loader

សកម្មភាពខ្លាំងក្នុងការឃោសនាបោះឆ្នោតមានតែបក្សកាន់អំណាច

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានបន្តចេញ សេចក្ដីប្រកាសព័ត៌មាន រៀងរាល់ ថ្ងៃ របស់ខ្លួន ចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនា ដំបូង ដោយ ស្រង់ស្ថិតិរបាយការណ៍គណៈកម្មាធិការបោះឆ្នោតខេត្ត-ក្រុង ហើយ ធ្វើការកត់សម្គាល់អំពីសកម្មភាពឃោសនា របស់បក្សនិមួយៗ ។ តាមសេចក្ដីប្រកាសព័ត៌មាននេះ ឃើញថា បក្សធំតែមួយគត់ដែល ធ្វើសកម្មភាពច្រើននិងធំជាងគេ គឺបក្សកាន់អំណាច។  តាមរយៈនេះ ត្រូវបានអ្នកវិភាគ គិតថា បក្សកាន់អំណាចអាចធ្វើពិធីអបអរជ័យជម្នះ មុន រង់ចាំលទ្ធផល ដែលលោកថាបក្សតូចៗទំនងជាពិបាករកសន្លឹកឆ្នោតណាស់។

ស្តាប់ការរាយការណ៍របស់លោក សេរី វឌ្ឍនៈ៖ 

នៅប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងចាប់ផ្ដើមហើយ។ នៅអំឡុងពេលនេះ ការឃោសនា នៅតែបន្ត។ តែភាពសកម្មរបស់បក្សនយោបាយ ឃើញលិចធ្លោជាងគេ គឺបក្សកាន់អំណាចដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី។ ភាពលិចធ្លោ ត្រូវបានគេកត់សម្គាល់ឃើញតាមរយៈការចុះឃោសនា រកសំឡេងឆ្នោត នៅបណ្ដាខេត្តដោយការគៀងគរអ្នកគាំទ្រមកជួបជុំគ្នា ហើយ ថ្នាក់ដឹកនាំ ឡើងថ្លែងសារនយោបាយ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដែលចេញផ្សាយរៀងរាលថ្ងៃ បានធ្វើការលំអិត ពីសកម្មភាពបក្សនយោបាយនីមួយៗ ធ្វើការឃោសនា និងជួបជុំអ្នកគាំទ្រ។ គណបក្សប្រជាជនកម្ពុជា ធ្វើសកម្មភាព រាល់ថ្ងៃ ហើយមានក្បួន ហែធំៗជាច្រើន ហើយមានអ្នកចូលរួម រាប់ពី៥ពាន់នាក់ទៅ ជាងមួយម៉ឺន នាក់ ឬច្រើនជាងនេះទៀត ហើយបើមាន មេដឹកនាំកំពូលរបស់បក្សចូលរួមគឺលើក ជាង២ម៉ឺននាក់ក៏មាន។ តែសម្រាប់ គណបក្ស ហ្វ៊ុនស៊ីនប៉ិច ដែលធ្លាប់ឈ្នះឆ្នោត នៅឆ្នាំ ១៩៩៣ កាលពីអាណត្តិដំបូង ហើយបច្ចុប្បន្នដឹកនាំដោយ សម្ដេចក្រុមព្រះ មានសកម្មភាពឃោសនា រាល់ថ្ងៃដែរ តែ សកម្មភាពមិនច្រើនឡើយ បើធៀបនឹងបក្សកាន់អំណាច ។ ចំណែកគណបក្ស សម្ព័ន្ដដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែររួបរួមជាតិ ក៏មានសកម្មភាពដែរតែមិនធំឡើយ។ តាមរយៈរបាយការណ៍ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បក្សទាំងបីនេះ មានអ្នកគាំទ្រក្នុងការហែរក្បួនឬ ចូលរួមស្ដាប់សារនយោបាយ មានប្រហែល ២០០ នាក់ នៅតាមបណ្ដាខេត្ត។ តែតាមថ្ងៃខ្លះមានលើសនេះហើយ។ ចំណែក ឯបក្ស ផ្សេងៗទៀត មានតែដើរចាក់មេក្រូ តាមរយៈម៉ូតូ តិចតួចប៉ុណ្ណោះ។

តាមរយៈនេះនាំអោយមានការចោទសួរថាតើ លទ្ធផលទៅជាយ៉ាង សម្រាប់បក្សផ្សេងៗ លើកលែងបក្សកាន់អំណាច។

លោក បណ្ឌិតមាសនី អ្នកវិភាគ បញ្ហាសង្គមនិងនយោបាយ បានធ្វើការកត់សម្គាល់ថា បក្សតូចៗ ឬធំល្មមក្ដី ទំនងជាពិបាករកសន្លឹកឆ្នោតនៅថ្ងៃបោះឆ្នោត។ លោកគិតថា ការបោះឆ្នោតអាណត្តិនេះ មិនដូចអាណត្តិឆ្នាំ២០១៣នោះទេ ដែលការឃោសនា មានការទាក់ទាញខ្លាំង ហើយសន្ទុះអ្នកបោះឆ្នោតហាក់ដូចរង់ចាំតែថ្ងៃបោះឆ្នោត ដើម្បី កាន់សន្លឹកឆ្នោតអោយបក្សដែលខ្លួនពេញចិត្តនិងទុកចិត្តសម្រាប់អនាគតប្រទេសជាតិ។ លោកបន្តថា ការទុកចិត្តលើ គ.ជ.បក៏ជាកត្តាម្យ៉ាងដែរ។ តែលោក ថា បក្សកាន់អំណាច អាចរៀបចំធ្វើពិធីអបអរសាទរ ជ័យជម្នះរបស់ខ្លួនមុនលទ្ធផលបោះឆ្នោតក៏ថាបាន។

សំឡេង លោក មាស នី៖ 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ស្ដីពី ភ្នាក់ងារគណបក្ស នយោបាយ ដែលត្រូវអង្កេតការណ៍នៅតាមការិយាល័យ និងមណ្ឌលបោះឆ្នោត ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាបានតែមួយគត់ដាក់ភ្នាក់ងាររបស់ខ្លួបានទូទាំង ប្រទេសនៃការិយាល័យសរុប ជាង២ម៉ឺន ២ពាន់ ហើយ បន្ទាប់មកគណបក្ស ហ្វ៊ុន ស៊ីនប៉ិច គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ គណបក្ស ខ្មែរ រួបរួមជាតិ។ តែបក្សតូចៗទៀត សឹងរកអ្នកសង្កេតការណ៍មិនបាន ហើយ បក្សខ្លះ គ្មានភ្នាក់ងារសង្កេតការណ៍តែម្ដង។ បើនិយាយពីសកម្មភាពឃោសនា វិញ គឺសឹងតែគ្មានដែរ សម្រាប់នៅបណ្ដាខេត្ត។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា ការឃោសនា របស់បក្សមួយចំនួនដែលមានសកម្មភាពតិចតួចគឺ អាស្រ័យលើ មធ្យោបាយរបស់បក្សទាំងនោះ។ លោកថា សម្រាប់រូបលោក គ្មាន អ្វី អាចថាបក្សនេះ បានការគាំទ្រប៉ុនណានោះទេ គឺអាស្រ័យលើអ្នកបោះឆ្នោត ។

សំឡេង លោក ហង្ស ពុទ្ធា៖ 

នៅក្នុងការបោះឆ្នោតសភាអាណត្តិទី៥កាលពីថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ មានគណបក្សបក្សចំនួន ប្រកួតមាន៨គណបក្ស តែគណបក្ស២ប៉ុណ្ណោះ បានទទួលអាសនៈក្នុងការបោះឆ្នោតនេះ គឺបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិដែលអាណត្តិនេះ អវត្តមាន។ ចំណែក បោះឆ្នោតឃុំសង្កាត់ ខែមិថុនា ឆ្នាំ ២០១៧ មាន តែបក្សទាំងពីរនេះទេ ដែលបានការច្រើនលើសលុបពីអ្នកបោះឆ្នោត។ តែសម្រាប់ អ្នកវិភាគ បានធ្វើសេចក្ដីសរុបថា ការបោះឆ្នោតអាណត្តិថ្មីនេះ គឺជាការធ្វើតេសម្ដងទៀត សម្រាប់បក្សដែលចង់បង្កើត អច្ឆរិយៈរបស់ខ្លួន នៅពេលអវត្តមានបក្ស សង្រ្គោះជាតិ៕  

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ក្រសួងអប់រំចេញសេចក្ដីសម្រេ​ចឲ្យគ្រឹះស្ថានឯកជនរៀបចំការប្រឡងថ្នាក់ទី៩ ទី១២​និងប្រឡង​បញ្ចប់​ឆ្នាំ​នៃថ្នាក់ឧត្ដមសិក្សា

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី [...]

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Hum[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត