en     km
en     km

កូនស្រីសកម្មជនដីធ្លីបឹងកក់ម្នាក់ ជាប់ឃុំ ពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ

Share

អ្នកស្រី អេង សុខា ជាសកម្មជនស្ដ្រីដែលសកម្មក្នុងការចូលរួមសកម្មភាពតវ៉ានានារបស់សកម្មជនដីធ្លីសកម្មជនបរិស្ថាន និងអ្នកនយោបាយ ត្រូវឃុំខ្លួនក្នុងពន្ធានាគារព្រៃស ក្រោមបទចោទ «បំផ្លាញទ្រព្យសម្បត្តិសាធារណៈ» ក្នុងអំឡុងពេលអ្នកស្រីស្រែកទាមទារយុត្តិធម៌ជូនម្ដាយខ្លួន។ យ៉ាងណាអង្គការឃ្លាំមើលសិទ្ធិមនុស្សថា ការទាមទារអ្នកស្រីជាការអនុវត្តសិទ្ធិបញ្ចេញមតិ ប៉ុន្តែសាលាដំបូង ចាត់ទុកសកម្មភាពនេះមិនមែនជាការបញ្ចេញមតិ តែជាការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

អ្នកស្រី អេង សុខា វ័យ ៣៧ឆ្នាំ ត្រូវសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ មុនចាប់ខ្លួនអ្នកស្រី អេង សុខា នៅថ្ងៃនោះអ្នកស្រីសុខា បានផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុកខ្លួននៅ​ខាងមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយនិយាយរិះគន់ការអនុវត្តរបស់តុលាការថាជារឿងអយុត្តិធម៌​ចំពោះម្ដាយខ្លួន ដែលត្រូវគេវាយឱ្យរងរបួសក្បាល ក្នុងពេលតវ៉ារកដំណោះស្រាយដីធ្លីជាមួយក្រុមហ៊ុន​ស៊ូកាគូ (Shukaku) របស់​លោក​ឧកញ៉ា ឡាវ ម៉េងឃីន ជា​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់​អំណាច​បាន​រំលោភ​យក​ដីធ្លី​ផ្ទះសម្បែង​របស់​ពួកគាត់ កាលពី​ជាង ១០ឆ្នាំ​មុន។

អ្នកស្រី អេង សុខា៖ «រូបភាពម្ដាយខ្ញុំបែកក្បាល គេគប់ដំថ្ម គេប៉ងសម្លាប់ម្ដាយខ្ញុំ ហេតុអ្វីបានជាតុលាការនៅតែការពារឃាតករ ចេញមកអាតុលាការតេលេ មកចង់ហិង្សាអីក៏ប្រើទៅ យកកាំភ្លើងមកបាញ់ខ្ញុំមក»។

អ្នកស្រី អេង សុខា កូនស្រីអ្នកស្រី ង៉ែត ឃុន។ រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក។

​អ្នកស្រី ង៉ែត ឃុន ឬគេស្គាល់ថាជាយាយម៉ាំមី សកម្មជនដីធ្លីបឹងកក់ និងជាម្ដាយអ្នកស្រី អេង សុខា ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៣ ខែកុម្ភៈថា មូលហេតុដែលកូនស្រីខ្លួនផ្សាយផ្ទាល់នៅខាងមុខសាលាដំបូង ដោយសារការឈឺចាប់ជំនួសម្ដាយដែលមិនទាន់ទទួលបានយុត្តិធម៌។ ការស្រែកអំពាវនាវថាអយុត្តិធម៌នៅខាងមុខសាលាដំបូងនេះ ពាក់ព័ន្ធរឿងអ្នកស្រី ង៉ែត ឃុន ធ្លាប់ទៅតវ៉ារកដំណោះស្រាយដីធ្លី និងផ្ទះសម្បែង ជាមួយក្រុមហ៊ុន​ស៊ូកាគូ (Shukaku) របស់​លោក​ឧកញ៉ា ឡាវ ម៉េងឃីន ដែលផ្ដល់សំណងឱ្យមិនសមរម្យ។ ក្នុងអំឡុងពេលតវ៉ានោះអ្នកស្រីត្រូវបានជនមិនស្គាល់វាយឱ្យរងរបួសក្បាលធ្ងន់ធ្ងរ ហើយក្រោយមកក៏បានដាក់ពាក្យបណ្ដឹងឱ្យអាជ្ញាធរចាប់ជនល្មើស តែមកដល់ពេលនេះជនល្មើសនៅមិនទាន់ចាប់មកផ្តន្ទាទោសនៅឡើយ។

យ៉ាងណាអំឡុងពេលកូនស្រីខ្លួនផ្សាយតាមហ្វេសប៊ុក បានធ្វើឱ្យបាក់បែកទ្រព្យសម្បត្តិសាធារណៈមួយចំនួន តែអ្នកស្រីអះអាងថា ការបែកបាក់នេះ កើតឡើងដោយសារសមត្ថកិច្ចនៅខាងមុខសាលាដំបូងប្រើហិង្សាលើកូនខ្លួនមុនដោយចាប់យកទូរស័ព្ទដៃពេលផ្សាយផ្ទាល់លើហ្វេសប៊ុក។ ការបាក់បែកសម្បត្តិសាធារណៈទាំងនោះ អ្នកស្រី ឃុន នឹងទទួលខុសត្រូវក្នុងការសងទៅកាន់សាលាដំបូង ដូច្នេះមិនគួរណាឈានដល់ការចាប់ខ្លួន និងឃុំខ្លួនកូនអ្នកស្រីនៅក្នុងពន្ធនាគារព្រៃសឡើយ។

អ្នកស្រី ង៉ែន ឃុន៖ «ខ្ញុំសុំទៅជួបកូនខ្ញុំតិចបានអត់ សុំជួបវាតិច តើមានរឿងអី មូលហេតុអី ខ្ញុំចង់ដឹងថា វាវ៉ៃកញ្ចក់គេពិតប្រាកដមែនដែរអត់ ហើយប្រាកដថាវ៉ៃកញ្ចក់គេពិតប្រាកដ គឺធ្វើសងគេទៅ ហើយខ្ញុំក៏ទទួលស្គាល់ដែរ ហើយឥលូវគេអត់ឱ្យខ្ញុំជួប ហើយវ៉ៃកញ្ចក់ហ្នឹងខ្ញុំលឺសូរតែពីប៉ូលីស ពីសន្តិសុខហ្នឹងទេ ខ្ញុំអត់បាននៅហ្នឹងទេចាស ហើយឥលូវគេអត់ឱ្យទៅជួបទេទាល់តែ ១៥ថ្ងៃបានគេឱ្យក្រុមគ្រួសារទៅជួប»។

លោក យិន ម៉េងលី អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ដីធ្លី និង​ធនធាន​ធម្មជាតិ​ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ដែលតាមឃ្លាំមើលករណីនេះ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា មកដល់ពេលនេះ អ្នកស្រី ង៉ែត ឃុន បានស្នើសុំមេធាវីអាដហុក ដើម្បីការពារក្ដីឱ្យកូនស្រីខ្លួន។ ជុំវិញរឿងនេះលោក ម៉េងលី សង្កេតឃើញថា ដំណើររឿងដំបូង អ្នកស្រីសុខាផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុកនៅខាងមុខសាលាដំបូងនេះ មិនមែនមកបំផ្លាញទ្រព្យសម្បត្តិសាធារណៈឡើយ ដោយអ្នកស្រីមកក្នុងចេតនាទាមទារស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារខ្លួនប៉ុណ្ណោះ។

ដោយសារការផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុកនេះ លោកថា អ្នកស្រីសុខា ត្រូវក្រុមសន្តិសុខខាងមុខសាលាដំបូង រារាំងផង រួមផ្សំនិងរងអយុត្តិធម៌ផង ទើបធ្វើឱ្យខូតខាតទ្រព្យសម្បត្តិទាំងនោះដូចជា បែកកញ្ចក់ក្ដារខៀនព័ត៌មាន និងផើងផ្កា។ រឿងអយុត្តិធម៌ដែលអ្នកស្រី សុខា ស្រែកនៅខាងមុខសាលាដំបូងនោះ គឺពាក់ព័ន្ធនឹងម្ដាយខ្លួនត្រូវជនមិនស្គាល់ វាយរបួសក្បាល ក្នុងអំឡុងពេលតវ៉ាដីធ្លី ដែលករណីនេះយូរហើយតុលាការនៅមិនទាន់បានជំនុំជម្រះ ឬកាត់សេចក្ដីនៅឡើយ។

