en     km
en     km

អ្នកនាំពាក្យបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាមិនទាន់ដល់កម្រិតប្រកាសអាសន្នទេ

Share

លោក​ ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ថា បច្ចុប្បន្នកំហាប់ភាគល្អិតនៃការបំពុលខ្យល់​នៅកម្ពុជា​បានកើនឡើងដល់កម្រិតជាង ៣០មីក្រូក្រាមក្នុងមួយម៉ែត្រគីប ក៏ប៉ុន្តែកម្រិតគុណភាពខ្យល់​នេះមិនទាន់អាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈនោះទេ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

លោកថ្លែងបែបនេះ បន្ទាប់ពីមានសាធារណជនមួយចំនួន បង្ហោះព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុកពីបញ្ហាគុណភាពខ្យល់នៅកម្ពុជាហាក់មានសញ្ញាគួរឱ្យព្រួយបារម្ភ។ ចំពោះមុខក្តីបារម្ភរបស់អ្នកប្រើប្រាស់បណ្តាញសង្គមនេះ អ្នកនាំពាក្យបំភ្លឺថា កំហាប់ភាគល្អិតនៃការបំពុលខ្យល់​នៅកម្ពុជាមិនទាន់ឈានដល់កម្រិតបន្ទាត់ក្រហមដែលត្រូវប្រកាសអាសន្ននៅឡើយទេ។

លោក​ ខ្វៃ អាទិត្យា៖«ជាមធ្យមនៅក្នុងថ្ងៃទី២២ ខែមករា​ ឆ្នាំ២០២៥​ គឺយើងរកឃើញកំហាប់គុណភាពខ្យល់ហ្នឹងមានការកើនឡើង​ខុសពីធម្មតា[ឡើង]រហូតដល់ ៣៥.៧មីក្រូក្រាមក្នុងមួយម៉ែត្រគីប ប៉ុន្តែគុណភាពខ្យល់នេះកើនឡើងតែអត់ដល់កម្រិតស្តង់ដាមួយដែលយើងហៅថាបន្ទាត់ក្រហមដែលការកំណត់ស្តង់ដាសាធារណៈរបស់យើងគឺ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគីប។»។

លោក​ ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន

 

ជុំវិញបញ្ហាគុណភាពខ្យល់នេះ អ្នកនាំពាក្យខាងលើប្រាប់ថា បរិយាកាសបែបនេះ គឺជាកម្រិតកំហាប់ភាគល្អិតនៃការបំពុលខ្យល់ខ្ពស់មួយដែលកើតឡើងនារដូវប្រាំងឆ្នាំនេះ។ បើធៀបនឹងឆ្នាំកន្លងទៅ លោកថា កំហាប់ភាគល្អិតនៃការបំពុលខ្យល់នៅកម្ពុជា មានក្នុងកម្រិតពី ១០-២០មីក្រូក្រាមក្នុងមួយម៉ែត្រគីបប៉ុណ្ណោះ។ ក្នុងនោះ លោកបញ្ជាក់យ៉ាងច្បាស់ថា គុណភាពខ្យល់នៅកម្ពុជា មិនដូចគុណខ្យល់នៅតាមបណ្តាប្រទេសជិតខាងនោះទេ។ ចំពោះអ្នកលេងបណ្តាញសង្គមដែលប្រើប្រាស់តួលេខវាស់គុណខ្យល់ដែលបង្កើតឡើងដោយបរទេស វាស់គុណភាពខ្យល់នៅកម្ពុជា លោក ខ្វៃ អាទិត្យា ពន្យល់ថា អេបរបស់បរទេសនោះ ខុសគ្នាពីអេបរបស់កម្ពុជា ដ្បិតបរទេសគិតពីស្តង់ដាគុណខ្យល់របស់ពួកគេខណៈស្តង់ដាគុណភាពខ្យល់នៅកម្ពុជាខុសគ្នាពីបរទេស។

