ភ្នំពេញ៖ យ៉ាងហោចណាស់ជនបរទេសសរុបចំនួន ២៣០នាក់ ក្នុងនោះមានស្រី ៦៨នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញក្នុងប្រតិបត្តិការចុះបង្រ្កាបទីតាំងលួចលាក់បើកល្បែងអនឡាញខុសច្បាប់ ចំនួនពីរកន្លែងស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ និងទី២៣ ខែកុម្ភៈឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី២៤ ខែកុម្ភៈនេះ។
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជនសង្ស័យជាជនបរទេសទាំង២៣០នាក់នោះ មានជនជាតិថៃចំនួន ១២៣នាក់ ក្នុងនោះមានស្រ្តី៥៩នាក់ ដោយគរបាលជាតិកម្ពុជានឹងស្នើសុំកិច្ចសហការជាមួយនគរបាលថៃ ឈានទៅកំណត់មុខសញ្ញាមេក្លោងសំខាន់ៗដទៃទៀត ដើម្បីចាប់ខ្លួនមេក្លោងយកមកអនុវត្តតាមផ្លូវច្បាប់។ ចំពោះជនបរទេសផ្សេងទៀត សមត្ថកិច្ចកម្ពុជាកំពុងធ្វើការសាកសួរ និងចាត់វិធានតាមច្បាប់ផងដែរ។
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ។
សូមបញ្ជាក់ថា ប្រតិបត្តិការឆ្មក់ចូលបង្រ្កាបទីតាំងទាំងពីរខាងលើ ដែលស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើឡើងបន្ទាប់សមត្ថកិច្ចចំណាយពេលជាងបីខែក្នុងការស្រាវជ្រាវស៊ើបអង្កេតទីតាំងខាងលើ ដោយសង្ស័យថា ទីតាំងនោះមានជនបរទេសកំពុងសំងំ លាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់។ ជាការសន្និដ្ឋានបឋម ជនបរទេសទាំង ២៣០នាក់ខាងលើនេះ អាចមានមេក្លោងជាជនជាតិចិន ហើយជនបរទេសដែលឃាត់ខ្លួនបានពួកគេព្រមទទួលយកការងារខុសច្បាប់នេះធ្វើដោយស្ម័គ្រចិត្ត ហើយបានរស់នៅក្រោមស្ថានភាពធម្មតា៕