ភ្នំពេញ៖ រោងចក្រកែច្នៃស្បែកមួយកន្លែងក្នុងខេត្តព្រះសីហនុដែលមានយីហោ CS TAN CO., LTD ត្រូវបានអាជ្ញាធរមូលដ្ឋានរកឃើញថា លួចបង្ហូរទឹកកខ្វក់ចូលទៅស្រះស្តុកទឹករួចបន្តបង្ហូរចូលក្នុងសមុទ្រដែលបង្កជាការរំខានយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ពិសេសអ្នកនេសាទ និងអ្នកប្រើប្រាស់ទឹក។ ប្រការនេះ មន្រ្តីបរិស្ថានបានចាត់វិធានការលើរោងចក្រនេះជាបន្ទាន់ និងធ្វើកិច្ចសន្យាហាមមិនឱ្យមានសកម្មភាពបែបនេះបន្តទៀត។
(កញ្ញា កែវ សុជាតា រាយការណ៍)
ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បាននាំគ្នាត្អូញត្អែរអំពីផលវិបាកក្រោយប្រភពទឹកដែលតែងប្រើប្រាស់ជាប្រចាំថ្ងៃប្រែទឹកជាល្អក់ បណ្តាលឱ្យរមាស់នៅពេលងូតសម្អាតរាងកាយ និងប៉ះពាល់ដល់ផលនេសាទ ដែលបញ្ហាជះឥទ្ធិពលទៅដល់ជីវភាពប្រចាំថ្ងៃយ៉ាងខ្លាំង។ ការត្អូញត្អែរនេះកើតមានឡើង បន្ទាប់ពីប្រជាពលរដ្ឋសង្កេតឃើញថា មានរោងចក្រកែច្នៃស្បែក CS TAN CO., LTD. បានបង្ហូរកាកសំណល់រាវដែលមានសារធាតុខ្លាញ់ចូលទៅក្នុងសមុទ្រយ៉ាងអាណាធិបតេយ្យ។
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
តាមការបញ្ជាក់ពីក្រសួងបរិស្ថាន ការគ្រប់គ្រងសំណល់រាវរបស់រោងចក្រនេះនៅមានចន្លោះប្រហោងជាច្រើន ដោយមន្រ្តីជំនាញពិនិត្យឃើញថា រោងចក្រនេះបានបង្ហូរសំណល់រាវតាមប្រព័ន្ធលូចូលទៅស្រះស្តុកចំនួន៤ ដោយមិនមានឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មនោះទេ។ ជាងនេះ រោងចក្រកើតហេតុបានបង្កប់ទុយោជ័រភ្ជាប់ពីស្រះស្តុកនោះ ទៅកាន់ព្រែកកន្លង់ចម្ងាយប្រមាណ ៧០០ម៉ែត្រ និងប្រើម៉ាស៊ីនបូមទឹកចំនួន ៨គ្រឿង ដើម្បីបូមសំណល់រាវពីព្រែកកន្លង់ទៅកាន់ប្រឡាយជីកថ្មីដើម្បីបង្ហូរបន្តចូលទៅក្នុងសមុទ្រ ថែមទាំងគ្របមែកឈើពីលើដើម្បីលាក់បាំងទៀតផង។
ជុំវិញការចុះពិនិត្យផ្ទាល់នេះ រោងចក្ររបស់ក្រុមហ៊ុន CS TAN បានទទួលស្គាល់កំហុសបច្ចេកទេសដែលខ្លួនពុំបានសម្អាតសំណល់រាវនៅមុនពេលបង្ហូរចេញពីរោងចក្រ ដែលបង្កជាការរំខានទៅដល់ប្រជាពលរដ្ឋ និងដោយពុំមានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋាន។
រូបភាព៖ ក្រសួងបរិស្ថាន
ជាដំណោះស្រាយ មន្រ្តីបរិស្ថានតម្រូវឱ្យក្រុមហ៊ុននេះបញ្ឈប់សកម្មភាពបូមបង្ហូរសំណល់រាវទៅកាន់សមុទ្រ រហូតដល់រៀបចំប្រព័ន្ធប្រព្រឹត្តិកម្មរួចរាល់ស្របតាមការណែនាំរបស់ក្រសួងបរិស្ថានជាមុនសិន មុនក្រសួងបរិស្ថានសម្រេចជាថ្មី។ ជាមួយគ្នានេះ ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថានបានយកសំណាកទឹកចំនួន ៥ទីតាំងដែលត្រូវបានបំពុលដោយទឹកចេញពីរោងចក្រខាងលើ ដើម្បីយកទៅវិភាគ និងវាយតម្លៃ ដោយប្រៀបធៀបនឹងកម្រិតកំណត់ស្តង់ដាដែលមានស្រាប់ និងដើម្បីរៀបចំនីតិវិធីបន្ត។
ទន្ទឹមគ្នានេះ មន្រ្តីបរិស្ថានបានបញ្ជាក់ប្រាប់ក្រុមហ៊ុនដោយផ្ទាល់ អំពីប៉ះពាល់នៃការបំពុលទៅដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាការល្មើសទៅនឹងមាត្រា២៨៧ និងមាត្រា៦៩៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ព្រមទាំងល្មើសនឹង មាត្រា៤ និង មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក និងប្រការ៨ នៃកិច្ចសន្យាការពារបរិស្ថាន។ ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា ៨៤៥ បានចែងថា ការមិនអនុវត្តកាតព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ផងដែរ ហើយការបង្ហូរដោយប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ ឬ សុខភាពសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់តាមទំហំប៉ះពាល់បរិស្ថានជាក់ស្តែង។
រូបភាព៖ ក្រសួងបរិស្ថាន
គួររំឭកដែរថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត មានប្រសាសន៍កាលពីថ្មីៗនេះថា ក្រសួងបរិស្ថានកំពុងអនុវត្តច្បាប់១០០ភាគរយ ដោយគ្មានការលើកលែងចំពោះការបង្ហូរទឹកកខ្វក់ចូលទៅបំផ្លាញប្រភពទឹកស្អាត។ ក្នុងនោះ លោកលើកពីបច្ចុប្បន្នភាពសង្គមដែលរងផលប៉ះពាល់ចេញពីទឹកកខ្វក់ ដោយដងស្ទឹងមួយកន្លែងដែលធ្លាប់មានប្រជាជនរស់នៅ និងបង្កបង្កើនផលកសិកម្ម ប៉ុន្តែបច្ចុប្បន្នត្រូវបានបំផ្លាញអស់ ដោយសារការបង្ហូរទឹកកខ្វក់ ក្លិនស្អុយ ដែល ធ្វើឱ្យបាត់បង់នូវធនធានទឹក បាត់បង់ភាពស្អាត និងបាត់បង់ការរស់របស់ពលរដ្ឋផងដែរ។
នាពេលថ្មីៗនេះ ក្រសួងបរិស្ថានបានរកឃើញការបង្ហូរទឹកកខ្វក់ជាច្រើនករណី ចេញពីរោងចក្រ និងក្រុមហ៊ុនចូលទៅក្នុងប្រភពទឹកស្អាត នៅក្នុងខេត្តតាកែវ កំពត កំពង់ស្ពឺ និងខេត្តព្រះសីហនុជាដើម។ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ មានរោងចក្រកែច្នៃដំណាប់ស្វាយក្នុងខេត្តកំពង់ស្ពឺមួយកន្លែងរបស់ក្រុមហ៊ុន KRR Processing Food Co., Ltd. បានបង្កការរំខានទៅដល់ប្រជាពលរដ្ឋប្រមាណ ២ភូមិ តាមរយៈការបង្ហូរទឹកកខ្វក់ចូលទៅក្នុងប្រភពទឹកស្ទឹងសែនជ័យ។ តាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យបរិស្ថាន ករណីមានរោងចក្របង្ហូរទឹកកខ្វក់ចូលទៅក្នុងប្រភពទឹកសាធារណៈនៅដើមឆ្នាំ២០២៥នេះ មានចំនួន៦ករណីហើយបើគិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥៕
អត្ថបទនេះគាំទ្រដោយផលិតក្រដាសអនាម័យម៉ាក MG នៃក្រុមហ៊ុន MG Pacific Company Limited