en     km
en     km

គិតគូពីសុវត្ថិភាពចំណីអាហារ នាំឱ្យអត្រាសិស្សឈឺ និងឈប់កាន់តែថយចុះ

Share

តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡាទាក់ទៅនឹងសុវត្តិភាពចំណីអាហារនាយកសាលាបឋមសិក្សាចំការឡឹក ក្នុងខេត្តកំពង់ចាម លោក សោ ប៊ី បានលើកឡើងថា​ ដំបូងៗពិបាកបន្តិចក្នុងការហាមប្រាមសិស្ស ដ្បិតសាលារបស់លោកពុំមានរបងការពារ តែបច្ចុប្បន្នលោកសង្កេតឃើញថា សិស្សានុសិស្សកាត់បន្ថយបានច្រើន បរិស្ថានក៏ស្អាតពុំសូវមានសំរាមផ្លាស្ទិក រីឯចំនួនសិស្សមិនមានវត្តមានច្រើនគួរឲ្យកត់សម្គាល់។​​ កញ្ញា ងិន ស៊ាងលីម រាយការណ៍

 

 

កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការលើក កម្ពស់សុខភាព អនាម័យ និងសុវត្ថិភាពចំណីអាហារតាមសាលារៀន និងសេចក្តីណែនាំស្តីពី ការពង្រឹងវិធានការអនុវត្តក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជនផងដែរ។ តាមរយៈការណែនាំពីក្រសួង សាលាបឋមសិក្សាចំការឡឹក ស្ថិតនៅឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាមបានប្រតិបត្តិបានយ៉ាងល្អ។​

លោក សោ ប៊ី នាយកសាលាបានលើកឡើងថា កន្លងមកពិបាកក្នុងការហាមប្រាមសិស្ស ដ្បិតសាលារបស់លោកពុំមានរបងការពារត្រឹមត្រូវ ដែលជាហេតុងាយស្រួលក្នុងការទិញចំណីអាហារផ្តេសផ្តាស់នៅក្រៅបរិវេណសាលា ប៉ុន្តែបន្ទាប់ពីសាលាបានរៀបចំឱ្យមានរបង បង្កើតក្រុមប្រឹក្សាកុមារ រួចមកលោកសង្កេតឃើញថា សិស្សានុសិស្សពុំនាំចំណីប្លែកៗចូលសាលាទៀតនោះទេ។ បរិស្ថានក៏បៃតងស្អាតពុំ មានសំរាមផ្លាស្ទិក មានទីធ្លាសម្រាប់សិស្សរត់លេង និងដាំបន្លែ រីឯចំនួនសិស្សក៏មានវត្តមានច្រើនគួរឱ្យកត់សម្គាល់។

លោក សោ ប៊ី នាយកសាលាបឋមសិក្សាចំការឡឹក។ 

«បាទ! ពីដំណាក់កាលដំបូងវារៀងពិបាកបន្តិច ដោយសារសាលាខ្ញុំវាអត់ទាន់មានរបង អ៊ីចឹងទៅវាល្ហើយ ចង់ចេញតាមច្រកណាច្រកណាក៏បានដែរ។ អ៊ីចឹងវាមានអីទាក់តុបវា(គ្រាមភាសា) បាទ! គ្រាន់តែថាយើងដាក់វិន័យដាក់អីឱ្យតឹងរឹងទៅវាកាត់បន្ថយ វាមិនទានើថាល្អ១០០ភាគរយទេ វាកាត់បន្ថយអត់ដូចមុនទេបាទ! អាមុនដែលមិនទាន់បានណែនាំ តាមចំណងចិត្តវាៗចង់ទិញអីហូបៗតាមចិត្ត។ ក្រោយពីយើងហាមឃាត់ ណាមួយក្រោយពីរៀបចំក្រុមប្រឹក្សាកុមារឱ្យតាមដាន ឃ្លាំមើលបាទ! ចំពោះកុមារណាដែលនិយាយមិនស្តាប់ គឺក្រុមប្រឹក្សាកុមារគាត់មនសិទ្ធចាប់យករបស់ដែលហាមឃាត់ហ្នឹងយកទៅបោះក្នុងឡរ »។

ការណ៍នេះ ក៏ដោយសារការគិតគូពីសំណាក់ក្រសួងអប់រំ ដូចជាការផ្តល់នូវអាហារពេលព្រឹករៀងរាល់មុនម៉ោង៧ ការយកចិត្តទុកដាក់លោកគ្រូ អ្នកគ្រូដោយផ្ទាល់ក្នុងការអប់រំណែនាំ  ព្រមទាំងអាណាព្យាបាលផងដែរ។ ទទឹមនឹងនេះ គឺការអប់រំទៅដល់អាណាព្យាបាលក្នុងការវេចខ្ជាប់ចំណីអាហារឱ្យកូនៗគួរតែជាចំណីដែលធានានូវសុខភាព ព្រមទាំងការណែនាំ និងការសហការពីខាគីជីវករលក់ដូរនៅជុំវិញបរិវេណសាលារៀន ចៀសវាងលក់រាល់ចំណីណាដែលប៉ះដល់សុខភាព និងជាការហាមប្រាមរបស់ក្រសួងអប់រំ យុវជន និងកីឡា។

«បាទ! សាលាខ្ញុំអត់មានអនុញ្ញាតឱ្យនរណាលក់នៅក្នុងសាលាទេ ដោយបរិវេណសាលាខ្ញុំវាតូចដែរ បាទ! គឺអត់មានបើកឱ្យលក់ទេណាស់ មានតែអ្នកលក់ខាងក្រៅហើយជាពិសេសផ្ទះគេនៅខាងក្រៅរបងនោះ វាជាលំនៅឋានគេហើយគេលក់ដូរយើងអត់មានសិទ្ធទៅបិទគេបានទេ។ តែគ្រាន់យើងថា ជម្រាបគាត់ឱ្យគាត់មកប្រជុំថាលក់ លក់អី លក់ទៅ តែគ្រាន់តែថារបស់ដែលសាលាហាមឃាត់កុំលក់ឱ្យក្មេងឱ្យសោះបាទ! ហើយបើចង់លក់ឱ្យក្មេងឱ្យគាត់លក់ផលិតផលខ្មែរយើង នំខ្មែរយើង ដែលមិនប៉ះពាល់សុខភាពក្មេងដែលក្រសួងមិនហាមឃាត់លក់ចុះ»។

យ៉ាងណា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងបានចេញលិខិតក្រើនរំឭកជាថ្មីម្តងទៀត ចំពោះការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលតេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស។ ដោយចិត្តទុកដាក់បន្ថែមលើសុខភាព របស់សិស្ស រួមទាំងការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធនឹងទម្លាប់ ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងនានា។​

 

 

ក្នុងន័យនេះ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន នៅទូទាំងប្រទេសត្រូវអនុវត្ត ៧ចំណុចរួមមាន៖     ហាមឃាត់ដាច់ខាតនូវការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ត្រូវអនុវត្តឱ្យបានម៉ឺងមាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ។ ត្រូវដាក់បញ្ចូលបន្ថែមក្នុងបទបញ្ជាផ្ទៃក្នុង អប់រំ ក្រើនរំឭក និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំង នៅពេល គោរពទង់ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្តុំផ្សេងៗ។ ត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រប់ប្រភេទ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមានវិធានការដោះស្រាយតាមស្ថានភាពជាក់ស្តែង ដូចជាបញ្ឈប់ការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្ម និងការដកហូតភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ។ ត្រូវសហការជាមួយស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តសេចក្តីណែនាំនេះសំដៅធ្វើឱ្យ “គ្រឹះស្ថានសិក្សា គ្មានភេសជ្ជៈប៉ូវកម្លាំង”៕

អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម

Share

ព័ត៌មានទាក់ទង