ក្រុមអ្នកចរចាខាងភាគីរុស្ស៊ី ក៏ដូចជាខាងភាគីអ៊ុយក្រែន បាននិយាយពីវឌ្ឍនភាពក្នុងការពិភាក្សារបស់ពួកគេ ខណៈដែលរុស្ស៊ីទើបបានវាយប្រហារមូលដ្ឋានយោធាអ៊ុយក្រែនដែលស្ថិតនៅក្បែរព្រំដែនអង្គការណាតូ។ ប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិក និងចិន បានសម្ដែងក្ដីកង្វល់របស់ខ្លួន អំពីបញ្ហាអ៊ុយក្រែន។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …
នៅថ្ងៃចន្ទនេះ កិច្ចខិតខំតាមផ្លូវការទូតដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបានកើនឡើង ដោយអ្នកចរចាខាងអ៊ុយក្រែននិងខាងរុស្ស៊ីបានព្រមព្រៀងពិភាក្សាគ្នាទៀត បន្ទាប់ពីភាគីទាំងពីរបានលើកឡើងពីវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ចប្រជុំរបស់ពួកគេនាចុងសប្ដាហ៍នេះ។
ប៉ុន្តែ ទន្ទឹមនឹងនេះ កងទ័ពរុស្ស៊ីទើបបានវាយប្រហារមូលដ្ឋានយោធាអ៊ុយក្រែននៅជិតព្រំដែននៃប្រទេសប៉ូឡូញដែលជាសមាជិកអង្គការណាតូ ហើយការប្រយុទ្ធគ្នានៅកន្លែងផ្សេងៗទៀតមានលក្ខណៈកាន់តែសន្ធោសន្ធៅ។
មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា កាំជ្រួចរបស់រុស្ស៊ីទាំងហ្វូងៗបានស្រោចលើមជ្ឈមណ្ឌលអន្តរជាតិសម្រាប់រក្សាសន្តិភាពនិងសន្តិសុខយ៉ាវ៉ូរីវ របស់ប្រទេសអ៊ុយក្រែន ដែលជាមូលដ្ឋានយោធាមួយស្ថិតនៅចម្ងាយត្រឹមតែ ២៥ គីឡូម៉ែត្រ ពីព្រំដែនប្រទេសប៉ូឡូញ។ ក្នុងព្រឹត្តិការណ៍នេះ មានមនុស្ស ៣៥ នាក់ បានស្លាប់ និង ១៣៤ នាក់ ផ្សេងទៀតបានរបួស។ មុននេះ មជ្ឈមណ្ឌលយ៉ាវ៉ូរីវនេះ ត្រូវបានប្រើប្រាស់ដោយអ្នកហ្វឹកហ្វឺនកងទ័ពមកពីអង្គការណាតូ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មាន«ទាហានស៊ីឈ្នួលបរទេស»រហូតដល់ ១៨០ នាក់ និងអាវុធបរទេសមួយចំនួនធំ ត្រូវបានបំផ្លាញ អំឡុងការវាយប្រហារនោះ។ ទីភ្នាក់ងារសារព័ត៌មានរើយធើ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យអំពីករណីគ្រោះថ្នាក់ដែលភាគីទាំងពីរបានរាយការណ៍នោះទេ។
គិតពីថ្ងៃទី ២៤ ខែកុម្ភៈ មក យ៉ាងហោចណាស់ក៏មានមនុស្សរាប់ពាន់នាក់ហើយដែលបានស្លាប់ ចាប់តាំងពីពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមធ្វើអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» ដើម្បីកម្ចាត់«ពួកអ្នកជាតិនិយមប្រកបដោយគ្រោះថ្នាក់» និង«ពួកណាស៊ីសម័យថ្មី» ចេញពីប្រទេសអ៊ុយក្រែន។
សហរដ្ឋអាមេរិកដែលបានឃ្លាំមើលការបង្កើនកម្លាំងទ័ពរបស់រុស្ស៊ីនៅតាមបណ្ដោយព្រំដែនអ៊ុយក្រែន និងដែលបានប្រកាសអាសន្នខ្លាំងឡើងៗអស់រយៈពេលជាច្រើនសប្តាហ៍ បាននិយាយថា វាគឺជា«ការជ្រើសរើសយកការធ្វើសង្គ្រាម»ដោយចេតនា ដោយមិនសមហេតុផល និងដោយខុសច្បាប់ ពីសំណាក់រុស្ស៊ី។
នៅក្នុងទំនាក់ទំនងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃអាទិត្យ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការឈ្លានពាននេះ។ នេះបើយោងតាមសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អ៊ែនថូនី ប្លីងឃិន និងសមភាគីអ៊ុយក្រែនរបស់គាត់ គឺលោក ឌីមីត្រូ គុលឡឺបា ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងតាមផ្លូវការទូតដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីដែរ។
ភាគីរុស្ស៊ីនិងភាគីអ៊ុយក្រែនបានវាយតម្លៃប្រកបដោយភាពវិជ្ជមានបំផុត បន្ទាប់ពីការចរចានាចុងសប្តាហ៍កន្លងទៅ។ ប្រធានក្រុមអ្នកចរចារបស់អ៊ុយក្រែន លោក មីខាអ៊ីលឡូ ប៉ូដូលីយ៉ាក់ បាននិយាយនៅក្នុងខ្សែវីដេអូតាមអ៊ិនធើណិតថា «រុស្ស៊ីបានចាប់ផ្តើមនិយាយក្នុងន័យស្ថាបនាហើយ»។ លោក ប៉ូដូលីយ៉ាក់ បានបន្តថា៖ «ខ្ញុំគិតថា យើងនឹងសម្រេចបានលទ្ធផលមួយចំនួនក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត»។ ចំណែកឯលោក ឡេអូនីដ ស៊្លុតស្គី ដែលជាអ្នកចរចាខាងភាគីរុស្សីវិញ ត្រូវបានទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី អាអាយអេ (RIA) ដកស្រង់សម្តីមកផ្សាយថា កិច្ចចរចាទទួលបានផលគួរឱ្យកត់សម្គាល់ ហើយវាអាចទៅរួចដែលថា ភាគីទាំងពីរអាចឈានដល់ការធ្វើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងបាននាពេលឆាប់ៗ។ ប៉ុន្តែ ភាគីទាំងសងខាងមិនបាននិយាយថាកិច្ចព្រមព្រៀងនឹងគ្របដណ្តប់លើរឿងអ្វីខ្លះទេ។
កិច្ចចរចាបីជុំក្នុងប្រទេសបេឡារុស ជុំចុងក្រោយបំផុតបានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទសប្ដាហ៍មុន រវាងភាគីរុស្ស៊ីនិងភាគីអ៊ុយក្រែន បានផ្តោតជាសំខាន់លើបញ្ហាមនុស្សធម៌។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៊ើឡិនស្គី បាននិយាយថា ក្រុមអ្នកចរចានៃភាគីទាំងពីរបាននិយាយគ្នាជារៀងរាល់ថ្ងៃតាមប្រព័ន្ធទូរសោតទស្សន៍ ហើយគោលបំណងចម្បងរបស់ក្រុមអ្នកចរចាខាងភាគីអ៊ុយក្រែនគឺ«ធ្វើអ្វីៗគ្រប់យ៉ាង»ដើម្បីរៀបចំឱ្យរូបលោកបានជួបប្រជុំជាមួយលោក ពូទីន។
លោក ហ្ស៊ើឡិនស្គី បាននិយាយក្នុងសុន្ទរកថាតាមខ្សែវីដេអូកាលពីយប់មិញថា៖ «យើងត្រូវតែបន្តចរចា។ យើងត្រូវតែប្រយុទ្ធ។ ហើយយើងនឹងឈ្នះ។»
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តមានកង្វល់ថាធ្វើដូចម្ដេចកុំឱ្យអង្គការណាតូត្រូវអូសទាញឱ្យចូលទៅក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ខណៈដែលបណ្តាប្រទេសបស្ចិមលោកបានស្វះស្វែងធ្វើឱ្យលោក ពូទីនកាន់តែឯកោ តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹងនិងការផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន។
មន្ត្រីអាមេរិកមួយចំនួនបានឱ្យដឹងថា ប្រទេសរុស្ស៊ីបានស្នើសុំឧបករណ៍យោធាពីប្រទេសចិន បន្ទាប់ពីមានការឈ្លានពាន់ប្រទេសអ៊ុយក្រែន។ ការណ៍នេះបង្កឱ្យមានក្ដីបារម្ភនៅក្នុងចំណោមមន្ត្រីនៅសេតវិមានថា រដ្ឋាភិបាលចិនអាចនឹងធ្វើឱ្យខូចខាតចំពោះការខិតខំរបស់បស្ចិមលោកក្នុងការជួយកងកម្លាំងអ៊ុយក្រែនឱ្យអាចការពារប្រទេសរបស់ពួកគេបាន។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ចេក ស៊ូល្លីវ៉ាន ដែលនឹងត្រូវជួបជាមួយអ្នកការទូតកំពូលម្នាក់របស់ចិន គឺលោក យ៉ាង ជីឈី នៅទីក្រុងរ៉ូម នាថ្ងៃចន្ទនេះ បានព្រមានរដ្ឋាភិបាលចិនទុកមុនថា ប្រទេសចិននឹងប្រឈមមុខនឹងផលវិបាកជាដាច់ខាត ប្រសិនបើចិនជួយរដ្ឋាភិបាលរុស្ស៊ីឱ្យគេចផុតពីទណ្ឌកម្មរបស់បស្ចិមលោក ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
ប៉ុន្តែ នៅពេលសួរអំពីសំណើសុំជំនួយផ្នែកយោធាពីសំណាក់ប្រទេសរុស្ស៊ី លោក លាវ ប៉េងគ្យូ អ្នកនាំពាក្យរបស់ស្ថានទូតចិនក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយតាមសម្ដីផ្តាល់ថា៖ «ខ្ញុំមិនដែលឮអំពីរឿងនោះសោះ»។
លោក លាវ ប៉េងគ្យូ បាននិយាយថា ប្រទេសចិនមើលឃើញថា ស្ថានភាពបច្ចុប្បន្នក្នុងប្រទេសអ៊ុយក្រែន «ច្របូកច្របល់» ហើយលោកបានបន្ថែមថា «យើងគាំទ្រនិងលើកទឹកចិត្តដល់ការប្រឹងប្រែងទាំងអស់ដែលអំណោយផលដល់ការដោះស្រាយវិបត្តិដោយសន្តិវិធី»។
បច្ចុប្បន្ន អំពើហឹង្សានិងការបង្ហូរឈាមនៅតែបន្តមាននៅឡើយក្នុងប្រទេសអ៊ុយក្រែន៕
—
យោង៖ https://www.reuters.com/world/uk/diplomacy-efforts-step-up-after-russian-strike-ukraine-base-2022-03-14/