en     km
en     km

៣ថ្ងៃពិធីបុណ្យចូលឆ្នាំ​ខ្មែរ កំណើនភ្ញៀវទេសចរ ខេត្តព្រះសីហនុ ធ្លាក់ចុះគួរឲ្យកត់សំគាល់

Share

ក្រុងភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តមួយនាភាគនិរតីជាប់មាត់សមុទ្រ គឺខេត្តព្រះសីហនុ កំណើនភ្ញៀវទេសចរដែលបានមកកាន់ខេត្តនេះបានធ្លាក់ចុះ ខណៈដែលខេត្តកំពតហាក់ទទួលបានកំណើនទេសចរ យ៉ាងគំហុក។ ខណៈនេះ អ្នកជំនាញផ្នែកអភិបាលកិច្ចម្នាក់យល់ថា អាចបណ្តាលមកពី កំណើនជនជាតិចិនរស់នៅខេត្តព្រះសីហនុ ទើបប្រជាពលរដ្ឋខ្មែរប្តូរទិសដៅតំបន់ទេសចរណ៍។

ពិស្តារនិងលំអិតព័ត៌មាននេះ ដោយ លោក សេរី វឌ្ឍនៈ ៖

ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ រយៈពេល ៣ ថ្ងៃ ទើបតែបញ្ចប់ទៅ នៅតាមបណ្តារខេត្តមួយចំនួនបានចេញនូវរបាយការណ៍ អំពីកំណើនទេសចរណ៍ខេត្តនីមួយៗ ដែលមានការកើនឡើង គឺជាកត្តាមួយជួយជំរុញដល់វិស័យសេដ្ឋកិច្ចខេត្តទាំងនោះ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនេះ បើគេនិយាយអំពីខេត្តដែលនៅជាប់មាត់សមុទ្រ គឺគេពុំភ្លេចឡើយ ខេត្តព្រះសីហនុដែលមានសក្តានុពលក្នុងវិស័យទេសចរណ៍ធំៗជាច្រើន ដូចជាឆ្នេរខ្សាច់សក្បុសកោះរ៉ុង ជាឆ្នេរដែលជាប់ចំណាត់ថ្នាក់លេខ១  ក្នុងពិភពលោក។ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់ទស្សនាវដ្តីអាមេរិកដ៏ល្បីឈ្មោះគឺ National Geographic។

ប៉ុន្តែនៅរយៈពេល ៣ ថ្ងៃនេះ ខេត្តព្រះសីហនុហាក់ពុំសូវមានការចាប់អារម្មណ៍ក្នុងការមកកម្សាន្តពីភ្ញៀវទេសចរជាតិច្រើនឡើយ ដែលធ្វើឲ្យកំណើនភ្ញៀវទេសចរឆ្នាំនេះធ្លាក់ចុះ។

អនុប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ លោក សេង មុន្នី បានបង្ហាញពីតួលេខនៃចំនួនអ្នកទេសចរ និង បង្ហាញពីហេតុផលមួយចំនួនដែល ខេត្តព្រះសីហនុធ្លាក់ចុះនូវចំនួនអ្នកមកកម្សាន្ត។លោកថា ក្នុងឆ្នាំ ២០១៨​ នេះ ចំនួនភ្ញៀវទេសចរសរុបមាន ១៥០.៧៨០ នាក់ កើនបានត្រឹមតែ ៥ ភាគរយ បើប្រៀបធៀបកាលពីឆ្នាំ ២០១៧ ខេត្តមួយនេះ កើនឡើងរហូតដល់ទៅ ១០ ភាគរយ។

លោកពន្យល់ថា មូលហេតុដែលធ្វើឲ្យកំណើនភ្ញៀវទេសចរធ្លាក់ចុះដូចនេះ គឺបណ្តាលមកពី ការទាក់ទាញភ្ញៀវទេសចរ ពីបណ្តាខេត្តដទៃ ជាពិសេសគឺខេត្តសៀមរាប ព្រៃវែង និង ខេត្តកំពត ជាដើម។​

