ភ្នំពេញ៖ យ៉ាងហោចណាស់មានជនជាតិវៀតណាមចំនួន ៣៦៨ នាក់ត្រូវបានមន្រ្តីអន្តោប្រវេសន៍កម្ពុជាបណ្តេញចេញពីប្រទេស បន្ទាប់ពីពួកគេបានប្រព្រឹត្តិបទល្មើសផ្សេងៗនិងស្នាក់នៅធ្វើការងារខុសច្បាប់។ នេះបើតាមការបង្ហោះផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គនាយកអន្តោប្រវេសន៍គិតចាប់ពីដើមខែមករា ដល់ដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សកម្មភាពសមត្ថកិច្ចបណ្តេញជនជាតិវៀតណាមចេញពីកម្ពុជា។រូបភាពពីហ្វេសប៊ុក អគ្គនាយកអន្តោប្រវេសន៍។
ផ្អែកតាមទំព័រហ្វេសប៊ុករបស់អគ្គនាយកអន្តោប្រវេសន៍ ការបណ្តេញជនជាតិវៀតណាមប្រមាណជិត ៤០០នាក់ខាងលើ គឺធ្វើឡើងក្នុងរង្វង់ប្រតិបត្តិការចំនួន ៥ លើកផ្សេងគ្នា ដោយកាលពីថ្ងៃទី១០ ខែមករា មានជនជាតិវៀតណាមចំនួន ៣៥នាក់ក្នុងនោះមានស្រ្តី១៤នាក់ត្រូវបណ្តេញចេញ។ លើកទី២នៅថ្ងៃទី១៣ ខែមករា មានចំនួន១៤នាក់ក្នុងនោះមានស្រ្តីម្នាក់។ ចំណែកថ្ងៃទី២២ ខែមករា សមត្ថកិច្ចបណ្តេញចេញជនជាតិវៀតណាមចំនួន៨២នាក់ក្នុងនោះមានស្រ្តី២៤នាក់ និងថ្ងៃទី០៥ ខែកុម្ភៈមានចំនួន ២៤នាក់ក្នុងនោះមានស្រ្តី ២នាក់។ និងលើកទី៥ គឺនៅថ្ងៃទី០៥និងទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ មានជនជាតិវៀតណាមរហូតដល់ទៅ ២១៣នាក់ក្នុងនោះមានស្រ្តី ២៣ ក៏ត្រូវបានបណ្តេញចេញផងដែរ។
ជនជាតិវៀតណាមដែលត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជាបណ្តេញចេញពីប្រទេស ពួកគេភាគច្រើនបានប្រព្រឹត្តិបទល្មើសរួចមាន ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ ក្នុងនោះក៏មានផងដែរ ករណីប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌដូចជា បទឃាតកម្មគិតទុកជាមុន, បទសម្រួលប្រើប្រាស់សារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទលួច៕