លោក​ ខ្វៃ អាទិត្យា៖«បរិស្ថានគឺជាជីវិត អ៊‌ីចឹងបើសិនជាបរិស្ថានប៉ះពាល់ហើយ​ គឺជីវិតមនុស្សក៏ប៉ះពាល់។ អ៊‌ីចឹងយើងមិនមានចេតនាណាមួយដែលលាក់បាំងព័ត៌មានទេ ព័ត៌មានគឺឃើញនៅក្នុងវេបសាយ ហើយនៅលើអេបរបស់យើងថែមទៀត។ អ៊‌ីចឹង​ដូចខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតថា អេបរបស់បរទេសគាត់យកស្តង់ដារបស់បរទេស។ អ៊‌ីចឹងនៅក្នុងស្រុកខ្មែររបស់យើង យើងស្តង់ដាយើង(កម្ពុជា) ហើយស្របទៅនឹងអង្គការសុខភាពពិភពលោក។ ហើយមួយទៀត គឺយើងមានឧបករណ៍វាស់ផ្ទាល់នៅទីតាំងនោះតែម្តង។​​»។

រូបភាពនៅតាមបណ្តោញផ្លូវគួបផ្សំនឹងបរិយាកាសនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥

 

បើតាមលោក ខ្វៃ អាទិត្យា ក្នុងរយៈពេល២១ថ្ងៃមកនេះ គុណភាពខ្យល់ក្នុងបរិយាកាសនៅកម្ពុជា​​ គឺនៅតែល្អដោយ​ប្រែប្រួលក្នុងចន្លោះពី ៧ដល់៣៦,១៦មីក្រូក្រាមក្នុងមួយម៉ែត្រគីប​អាស្រ័យទៅតាមរាជធានី-ខេត្តនីមួយៗ។ ក្នុងនោះ នៅភ្នំពេញមានកំហាប់ភាគល្អិតនៃការបំពុលខ្យល់ (PM2.5) ក្នុងកម្រិត ១៤,៥៣មីក្រូក្រោមក្នុងមួយម៉ែត្រគីប ខណៈខេត្តពោធិ៍សាត់មានក្នុងកម្រិត ៣៦,១៦មីក្រូក្រាមក្នុងមួយម៉ែត្រគីប។ ចំណែកខេត្តមណ្ឌលគិរីមានក្នុងកម្រិតត្រឹម ៧,៩៨មីក្រូក្រាមក្នុងមួយម៉ែត្រគីប។

ទិន្នន័យគុណភាពខ្យល់នៅកម្ពុជាចាប់ពីថ្ងៃទី១-២១ ខែមករា ឆ្នាំ២០២៥។ រូបភាព៖ អ្នកនាំពាក្យក្រសួងបរិស្ថាន

 

ចំពោះគុណភាពខ្យល់នេះ ត្រូវបានក្រសួងបរិស្ថានតាមដានជាប្រចាំ ដោយ លោក ខ្វៃ អាទិត្យា រៀបរាប់ថា ក្រសួងបានបំពាក់ឧបករណ៍តាមដាន​គុណភាពខ្យល់ប្រមាណ ៦០គ្រឿងនៅទូទាំងប្រទេស។ ក្នុងនោះ នៅរាជធានីភ្នំពេញមានរហូត៧គ្រឿង។ យ៉ាងណា ក្រសួងបរិស្ថានកំពុងពិនិត្យតាមដានជាបន្តបន្ទាប់ចំពោះគុណភាពខ្យល់ ហើយប្រសិនជាគុណភាពខ្យល់ពុលមានការប្រែប្រួលជាអវិជ្ជមាន នោះក្រសួងនឹងចាត់វិធានការជូនដំណឹងទៅកាន់ប្រជាពលរដ្ឋជាបន្ទាន់។

ទាក់ទងបញ្ហាខ្យល់ពុលនេះដែរ ក្រសួងសុខាភិបាលថៃ បានប្រកាសអំពីស្ថានភាពគុណភាពខ្យល់បានធ្លាក់ចុះ ដែលក្នុងនោះកំហាប់ភាគល្អិតនិចល PM 2.5 មានការកើនឡើងលើសពីការកំណត់ស្តង់ដាដែលអាចបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ខណៈសាលារៀននៅទីក្រុងបាងកកប្រមាណ ១០៣ កន្លែងបានបិទបណ្តោះអាសន្នចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥តទៅ។ ក្នុងឱកាសនេះ ក្រសួងការងារបានស្នើឱ្យពលករខ្មែរស្នាក់នៅក្នុងប្រទេសថៃ បង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាពដែលអាចបង្កជាផលអវិជ្ជមានតាមរយៈកំហាប់គុណខ្យល់ពុលនៅក្នុងបរិយាកាស៕

រូបភាព​៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Share

ព័ត៌មានទាក់ទង