សំឡេង លោក សេង មុន្នី៖ គ្រាន់តែកំណើនវិញយើងកើនបានតិច ឆ្នាំ​មុនកើនបាន១០ ភាគរយ ឆ្នាំនេះ កើនបានតិច ហើយបើសិនបើមូលហេតុវិញ គឺឧទាហរណ៍វិញគឺមានសង្ក្រាន្តគ្រប់ខេត្ត ហើយមួយទៀតគឺកំណើនគោលដៅទេសចរណ៍កើនឡើងថ្មីៗ បាទ!។

ដោយឡែកខេត្តកំពត ដែលជាខេត្តជាប់និងមាត់សមុទ្រដូចគ្នានិងខេត្តព្រះសីហនុ បែរជាទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងគំហុក ដែលធ្វើឲ្យខេត្តនេះកើនឡើងកំណើនទេសចរណ៍ដល់ទៅ ៤៥ ភាគរយ។

លោក ជាវ តាយ អភិបាលខេត្តថ្មីរបស់ខេត្តកំពត បានផ្តល់បទសម្ភាសអោយវិទ្យុស្រ្តីថា ខេត្តជាប់មាត់សមុទ្រមួយនេះ ទទួលបានភ្ញៀវទេសចរប្រមាណ ១៤ ម៉ឺននាក់ក្នុងរយៈពេល ៣ ថ្ងៃនៃពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិនេះ។

លោកបានបន្ថែមថា ទំនងដោយសារតែការត្អូញត្អែរពីពលរដ្ឋដែលលើកឡើងថា តម្លៃសេវាសណ្ធាគារ ការហូបចុក នៅតំបន់ឆ្នេរខេត្តព្រះសីហនុមានតម្លៃថ្លៃ ហើយម្យ៉ាងគេអាចពិចារណាខេត្តកំពត ព្រោះខេត្តកំពត សំបូរទៅដោយរមណីយដ្ឋានធម្មជាតិដល់ទៅ ១៧ កន្លែង សេវាកម្មល្អ តម្លៃសមរម្យទើបខេត្តកំពតអាចទាញយកភ្ញៀវទេសចរពីខេត្តមួយនេះបាន។

លោក ជាវ តាយ៖ ក្នុងនាមខ្ញុំជាអភិបាលខេត្តដែលទើបមកកាន់តំណែងបាន ៣ ខែ ជាង ខ្ញុំមិនហ៊ានទៅវាយតម្លៃខេត្តផ្សេងទេ គ្រាន់តែថា ខ្ញុំគិតថា ខេត្តកំពតខ្ញុំនេះបានរៀបចំ កែលម្អរ ហើយប្រជាពលរដ្ឋគាត់មកខេត្តនេះ នៅក្នុងខេត្តនេះវាអាចមានរមណីយដ្ឋានដល់ទៅ ១៧ កន្លែង ហើយគាត់គិតថាស្រួលគាត់មកខេត្តនេះ ហើយអាហ្នឹង!វាធម្មតាទេ ទេសចរណ៍ កន្លែងណាល្អគាត់ទៅកន្លែងហ្នឹងហើយបាទ!។

យ៉ាងណាក៏ដោយ លោក បានបង្ហើបប្រាប់វិទ្យុស្រ្តីថា ឆាប់ៗនេះ ខេត្តកំពតនឹងបង្កើតឆ្នេរសមុទ្រសម្បនិម្មិតធំមួយ សំរាប់ភ្ញៀវទេសចរដោយ ពុំចាំបាច់ទៅលេងដល់ខេត្តព្រះសីហនុ ឬ ខេត្តកែបនោះឡើយ។

