ភ្នំពេញ៖ សមាជិកសភា គណបក្សសង្គ្រោះជាតិ ដែលសប្ដាហ៍មុនបាននិយាយថាខ្លួននឹងចូលប្រជុំពេញអង្គនៅថ្ងៃសុក្រទី ៧តុលា នេះ តែនៅថ្ងៃនេះត្រូវបានរាយការណ៍មកថា មិនបានចូលប្រជុំសភានោះទេ។
អ្នករាយការណ៍ព័ត៌មានអោយវិទ្យុស្ដ្រី បានឱ្យដឹងថា គេពុំឃើញអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិចូលប្រជុំសភានៅថ្ងៃនេះទេ ដោយគេឃើញមានតែអ្នកតំណាងរាស្ដ្រគណបក្សប្រជាជនចំនួន ៦៧រូបប៉ុណ្ណោះ។
ទោះជាយ៉ាងណាគេពុំដឹងមូលហេតុពិតប្រាកដ អំពីការមិនចូលប្រជុំសភា របស់គណបក្សសង្គ្រោះជាតិនោះទេ។
តាមសេចក្ដីរាយការណ៍ដដែល សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានចូលរួមប្រជុំសភានេះដែរ ហើយនៅពេលនេះសម្ដេច ហេង សំរិន បានអានព្រះសារលិខិតរបស់ព្រះមហាក្សត្រ ដែល រាជសារនោះបានថ្លែងបើកអំពីកិច្ចប្រជុំពេញអង្គ មាតិការទី៥ បន្ទាប់ពីសភាវិស្សមកាលរយៈពេល៣ខែកន្លងមក។
កាលពីថ្ងៃម្សិលមិញ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យែម បុញ្ញាឬទ្ធិ បានប្រាប់វិទ្យុស្ដ្រីថា តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ មិនបានកំណត់មួយរយភាគរយ ថា តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ត្រូវតែចូលប្រជុំសភានោះទេ ហើយបើចូលលុះត្រាតែ ស្ថានភាពនយោបាយវិលមករកភាពល្អប្រសើរវិញ៕