en     km
en     km

 ពលរដ្ឋហាក់ប្រលែងចោលនូវវិធានការសុខាភិបាល ស្របពេលដែលវីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយ

Share

ទិដ្ឋភាពនៃការលក់ដូរតាមបណ្ដោយផ្លូវឆ្ពោះទៅសាលាកវិទ្យាល័យសិកម្មចំការដូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ 

ភ្នំពេញ៖ បច្ចប្បន្នការអនុវត្តវិធានការសុខាភិបាល រួមមានពាក់ម៉ាស់ លាងដៃនឹងអាល់កុល និងរក្សាគម្លាតពីគ្នា របស់ប្រជាពលរដ្ឋមួយភាគធំនៅរាជធានីភ្នំពេញ ហាក់មានចំនួនតិចតួចទៅៗ គាប់ជួនថ្មីៗនេះកម្ពុជាក៏រកឃើញនូវវីរុសកូវិដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ថ្មីទៀត។ ចង់ដឹងថា តើជំងឺឆ្លងសកលវិរុសកូវីដ១៩ នៅតែជាស្រមោលធ្វើឱ្យមនុស្សភ័យខ្លាចទៀត ឬយ៉ាងណា? តទៅនេះ កញ្ញា គុជ ស៊ីកុល នឹងជូននូវបទយកការណ៍ដូចតទៅ៖…………

បើទោះបីជា មនុស្សគ្រប់គ្នាស្គាល់ថាវិរុសកូវីដ១៩ ជាវិរុសបង្កឱ្យមានជំងឺឆ្លងសកល ហើយបង្កជាភាពវិកវរដល់សកលលោកធ្វើឱ្យមនុស្សរស់ក្នុងស្ថានភាពដ៏លំបាកខុសៗពីគ្នាអស់រយៈពេល៣ឆ្នាំមកនេះ ដោយអ្នកខ្លះត្រូវបង្ខំចិត្តរស់នៅដាច់ដោយឡែកពីគ្រួសារ ញាតិមិត្តបងប្អូន ក៏ព្រោះតែភាពភ័យខ្លាចប៉ះពាល់សុខសុវត្ថិភាពក្តី ប៉ុន្តែទិដ្ឋភាពបច្ចប្បន្ននៅតាមទីសាធារណៈ ដូចជា សួនច្បារ កន្លែងកម្សាន្ត និងផ្សារតូចធំមួយចំនួន គេសង្កេតឃើញថា ចំនួននៃអ្នកបន្តការអនុវត្តវិធានការក្រសួងសុខាភិបាលរួមមានការពាក់ម៉ាស់ រក្សាគម្លាត និងលាងសម្អាតដៃនឹងសាប៊ូ ឬអាល់កុល ហាក់តិចទៅៗ មិនសកម្មដូចមុនៗទៀតឡើយ ស្របពេលដែលក្រសួងសុខាភិបាលមើលឃើញថាវីរុសកូវីដ១៩ នៅមិនទាន់ទៅណាឆ្ងាយពីកម្ពុជានោះទេ។

កំពុងអង្គុយក្រោមឆ័ត្រដាក់បាំងថ្ងៃសម្រាប់ការលក់ដូរម្ហូបអាហាររបស់ខ្លួន នៅតាមបណ្ដោយផ្លូវឆ្ពោះទៅសាលាកសិកម្មចំការដូង ដោយមានពាក់ម៉ាស់នៅត្រឹមចង្កា អ្នកស្រី  ផិន្ត លី វ័យជាង៧០ឆ្នាំ បានបង្ហាញភាពជឿជាក់ថា ខ្លួនហាក់មិនមានក្តីបារម្ភខ្លាំងទៅនឹងជំងឺឆ្លងសកលកូវីដ១៩ ដូចពេលដំបូងៗឡើយ ប៉ុន្តែទោះជាយ៉ាងណាក៏អ្នកស្រីមិនចោលឡើយនូវការ ការពារខ្លួនតាមរយៈការពាក់ម៉ាស់។ បន្ថែមពីនេះអ្នកស្រីក៏សង្កេតឃើញផងដែរថា ការខ្វល់ខ្វាយពីការឆ្លងជំងឺកូវីដហាក់ប្រែក្លាយជារឿងធម្មតា ព្រោះថាកន្លងមកនេះអ្នកស្រីមើលឃើញថាមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់ និងអនុវត្តវិធានការសុខាភិបាល«៣ កុំ ៣កាពារ»ទៀតឡើយ។