យល់ស្របនឹងការលើកឡើងរបស់លោកអភិបាលខេត្តកំពត លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជាបានពន្យល់ពីមូលហេតុដែលធ្វើឲ្យខេត្តព្រះសីហនុបាត់បង់ភ្ញៀវទេសចរ។
លោកថា ការដែលធ្លាក់ចុះអាត្រាអ្នកទេសចរនេះ អាបណ្តាលមកពី វត្តមានរបស់ជនជាតិចិនច្រើន ធ្វើ

ឲ្យមានការអាក់អន់ ចិត្តពីប្រជាពលរដ្ឋខ្មែរ។ លោកថា កត្តាតម្លៃ សេវាកម្ម ក៏ជាចំណោទបញ្ហាមួយដែរ។ លោក បានដាក់ការព្រួយបារម្ភថា ថ្ងៃអនាគត ខេត្តមួយនេះនឹងក្លាយជាខេត្តឯកោ។

សំឡេង លោក សន ជ័យ៖ ការដែលធ្លាក់ចុះ ភ្ញៀវទេសចរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ ខ្ញុំយល់ថា វាជាសញ្ញាមួយដែលកើតឡើងជាពិសេសទាក់ទងនឹងការអាក់អន់ស្រពន់ចិត្ត ដែលប្រជាជនខ្មែរយើង ជាមួយនឹងការរៀបចំការគ្រប់គ្រងដែនដីទេសចរណ៍មួយនេះ ទី២ គឺសេវាកម្ម​និងការស្នាក់នៅនោះវាមានតម្លៃមួយដែលឡើងខ្ពស់កប់ពពក ធ្វើឲ្យប្រជាពលរដ្ឋជាពិសេសអ្នកដើរលេងកម្សាន្តហ្នឹង! ពួកគេមានការធុញទ្រាន់ អញ្ចឹងខ្ញុំបារម្ភថា ថ្ងៃអនាគត ខេត្តមួយនេះ នឹងក្លាយជាខេត្តឯកោ។

យ៉ាងណាក៏ដោយ លោកបានផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាល និង អាជ្ញាធរគួរណាស់តែត្រួតពិនិត្យតម្លៃសេវា សារជាថ្មី ជាពិសេសត្រួតពិនិត្យរាល់សកម្មភាពបទឧក្រិដ្ឋផ្សេងៗ ពីសំណាក់ជនជាតិចិន ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ មានទំនុកចិត្តក្នុងការទៅកម្សាន្តនៅខេតទេសចរណ៍ដ៏ធំនេះ។

គួររំលឹកផងដែរថា ក្រុងព្រះសីហនុដែលមានចំងាយ ២៣០ គីឡូម៉ែត្រ ពីភ្នំពេញត្រូវបានរដ្ឋាភិបាល ដាក់ជាតំបន់គោលដៅទេសចរណ៍ ការអភិវឌ្ឍន៍លើវិស័យអចនទ្រព្យ និង កំពុងផែដឹកទំនិញ។ តែកាលពីថ្មីៗនេះ លោក ស៊ីជីងភីង ប្រធានាធិបតីចិន បានប្តេជ្ញាជម្រុញឲ្យកំណើនទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន ឲ្យបាន ៦ ពាន់លានដុល្លារ នឹងបង្កើតការងារប្រយោលក្នុងខេត្តព្រះសីហនុជាង ២ ម៉ឺនកន្លែង។

នៅរយៈពេលចុងក្រោយនេះ អ្នកវិនិយោគិន អន្តរជាតិ ជាពិសេសជនជាតិចិន មានចំណាប់អារម្មណ៍យ៉ាងខ្លាំងដោយវិនិយោគ លើ់ទឹកដីនៃភាគនិរតីនេះ ដែលអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ១០ ឆ្នាំទៀត ក្រុងព្រះសីហនុ នឹងក្លាយជាម៉ាកាវទី២ នៅតំបន់អាស៊ីអាគ្នេយ៍៕

Share

Image
Image
Image