en     km
en     km

ការជំរុញគុណភាពសិក្សារបស់កុមារី នៅក្នុងសហគមន៍កន្រ្ទាំង

Share

កុមារីសាន់ សុម៉ៃជាសិស្សថ្នាក់ទី៧ និងកុមារី   សាន់ ស្រីម៉ុន ជាសិស្សថ្នាក់ទី៤ នៃអនុវិទ្យាល័យ និងបឋមសិក្សាស្រិត ដែលស្ថិតនៅឃុំកន្ទ្រាំង ស្រុកបាគង ខេត្តសៀមរាប។ ដោយស្ថិតក្នុងស្ថានភាពជាសិស្សក្រីក្រ កុមារីទាំងពីរនាក់បងប្អូន កំពុងទទួលបានការយកចិត្តដាក់ជាពិសេស ពីសំណាក់លោកគ្រូ អ្នកគ្រូតាមរយៈកម្មវិធីគណនេយ្យភាពសង្គម ដែលបានដាក់ឱ្យអនុវត្តនៅតាមសាលាមួយចំនួន ក្នុងគោលដៅផ្ដោតលើគុណភាពបង្រៀន និង រៀនដើម្បីជួយដល់សិស្សនៅតំបន់ជនបទ ជាពិសេសគឺកុមារីក្រីក្រ ដែលងាយប្រឈមនិង ការរៀនត្រួតថ្នាក់និងបោះបង់ការសិក្សា ក្រោយកម្រិតបឋមសិក្សា។

 

ក្រៅពីការជម្រុញលើគុណភាពរៀននៅឯសាលា កុមារីសាន សុម៉ៃ និងប្អូនស្រី នៅទទួលបានការចុះតាមដានជាប្រចាំពីអ្មកគ្រូប្រចាំថ្នាក់ ដើម្បីលើកទឹកចិត្តនិងផ្ដល់ជាយោបល់ ឬ ដំណោះស្រាយផ្សេងៗជុំវិញការសិក្សា ដូចជាសិស្សអាក់ខានមិនបានមករៀនទៀងទាត់ ដែលនេះជាមូលហេតុសំខាន់មួយ ធ្វើឱ្យការរៀនសូត្ររបស់ពួកគេចុះខ្សោយនិងឈានទៅបោះបង់ការសិក្សា។

[youtube=http://www.youtube.com/watch?v=aUaInS6HIGo&w=400]

សិស្ស សាន សុម៉ៃ សិស្សថ្នាក់ទី៧ អនុវិទ្យាល័យស្រិត៖ «ខ្ញុំប្រឹងរៀននៅផ្ទះផង មើលមេរៀននៅសាលាផង ធ្វើលំហាត់ផង។អ្នកគ្រូគាត់ប្រាប់ថាឱ្យខំ រៀនឱ្យបានច្រើនដើម្បីអនាគតភ្លឺស្វាងទៅមុខព្រោះយើងត្រូវប្រឹងខ្លួនឯង។ គោលបំណងរបស់ខ្ញុំ ខ្ញុំធំឡើងចង់ធ្វើជាគ្រូបង្រៀន។»

សេវាអប់រំប្រកបដោយគុណភាពកំពុងបាន  ជម្រុញនៅតាមសាលារៀនជនបទមួយចំនួនតាមរយៈកម្មវិធីគណនេយ្យភាពសង្គមដែលគាំទ្រដោយគណកម្មាធិការជាតិសម្រាប់ការអភិវឌ្ឃតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៃក្រសួងមហាផ្ទៃ។ដោយឡែក សាលាអនុវិទ្យាល័យ និងបឋមសិក្សាស្រិត បានអនុវត្តកម្មវិធីនេះតាំងពីឆ្នាំ២០១៥មក។ កម្មវិធី បានធ្វើការស្រាវជ្រាវលើសិស្សរៀនខ្យោយ ជាពិសេសកុមារី និងសិស្សស្រីដែលបោះបង់ការសិក្សាកន្លងមក ដើម្បីជម្រុញឱ្យ ពួកគេបន្តការសិក្សាប្រកបដោយគុណភាព រហូតចប់កម្រិត១មធ្យមសិក្សា ថ្នាក់ទី៩។ទន្ទឹមនោះ កម្មវិធីធ្វើការសម្ភាសន៍ដាក់ពិន្ទុរលើសកម្មភាពបង្រៀន និងរៀនរបស់សាលាគោលដៅ ដើម្បីចាត់ចំណុចអទិភាព ធ្វើការកែលម្អ ដូចជាការបង្រៀនរបស់គ្រូ គុណភាពរៀនរបស់សិស្ស ការត្រួតថ្នាក់ ការបោះបង់ការសិក្សា បង្គន់អនាម័យសម្រាប់សិស្សស្រី  ជាដើម។ ជាងនេះ មានការបង្កើតក្រុមប្រឹក្សា កុមារី សម្រាប់ផ្ដល់យោបល់ជួយជម្រុញការសិក្សា និងបញ្ហាផ្សេងៗរបស់សិស្សស្រី ផ្ដល់ចំណេះបំណិនជីវិត ។  ក្នុងរយៈ៤ឆ្នាំដែលសាលាអនុវត្តកម្មវិធីនេះ ជារួមលទ្ធផលនៃការសិក្សា គឺ អត្រាសិស្សឡើងថ្នាក់មានកំណើនខ្ពស់  ហើយអត្រា សិស្សត្រួតថ្នាក់កាន់តែទាបទៅ។

