ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានស្នើសុំទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប រៀបចំឱ្យមានការចុះឈ្មោះបោះឆ្នោត នៅថ្ងៃឈប់សម្រាកបុណ្យភ្នំបិណ្ឌ ខាងមុខ ដើម្បីឱ្យកម្មករ កម្មារិនី និងពលករខ្មែរទាំងអស់ អាចចុះឈ្មោះបោះឆ្នោត នៅថ្ងៃឈប់សម្រាក។
ចំពោះសំណើរនេះ អ្នកនាំពាក្យ គ.ជ.ប ថា កំពុងតែពិចារណា។ ដោយឡែក អ្នកនាំពាក្យគណបក្សកាន់អំណាច មិនគាំទ្រ ចំពោះការស្នើរបស់គណបក្សប្រឆាំងនោះទេ ដោយលើកឡើងថា ការស្នើនេះ ផ្ទុយនឹងច្បាប់។ កញ្ញា ឆេង ណាតា រាយការព័ត៌មាននេះ៖
លិខិតរបស់គណបក្សសង្គ្រោះជាតិ ដែលផ្ញើទៅលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាការជាតិចំការបោះឆ្នោត បានឱ្យដឹងថា ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្មករ កម្មារិនី និងពលករខ្មែរភាគច្រើន ទទួលបានច្បាប់ឈប់សម្រាករយៈពេលយូរ ដែលជាឱកាសល្អប្រសើរសម្រាប់កម្មករ និងពលករខ្មែរ ដើម្បីចុះឈ្មោះបោះឆ្នោត។
លិខិតរបស់បក្សប្រឆាំងបន្តថា ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ គឺជាពេលវេលាសមស្របដែលពលករខ្មែរបានទៅកាន់ស្រុកកំណើតរបស់ពួកគេ គឺពេលនោះជា ឱកាសមួយងាយបង្កលក្ខណៈ ដល់ពួកគាត់ បានចុះឈ្មោះបោះឆ្នោត។
ជុំវិញការស្នើរបស់គណបក្សប្រឆាំងនេះដែរ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាច មានប្រសាសន៍ លោកមិនគាំទ្រ ចំពោះការស្នើសុំរបស់គណបក្សប្រឆាំងនោះទេ។ លោកថាការស្នើសុំនេះ បានល្មើសទៅនឹងច្បាប់ ព្រោះរំលោភទៅច្បាប់ឈប់សម្រាករបស់បុគ្គលរបស់ឱកាស។
លោក សុខ ឥសាន៖ ‹‹គ.ជ.ប គេឆ្លើយហើយតើ មន្ត្រីរបស់ គ.ជ.ប គេក៏សម្រាកបុណ្យភ្ជុំ ដូតែគ្នាហ្នឹង ហើយព្រលឹងខ្មោចដូនតាគេមករកមិចឃើញ បើរវល់តែធ្វើការនោះ។ ការស្នើខ្ញុំមិនគាំទ្រទេ ព្រោះវាល្មើសច្បាប់ វាអត់ត្រូវរឿងច្បាប់ ក៏គេធ្វើការដើម្បីស៊ីប្រាក់ខែដែរ។ ហើយពេលសម្រាកមិចក៏មិនឱ្យគេសម្រាកផង»។
តែបែបនេះក្ដី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់វិទ្យុស្ត្រី នៅថ្ងៃទី០៣ ខែកក្កដានេះថា គ.ជ.ប បានទទួលលិខិតនេះហើយ។ លោកថាហើយ គ.ជ.ប ក៏កំពុងតែពិចារណា ទៅលើទិដ្ឋភាពពីរ៖ ទី១ គ.ជ.ប ចង់គិតគូពីសិទ្ធិចុះបោះឆ្នោតរបស់អ្នកចំណាកស្រុក ដើម្បីឱ្យបានចុះឈ្មោះឱ្យបានគ្រប់គ្នា ពេលមកជុំជួបគ្រួសារនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែ គ.ជ.ប ក៏ពិចារណាផងដែរ ចំពោះបុគ្គលិករបស់ខ្លួន ឱ្យបានឈប់សម្រាប់ ក្នុងអំឡុងពេលនោះ ព្រោះក្នុងប្រតិបត្តិចុះឈ្មោះរយៈពេលបីខែពេញនោះ គាត់មិនមានពេលឈប់សម្រាកនោះទេ សូម្បីថ្ងៃសៅរិ៍ ឬអាទិត្យ។
លោក ហង្ស ពុទ្ធា ៖«អញ្ចឹងគាត់មានឱកាសឈប់សម្រាកហ្នឹង គឺថ្ងៃ៣០ ថ្ងៃ១ និងថ្ងៃ២ អញ្ចឹងឱកាសនេះជាឱកាសឈប់របស់គាត់ ហើយការឈប់របស់គាត់គឺស្របតាមច្បាប់ទៅទៀត។.. ខ្ញុំចង់ជម្រាបថាទិដ្ឋភាពពីរនេះហើយ ដែល គ.ជ.ប កំពុងពិចារណា ហើយ គ.ជ.ប មិនទាន់សម្រេចយ៉ាងណានោះទេ»។
ចំណែកនាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខមហ្វ្រែល (COMFREL) លោក គល់ បញ្ញា លោកគាំទ្រ ឱ្យមានការរៀបចំឈ្មោះបោះឆ្នោតនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។
លោក គល់ បញ្ញា មានប្រសាសន៍ថា គ.ជ.ប គួរតែរៀបចំបុគ្គលិក ឱ្យធ្វើការពេលឆ្លាស់គ្នា ដើម្បីមានទាំងអ្នកបានឈប់សម្រាប់ និងធ្វើការ។
លោក គល់ បញ្ញា៖«គ.ជ.ប ត្រូវរៀបចំការងារចុះឈ្មោះបោះឆ្នោតហ្នឹង ដូចជាប្តូរវេនគ្នា អញ្ចឹងនៅក្នុងអំឡុងពេលសម្រាកបុណ្យភ្ជុំបិណ្ឌ អាហ្នឹងក៏ជាមធ្យោបាយមួយទៀតដែរ អាហ្នឹងវាជួយសម្រួលខ្លះ នៅពេលដែលប្រជាពលរដ្ឋយើងត្រលប់ពីប្រទេសក្រៅវិញ មកចូលរួម ភ្ជុំបិណ្ឌ ហើយមានលទ្ធភាពចុះឈ្មោះក្នុងអំឡុងពេល ថ្ងៃដែលគេមកភ្ជុំបិណ្ឌហ្នឹង។…ផ្លាស់ប្តូវេនគ្នាទៅ ដើម្បីចុះឈ្មោះឱ្យប្រជាពលរដ្ឋយើង…..»។
កាលពីពេលថ្មីៗរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ក្នុងពេលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី បានអះអាងថា ក្រសួង នឹងជួយសម្រួលឱ្យពលករខ្មែរដែលធ្វើការនៅប្រទេសថៃ អាចចូលរួមចុះឈ្មោះបោះឆ្នោតបាន ប្រសិនបើខាង ស្ថាប័ន គ.ជ.ប ដាក់សំណើមកនោះ។
ការចុះបោះឆ្នោតធ្វើឡើងរយៈពេល ៣ខែ ដោយចាប់ផ្ដើមពីថ្ងៃទី១ កញ្ញា ដល់ ចុងខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ ការចុះបោះឆ្នោតនេះ គឺដើម្បី ធ្វើជាបញ្ជីនៃការត្រួតពិនិត្យឈ្មោះអ្នកបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ និង ការបោះឆ្នោតសភា ឆ្នាំ២០១៨៕