en     km
en     km

សង្គមស៊ីវិលចង់ឱ្យរដ្ឋាភិបាលបើកផ្លូវឱ្យអ្នកសារព័ត៌មានបរទេសម្នាក់វិលមកកម្ពុជាវិញ

Share

 

អ្នកសារព័ត៌មានបរទេសម្នាក់ដែលរាយការណ៍យ៉ាងសកម្មទៅលើបទល្មើសព្រៃឈើនិងបញ្ហាបរិស្ថាននៅកម្ពុជា បានជាប់ឈ្មោះនៅក្នុង «បញ្ជីខ្មៅ» និងត្រូវអាជ្ញាធរហាមឃាត់មិនឱ្យចូលមកប្រទេសកម្ពុជា​វិញកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។​ ការណ៍នេះបានធ្វើឱ្យអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិប្រមាណ ២០ស្ថាប័ន ចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះ ដោយសម្តែងមតិមិនពេញចិត្ត និងថាករណីនេះជាការរំលោភបំពានទៅលើអ្នកសារព័ត៌មាន ខណៈបង្ហាញពីការរឹតត្បិតពីលំហសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

លោក អំ សំអាត នាយក​ប្រតិ​បត្តិ​អង្គការ​លីកាដូ បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ថា ជនដែលត្រូវបណ្តេញចេញពីកម្ពុជាមានឈ្មោះថា ជីរល ហ្វីលីន (Gerald Flynn) ជាប្រធានក្លឹបអ្នកកាសែតបរទេសកម្ពុជា (OPCC) និងធ្វើការជាអ្នកសារព័ត៌មាននៅកម្ពុជាអស់រយៈពេល៥ឆ្នាំមកហើយ។ លោកថាជានិច្ចកាលលោក ហ្វីលីន តែងរាយការណ៍យ៉ាងសកម្មពីព័ត៌មានទាក់ទងករណីរសើបនិងស៊ីជម្រៅអំពីបទល្មើសបរិស្ថាន និងការបំផ្លិចបំផ្លាញធនធានធម្មជាតិនានាដែលជនបង្កមួយចំនួនកំពុងកេងចំណេញទុកជាប្រយោជន៍ខ្លួន។ ចំពោះការបណ្តេញអ្នកសារព័ត៌មានបរទេសនេះ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងក្រៅស្រុកចំនួន ២០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយថ្កោលទោសការបណ្តេញលោ​ក ហ្វីលីន ចេញពីកម្ពុជានេះ ថាជាការធ្វើមិនត្រឹមត្រូវ និងរំលោភបំពានទៅលើអ្នកសារព័ត៌មាន។

លោក អំ សំអាត៖«ករណីនេះដោយសារតែអង្គការលីកាដូ ក៏ដូចជាអង្គការជាតិមួយចំនួននិងអង្គការអន្តរជាតិដែលធ្វើការទាក់ទងទៅនឹងវិស័យសិទ្ធិមនុស្ស វិស័យបរិស្ថានហ្នឹង ​យល់ឃើញថា ករណីនេះគឺវា​ជាការរំលោភបំពានទៅលើផ្នែកសារព័ត៌មាន គឺជាការរំលោភបំពានទៅលើសិទ្ធិនៃអ្នកសារព័ត៌មាន។ ហើយចំណុចទាំងអស់នេះដែលវាមានការរិះគន់កន្លងមក ថាវិស័យសារព័ត៌មានយើងភាគច្រើននៅមានភាពរឹងត្បិតច្រើន។​»។

លោក អំ សំអាត នាយក​ប្រតិ​បត្តិ​អង្គការ​លីកាដូ។ រូបភាព៖ WMC/Sithy

 

យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហ្វីលីន បានចាកចេញ​ពី​កម្ពុជា​តាមរយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប​​នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ដើម្បីប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនសម្រាកលំហែកាយនៅប្រទេសថៃ។ ក៏ប៉ុន្តែនៅពេលលោកធ្វើដំណើរចូលមកកម្ពុជាវិញតាមរយៈជើងហោះហើរសំចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍មិនអនុញ្ញាតឱ្យលោក ហ្វីលីន ចូលកម្ពុជាទៀតវិញឡើយ ដោយហេតុថាទិដ្ឋាការ​របស់​លោក​ក្លែងក្លាយ​ គួបផ្សំនឹងឈ្មោះលោកស្ថិតក្នុងបញ្ជីខ្មៅ។ បច្ចុប្បន្ន លោក អំ​ សំអាត មិនបានជ្រាបថាតើលោក ហ្វីលីន កំពុងស្នាក់នៅឯណានោះឡើយ។

បើតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍ដដែល រាជរដ្ឋាភិបាលកម្ពុជាបាន​លើកឡើង​ថា​ ​លោក ហ្វីលីន បាន​ស្នើសុំ​ទិដ្ឋាការ​សម្រាប់​ជនបរទេស​ធ្វើការងារនៅកម្ពុជា​​ក្នុង​តួនាទី​ជាជាង​អគ្គីស​នីប៉ុណ្ណោះ​ ​មិនមែន​ក្នុង​តួនាទី​ជា​អ្នក​សារ​ព័ត៌មាន​នោះ​ទេ​។​ ជុំវិញករណីនេះ ​អាជ្ញាធរកម្ពុជា​នៅតែ​មិនទាន់បាន​បញ្ជាក់​ថា​ ​លោក​ ហ្វីលីន ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឱ្យ​ចូល​កម្ពុជា​វិញដោយសារមូលដ្ឋានចម្បងអ្វីនៅឡើយ ខណៈការបំភ្លឺបកស្រាយ​ទាក់ទង​នឹង​នីតិវិធី​នៃ​ការ​ដាក់ពាក្យបណ្តឹង​ស្នើសុំ​ ​ឬ​ដោះស្រាយនៅតែមិនទាន់មានការអន្តរាគមន៍​។

ក្រុមការងារវិទ្យុស្រ្តីបានព្យាយាមសុំការបំភ្លឺនិងពន្យល់បន្ថែមពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ដោយលោកប្រាប់ថា នៅមិនទាន់ជ្រាបព័ត៌មានពិស្តារពីករណីនេះនៅឡើយ។ គិតមកទល់នឹងរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះនៅតែមិនទាន់អាចបំភ្លឺពីចំណាត់ការបន្តរបស់ក្រសួងព័ត៌មានចំពោះអ្នកសារព័ត៌មានជនជាតិអង់គ្លេស ដែលបច្ចុប្បន្នមិនអាចវិលត្រឡប់មកបំពេញការងារនៅកម្ពុជាបន្តបាន។

លោក ទេព អស្នារិទ្ធ៖«ករណីហ្នឹងយើងអត់ទាន់ទទួលបានព័ត៌មានផ្លូវការទេ ហើយកំពុងតាមដានករណីហ្នឹង។»។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន

 

ទន្ទឹមគ្នានេះ លោក អំ សំអាត​ បានបញ្ជាក់ថា អ្នកសារព័ត៌មានបរទេសនេះ មាន​ទិដ្ឋាការ​សម្រាប់​ជនបរទេស​ធ្វើការងារ​នៅកម្ពុជាត្រឹមត្រូវស្របតាមច្បាប់ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​មាន​សុពលភាព​មួយ​ឆ្នាំ​​ចាប់ពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​​។ ក្រៅពីនេះ លោកមានប័ណ្ណអនុញ្ញាត​ឱ្យ​ធ្វើការងារ​​ដែល​ចេញ​ដោយ​ក្រសួងការងារ​កម្ពុជា​ និង​ប័ណ្ណសារ​ព័ត៌មាន​ ​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​ ​និង​នៅ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី​​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៥​។ លោក អំ សំអាត ចង្អុលបង្ហាញថា អ្នកសារព័ត៌មានបរទេសនេះបានដាក់ពាក្យស្នើសុំប័ណ្ណសារ​ព័ត៌មាន​ថ្មីសម្រាប់​ឆ្នាំ​២​០​២​៥​ ​ នៅ​មុន​ពេល​ចាកចេញ​ពី​កម្ពុជា​​ទៅកាន់​ប្រទេស​ថៃ​​។​ ជាការមើលឃើញរបស់លោក ក៏ដូចជាបណ្តាស្ថាប័នដទៃ គឺចង់ឱ្យលោក​ ហ្វី​លីន​ ​​អាច​ត្រឡប់​ចូល​មកកាន់​ប្រទេស​កម្ពុជា​វិញ​ ​និង​អាចប​ន្ត​ការងារ​ជា​អ្នកកាសែត​ ​ដែល​ការងារ​នេះ​ ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ក្នុង​កិច្ចប្រឹងប្រែង​ការពារ​ធនធានធម្មជាតិ​របស់​កម្ពុជា​ និងជាការដាស់តឿនដល់មន្រ្តីពាក់ព័ន្ធនិងប្រជាសហគមន៍ឱ្យងាកមកចូលរួមទាំងអស់​។​

លោក អំ សំអាត៖«គ្រាន់តែថាបើតាមការលើកឡើងរបស់គាត់ គឺគាត់(ហ្វីលីន)ជាអ្នកសារព័ត៌មាន គាត់(ហ្វីលីន)មិនអាចទៅធ្វើអគ្គិសនីកើតទេ អ៊‌ីចឹងកាលណាអ្នកសារព័ត៌មានគឺគាត់ជាអ្នកសារព័ត៌មានហើយ។ អ៊‌ីចឹងហើយបានគាត់ថា គាត់លើកឡើងថា គាត់មានប័ណ្ណការងារ គាត់មានវីសា(ទិដ្ឋាការ)សម្រាប់ការងាររបស់គាត់ពេញមួយឆ្នាំ គាត់មានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានដែលជាអ្នក​សារព័ត៌មានហ្នឹងទៅទៀត។»។

ថ្មីៗ​នេះ​ទៀត​ ​លោក​ ហ្វី​លីន​ ​បាន​សរសេរ​អត្ថបទ​មួយ​​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ការពារ​ ​ដូចជា​ដែន​ជម្រក​សត្វព្រៃ​ ​ព្រៃ​ឡង់​ ​ការ​នេសាទ​ត្រី​ខុសច្បាប់​នៅ​ឯ​ដែនសមុទ្រ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា​ ​និង​ការ​បរាជ័យ​ចំពោះ​គម្រោង​ឥណទាន​កា​បូ​ន​ដែល​ជា​តម្រូវ​ការ​សកល។ លោកបានចេញផ្សាយ​លើ​កាសែត​អន្តរជាតិ​មួយ​ឈ្មោះ​ ​ម៉ុង​ហ្គា​បេ។ ចំពោះការចេញផ្សាយនេះ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោលដោយថា​ជាព័ត៌មានមិនពិត។ រីឯកា​រដាក់​លោក​ក្នុង​បញ្ជី​ខ្មៅ​កាលពី​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៤​ ​តាមសម្រង់ខ្លឹមសារសេចក្តីថ្លែងការណ៍រួមមើលឃើញថា អាចបណ្តាលមកពីវត្តមានលោក ហ្វីលីន បានបង្ហាញជាសាធារណៈនៅ​ក្នុង​វីដេអូ​ឯកសារ​មួយ​របស់​ទូរទស្សន៍​ ​Franc​e​24 ​កាលពី​ថ្ងៃ​ទី​២​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៤​។​ វីដេអូ​ឯកសារ​នោះ​និយាយ​អំពី​គម្រោង​ឥណទាន​កា​បូ​ន​របស់​កម្ពុជា​ ​នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ ​ដែល​ក្រោយមក​រាជរដ្ឋាភិបាល​ ​បាន​បដិសេធថា​ការ​លើកឡើង​នៅ​ក្នុង​វីដេអូ​នោះ​ថា​ជា​ “​ព័ត៌មាន​ក្លែងក្លាយ​” ​។​ ​ប្រភព​ព័ត៌មាន​ពីរ​រូប​ផ្សេងទៀត​ ​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​វីដេអូ​ឯកសារ​នោះ​ ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​ ​កាលពី​ថ្ងៃ​ទី​២​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៤​ ​ហើយ​ត្រូវ​បាន​ដោះលែង​វិញ​​ពីរ​ថ្ងៃក្រោយ​មក​​។

សកម្មភាពលោក ហ្វីលីន ធ្វើបទសម្ភាសន៍ជាមួយ​កាសែត​អន្តរជាតិ​​ ​ម៉ុង​ហ្គា​បេ។ រូបភាព៖ MONGABAY

 

នៅ​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ ​កម្ពុជា​បាន​ធ្លាក់​ចំណាត់ថ្នាក់​ចំនួន​ ​៩​ថ្នាក់​ ​នៅ​ក្នុង​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​ពិភពលោក​របស់​ស្ថាប័ន​អ្នកកាសែត​គ្មាន​ព្រំដែន​ ​ដោយ​ចុះ​ដល់​លេខរៀង​ទី​ ​១​៥​១​ ​ក្នុងចំណោម​ប្រទេស​ទាំង​ ​១​៨​០​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​៤​៕

Share

ព័ត៌មានទាក់ទង