ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានបន្តចោទគណបក្សកាន់អំណាចថា មិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ តែមន្ត្រីរដ្ឋាភិបាលបដិសេធការចោទប្រកាន់នេះ។ ចំណែកមន្ត្រីសង្គមស៊ីវិល មើលឃើញថា ប្រទេសកម្ពុជា បានគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស បានតិចតួច។ លោកធូ វិរៈ រាយការណ៍ព័ត៌មាននេះ៖
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែង កាលពីថ្ងៃទី ០២ ខែ កញ្ញានេះ ថាគណបក្សគ្រោងនឹងដាក់ញត្តិទៅកាន់ប្រទេសហត្ថលេខីនៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសទាំងអស់។
លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា ក្រៅពីដាក់ញត្តិទៅម្ចាស់ប្រទេសហត្ថលេខី គណបក្សសង្គ្រោះជាតិ ក៏នឹងដាក់ញត្តិទៅប្រទេសជាសមាជិកអាស៊ានផងដែរ។
លោក អេង ឆៃអ៊ាង៖«ខ្លឹមសារនាំញត្តិនិងគឺ យើងនិងបង្ហាញប្រាប់ទៅប្រទេសហត្ថលេខីឲ្យបាន ជ្រាប់ច្បាស់ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងធ្វើដំណើរឃ្លាតចាកពីស្មារតីកិច្ចព្រមព្រៀងទីក្រុងបារីស និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសដំណើរការគោលនៃការអនុវត្តន៍លិទ្ធិប្រជា ធិបេតេយ្យសេរីពហុបក្ស»។
ការប្រកាន់ជំហររបស់ គណបក្សសង្គ្រោះជាតិ ធ្វើឡើង ស្របពេល ខួបលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ នឹងមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា រាជរដ្ឋាភិបាលមិនគោរពកិច្ចព្រមព្រៀងទីក្រុងបារីស ២៣ តុលា ដោយលោកអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសបានអស់សពុភាព ទៅហើយ។
អ្នកនាំពាក្យរូបនេះជឿជាក់ថា ម្ចាស់ប្រទេសហត្ថលេខីនឹងគ្មានចំណាត់ការ ទៅលើញត្តិរបស់ គណបក្សសង្គ្រោះជាតិ ដែលលោកថា ប្រទេសកម្ពុជាមិនស្ថិតនៅក្នុងស្ថានភាព ធ្ងន់ធ្ងរនោះទេ។
លោក សុខ ឥសាន្ត៖«ទីក្រុងបារីសវាចប់តាំងពីឆ្នាំ ៩៣ វាអត់មានសពុភាព រហូតដល់សព្វថ្ងៃទេ ពេលដែលយើងបោះឆ្នោតហើយ បង្កើតរដ្ឋធម្មនុញ្ញថ្មីមួយ យើងបង្កើតរដ្ឋមួយដែលហៅថាព្រះរាជាណាចក្រកម្ពុជា វាមានរដ្ឋាភិបាលស្របច្បាប់ មានឯករាជ្យជាតិ មានបូរណៈភាពទឹកដី ដលញ្ចឹងវាគ្មានកិច្ចព្រមព្រៀងបារីស មកគ្រប់ដណ្តប់ មកលើរាជរដ្ឋាភិបាលបច្ចុប្បន្នទេ»។
លោក គល់ បញ្ញា អ្នកឃ្លាំមើលកិច្ចការបោះឆ្នោតនៃអង្គការ Comfrel យល់ឃើញថា ក្នុងរយៈពេលខួប ២៥ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលាការ គឺប្រទេសកម្ពុជា បានគោរពតាមបានតិចតួច ដែលលោថាការគោរពសិទ្ធិមនុស្សធ្លាក់ចុះ រួមទាំងមានការគំរាម កំហែងអង្គការសង្គមស៊ីវិលនិងបក្សនយោបាយ។
លោក គល់ បញ្ញា៖«យើងឃើញមានវិស័យខ្លះវាមានការប្រឈម ហើយវាកំពុងជួបបញ្ហា ដែលយើងមិនបានអនុវត្តន៍កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ជាពិសេសបានពេញលេញ វិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យយើងនៅមានចំនុចប្រឈម និងកិច្ចការខ្លះកំពុងតែស្ថិតនៅចំនុចហានិភ័យមួយដែលមិនឲ្យមានរីកចំរើន»។
ទោះបីយ៉ាងណា លោក គល់ បញ្ញា ថា រយៈពេល ២៥ ឆ្នាំនេះ ប្រទេសកម្ពុជាបានធ្វើឲ្យកំណើនសេដ្ឋកិច្ចមានការកើនឡើងក្នុងរង្វង់ ៧ ភាគរយ។
គួរំលឹកថាកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាដំណោះស្រាយ ប្រវត្ដិសាស្ដ្រមួយ ជួយបញ្ចប់សង្គ្រាមស៊ីវិល នៅប្រទេសកម្ពុជាដោយនាំមកនៅសន្ដិភាព ការបង្រួបបង្រួមជាតិ និងលទ្ធិប្រជាធិបតេយ្យ។
កិច្ចព្រមព្រៀងជាប្រវត្ដិសាស្ដ្រពិភពលោកនេះធ្វើឡើង នៅទីក្រុងប៉ារីប្រទេសបារាំងដោយមានប្រទេស ១៨ ជាភាគីជួយបញ្ចប់ជម្លោះរបស់ប្រទេសកម្ពុជា ក្នុងនោះមានប្រទេសមហាអំណាចទាំងប្រាំ និងក្រុមប្រឹក្សាសន្ដិសុខនៃអង្គកាសហប្រជាជាតិផងដែរ។ កិច្ចព្រមព្រៀងនេះតម្រូវឲ្យកម្ពុជាអនុវត្ដន៍គោលនយោបាយសេរីពហុបក្ស ការគោរពសិទ្ធិមនស្សជាមូលដ្ឋាន ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រទេស ដើរតាមគន្លងប្រជាធិបតេយ្យ៕