en     km
en     km

CPP​ និង​ CNRP​ លាក់បាំង​ព័ត៌មាន​នៃ​ការ​ចរចា​

Share

discussions on amendments-CNRP-CPP
តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានជួបជាមួយនិង តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការជជែកគ្នា ពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតឃុំ-សង្កាត់ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា

​ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​១​ ខែតុលា​ម្សិលមិញ​ បាន​បញ្ចប់​ ដោយ​មិន​បាន​បង្ហាញ​លទ្ធផល​ជា​ដុំ​កំ​ផួ​ន​ដល់​អ្នក​សារព័ត៌មាន​នោះ​ទេ​។​ អ្នកនយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​គ្រាន់តែ​ប្រាប់​ថា​ មាន​ចំណុច​ត្រូវ​រូ​វ​គ្នា​ច្រើន​ ហើយ​ចំណុច​សេសសល់​តិចតួច​ទៀត​ នឹង​ពិភាក្សា​បន្ត​នៅ​ស​ប្ដា​ហ៍​ក្រោយ​  ព្រមទាំង​អះអាង​ផង​ដែរ​ថា​ នឹង​បង្ហាញ​លទ្ធផល​នៅ​ពេល​ក្រោយ​។​

​ក្រោយ​បញ្ចប់​ការ​ពិ​ភក្សា​លើ​ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ និង​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ដែល​ធ្វើ​នៅ​វិមាន​រដ្ឋសភា​ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ទី​១​ ខែតុលា​ ឆ្នាំ​២០១៥​ ម្សិលមិញ​ លោក​ស​ ខេ​ង​ ដែល​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​បាន​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​ការ​ចរចា​នោះ​ទេ​ ដោយ​លោក​បាន​ប្រគល់​ភារៈ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ទៅ​លោក​ប៉ែន​ បញ្ញា​ និង​លោ​កអេង​ ឆៃ​អ៊ា​ង​។​

​ចំណែកឯ​លោក​សម​ រ​ង្ស៊ី​វិញ​ ក៏​មិន​បាន​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការ​ចរចា​នោះ​ដែរ​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ការ​ជួប​ជជែក​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ គឺ​បន្ត​បង្ហាញ​ថា​ វប្បធម៌​សន្ទនា​នៅ​មានជីវិត​នៅឡើយ​។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោ​កអេង​ ឆៃ​អ៊ា​ង​ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា​ ការ​ពិភាក្សា​លើ​ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ គឺ​មានការ​ឯកភាព​គ្នា​ស្ទើរតែ​ទាំងស្រុង​ ឯ​ចំណុច​ដែល​នៅ​សល់​តិចតួច​ នឹង​ត្រូវ​ពិនិត្យ​កែសម្រួល​ ហើយនឹង​ដាក់​ជូន​ថ្នាក់ដឹកនាំ​ជា​ចុង​ក្រោយ​។​ លោ​កអេង​ ឆៃ​អ៊ា​ង​បញ្ជាក់​ថា​ លទ្ធផល​រួម​នៃ​កិច្ចប្រជុំ​ នឹង​ដឹង​នៅ​ស​ប្ដា​ហ៍​ក្រោយ​។​

​ទាក់ទង​នឹង​បញ្ហា​ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់​វិញ​ លោ​កអេង​ ឆៃ​អ៊ា​ង​ ក៏​បញ្ជាក់​ដែរ​ថា​ ប្រហែលជា​នឹង​ត្រូវ​លើក​ទៅ​ពិភាក្សា​រួម​គ្នា​នៅ​ស​ប្ដា​ហ៍​ក្រោយ​។​

