ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍ បដិសេធដីការកោះហៅរបស់តុលាការដែលបង្គាប់ឲ្យតំណាងរាស្ក្រគណបក្សសង្គ្រោះជាតិ ២រូប និង លោក កឹម សុខា ចូលខ្លួនបំភ្លឺនៅតុលាការនៅសប្ដាហ៍ក្រោយនេះ ។ គណបក្សនេះបានលើកហេតុផលថា បើយោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញមាត្រា ៨០ គឺមិនអាចធ្វើការចោទប្រកាន់ ការចាប់ខ្លួន ឃាត់ខ្លួន ឬ ឃុំខ្លួនដោយហេតុផលសំដែងយោបល់ ឬ បញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនឡើយ ។ ក៏ប៉ុន្ដែព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា តុលាការមានសិទ្ធិកោះហៅគ្រប់បុគ្គលពាក់ព័ន្ធ ទៅនឹងការស៊ើបអង្កេត របស់តុលាការ ហើយថាការកោះហៅនេះមិនបានប៉ះពាល់អភ័យឯកសិទ្ធិសភានោះទេ ។ រាយការណ៍ដោយលោក លៀ ស៊ីណា ៖
គណបក្សសង្គ្រោះជាតិ ប្រកាសមិនឲ្យតំណាងរាស្ដ្ររបស់ខ្លួនចូលទៅបំភ្លឺ ទៅតាមដីការកោះរបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលគណបក្សប្រឆាំងនេះ បានហៅថាជាការរំលោភបំពានរដ្ឋធម្មនុញ្ញ។ សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិផ្សព្វផ្សាយនៅថ្ងៃនេះ សរសេរថា ក្រុមសមាជិកសភារបស់គណបក្សនេះ យល់ឃើញថា ការចេញដីការកោះហៅតំណាងរាស្ដ្រ ដែលមានអភ័យឯកសិទ្ធ សភា ពីសំណាក់ សាលាដំបូងរាជធានីភ្នំពេញ គឺ ជាការប្រើអំណាច ដោយរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ លើអភ័យឯកសិទ្ធិសភា របស់អ្នកតំណាងរាស្ដ្រ ដែលធានាដោយ មាត្រា៨០ នៃរដ្ឋធម្មនុញ្ញកម្ពុជា ។
សេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំងបានបន្ដទៀតថា ក្រសួងមានសមត្ថកិច្ច ត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភាជាបន្ទាន់ ដើម្បីសម្រេច ។ ក្នុងន័យនេះ គណៈកម្មាធិការអចិន្ដ្រៃយ៍នៃរដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាជាមុន ដើម្បីអនុម័តតាមមតិ២ភាគ៣ នៃសមាជិកសភាទាំងមូល ។
ទោះជាយ៉ាងនេះក្ដីលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ជាមួយវិទ្យុស្ដ្រី FM102 ថា ការចេញដីការកោះហៅតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិនាពេលនេះគឺមិនមានប៉ះពាល់ដល់អភ័យឯកសិទ្ធជាអ្នកតំណាងរាស្ដ្ររបស់ពួកគាត់នោះទេ ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញរូបនេះបន្ថែមទៀតថា តុលាការគឺមានសិទ្ធគ្រប់គ្រាន់ដើម្បីកោះហៅបុគ្គលគ្រប់រូបដែលត្រូវបានគិតថា អាចផ្ដល់ចម្លើយជាប់ពាក់ព័ន្ធ នឹងសំណំរឿងដែលតុលាការកំពុងស៊ើបអង្កេត ។
លោក លី សុផាណា ទទូចឲ្យតំណាងរាស្ដ្របក្សសង្គ្រោះជាតិទាំងអស់ពិចារណាឡើងវិញនូវមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញ នេះ ។ លោកថា មាត្រា៨០ នៃរដ្ឋធម្មនុញ្ញនេះគឺបានចែងថាអភ័យឯកសិទ្ធអ្នកតំណាងរាស្ដ្រគឺមានសម្រាប់តែការពារការចោទប្រកាន់ ការចាប់ខ្លួន ឬក៏ការឃាត់ខ្លួនប៉ុណ្ណោះ ហើយមិនបានកំណត់ពីការកោះហៅចូលមកបំភ្លឺនៅតុលាការនោះទេ ។
ពាក់ព័ន្ធនិងបញ្ហានេះលោក មាស នី អ្នកវិភាគបញ្ហាសង្គម មានប្រសាសន៍ថា ការបដិសេធការចូលខ្លួនបំភ្លឺរបស់គណបក្សសង្គ្រោះជាតិនៅពេលនេះ គឺជាជម្រើសល្អមួយ ។ លោកបន្ថែមថា ប្រសិនបើតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិចូលខ្លួនបំភ្លឺនៅតុលាការអាចមានបញ្ហាប្រឈមផ្សេងៗសម្រាប់ពួកគាត់ ។
តែបែបនេះក្ដីសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ធ្វើឡើងបន្ទាប់ពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះហៅ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ឱ្យចូលខ្លួនបំភ្លឺ ទាក់ទិននិងសំណុំរឿងរបស់ កញ្ញា ធី សុវណ្ណថា និងតំណាងរាស្ដ្រ២រូប ពាក់ព័ន្ធនឹងសំណុំរឿងមួយ ដែលតុលាការ ហៅថា ករណី ពេស្យាចារ ហើយទំនងពាក់ព័ន្ធទៅនឹង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ។
ដីការកោះហៅ លោក កឹម សុខា អោយចូលទៅតុលាការ គឺ ថ្ងៃទី១១ ឧសភា ហើយ តំណាង រាស្ដ្រ២រូបទៀត នៅថ្ងៃទី១៦ ឧសភានេះដែរ ៕