*ទិន្នន័យលទ្ធផលការសិក្សាសាលាបឋមសិក្សាស្រិត  ឆ្នាំសិក្សា២០១៧-២០១៨

សិស្សសរុបចំនួន ៤៨៣នាក់ (ស្រី ២៣៧) ក្នុងនោះមាន១១ថ្នាក់រៀន

លោក នៅ សុខខេង នាយកសាលាបឋមសិក្សាស្រិត ឃុំកន្ទ្រាំង ស្រុកបាគង ខេត្តសៀមរាប បានមានប្រសាសន៍ថា4 ក្នុងរយៈពេល៤ឆ្នាំនេះ យើងឃើញថាលទ្ធផល ទី១ សិស្សឡើងថ្នាក់ខ្ទង់៨៦% ។ ពេលកម្មវិធីចូលមក យើងកាត់បន្ថយនៅឆ្នាំដំបូង នៅត្រឹម ២០%  រួចបន្តៗយើងចេះតែរំលោះ បណ្ដើរៗរហូតដល់ពេលនេះ យើងនៅតែ៦-៧% ទេ។ អានេះការត្រួតថ្នាក់ ហើយនៅក្នុងផែនការរបស់សាលា យើងនឹងកាត់បន្ថយឱ្យនៅត្រឹម២% តាមរយៈការពង្រឹងការបង្រៀន របស់គ្រូ តាមរយៈការជួយក្មេង ជាពិសេសគឺ កុមារី។

ការពង្រឹងសេវាអប់រំនៅតាមសាលាជនបទ គឺជាសកម្មភាពមួយ ត្រូវបានអនុវត្តស្ថិតក្នុងគម្រោងពង្រឹងគុណភាពវិស័យអប់រំថ្នាក់មូលដ្ឋាន និងគាំទ្រដោយអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ នៃតំបន់គោលដៅ។

លោកស្រី ជ្រះ ធីតា ជំទប់ទី១ ឃុំកន្ទ្រាំង ស្រុកបាគង ខេត្តសៀមរាប បានលើកឡើងថា៖ «ក្នុងនាមអាជ្ញាធរដែនដីឃុំ នាងខ្ញុំបានគ្រោងសកម្មភាពមួយក្នុងសេវាសង្គម ចុះផ្សព្វផ្សាយ ក្នុងសហគមន៍ទាក់ទងនឹងផលប្រយោជន៍នៃ ការសិក្សារបស់កូន ជាពិសេសកូនស្រី ហើយមួយទៀត កម្មវិធីរបស់ផ្នែកគណនេយ្យភាពសង្គម ដែលយើងបានធ្វើនៅក្នុងឃុំកន្ទាំ្រងនេះ មាន៧សាលា យើងធ្វើបាន២សាលាហើយ ។  ក្រោយពីពេលមានគណនេយ្យសង្គមមក ក៍ដូចជាមានកម្មវិធីរបស់ឃុំ បូករួមនិងខាងសា លាលោកគ្រូអ្នកគ្រូផង យើងឃើញថារបាយការណ៍ពីខាងលោកគ្រូអ្នកគ្រូ ឃើញថាមានការកើនឡើង និងមានការថយចុះពីការបោះ បង់សាលា ហើយដូចជាឆ្នាំនេះជាដើម ឆ្នាំសិក្សា២០១៨-២០១៩នេះ យើងឃើញលទ្ធផលសិស្សដែលប្រឡងជាប់ថ្នាក់បឋមសិក្សា ឡើងទៅអនុវិទ្យាល័យដល់៨៧%។ »

 

លទ្ធផលនៃការសិក្សាគួរឱ្យកត់សម្គាល់របស់សាលាដែលទទួលបានតាមរយៈកម្មវីធីគណនេយ្យភាពសង្គម ដោយមានការ គាំទ្រពីអាជ្ញាធរមូលដ្ឋាន សាលារៀននិងអាណាព្យា បាលសិស្ស គឺជាការឆ្លើយតប នឹង គោលដៅអភិវឌ្ឍសហសវត្យរ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាគោលនយោបាយអប់រំជាតិ និងក្រសួងអប់រំ យុវជន និងកីឡាដែលបានដាក់ចេញនូវកម្មវិធីជាច្រើនសំដៅគាំទ្រ និងពង្រឹងសេវាអប់រំនៅទូទាំងប្រទេស ដែលជាឱកាសដ៍ប្រសើរសម្រាប់កុមារី ដើម្បីសម្រេចបាននូវការអប់រំប្រកបដោយសមធម៌ និងគុណភាពសម្រាប់ទាំងអស់គ្នា។

Share

Image
Image
Image