លោក យិន ម៉េងលី៖ «យើងបានទទូចតាំងពីដំបូងថាបញ្ហានេះ វាមិនមែនជាចេតនាបំផ្លិតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ឬទ្រព្យសម្បត្តិអីទេ វាជាការបញ្ចេញមតិរបស់គាត់ ហើយបើអ៊‌ីចឹងយើងមិនចង់ឱ្យការបញ្ចេញមតិ ការរិះគន់ហ្នឹងយកមកធ្វើជាបញ្ហាទេ។ គាត់ទទួលភាពអយុត្តិធម៌ គាត់ទៅបញ្ចេញមតិដែល ទទួលបានអយុត្តិធម៌ដែរគាត់និយាយអ៊‌ីចឹងមែន គាត់ចង់ឱ្យមានដំណើរការស្វែងរកយុត្តិធម៌ គាត់ចង់ឱ្យនិយាយនេះអត់ខុសអីទេអ៊‌ីចឹងយើងចង់ឱ្យតុលាការហ្នឹងដោះលែងពួកគាត់ចេញមកវិញ ហើយតុលាការហ្នឹងទម្លាក់បទចោទទៅ ដើម្បីកុំឱ្យបន្តមានការរិះគន់ប្រព័ន្ធតុលាការយើងបិទសិទ្ធិសេរីភាពអ៊‌ីចឹងទៅ ព្រោះតាមខ្ញុំគិតវីដេអូរបស់គាត់ប្រហែលទាំងមតិជាតិ និងក្នុងប្រទេស ក្រៅប្រទេស គេនឹងលើកតាមវ៉ៃច្រើន ដែលយើងឃើញថាជាបិទសិទ្ធិសេរីភាពទៅគាត់ក្នុងការស្វែងរកយុត្តិធម៌នេះបាទ»។

ប៉ុន្តែលោក អ៊ី រិន្ទ អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់ដែរថា ការផ្សាយផ្ទាល់របស់អ្នកស្រី សុខា មិនមែនមកដើម្បីបញ្ចេញមតិនោះទេ គឺអ្នកស្រីមកបំផ្លិតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ ដូច្នេះប្រសិនជាគ្រាន់តែផ្សាយផ្ទាល់លើបណ្ដាញសង្គមទាក់ទងនឹងការបញ្ចេញមតិ លោកថា គ្មានបទចោទប្រកាន់មកលើអ្នកស្រី អេង សុខា ឡើយ។

លោក អ៊ី រិន្ទ៖ «គ្រាន់តែLive វាមិនមាននេះអីទេ តែគាត់បានមកបំផ្លិតបំផ្លាញទ្រព្យសម្បត្តិរបស់តុលាការ ដូចជាវ៉ៃកញ្ចក់ព័ត៌មាន វ៉ៃអីហ្នឹងខ្ទេចខ្ចីអស់ ហើយនិងសម្ភារៈមួយចំនួនទៀត អ៊‌ីចឹងដូចជាគេចោទពីបទបង្កឱ្យខូចខាតដោយចេតនាទេ»។

អ្នកស្រី ង៉ែត ឃុន សកម្មជនដីធ្លីបឹងកក់។ រូបភាពពីអង្គការលីកាដូ។

មកដល់ពេលកូនស្រីអ្នកស្រី ង៉ែត ឃុន ឃុំខ្លួនក្នុងពន្ធនាគារព្រៃសអស់រយៈពេល ៣ថ្ងៃហើយ ដែលរងបទចោទ «បំផ្លាញទ្រព្យសម្បត្តិសាធារណៈ»។ ស្ដ្រីវ័យចំណាស់ ៨៤ឆ្នាំរូបនេះ ចាត់ទុកការឃុំខ្លួនអ្នកស្រី សុខា ជារឿងអយុត្តិធម៌ ពីព្រោះការផ្សាយតាមហ្វេសប៊ុកគ្រាន់តែអនុវត្តសិទ្ធិបញ្ចេញមតិ ហើយមួយវិញទៀតកូនអ្នកស្រី មានស្មារតីមិនសូវល្អ និងថែមទាំងមានកូនតូចៗនៅក្នុងបន្ទុក។

អ្នកស្រី ង៉ែត ឃុន៖ «ប្រសិនចោទកូនខ្ញុំថាមានវ៉ៃកញ្ចក់អាហ្នឹងបែកអ៊‌‌ីចឹងអី សុំឱ្យតុលាការឈប់ចោទប្រកាន់កូនខ្ញុំ ព្រោះកូនខ្ញុំមានសតិអារម្មណ៍អត់សូវល្អដូចមុនទេក្មួយ វាត្រូវប្រកាច់ៗភ្លឹង វាមានបញ្ហាប្រសៃប្រសាទផង អ៊‌ីចឹងវាចេះតែវ៉ៃ ពេលណាប្រកាច់ៗ ពេលណាជាៗអ៊‌ីចឹងទៅ ហើយដល់អ៊‌ីចឹងសុំឱ្យតុលាការហ្នឹងអត់ទោសឱ្យវាផង កុំឱ្យវាហ្នឹងចូលទៅក្នុងពន្ធនាគារ ខ្ញុំអារម្មណ៍ខ្ញុំភ័យខ្លាចកូនប្រកាច់ក្នុងហ្នឹងស្លាប់អត់អ្នកមើល អត់អ្នកជួយ»៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង