en     km
en     km

តុលាការ ផ្តន្ទាទោសមេបក្សភ្លើងទៀន ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ត្រូវបង់សំណង ១,៥ លានដុល្លារ

Share

ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោស ពីបទបរិហារកេរ្តិ៍ជាសាធារណៈ នៅថ្ងៃទី២៥ ខែកក្កដា ហើយត្រូវបានបង្គាប់ឱ្យសងសំណងខូចខាតសរុបជាទឹកប្រាក់ប្រមាណ ១,៥ លានដុល្លារអាមេរិក ទៅកាន់រាជរដ្ឋាភិបាល ទាក់ទងនឹងការបញ្ចេញមតិរបស់លោកនៅក្នុងបណ្តាញសារព័ត៌មានជប៉ុន ដែលរិះគន់រដ្ឋាភិបាលរបស់សម្តេចហ៊ុន ម៉ាណែត។ លោក គីម ចាន់ចាវ

 

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅសាលាដំបូងក្រុងភ្នំពេញ បានរកឃើញថា លោក ទាវ វណ្ណុល អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី មានកំហុសទាក់ទងនឹងបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។ លោក ត្រូវបានតុលាការបង្គាប់ឱ្យសងសំណងជំងឺចិត្តទៅកាន់រាជរដ្ឋាភិបាល សរុប ៦.០០០.០០០.០០០ លានរៀល (ប្រហែល ១,៥ លានដុល្លាអាមេរិក) និងប្រាក់ពិន័យសរុប ១០.០០០.០០០០ លានរៀល (ប្រហែល ២,៥០០ ដុល្លាអាមេរិក) ។

សារព័ត៌មានអន្តរជាតិ Nikkei Asia បានសម្ភាសន៍លោក វណ្ណុល ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នៅពេលដែល លោក កំពុងមានបេសកកម្មនៅប្រទេសជប៉ុន ។ អំឡុងពេលផ្តល់បទសម្ភាស លោក វណ្ណុល បានប្រាប់ទៅកាន់ Nikkei Asia ថា ស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា មានការធ្លាក់ចុះ ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលោកទើបទទួលតំណែងនេះ ក្នុងខែសីហា ឆ្នាំ២០២៣ ។ រាជរដ្ឋាភិបាល បានប្តឹងលោក វណ្ណុល ពាក់ព័ន្ធនឹងការអត្ថាធិប្បាយនេះ និងបានទាមទារសំណងជំងឺចិត្តសរុបជាទឹកប្រាក់ ១.៥០០.០០០ ដុល្លារអាមេរិក ពីប្រធានគណបក្សរូបនេះ ។

លោក ជូង ជូងី មេធាវីការពារក្ដីឱ្យលោក ទាវ វណ្ណុល បានលើកឡើងនៅក្រោយសវនាការព្រឹកថ្ងៃទី២៥ ខែកក្កដាថា សេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញនេះ មិនយុត្តិធម៌សម្រាប់កូនក្ដីរបស់លោកឡើយ។ មិនយុត្តិធម៌ដោយហេតុថា អ្វីដែលលោក ទាវ វណ្ណុល លើកឡើងគឹជាការបង្ហាញពីទស្សនយល់ឃើញរបស់គាត់។
ក្នុងឆ្នាំ២០២២ អតីតអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ក៏ត្រូវបានតុលាការបង្គាប់ឱ្យសងសំណងសរុបជាប្រាក់ចំនួន ៧៥០.០០០ ដុល្លារអាមេរិក ទៅឱ្យគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងភាពមិនប្រក្រតីមួយចំនួន ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២កន្លងទៅ ហើយអចលនទ្រព្យមួយចំនួនរបស់លោក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីការក្សាការពារ ។ សាលាឧទ្ធរណ៍ បានបន្ថែមចំនួននៃការខូចខាតសរុបដល់ទៅប្រមាណ ១លានដុល្លាអាមេរិក ។ លោក សុន ឆ័យ អស់លទ្ធភាពក្នុងការប្តឹងជំទាស់ ក្រោយពេលដែលតុលាការកំពូល បានសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ក្នុងខែកុម្ភៈ ឆ្នាំ២០២៣។

ជុំវិញក្ដីត្ដាំលើមន្ត្រីកំពូលៗរបស់ គណបក្សជំទាស់នេះ លោក គឹម ពិសិដ្ឋ មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក លើកឡើងថា បើសិនជាករណីដែលមានទាក់ទំនងជាមួយនឹងកត្តានយោបាយ គួរតែអ្នកនយោបាយ ជជែកគ្នាដោះស្រាយ នៅក្នុងកម្រិតណាមួយលក្ខណៈបច្ចេកទេសឱ្យបានជាក់លាក់ ដែលវានឹងបើកឱកាសសម្រាប់ឱ្យពលរដ្ឋ និងបណ្ដាជនទាំងឡាយនៅក្នុងសង្គមបានជជែកបញ្ចេញមតិពីស្ថានភាពសង្គមរបស់ខ្លួន៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង