en     km
en     km

ស៊ីម៉ាក់រកឃើញគ្រាប់បែកចំនួន ៤៥ គ្រាប់កប់ក្នុងវាលស្រែពលរដ្ឋខេត្តបន្ទាយមានជ័យ

Share

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥បានជូនដំណឹងពីការរកឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ៤៥គ្រាប់ បន្ទាប់ពីពលរដ្ឋបានរាយការណ៍។ នេះបើតាមទំព័រហ្វេសប៊ុកស៊ីម៉ាក់ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ម្សិលមិញ។

បើតាមស៊ីម៉ាក់ គ្រាប់ទាំងនោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ខណៈកំពុងភ្ជួរស្រែនៅចំណុចភូមិទ្រាល​ ឃុំគោកកឋិន​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ។ ស៊ីម៉ាក់បញ្ជាក់ថា ដំបូងឡើយប្រជាពលរដ្ឋភ្ជួរដីប៉ះចំតែមួយគ្រាប់នោះទេ តែក្រុមការងារបានបន្តស្វែងរកក៏ប្រទះឃើញចំនួន ៤៥គ្រាប់ក្នុងរណ្តៅចំនួន ២ផ្សេងគ្នា។ គ្រាប់ទាំង៤៥គ្រាប់នោះមានប្រភេទគ្រាប់បេ៤០(B40)ចំនួន៣០គ្រាប់ និងគ្រាប់រ៉ុកកែត បេ៦២(B62)ចំនួន១៥គ្រាប់។

រូបភាពពីស៊ីម៉ាក់។

អង្គភាពស៊ីម៉ាក់បន្តថា គ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមទាំងនេះ ត្រូវបានកម្លាំងជំនាញរបស់អង្គភាពស៊ីម៉ាក់បោសសម្អាតនិងកម្ទេចចោលប្រកបដោយសុវត្ថិភាព ព្រមទាំងសហការជាមួយមន្រ្តីពាក់ព័ន្ធផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងការរួមស្មារតីគ្នាបង្ការការពារគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យកាន់តែសកម្មថែមទៀត។

របាយការណ៍របស់មន្រ្តីជាន់ខ្ពស់ស៊ីម៉ាក់បានឱ្យដឹងថា កម្ពុជាត្រូវរងការទម្លាក់គ្រាប់បែកចង្កោមជិត ៣០លានគ្រាប់បែក​ ក្នុងរយៈពេលជាង១០ឆ្នាំក្នុងសម័យសង្គ្រាមចន្លោះពីដើមទសវត្សរ៍១៩៦០ ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០ ហើយមានការវាយប្រហារចំនួនជាង១ម៉ឺនទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស៕

អត្ថបទដោយ៖ រឿន សុភាន់

 

Share

ព័ត៌មានទាក់ទង