en     km
en     km

CNRP​ និង​ អ្នកវិភាគ​៖​ កម្ពុជា​មិន​ទាន់​បាន​គោរព​ រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ពេញលេញ​នៅឡើយ

Share

ភ្នំពេញ៖តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​ ២២​ កញ្ញា​ គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី​ ២៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​នេះ​ គណបក្ស​នេះ​នឹង​ប្រារព្ធ​ពិធី​«​រំលឹក​ខួប​លើក​ទី​ ២៣​ នៃ​ទិវា​ប្រកាស​ប្រើ​រដ្ឋធម្មនុញ្ញ​ ឆ្នាំ​ ១៩៩៣»​ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

rot
​ការ​ប្រារព្ធ​ពិធី​ ធ្វើ​នៅ​ស្រប​ពេល​ដែល​អ្នកវិភាគ​បញ្ហា​សង្គម​យល់​ឃើញ​ថា​ កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ១៩៩៣​ មក​គឺ​មិន​ទាន់​បាន​អនុវត្ដន៍​លទ្ធិប្រជាធិបតេយ្យ​ និង​ គោរព​សិទ្ធិ​មនុស្ស​ពេញលេញ​នៅឡើយ​។​ ប៉ុន្ដែ​មន្ដ្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ថ្លែង​ថា​ កម្ពុជា​បាន​អនុវត្ដ​នីតិរដ្ឋ​ និង​ គោរព​រដ្ឋធម្មនុញ្ញ​បាន​ក្នុង​កម្រិត​ល្អ​ប្រសើរ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

​តាម​សេចក្ដីជូនដំណឹង​ ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​ការ​ប្រារព្ធ​ពិធី​នេះ​ត្រូវ​បាន​មន្ដ្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ អ៊េ​ង​ ឆៃ​អ៊ា​ង​ អ្នកតំណាង​រាស្ដ្រ​មណ្ឌល​ខេត្ដកណ្ដាល​បាន​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​កាលពី​ថ្ងៃ​ទី​ ២២​ កញ្ញា​ ថា​ ពិធី​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​ដើម្បី​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ជា​បន្ដ​ទៀត​។​

​លោក​បន្ថែម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ មានការ​សោកស្ដាយ​ដែល​រដ្ឋធម្មនុញ្ញ​ បាន​ប្រកាស​ទទួលស្គាល់​និង​គាំទ្រ​ទាំង​មតិ​សាធារណៈ​ជាតិ​ និង​ អន្ដរជាតិ​រួច​ប៉ុន្ដែ​បែ​ជារ​មិន​បាន​គោរព​ ឲ្យ​តាម​មាត្រា​ដែល​បាន​ចែង​ហើយ​ បែរជា​រង​ការ​រំលោភ​បំពាន​ ថែម​ទៀត​។​

​លោក​ អ៊េ​ង​ ឆៃ​អ៊ា​ង​៖«​ខ្លឹមសារ​រួម​របស់​រដ្ឋធម្មនុញ្ញ​គឺ​មានការ​គាំទ្រ​ពី​មិ​តិ​សាធារណៈ​ជាតិ​ និង​ អន្ដរជាតិ​ ប៉ុន្ដែ​យើង​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ជំពូក​នឹង​មាត្រា​មួយ​ចំនួន​ នៃ​រដ្ឋធម្មនុញ្ញ​នេះ​មិន​បាន​គោរព​ឲ្យ​បាន​ពេញលេញ​ ហើយ​មិន​ត្រឹមតែ​មិន​គោរព​ទេ​ តែ​បែរជា​រំលោភ​ថែម​ទៀត​»​។​

​ជា​ការ​ឆ្លើយ​តប​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​លោក​ ផៃ​ ស៊ី​ផា​ន​ មាន​ប្រសាសន៍​ថា​ លោក​មិន​ឲ្យ​តម្លៃ​ចំពោះ​ការ​ប្រារព្ធ​ពិធី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តាម​របៀប​នេះ​ទេ​។​ លោក​ថា​ អ្នកតំណាង​រាស្ដ្រ​ចង់​ធ្វើ​អ្វី​ត្រូវ​មក​អង្គុយ​ធ្វើការ​ក្នុង​សភា​ដើម្បី​ពិភាក្សា​គ្នា​ មិនមែន​ស្រែក​នៅ​តាម​ចិញ្ចើមថ្នល់​ប្រកាស់​ប្រមូល​មនុស្ស​ឈ្លោះ​គ្នា​នោះ​ទេ​។​

​បន្ថែម​ពី​នេះ​លោក​បញ្ជាក់​ថា​ បើសិនជា​មើលឃើញ​ថា​កម្ពុជា​មិន​បាន​អនុវត្ត​ រដ្ឋធម្មនុញ្ញ​គឺ​អាច​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ គឺ​មិនមែន​មិន​ពេញចិត្ដ​ មក​តាម​ចិញ្ចើមថ្នល់​ឈ្លោះ​គ្នា​នោះ​ទេ​ ដែល​លោក​ថា​ នេះ​គឺជា​ទ​ង្វើ​របស់​ពួក​ឧទ្ទាម​។​

អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន
អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន

​លោក​ ផៃ​ ស៊ី​ផា​៖«​ដែល​គាត់​ថា​គាត់​ចង់​ធ្វើ​ពិធី​គោរព​ រដ្ឋធម្មនុញ្ញ​ វា​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស់​ មិនបាច់​ធ្វើ​ពិធី​ទេ​ គាត់​ជា​តំណាងរាស្ដ្រ​ត្រូវ​អង្គុយ​ក្នុង​សភា​ឈ្លោះ​គ្នា​នៅ​ក្នុង​សភា​ទៅ​ កុំមក​តាម​ចិញ្ចើមថ្នល់​ខ្មាស់​ណាស់​ ធ្វើ​ឲ្យ​បាត់បង​នៅ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ ប្រការ​នេះ​ខ្ញុំ​និយាយ​ក្នុង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សុទ្ធសាធ​»​។​

​ចំណែក​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​លោក​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ បើ​តាម​ការ​សង្កេត​របស់​លោក​នា​ពេល​កន្លង​មក​ឃើញ​ថា​កម្ពុជា​មាន​ចំណុច​ខ្លះ​ ក៏​បាន​អនុវត្ដ​ប៉ុន្ដែ​ចំណុច​ភាគច្រើន​ គឺ​មិន​បាន​អនុវត្ដន៍​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​ ជា​ពិសេស​គឺ​ដំណើរការ​នីតិរដ្ឋ​ លទ្ធិប្រជាធិបតេយ្យ​ ការ​ផ្ដល់​សិទ្ធិ​ដល់​ពលរដ្ឋ​ និង​ សកម្មជន​ដីធ្លី​ជាដើម​ ដែល​ជា​បញ្ហា​ត្រូវ​ពង្រឹង​ឡើង​វិញ​។​

​ប្រការ​នេះ​លោក​មើលឃើញ​ថា​ ព្រោះតែ​កម្ពុជា​មិន​ទាន់​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ បានជា​ការ​អនុវត្ដ​ច្បាប់​ហាក់​មាន​ស្ដង់ដារ​ពីរ​ ដែល​ចំណុច​នេះ​លោក​ថា​ មាន​តែ​ពលរដ្ឋ​អាច​ក្រើនរំលឹក​ដល់​អ្នកនយោបាយ​ ឲ្យ​ងាក​មក​គោរព​រដ្ឋធម្មនុញ​ឲ្យ​បាន​ល្អ​ឡើង​វិញ​។​

​លោក​ សូ​ ច​ន្ថា​៖«​ជា​ពិត​ទី​មួយ​ពលរដ្ឋ​ជា​ម្ចាស់​អំណាច​ ដែល​រដ្ឋធម្មនុញ្ញ​បាន​ចែង​ អ​ញ្ចឹ​ង​បើ​ពលរដ្ឋ​ជា​ម្ចាស់​អំណាច​ពលរដ្ឋ​ត្រូវ​ក្រើនរំលឹក​ ត្រូវ​តែ​ចូលរួម​ជំរុញ​ឲ្យ​អាជ្ញា​ធម៌​គ្រប់​លំដាប់ថ្នាក់​ រដ្ឋាភិបាល​ឲ្យ​គោរព​ច្បាប់រដ្ឋធម្មនុញ្ញ​ ឲ្យ​ត្រឹមត្រូវ​ពិតប្រាកដ​នោះ​ ទី​២​ អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​ ជំរុញ​ឲ្យ​មានការ​អនុវត្ដន៍​ដែរ​ ហើយ​ទី​៣​ គណបក្សប្រឆាំង​ក៏​មាន​តួនាទី​សំខាន់​ដែរ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរព​ នៅ​អ្វី​ដែល​ជា​រដ្ឋធម្មនុញ្ញ​កម្ពុជា​ពិតប្រាកដ​»​។​

​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​រៀបរៀង​ឡើង​នៅ​ឆ្នាំ​ ១៩៩៣​ ដោយ​សភាធម្មនុញ្ញ​ គឺ​បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​សន្ដិភាព​ តាម​រយៈ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​ ។​ រដ្ឋធម្មនុញ្ញ​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​ ១៦​ ជំពូក​ ចែក​ចេញ​ជា​ ១៥៨​ មាត្រា​។​ ប៉ុន្ដែ​តាម​ការ​អង្កេត​រដ្ឋធម្មនុញ្ញ​នេះ​ តែងតែ​ត្រូវ​បាន​រុះរើ​ ឬ​ក៏​ធ្វើ​វិសោធនកម្ម​ តម្រូវ​ទៅ​តាម​ស្ថានភាព​នយោបាយ​របស់​អ្នកនយោបាយ​កម្ពុជា​។​ ការ​រុះរើ​រដ្ឋធម្មនុញ្ញ​ជា​ញឹកញាប់​នេះ​នាំ​ឲ្យ​មានការ​ចោទសួរ​ ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​អំពី​តម្លៃ​នៃ​ស្មារតី​របស់​ច្បាប់​កំពូល​មួយ​នេះ​៕

 

Share

Image
Image
Image