en     km
en     km

ពលរដ្ឋរាយការណ៍ថាទូរសព្ទពន្លត់អគ្គិភ័យ១១៨ គ្មានអ្នកលើក និងឆ្លងកាត់ច្រើនដំណាក់កាល

Share

ផ្ទៀងផ្ទាត់៖ ពលរដ្ឋម្នាក់បានលើកឡើងពាក់ព័ន្ធនឹងលេខទូរសព្ទបន្ទាន់ ឬHotline ដែលមានលេខ១១៨ ដោយគេរាយការណ៍ថា ទាក់ទងមិនបានពេលឃើញមានគ្រោះអគ្គិភ័យ។ ពិតទេដែលលេខទូរសព្ទរាយការណ៍បន្ទាន់ករណីមានអគ្គិភ័យ គ្មានអ្នកលើក និងឆ្លងកាត់ច្រើនដំណាក់កាលពិបាកទាក់ទង? លោក គីម​ ចាន់ចាវ រាយាការណ៍

 

អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ ដែលកំពុងមានប្រជាប្រិយភាពលើបណ្ដាញសង្គម បានបង្ហោះសាររបស់ពលរដ្ឋម្នាក់ដែលបានលើកឡើងពាក់ព័ន្ធនឹងលេខទូរសព្ទបន្ទាន់ ឬHotline ដែលមានលេខ១១៨ ដោយគេរាយការណ៍ថាលេខនេះទាក់ទងពេលមានអាសន្នពិបាក។ បើតាមលោក លោក ខៀវ កាញ៉ារីទ្ធ ពលរដ្ឋបានរាយការណ៍មកលោកក្នុងសំណេរដើមថា

«ជម្រាបសួរឯកឧត្តមអ៊ំ ខ្ញុំបានជិះកាត់រោងចក្រដែលកំពុងឆេះនៅម្ដុំព្រៃស ហើយខ្ញុំបានទូរស័ព្ទទៅឡានទឹក។ ខ្ញុំមាន២ចំនុចដែលខ្ញុំចង់ជម្រាបជូនអ៊ំនិងគិតថាយើងអាចពង្រឹងបាន។ ១. ពេលទូរស័ព្ទទៅ១១៨ ខ្ញុំត្រូវចុចលេខ១បន្ដ ដើម្បីជួបសហការី ២. ទូរស័ព្ទទៅគ្មានអ្នកលើក។  នេះគឺជាលេខទូរស័ព្ទបន្ទាន់ពេលមានអាសន្ន គួរតែមិនចាំបាច់ចុចច្រើនដំណាក់កាលដើម្បីជួបសហការីទេ។»

 

តើពិតទេដែលលេខទូរសព្ទរាយការណ៍បន្ទាន់ករណីមានអគ្គិភ័យ គ្មានអ្នកលើក និងឆ្លងកាត់ច្រើនដំណាក់កាល បែបនេះ?

ឆ្លើយតបនឹងការលើកឡើងនេះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ​លេខ Hotline ១១៨​ ទើបតែស្នើរសុំបើកឱ្យដំណើរការឡើងវិញបានមួយសប្តាហ៏តែប៉ុណ្ណោះ ការរៀបចំបច្ចេកទេសមិនទាន់បានរួចរាល់នៅឡើយទេ ដោយលេខ​ Hotline ១១៨នេះត្រូវបានផ្អាកលែងដំណើរមួយរយៈពេលមកហើយ។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យអះអាងប្រាប់លោក ខៀវ កាញ៉ារីទ្ធបន្តថា ​ក្នុង​ដំណើរ​ការមួយ​ររយៈពេលខ្លីមកនេះខាង​អង្គភាព​ពន្លត់អគ្គិភួជួប​បញ្ហាទូរសព្ទ (Call)​ មករំខានគ្រប់វិនាទី មិនថាពេលយប់ឮពេលថ្ងៃ​នោះទេ ពី​សំណាក់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែលទូរសព្ទ (Call)​ លេងសើចទាំង​ព័ត៌មាន​ល្អ អាក្រក់និងអសុរោះមកលេខ Hotline​ ១១៨ ដែលធ្វើឱ្យក្រុមប្រចាំការធុញទ្រាន់លែងហ៊ានលើក។

ទន្ទឹមនឹងការសុំទោសចំពោះការខកខានលើកទូរសព្ទ អង្គភាពអង្គភាពពន្លត់អគ្គភ័យសន្យាថានឹងខិតខំ​ពង្រឹងនិងកែសម្រួល​នូវចំណុច​ខ្វះ​ខាតដោយអចេតនាឱ្យមានភាព​ល្អ​ប្រសើរ និងមានប្រសិទ្ធភាពឡើងវិញ។ អង្គភាពអង្គភាពពន្លត់អគ្គភ័យ​អំពាវនាវដល់​ក្រសួង មន្ទីរ ស្ថាប័ន និងអង្គភាពរដ្ឋ និងវិស័យឯកជន ឱ្យគាំទ្រ ប្រើប្រាស់សេវា​ Hotline ១១៨ រាល់ការ​ ទូរសព្ទ (Call)​  ចូលដោយឥតគិតថ្លៃរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមានប្រសិទ្ធិភាព និងដោយសេចក្តីថ្លៃថ្នូរ។

អង្គភាពដដែលក៏បានសំណូមពរដល់ពលរដ្ឋទូទៅ បើពុំមានការចាំបាច់ទេ សូមកុំ​ ទូរសព្ទ (Call)​  រំខាន​ ទុកឱ្យប្រជាពលរដ្ឋជួបគ្រោះអគ្គិភ័យពិតប្រាកដពេលដែលពួកគាត់មិនអាចទប់ស្កាត់បាន​ ទូរសព្ទ (Call)​  មកលេខជំនួយបន្ទាន់១១៨ ដើម្បីស្នើសុំជំនួយបន្ទាន់ពីអង្គភាពនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្ក្រោះ ចេញជួយអន្តរាគមន៏ឱ្យបានទាន់ពេលវេលា៕

 

Share

ព័ត៌មានទាក់ទង