
យុវជន និងអ្នកជំនាញផ្នែកសុខភាព មួយចំនួនយល់ឃើញថាកត្តាបទដ្ឋានសង្គម វប្បធម៌ ប្រពៃណីដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរបានរាំងស្ទះ ការបញ្ជ្រាប ការជជែកដេញដោល ការសិក្សាឱ្យបានទូលំទូលាយ និងស៊ីជម្រៅ ទាក់ទងពីប្រធានបទ ផ្លូវភេទ និងសិទ្ធិសុខភាពបន្តពូជជាសាធារណៈ។ ពួកគេយល់ថាកត្តាទាំងនេះបានផ្ដល់ផលអាក្រក់ដល់សង្គមជាតិ ជាពិសេស ស្ត្រី ក្មេងស្រី និងក្រុមអ្នកស្រលាញ់ភេទដូចគ្នា។
និស្សិតផ្នែកគណនេយ្យនៅសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ កញ្ញា ទឹម សាវន អាយុ២៣ឆ្នាំ យល់ឃើញថា សិទ្ធិសុខភាពបន្តពូជ បញ្ហាសុខភាពផ្លូវភេទ ការរួមភេទដោយសុវត្ថិភាព ជម្រើសនៃការបន្តពូជ ការជ្រើសរើសដៃគូ នៅមិនទាន់បានផ្សព្វផ្សាយដល់សាធារណជនលក្ខណៈបើកចំហតាមរយៈការសិក្សារៀនសូត្រនោះទេ។ យុវតី សាវន យល់ថាការមិនបានពន្យល់ និងផ្សព្វផ្សាយទាំងនេះហើយទើបធ្វើឱ្យយុវជន និងពលរដ្ឋមួយក្រុមទទួលបានការវាយតម្លៃមិនល្អពីពីមជ្ឈដ្ឋានជុំវិញខ្លួន និងមានភាពខ្មាសអៀន ដោយសារតែផ្នត់គំនិតសង្គម គិតថាស្ត្រី ឬក្មេងស្រី មិនគួរលើកយកប្រធានបទទាក់ទងផ្លូវភេទ ឬការបន្តពូជមកជជែកពិភាក្សាជាសាធារណៈនោះទេ។
កញ្ញា លើកឡើងថា៖ «ខ្ញុំគិតថាវាជះឥទ្ធិពលខ្លាំង ដោយសារតែពួកគាត់ជាអ្នកទទួលរងផ្នត់គំនិតអស់ហ្នឹងអ៊ីចឹងគាត់អត់ហ៊ាន ទៅស្រាវជ្រាវ ឬក៏ទៅរកព័ត៌មានអស់នឹងមកទេ ដោយសារតែគាត់មានការអៀនខ្មាស និងខ្លាចសង្គមនឹងរើសអើង ឬមួយក៏មានអាផ្នត់គំនិតហ្នឹង»។
បន្ថែមពីនេះ កញ្ញា ឱ្យដឹងទៀតថាផលប៉ះពាល់ដោយសារកត្តាកង្វះចំណេះដឹងទាក់ទងសិទ្ធិសុខភាពបន្តពូជ និងសុខភាពផ្លូវភេទបាននាំឱ្យយុវជន និងពលរដ្ឋមួយចំនួនប្រឈមនូវជំងឺជាច្រើនជាពិសេសនៅពេលអនាគតអាចឆ្លងជំងឺដែលពិបាកព្យាបាល ឬមិនអាចព្យាបាលតែម្ដង ហើយអាចឈានដល់ការបាត់បង់អាយុជីវិតផងដែរ។ ក្រៅពីនេះ កញ្ញាថានៅពេលដែលយុវជន និងពលរដ្ឋមួយចំនួនមិនបានយល់ដឹងទាក់ទងពីសិទ្ធិសុខភាពបន្តពូជ អាចបង្កឱ្យ ស្ត្រី ជាពិសេសក្មេងស្រី រៀបការទាំងនៅវ័យក្មេង និងមានកូនទាំងវ័យក្មេង ហើយមានកូនដោយមិនបានត្រៀមទុកជាមុនដែលបណ្ដាលឱ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។
កញ្ញា ទឹម សាវន បន្ថែមថា៖ «យើងមើលឃើញក្នុងសង្គមជាក់ស្ដែង សព្វថ្ងៃហ្នឹងវាសម្បូរមែនទែន ពាក់ព័ន្ធជាមួយនឹងការមានកូនដោយអត់បានត្រៀមទុក ទាំងអាយុគាត់នៅក្មេង ជួនកាលមាន១៣ឆ្នាំមានគភ៌ក៏មានដែរ អញ្ចឹងនៅពេលគាត់មានបញ្ហាអស់នឹងវាធ្វើឱ្យគាត់ខូចអនាគត។»
មិនសូវខុសគ្នានោះទេ យុវជន អ៊ីត សុខា បច្ចុប្បន្ននធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែងនៅក្រុងភ្នំពេញ បានលើកឡើងថា ការណ៍ដែលមិនមានចំណេះដឹងទាក់ទងនឹងសុខភាពផ្លូវភេទបានផ្ដល់ផលអាក្រក់ដល់មនុស្សរស់នៅក្នុងសង្គមទាំងមូលជាពិសេសស្ត្រី ព្រោះពួកគេជាអ្នកពរពោះ ផ្ដល់កំណើត និងត្រូវប្រឈមមុខខ្ពស់នឹងបញ្ហានានា។
កញ្ញា អ៊ីត សុខា ថា៖«បើនិយាយពីអ្នកដែលរងផលប៉ះពាល់គឺមនុស្សគ្រប់គ្នាសុទ្ធតែរងផលប៉ះពាល់ ប៉ុន្តែសួរថា អ្នកដែលរងប៉ះពាល់ខ្លាំងជាងគេគឺស្ត្រី និងក្មេងស្រី។»
គេហទំព័រ អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានចុះផ្សាយអត្ថបទអំពី ជើងឯកសម្រាប់ការផ្លាស់ប្តូរផ្នែកសុខភាពផ្លូវភេទ និងផ្លូវភេទ កាលពីខែឧសភា កន្លងទៅបានបង្ហាញថាប្រទេសកម្ពុជាមានក្មេងជំទង់ និងយុវជនប្រថុយនឹងលទ្ធផលសុខភាពមិនល្អ តាមរយៈកង្វះលទ្ធភាពទទួលបានព័ត៌មានសំខាន់ៗអំពីសុខភាពបន្តពូជ និងសិទ្ធិរបស់ពួកគេ ព្រមទាំងសមភាពយេនឌ័រ និងអំពើហិង្សាផ្អែកលើយេនឌ័រ។ របាយការណ៍នេះរកឃើញថាមានបុរសវ័យក្មេងចំនួន ៤.៨ភាគរយ និង ស្ត្រីវ័យក្មេងចំនួន ១៦.៥ភាគរយបានរួមភេទដំបូង ក្នុងនោះក្មេងស្រីជំទង់មាន ៩ភាគរយ មានផ្ទៃពោះដែលភាគច្រើនរស់នៅតំបន់ជនបទ ខណៈដែលការរៀបការនៅវ័យក្មេងនៅមាន ១៧,៩ ភាគរយ។
ស្រដៀងគ្នានេះដែរ និស្សិតវិទ្យាស្ថានជាតិអប់រំ (NIE) លោក ឃន វុទ្ធី អាយុ២៤ឆ្នាំ យល់ឃើញថា សង្គមបច្ចុប្បន្នមិនសូវជាឱ្យតម្លៃចំពោះចំណេះដឹងទាក់ទងពីបញ្ហាផ្លូវភេទ និងសិទ្ធិសុខភាពបន្តពូជនោះទេ ព្រោះលោកឃើញថានៅមានសាធារណជនមួយចំនួននៅខ្វះការយល់ដឹងលើផ្នែកនេះ ហើយមនុស្សមួយចំនួនគិតថាជារឿងមិនល្អ មិនសមរម្យ និងចាត់ទុកជារឿងកំប្លែង សើចសប្បាយទៅវិញនៅពេលមានការជជែកពាក់ព័ន្ធនឹងបញ្ហាផ្លូវភេទ និងសិទ្ធិសុខភាពបន្តពូជ។
លោក ឃន វុទ្ធី ថា៖ «ឱ្យតែនិយាយទាក់ទងទៅនឹងផ្លូវភេទ អ្នកខ្លះនិយាយចំផ្នែកណាមួយទៅវាសើច […] ធ្វើជារឿងកំប្លែង ធ្វើជាអី អញ្ចឹងទៅ»។
បន្ថែមពីនេះ លោកបានបន្ថែមថា ដោយសារតែបញ្ហាបទដ្ឋានសង្គម ផ្នត់គំនិតដែលមានការរើសអើងរវាងបុរស និងស្ត្រី ដែលបានលើកតម្កើងបុរសដោយប្រៀបធៀបទៅនឹងមាសទឹក១០ដែលមានន័យថាតម្លៃបុរសមិនងាយបាត់បង់បើទោះជាមានដៃគូរួមភេទច្រើនដង ដែលផ្ទុយពីមនុស្សស្ត្រីត្រូវបានរងសម្ពាធ និងមាក់ងាយនៅពេលមនុស្សស្រី មានដៃគូរច្រើន។
ដោយឡែក បុគ្គលិកនៅសាលាអន្តរជាតិមួយនៅក្នុងរាជធានីភ្នំពេញ កញ្ញា ប៉ែន ស្រីប៉ុច យល់ថាផ្នត់គំនិតសង្គមជាកត្តាមួយដែលពិបាកឱ្យសាធារណជនជជែកដេញដោលគ្នាឬសិក្សាពីចំណេះដឹងទាំងអស់នោះ ហើយសង្គមនៅតែហាមប្រាមមិនឱ្យក្មេងជំនាន់ក្រោយយល់ដឹងព្រោះគិតថាជារឿងអសីលធម៌ មិនគួរលើកយកមកនិយាយនោះទេ។
កញ្ញា ស្រី ប៉ុច ថា៖ «នៅក្នុងសង្គមឱ្យតែនិយាយពីការ រួមភេទ ឬក៏បញ្ហាផ្លូវភេទ គឺអាចនិយាយបានថាពួកគាត់ អត់ឱ្យយល់ដឹងស៊ីជម្រៅទេ អាចថាគាត់ជាក្មេងស្រី អ៊ីចឹងទៅភាគច្រើន គាត់អត់សូវឱ្យយល់ដឹងជ្រៅមែនទែនទេ។»
យុវជន ប៉ុន វាស្នា ជាអ្នកស្រលាញ់ភេទដូចគ្នា បានចែករំលែកទាក់ទងពីបទពិសោធថាលោកនៅមានភាពខ្មាស់អៀនក្នុងការជជែកដេញដោលទាក់ទងពីប្រធានបទនេះព្រោះថាសង្គមនៅមិនទាន់បើកចិត្តសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ផ្ដល់ភាពកក់ក្ដៅ និង បើកទូលលាយក្នុងការជជែក និងសិក្សាអំពីបញ្ហាសុខភាពផ្លូវភេទ និងការបន្តពូជនេះបានស៊ីជម្រៅនោះទេ។
លោក ប៉ុន វាស្នា ថា៖ «ទាក់ទងជាមួយនឹងសង្គមមិនទាន់មានសិទ្ធិ ទូលំទូលាយក្នុងការវែកញែកពិភាក្សាទៅលើរឿងនឹងដែលធ្វើឱ្យក្រុមមនុស្សដែលស្រលាញ់ភេទដូចគ្នាហ្នឹង មានអារម្មណ៍ទទួលបានភាពកក់ក្ដៅក្នុងការចែករំលែកនូវការសិក្សាអំពីបញ្ញាសុខភាពផ្លូវភេទ និងការបន្តពូជហ្នឹង។»
យុវជនរូបនេះបន្ថែមទៀតថា កត្តាកង្វះចំណេះដឹងទាក់ទងសិទ្ធិសុខភាពបន្តពូជ និងបញ្ហាសុខភាពផ្លូវភេទ អាចប៉ះពាល់ដល់ ស្ត្រី និងក្មេងស្រី ធ្វើឱ្យស្ត្រី និងក្មេងស្រីប្រឈមនឹងទទួលរងការបៀតបៀន ទាំងផ្លូវកាយ និងសុខភាពផ្លូវចិត្ត ប្រឈមនឹងការឆ្លង និងចម្លងមេរោគផ្សេងៗ ប៉ះពាក់ដល់សង្គមជាតិ វិបត្តិសង្គមកើនឡើងនៅជំងឺកាមរោគ និងជំងឺឆ្លងផ្សេងៗ បាត់បង់ធនធានមនុស្ស ព្រោះថាដើម្បីសង្គមអាចអភិវឌ្ឍទៅបានគឺចាំបាច់បំផុតត្រូវមានធនធានមនុស្សដែលមានចំណេះដឹង មានទេពកោសល្យ មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តផងដែរ។
ងាកមក និស្សិតកំពុងបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រក្នុងទីក្រុងភ្នំពេញ កញ្ញា រាជ្យ សុខជា លើកឡើងថា ស្រ្តី និងក្មេងស្រី មានជំងឺ ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយសារដៃគូររបស់ពួកគេមិនមានទំនួលខុសត្រូវ និងត្រៀមរួចរាល់ក្នុងការមានផែនការគ្រួសារជាមួយគ្នាទេនោះវាបង្កឱ្យមានហានិភ័យចំពោះស្ត្រី មានកូនច្រើនលើសពីផែនការកំណត់ ឬអាចបណ្ដាលឱ្យមានក្មេងកំព្រា ប៉ះពាល់ជីវភាពរស់នៅ ធ្វើឱ្យបាត់បង់ចំណូល និង ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារផងដែរ។
កញ្ញា រាជ្យ សុខជា ថា៖ «មានបញ្ហាគឺដូចថាគាត់មានកូនតែខ្វះឪពុកអញ្ចឹង កូនញឹក ជួបជំងឺបាក់ទឹកចិត្ត សុខភាពចុះខ្សោយ និងមានជីវភាពក្រីក្រ និយាយថាជីវភាពគាត់កាន់តែដាបជាងមុនអញ្ចឹងទៅណា ហើយទាក់ទងចំពោះសុខភាពផ្លូវភេទ មានការចម្លងរោគ មានជំងឺបាក់ទឹកចិត្ត រងការមើលងាយពីដៃគូ និងមនុស្សជុំវិញខ្លួន។»
យោងតាមអត្ថបទព័ត៌មានរបស់ មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA Cambodia) ចុះផ្សាយកាលពី ខែវិច្ឆិកា ការបង្កើតផ្លូវដើម្បីបញ្ចប់ជំងឺអេដស៍នៅកម្ពុជា និងឡាវបានបង្ហាញថា យុវជននៅតែមានហានិភ័យ ព្រោះ ៤៣ ភាគរយនៃការឆ្លងថ្មីកើតឡើងក្នុងចំណោមយុវជនដែលមានអាយុពី ១៥-២៤ ឆ្នាំនៅក្នុងប្រទេសកម្ពុជា ហើយយុវជនត្រឹមតែ ២៣ ភាគរយដែលមានអាយុពី ១៥ ទៅ ២៤ ឆ្នាំប៉ុណ្ណោះដែលមានចំណេះដឹងទូលំទូលាយអំពីមេរោគអេដស៍។ កត្តាប្រឈមដែលសំខាន់ គឺដោយសារប្រទេសនៅតែប្រឈមមុខបញ្ហមួយចំនួន រួមមាន បទដ្ឋានសង្គម ការមាក់ងាយ ការរើសអើង និង ឧបសគ្គផ្នែកច្បាប់ សិទ្ធិមនុស្ស សង្គម និងយេនឌ័រ ដែលធ្វើឱ្យប្រជាជនងាយរងគ្រោះនឹងការចម្លងមេរោគអេដស៍ និងរារាំងដល់លទ្ធភាពទទួលបានសេវាការពារ ការព្យាបាល ការថែទាំ និង គាំទ្រមេរោគអេដស៍។
គូបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅ «ការអប់រំបំណិនជីវិត» ស្តីពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទសម្រាប់យុវជនតាមសាលា ដោយការដាក់បញ្ចូលមេរៀនទៅក្នុងកម្មវិធីសិក្សានិង ការផ្សព្វផ្សាយនានា។ ហើយថ្មីៗនេះ តាម មជ្ឈបណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានធ្វើបច្ចុប្បន្នភាពគោលការណែនាំជាតិរួមបញ្ចូលគ្នា ស្តីពីការធ្វើតេស្តរកមេរោគអេដស៍នៅ ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៤ ដែលត្រូវអនុវត្តន៍នៅក្នុងមូលដ្ឋាន សុខាភិបាល ទាំងសាធារណៈ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
ជាគិលានុបដ្ឋាយិកាផ្នែករោគស្ត្រី នៅមន្ទីរពេទ្យរដ្ឋមួយកន្លែងក្នុងក្រុងភ្នំពេញ និងបានបញ្ចប់ការសិក្សាជំនាញផ្នែកឆ្មបផងដែរ លោកស្រី លន់ សុបញ្ញា យល់ឃើញថា បើសិនជាមិនបានយល់ច្បាស់ទាក់ទងខុសភាពបន្តពូជ និងសុខភាពផ្លូវភេទទេ ក្មេងស្រី និងស្ត្រី អាចប៉ះពាល់ដល់អនាគត ទាក់ទងនឹងការរៀបចំគម្រោងត្រឹមត្រូវក្នុងការមានគ្រួសារ មានកូនទាំងនៅក្មេង បង្ខំចិត្តផ្លាស់ប្ដូរទីលំនៅដោយកត្តាសង្គមរើសអើង ប៉ះពាល់ដល់ការសិក្សា និង សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។
លោកស្រី លន់ សុបញ្ញា ថា ៖«អ្នកខ្លះអាចឈានដល់ការមានកូនមានអីទៅទៀតដោយការភ្លើតភ្លើនមួយរយះពេលរបស់គាត់ហា៎។»
លោកស្រី បន្ថែមថា ដើម្បីផ្សព្វផ្សាយចំណេះដឹងទាក់ទងសិទ្ធិសុខភាពបន្តពូជ និងបញ្ហាសុខភាពផ្លូវភេទ តម្រូវឱ្យមនុស្សគ្រប់រូបបើកចិត្តទូលាយក្នុងការសិក្សា ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានស៊ីជម្រៅបន្ថែមទៀតទៅតាមសាលារៀនគ្រប់កម្រិត តាំងពីកម្រិតតូច រហូតដល់កម្រិតវិទ្យាល័យ។
លោកស្រី លន់ សុបញ្ញា ថា ៖ «ខាងសាលារៀនគឺជាសាលាដែលបណ្ដុះបណ្ដាល គួរឱ្យក្មេងៗដែលគាត់កំពុងតែនៅវ័យសិក្សា ឱ្យគាត់បានយល់ច្បាស់ថាតើអ្វីទៅជាសុខភាពបន្តពូជ។»
អ្នកជំនាញពិគ្រោះយោបល់ ប្រចាំនៅសមាគម គ្លីនិកឈូកស លោក ឈុន លាង បានលើកឡើងថា តាមការសង្កេតកន្លងមក មេរោគអេដស៍ និងជំងឺកាមរោគ ដែលឆ្លងតាមការរួមភេទនោះ មានដូចជា ជំងឺស្វាយ ប្រមេះទឹកបាយ ប្រមេះទឹកថ្លា សេមាន់ ផ្សិត មានការកើនឡើងជាងមុន ក្នុងស្រទាប់យុវជននាពេលបច្ចុប្បន្ននេះ។
លោក ឈុន លាង បន្តទៀតថា កត្តាផ្នត់គំនិតសង្គមបានធ្វើឱ្យ យុវជនមានភាពខ្មាសអៀន ភ័យខ្លាច មិនមានភាពក្លាហាននោះទេ ក្នុងការស្វែងរកជំនួយ ទិញសម្ភារៈប្រើប្រាស់មានស្រោមអនាម័យ ឬសេវាកម្មផ្សេងៗនោះទេ ដែលជាមូលហេតុកើតមានជាបញ្ហាទៅលើសុខភាពផ្លូវភេទ សុខភាពបន្តពូជ។
លោក ឈុន លាង ថា៖ «ខ្ញុំជួបអតិថិជនច្រើនគាត់ថាគាត់អត់ហ៊ានទៅទិញទេ រឿងស្រោមអនាម័យការពារឬក៏អីផ្សេង គាត់ខ្មាស់អ្នកលក់ បើអ្នកលក់ស្រីផងអីទៀត គឺគាត់រិតតែអត់ហ៊ានអញ្ចឹងណា។»
ជាមួយគ្នានេះដែរ លោក ឈុន លាង ចង់ឱ្យយុវជន មានភាពក្លាហានក្នុងការចែករំលែក សិក្សាស្វែងយល់បន្ថែម និងចេះថែរក្សាសុខភាពផ្លូវភេទ និងយល់ដឹងពីសិទ្ធិបន្តពូជ ដើម្បីការពារខ្លួនពីជំងឺឆ្លង ជំងឺកាមរោគទាំងឡាយ ជាពិសេសជំងឺអេដស៍។
លោក ឈុន លាង បន្ថែមថា៖«ខ្ញុំចង់ឱ្យគាត់ក្លាហានហ៊ានក្នុងការសួរមតិយោបល់ពីអ្នកដែលគាត់មានជំនាញ ឬក៏មានវិជ្ជាជីវៈរឿងការបន្តពូជ សុខភាពបន្តពូជហ្នឹងណា។ ហើយមួយទៀត ខ្ញុំចង់ឱ្យគាត់ចេះបង្ការខ្លួនឯង។»
និយមន័យរបស់ជាសកលរបស់អង្គការ សុខភាពពិភពលោកកំណត់ថា សុខភាពផ្លូវភេទជាស្ថានភាពនៃសុខុមាលភាពផ្លូវកាយ អារម្មណ៍ ផ្លូវចិត្ត និងសង្គមដែលទាក់ទងនឹងការរួមភេទ។ វាមិនគ្រាន់តែជាអវត្ដមាននៃជំងឺផ្សេងៗ ការខូចមុខងារ ឬភាពទន់ខ្សោយនោះទេ។ សុខភាពផ្លូវភេទតម្រូវឱ្យមានវិធីសាស្រ្តវិជ្ជមាន និងគួរឱ្យគោរពចំពោះការរួមភេទ និងទំនាក់ទំនងផ្លូវភេទ ក៏ដូចជាលទ្ធភាពនៃការទទួលបានបទពិសោធន៍ផ្លូវភេទប្រកបដោយភាពរីករាយ និងសុវត្ថិភាព ដោយមិនមានការបង្ខិតបង្ខំ ការើសអើង និងអំពើហិង្សា ហើយមានសិទ្ធិ ទទួលបានសេវាថែទាំសុខភាពដែលមានជំនាញ និងសេវាកម្មដែលអាចជួយឱ្យពួកគេមានមានសុវត្ថិភាព។
នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បញ្ហាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ គឺជាមូលហេតុចម្បងនៃការមានសុខភាពមិនល្អ និងអត្រាស្លាប់ខ្ពស់ចំពោះស្ត្រី និងកុមារីក្នុងវ័យបង្កើតកូន។ ស្ត្រីក្រីក្រទទួលរងហានិភ័យ ការមានផ្ទៃពោះដោយអចេតនា ការរំលូតកូនដោយមិនមានសុវត្ថិភាព ការស្លាប់របស់មាតា និងពិការភាព ជំងឺឆ្លងតាមការរួមភេទ អំពើហិង្សាផ្អែកលើយេនឌ័រ និងបញ្ហាផ្សេងទៀតទាក់ទងនឹងការមានផ្ទៃពោះ និងការសម្រាលកូន៕
អត្ថបទបេក្ខជនជ័យលាភី កញ្ញា គង់ ស្រីរ័ត្ន និងកញ្ញា ម៉ិច ជូឡាយ ឧបត្ថម្ភដោយ UNFPA