«អត់ពាក់(ពាក់ម៉ាស់)ដូចរៀងល្ហើយៗមុខ ចា៎ខ្ញុំនៅតែចឹងនៅតែពាក់ អាល់កុលនៅលាងដូចពេលកូនញាំបាយនៅបាញ់នៅតែឱ្យលាងដៃអីចឹងហាស៎ នៅតែសម្អាតចឹងហាស៎អ្នកគ្រូ កុំឱ្យមេរោគវាចូល…យើងមើលវាមិនឃើញទេណាស់គ្រូ អាជំងឺហ្នឹងន្ន៎ ចេះតែការពារទៅ [សំណួរ] តិចណាស់(ចំនួននៃអ្នកបន្តពាក់ម៉ាស់) ដូចថាដប់អីនៅតែពីរ នៅតែបីទេ អស់ហើយអស់ប្រាំបី អស់ប្រាំពីរហើយនៃអ្នកអត់ពាក់ហាស៎ អ្នកពាក់តិចណាស់។»

មិនខុសគ្នាប៉ុន្មានទេ លោក ផល្លី អ្នកលក់ទឹកអំពៅនៅក្បែរនោះ ក៏បាននិយាយថា បើនិយាយពីក្តីបារម្ភទៅលើវីរុសកូវីដ១៩ គឺលោកចាត់ទុកថាមិនមានបញ្ហាប្រឈមទៀតឡើយ ហើយបច្ចប្បន្នលោកទើបតែទទួលបានវ៉ាក់សាំងដូសជំរុញលើកទី១ប៉ុណ្ណោះ ។

«យល់ថាដូចជាលែងផ្ទុះឡើង លែងដូចមុនហើយ លែងបារម្ភដូចមុនហើយ កាលមុនមានការពារអី តែឥឡូវដូចជាធម្មតាហើយ។»

ទាក់ទងទៅការចាក់វ៉ាក់សាំងក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងកូវីដ១៩ទៅតាមដូសជម្រុញជាបន្តបន្ទាប់ នៅតាមមន្ទីពេទ្យនៅទីតាំងដែលខ្លួនរស់នៅ។ ដើម្បីទទួលបានព័ត៌មានពីការចាក់វ៉ាក់សាំងកន្លងមកអ្នកយកព័ត៌មានវិទ្យុស្រ្តីក៏ធ្លាប់ ចុះទៅសាកសួរបន្ថែមពីគ្រូពេទ្យទទួលបន្ទុកផ្នែកវ៉ាក់សាំងនៅឯមណ្ឌលសុខភាពចំការដូង ប៉ុន្តែមិនមានការអញ្ញាតក្នុងការបកស្រាយពីចំនួនប្រជាពលរដ្ឋដែលបានទៅទទួលវ៉ាក់សាំងទៅតាមដូសជម្រុញនៅឡើយទេ។ យ៉ាងណាមិញនៅព្រឹកថ្ងៃទី២៩ ខែធ្នូ បើតាមការចុះទៅផ្ទាល់ព័ត៌មានវិទ្យុស្រី្តសង្កេតឃើញថាមិនសូវជាមានវត្តមានរបស់ប្រពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងនោះទេ ខណៈដែលនៅតាមមន្ទីពេទ្យមួយចំនួនផ្សេងទៀតហាក់ដូចជាស្ងប់ស្ងាត់ មិនមានចំនួនច្រើនឡើយ។

អ្នកស្រី ឡោះ ធីតា អ្នកលក់លៀសហាលតាមកង់ម្នាក់ ដែលកំពុងពាក់ម៉ាស់ ហើយមានអាល់កុលនៅនឹងដៃកង់ លើកឡើងថាបើទោះបីជាស្ថានភាពវីរុសកូវីដ១៩ ស្ថិតនៅបែបណាក៏ដោយ​ក៏អ្នកស្រី​មិនដែលភ្លេចឡើយនូវការការពារ តាមរយៈការពាក់ម៉ាស់ រាល់ពេលធ្វើដំណើរទៅណាមកណា។ ការណ៍ដែលខ្លួនបន្តការអនុវត្តវិធានការទាំងនេះ ព្រោះថាអ្នកស្រីខ្លាចប៉ះពាល់សុខភាព ហើយជាពិសេសឆ្លងទៅកាន់ក្មេងៗ។

«នៅតែការពាររហូតហ្នឹងអូន យើងចេះតែខ្លាចចឹងដែរហ្នឹង ហើយនៅតែមានហ្នឹង(ជំងឺកូវីដ១៩)ព្រោះអីយើងមើលអត់ឃើញ ព្រោះកម្តៅឥឡូវៗកូនក្មេងខ្លះវាក្តៅ៣០អង្សាដូចតែគ្នាហ្នឹងយើងចេះតែការពារទៅ។»

ជុំវិញបញ្ហាកូវីដ១៩នេះ នៅល្ងាចថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ នេះក្រសួងសុខាភិបាលរកឃើញថាមានមនុស្ស៤នាក់ មានផ្ទុកវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ក្រោយពីទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបច្ចុប្បន្ននេះ អ្នកជំងឺទាំង៤នាក់ បានទទួលការព្យាបាលជាសះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តា ឡីស័កនៅតាមផ្ទះរាងៗខ្លួន។ ក៏ប៉ុន្តែករណីនេះបង្កឱ្យក្រសួងសម្តែងក្តីបារម្ភ និងមានភាពភ័យខ្លាចចំពោះការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋមួយចំនួន។ ដោយហេតុនេះ តាមរយៈសេចក្ដីប្រកាសព័ត៌មានចេញថ្ងៃទី២៨ ខែធ្នូ ក្រសួងសុខាភិបាល ក្រើនរំលឹក ប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីបង្ការនៅការចម្លងវីរុស បំប្លែងថ្មីនៃជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការបង្ការដែលបានផ្សព្វផ្សាយ។

វិធានការទាំងនោះរួមមាន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លងគឺពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬ អាល់កុល ឬ ដែលលាងដៃ។ ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើ ផ្នត់កែងដៃ ម៉ាស ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសម្រាបបិទជិត។

អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាកុមារ ជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះជាដើម មិនត្រូវចូលរួមជាមួយព្រឹត្តិការណ៍ដែលមានមនុស្សច្រើន បើមិនមានការ ចាំបាច់បំផុតនោះ ត្រូវតែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ និងរក្សាគម្លាតពីគ្នា ព្រមទាំងមាន អ្នកជួយមើលការខុសត្រូវឱ្យបានត្រឹមត្រូវ ព្រមទាំងអនុវត្តវិធានការខាងលើ។

វិធានការបន្ទាប់ក្រសួងណែនាំឱ្យគ្រប់គ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួនឱ្យបានសមស្រប។ និងចុងក្រោយ ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានទាន់ពេលវេលា។

យ៉ាងណាមិញរយៈពេលប៉ុន្មានខែមុន យោងតាមក្រសួងសុខាភិបាលឱ្យដឹងថា វីរុសកូវីដ១៩ ពពួកអូមីក្រុង XBB.1.5 បានវាយលុកប្រទេសថៃរហូតដល់មន្ទីរពេទ្យឈ្មោះថា Siriraj Piyamaharajkarun មិនមានគ្រែសម្រាប់ដាក់អ្នកជំងីកូវីដ១៩ ទៀតទេ ដោយគ្រែទុកសម្រាប់តែអ្នកជំងឺធ្ងន់ធ្ងរ។ វីរុសកូវីដ១៩ ពពួកអូមីក្រុង ប្រភេទ XBB.1.5 ត្រូវបានអង្គការសុខភាពពិភពលោកលើកឡើងកាលពីដើមឆ្នាំ២០២៣ថា អាចជួយជំរុញឲ្យមានករណីឆ្លងរាលដាលកើនឡើង។

ផ្អែកតាមសារព័ត៌មានអន្ដរជាតិ Bangkok Post បានស្រង់សម្ដីប្រធានផ្នែកជំងឺផ្លូវដង្ហើម និងរបេងនៃមន្ទីរពេទ្យ Siriraj ថានៅក្នុងប្រទេសថៃមានករណីឆ្លងតាំងពីខែមេសាមកម្លេះ តែក៏បានព្យាករណ៍ថា នឹងថយចុះទៅវិញបន្ទាប់ពីសង្ក្រាន្ដឆ្នាំថ្មី។ មួយទៀតដែរ ដោយសារការបោះឆ្នោតនៅដើមខែឧសភា ឆ្នាំ២០២៣នេះ បានធ្វើឱ្យប្រជាពលរដ្ឋថៃធ្វើដំណើរទៅកាន់ស្រុកកំណើត និងធ្វើទេសចរណ៍ កត្តានេះបណ្ដាលឱ្យជំងឺកូវីដ១៩ បានកើនឡើងជាបន្ដបន្ទាប់៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង