អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសបញ្ចប់វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ។ គយនិងរដ្ឋករកម្ពុជា បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ស្តីពីការបញ្ចប់វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ក្រោយផ្អាកមួយរយៈក្នុងការនាំចូលគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ។
កម្ពុជាបានហាមឃាត់ការនាំចូល គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ជាបណ្តោះអាសន្ននេះ ជាង១ឆ្នាំមកហើយ ចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ ផលិតផលដែលត្រូវបានហាមឃាត់នេះ មានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក,សាច់ និងគ្រឿងក្នុងមាន់បង្កក។ ចំណែក ពោះវៀន, ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ។
ក៏ប៉ុន្តែការហាមឃាត់នេះត្រូវផុសសុពលភាពត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ មានន័យថា ចាប់ពីថ្ងៃទី១៣ ខែមីនានេះ ការនាំចូលមុខទំនិញគ្រឿងក្នុង សត្វជ្រូកបង្កក មកកម្ពុជា អាចធ្វើឡើងជាប្រក្រតីឡើងវិញ ដោយអនុលោមតាមអនុក្រឹតស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់៕