Sor Kheng-Sam Rainsy
លោក​ស ខេង ជាមួយលោក​សម​ រ​ង្ស៊ី

​ពាក់ព័ន្ធ​នឹង​ការ​កែទម្រង់​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ឯនោះ​វិញ​ តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​លោក​ប៉ែន​ បញ្ញា​ ដែល​ជា​ប្រធាន​ក្រុម​នីតិកម្ម​ និង​ជា​ប្រធាន​ក្រុម​ជជែក​ពិភាក្សា​ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា​ គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កែសម្រួល​ប្រការ​ចំនួន​១៤​ ក្នុង​ចំណោម​ប្រកា​រទាំង​៨៣​ នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ ។​ លោក​ថា​ នៅ​មាន​ចំណុច​មិន​ទាន់​ត្រូវ​គ្នា​តិចតួច​ប៉ុណ្ណោះ​ ដែល​នឹង​ត្រូវ​ពិភាក្សា​គ្នា​ឡើង​វិញ​ «​តាម​ការ​ពិត​ទៅ​ យើង​បាន​ខិតខំ​នៅ​ក្នុង​ការងារ​នេះ​ប្រជុំ​ជា​ច្រើន​លើក​ ហើយ​យើង​បាន​ស្រុះស្រួល​គ្នា​ធ្វើការ​កែសម្រួល​១៤​ប្រការ​ លើ​៨៣​ប្រការ​ នៃ​បទបញ្ជាផ្ទៃក្នុង​ចាស់​ ។​ យើង​នៅ​សល់​តែ​ចំណុច​បន្តិចបន្តួច​ ដែល​ត្រូវ​ពិភាក្សា​គ្នា​ឡើង​វិញ​ ដើម្បី​ដាក់​ជូន​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ គណៈ​ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​ លោក​នឹង​ពិនិត្យ​ចុង​ក្រោយ​ ហើយនឹង​សម្រេច​ដើម្បី​បញ្ចូល​ទៅ​កិច្ចប្រជុំ​ពេញអង្គ​ នៃ​សម័យប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​»​។​

​យ៉ាងណា​ក៏​ដោយ​ អ្នក​សារព័ត៌​មានបាន​សួរ​បញ្ជាក់​ទៅ​លោក​ប៉ែន​ បញ្ញា​ និង​លោ​កអេង​ ឆៃ​អ៊ា​ង​ អំពី​ចំណុច​ដែល​បាន​ព្រមព្រៀង​គ្នា​ និង​ចំណុច​សេសសល់​ ដែល​ត្រូវ​ជជែក​ពិភាក្សា​បន្ត​ ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​មាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុង​ការ​រាយ​ករ​ណ៍​។​ ប៉ុន្តែ​លោ​កអេង​ ឆៃ​អ៊ា​ង​ គ្រាន់តែ​បញ្ជាក់​ថា​ មាន​ចំណុច​ឯកភាព​គ្នា​ច្រើន​ ដែល​មិន​អាចយ​កមក​ធ្វើ​អត្ថាធិប្បាយ​អស់​ ហើយ​ចំណុច​ដែល​នៅ​សេសសល់​ ក៏​មិនមែន​ជា​ចំណុច​តានតឹង​នោះ​ដែរ​។​

​លោ​កអេង​ ឆៃ​អ៊ា​ង​ បញ្ជាក់​ថា​ ការ​កែ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ គឺ​ខុស​ពី​ការ​កែ​ច្បាប់បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ។​ លោក​ថា​ ការ​កែ​បទបញ្ជាផ្ទៃក្នុង​ មិនមែន​ធ្វើ​តែ​ម្ដង​ ហើយ​ចប់​នោះ​ទេ​ គឺ​នៅ​តែ​មានការ​កែ​ជា​បន្តបន្ទាប់​។​ ឯ​លោក​ប៉ែន​ បញ្ញា​ ថា​នឹង​បង្ហាញ​លទ្ធផល​នៅ​ពេល​ក្រោយ​ «​កែ​លម្អ​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា​នេះ​ មិនមែន​ថា​ កែ​ពេល​នេះ​ចប់​ទេ​ គឺ​អាច​ធ្វើ​ជា​រាង​រាល់​ រាង​រាល់​ចាំបាច់​ រាង​រាល់​អាណត្តិ​ ហើយ​ក៏​ពេល​ខ្លះ​អាច​រាង​រាល់​ចាំបាច់​ផង​ ។​ ឯកឧត្តម​បណ្ឌិត​អាច​ជម្រាប​ជូន​ថា​ ថា​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​នេះ​យើង​ធ្វើ​វិសោធនកម្ម​ប៉ុន្មាន​ដឹង​ហើយ​ ។​ វា​អត់​មាន​ដូច​ច្បាប់​ដទៃ​ទៀត​ថា​ចេញ​ទៅ​ វា​លំបាក​នឹង​ការយ​កមក​ធ្វើ​វិសោធនកម្ម​ទេ​ ។​ ប៉ុន្តែ​បទបញ្ជាផ្ទៃក្នុង​នេះ​ការ​យល់​ឃើញ​របស់​រដ្ឋសភា​»​។​

​សូម​ជម្រាប​ថា​ ការ​ជជែក​ពិភាក្សា​លើ​ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ បាន​ចាប់ផ្ដើម​តាំងពី​ខែកុម្ភៈ​ ឆ្នាំ​២០១៥​មក​ ហើយ​តាម​គម្រោង​នឹង​ត្រូវ​ឲ្យ​សភា​អនុម័ត​នៅ​ចុងខែ​តុលា​នេះ​៕

Share

Image
Image
Image