថា នេះគ្រាន់តែជាការចុះពិនិត្យនៅត្រឹមជ្រាយៗតំបន់ព្រៃឡង់តែប៉ុណ្ណោះ ដោយក្រុមលោកពុំទាន់បានចូលទៅក្នុងតំបន់ព្រៃជ្រៅៗនៅឡើយទេ។ តែបើតាមបទពិសោធន៍ដែលលោកនិងក្រុមការងារធ្លាប់ចុះល្បាតព្រៃឡង់នេះកាលពីពេលមុនៗ គឺប្រសិនណាព្រៃឈើនៅតំបន់រាក់ៗត្រូវបានកាប់បំផ្លាញទៅហើយនោះ នោះក្នុងតំបន់ព្រៃឈើជ្រៅៗក៏ច្បាស់ជាមានករណីការបំផ្លាញនេះដូចគ្នា។

ឈើដែលត្រូវបានអារក្នុងព្រៃឡង់។រូបភាពពីហ្វេសប៊ុក ម៉ា ចិត្រា។

ផ្អែកតាមរបាយការណ៍ចេញ​ផ្សាយ​ជា​សាធារណៈកាលពីដើមឆ្នាំ២០២៤ របស់បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​រក​ឃើញ​ថា​ គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ប្រមាណ​ជាង​ ១០ ​ម៉ឺន​ហិកតា ​បាន​បាត់​បង់​កាល​ពី​ឆ្នាំ ​២០២២​ នៅ​ក្នុង​តំបន់​អភិរក្ស​ចំនួន​បី​ដែល​ជា​ព្រៃ​ឈើ​សំខាន់​របស់​ប្រទេស​កម្ពុជា។ក្នុងនោះ​ រួមមាន​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់​ក្នុង​ខេត្ត​មួយ​ចំនួន​ ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ក្នុង​ខេត្ត​ព្រះវិហារ ​និង​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃរុក្ខវ័ន ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ។

គួរ​បញ្ជាក់​ថា ​ចាប់ពី​ឆ្នាំ​ ២០០១​ ដល់​ឆ្នាំ​ ២០២២​ ពោល​គឺ​រយៈ​ពេល​ ២០ ​ឆ្នាំ ​កម្ពុជា​បាត់បង់​គម្រប​ព្រៃ​ឈើ​សរុប​ប្រមាណ​ ២​លាន ​៧​សែន​ហិកតា ​ឬ​ស្មើ​នឹង​ ៣១%​ នៃ​គម្រប​ព្រៃឈើ​សរុប​ក្នុង​ប្រទេស។​ នេះ​បើ​តាម​របាយ​ការណ៍​របស់បណ្តាញ​សហគមន៍​ព្រៃ​ឡង់ដដែរ៕​

Share

ព័ត៌មានទាក់ទង