en     km
en     km

ស្នងការក្រុងចាត់ទុកមន្ត្រីនគរបាលពីររូប ល្មើសវិន័យនគរបាលជាតិ ករណីប៉ះទង្គិច លោក សុខ ទូច

Share

ជុំវិញបាតុភាពប៉ះទង្គិចគ្នារវាងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភា និងមន្ត្រីនគរបាលចរាចរណ៍ ត្រូវស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ទុកមន្ត្រីនគរបាលចរណ៍ចំនួនពីររូប ថាបានប្រព្រឹត្តិល្មើសបទវិន័យនគរបាលជាតិ។ មន្ត្រីនគរបាលចំនួន២រូប រួមមាន លោក វរសេនីយ៍ទោ ហឿង វឿន ឋានៈអធិការរង ចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងលោកអនុសេនីយ៍ឯក មាស ភារម្យ ឋានៈមន្ត្រីកងអន្តរាគមន៍ពិសេសចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា។

ក្នុងលិខិតបង្គាប់ការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី២០ ខែកុម្ភៈ មានហត្ថលេខានិងត្រារបស់លោក ជួន ណារិន្ទ ដែលជាស្នងការ បានបង្គាប់ឱ្យ មន្ត្រីនគរបាលទាំងពីររូបមកបង្ហាញខ្លួននៅការិយល័យបុគ្គល ចំណុះផែនការងារធនធានមនុស្សជារៀងរាល់ម៉ោងធ្វើការ។ ប៉ុន្តែមិនបានបញ្ជាក់ពីការដាក់ទោសទណ្ឌ ឬពិន័យលើមន្ត្រីនគរបាលទាំងពីររូបឡើយ។

លោក សុខ ទូច ដែលបានធ្វើដំណើរមកភ្នំពេញវិញ ក្រោយបំពេញការងារចុះស្រាវជ្រាវនៅខេត្ត អស់រយៈពេល៣ថ្ងៃ ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ដោយឃាត់រថយន្តលោកឱ្យឈប់ ដើម្បីឱ្យលោកផ្លុំវាស់ជាតិអាល់កុល។ នៅគ្រានោះលោកសុខ ទូច អះអាងថា កម្លាំងនគរបាលបានប្រើពាក្យអសុរសមកលើរូបលោក ប៉ុន្តែលោកក៏បាន ផ្លុំវាស់ជាតិអាល់កុលចំនួន៤លើកនៅពេលនោះនៅតែដល់កម្រិតដែលត្រូវផាកពិន័យតាមច្បាប់ឡើយ ប៉ុន្តែនគរបាលនៅតែទាមទារឱ្យលោកផ្លុំបន្តទៀត ធ្វើឱ្យលោកទ្រាំលែងបានក៏សម្រេចចិត្តលែងសហការ ទើបស្វែងរកកង់បីធ្វើដំណើរទៅផ្ទះ។ នៅគ្រានោះហើយដែលមានការរុញច្រានរូបលោក ដោយកម្លាំងនគរបាលមួយក្រុម។
ករណីនេះ បានផ្ទុះការវែកញែកពាសពេញបណ្ដាសង្គមនៅប៉ុន្មានថ្ងៃនេះ។ យ៉ាងណានៅលើផេកហ្វេសប៊ុក អ្នកនាំពាក្យស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ បានឱ្យដឹងថាករណីនេះ ត្រូវបានក្រុមការងារការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស កំពុងស៊ើបអង្គេតលើមន្ត្រី និងបុគ្គលពាក់ព័ន្ធ ជិតចប់នីតិវិធីហើយ៕

 

Share

ព័ត៌មានទាក់ទង