នៅក្នុងជំនួបរវាងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងរដ្ឋមន្ដ្រីការពារជាតិចិន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ភាគីចិនបានប្ដេជ្ញាថា នឹងបន្ដជួយដល់កម្ពុជាថែមទៀត លើទំនាក់ទំនងផ្នែកកងទ័ព និងកងទ័ព។ នេះបើយោងទៅតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបង្ហោះលើផេកសម្ដេចហ៊ុន សែន។
លោក វ៉ី ហ្វុងហឺ រដ្ឋមន្ដ្រីការពារជាតិចិន ដែលមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាបនាថ្ងៃទី២៣ វិច្ឆិកា ខាងមុខ បានវាយតម្លៃពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ពថា កំពុងមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា។ ក្រៅពីនេះ លោកក៏បាន អបអរសាទរជូនរដ្ឋាភិបាលកម្ពុជា ចំពោះការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានលទ្ធផលយ៉ាងជោគជ័យ។ នេះបើតាមការឱ្យដឹងពីជំនួយការនាយករដ្ឋមន្ដ្រីដដែល។
ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណដល់ជំនួយរបស់មិត្តចិន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងការអភិវឌ្ឍន៍របស់កម្ពុជា។
ចំណែកសម្ដេច ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងលើហ្វេសប៊ុកថា តាមរយៈដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ដ្រីការពារជាតិចិន នឹងជម្រុញកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅឡើងមួយកម្រិតទៀត។ សម្ដេចបញ្ជាក់ថា នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនទាំងពីររួមចំណែកដល់សន្តិភាព វិបុលភាពក្នុងតំបន់ និងពិភពលោក។
សូមជម្រាបថា ទំនាក់ទំនងកម្ពុជា ចិន បានភ្ជាប់គ្នាតាំងពីខែកក្កដា ឆ្នាំ១៩៥៥មកម៉្លេះ ក្នុងរាជអតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហនុ និងនាយករដ្ឋមន្ដ្រីចិន ជូ អេឡាយ គឺពេលប្រទេសទាំងពីរ ចូលរួមនៅក្នុងសន្និសីទបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធនៅបានឌុង ប្រទេសឥណ្ឌូនេស៊ី។
យ៉ាងណា ទំនាក់ទំនងកម្ពុជាចិននេះ ជាពិសេសផ្នែកកងទ័ព ត្រូវបានសហរដ្ឋអាមេរិកមានកង្វល់ថាកំពង់ផែរាមខេត្តព្រះសីហនុជាមូលដ្ឋានកងទ័ពចិន ក្រោយធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹក ដោយមន្ដ្រីអាមេរិកទទូចឱ្យកម្ពុជាបង្ហាញតម្លាភាពជុំវិញពីកង្វល់នេះ។ បែបនេះក្ដីមន្ដ្រីកម្ពុជា ធ្លាប់ប្រតិកម្មតបថា កង្វល់របស់អាមេរិកលើកំពង់ផែរាម គឺជារឿងដែលគ្មានមូលដ្ឋាន និងជារបៀបវារៈនយោបាយ៕