ភ្នំពេញ៖ ត្រឹមតែរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ២ពាន់គ្រាប់(២.១១៦គ្រាប់) ត្រូវបានក្រុមកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) រាវរកឃើញនៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ក្នុងខេត្តក្រចេះ។
តាមរយៈហ្វេសប៊ុកផ្លូវការរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ឱ្យដឹងថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ក្រុមកម្លាំងស៊ីម៉ាក់ បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួនសរុបជាង ២ពាន់គ្រាប់(២.១១៦គ្រាប់)។ ក្នុងនោះក្រុមការងារស៊ីម៉ាក់រកឃើញមានប្រភេទគ្រាប់ M 79 ចំនួន ២ ពាន់ ៣៣គ្រាប់ គ្រាប់DK75 ចំនួន៦៣គ្រាប់ FuzeM48 ចំនួន១៨គ្រាប់ និងគ្រាប់B40, គ្រាប់H107 ចំនួន១គ្រាប់។
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រុមកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) រាវរកឃើញនៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ក្នុងខេត្តក្រចេះ។ រូបភាព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាចាត់ទុកថា នូវរាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលរកឃើញប្រមាណជាង២ពាន់គ្រាប់នេះ សុទ្ធសឹងតែជាសំណល់គ្រាប់ដែលបន្សល់ពីសង្គ្រាម។
ប្រភពបន្ថែមទៀតថា ផ្អែកតាមការវាយតម្លៃស្ថានភាពបញ្ហាគ្រាប់ក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ អាចមានចំនួនច្រើនទៀត ដែលទាមទារឱ្យបិទសាលារៀនជាបណ្តោះអាសន្ន ដើម្បីឱ្យកម្លាំងស៊ីម៉ាក់អាចបោសសម្អាតបន្ត ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងចំពោះសិស្សានុសិស្សនិងគ្រូបង្រៀន ក៏ដូចប្រជាពលរដ្ឋក្នុងតំបន់នោះ។
របាយការណ៍របស់ស៊ីម៉ាកបង្ហាញថា ចាប់ពីឆ្នាំ១៩៧០ ដល់ខែតុលា ឆ្នាំ២០២២ ចំនួនអ្នកស្លាប់ដោយសារជាន់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មានចំនួន ជិត២ម៉ឺននាក់ (១៩,៨១៨នាក់) រងរបួសជាង ៤ម៉ឺន ៥ពាន់នាក់ (៤៥,១៨៦នាក់)៕