រដ្ឋមន្ត្រីការបរទេសរបបយោធាមីយ៉ាន់ម៉ា បានជួបជាមួយលេខាធិការរងនៃគណៈកម្មាធិការបក្សរបស់ប្រទេសចិននៅក្នុងជំនួបពិភាក្សាអំពីសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនចិន-មីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន ដែលទទួលបានផ្លែផ្លាជាខ្លាំង។កញ្ញា ងិន ស៊ាងលីម រាយការណ៍៖
កាលពីថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ ប្រទេសចិននិងមីយ៉ាន់ម៉ា បញ្ជាក់ថា កិច្ចពិភាក្សាបានធ្វើឡើងជុំវិញជម្លោះនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍រវាងរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បាននិយាយថា ប្រទេសចិនមានសេចក្តីរីករាយដែលបានឃើញភាគីជម្លោះនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា រៀបចំកិច្ចចរចាសន្តិភាព និងទទួលបានលទ្ធផលវិជ្ជមាន។ ក្នុងនោះ ទីក្រុងប៉េកាំងនៅតែបន្តផ្តល់ការគាំទ្រ និងការសម្របសម្រួលជម្លោះនេះដល់ទីបញ្ចប់។ អ្នកស្រី Mao បានបន្ថែមថា ប្រទេសចិនជឿជាក់ថាការបន្ធូរបន្ថយស្ថានការណ៍នៅភាគខាងជើងនៃមីយ៉ាន់ម៉ា នឹងបម្រើផលប្រយោជន៍ដល់ភាគីទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា និងអំណោយផលដល់ការរក្សាបាននូវភាពស្ងប់ស្ងាត់ និងស្ថិរភាពនៅតាមព្រំដែនចិន-មីយ៉ាន់ម៉ា។
ចំណែក អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយទោ Zaw Min Tun បានបញ្ជាក់កាលពីថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ថា តំណាងគណៈកម្មាធិការចរចាសាមគ្គីភាពជាតិ សន្តិភាពជាតិរបស់ប្រទេសមីយ៉ាន់ម៉ា និងកងទ័ពរំដោះជាតិតាអុងបាននិយាយទៅកាន់គ្នាទៅវិញទៅមក ដើម្បីស្វែងរកដំណោះស្រាយក្នុងនយោបាយចំពោះជម្លោះប្រដាប់អាវុធនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឧត្តមសេនីយទោ Zaw Min Tun បានទូរសព្ទទៅកាន់ទូរទស្សន៍រដ្ឋ MRTV ដោយលោកបានលើកឡើងថា កិច្ចប្រជុំបានធ្វើឡើងដោយមានជំនួយពីប្រទេសចិន ហើយកិច្ចប្រជុំមួយផ្សេងទៀត នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនៅឡើយទេ។
គួររំលឹកថា ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា មានការប៉ះទង្គិចគ្នាបានកើតឡើងនៅទូទាំងរដ្ឋ Shan បន្ទាប់ពីសម្ព័ន្ធមិត្តប្រដាប់អាវុធនៃក្រុមជនជាតិភាគតិចចំនួន ៣ក្រុម បានលួចឆ្មក់ និងបើកការវាយប្រហារប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាកាលពីខែតុលា ឆ្នាំ២០២៣។ កងទ័ពអារ៉ាកាន (AA) កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពរំដោះជាតិតាអុង (TNLA) បានរឹបអូសទីតាំងយោធារាប់សិបកន្លែង និងជាទីក្រុងសំខាន់សម្រាប់ពាណិជ្ជកម្មជាមួយប្រទេសចិនផងដែរ។
ទន្ទឹមគ្នានោះ អ្នកវិភាគយល់ថា ជម្លោះនេះក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតចំពោះរបបយោធាចាប់តាំងពីដណ្តើមអំណាចកាលឆ្នាំ២០២១។ ទីក្រុងប៉េកាំងរបស់ប្រទេសចិន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធរបស់របបយោធាមីយ៉ាន់ម៉ា។ ការវាយលុកដោយសម្ព័ន្ធភាពនៃក្រុមប្រដាប់អាវុធជនជាតិភាគតិចបានធ្វើឱ្យគូប្រជែងផ្សេងទៀតនៃរបបយោធា មានភាពច្របូកច្របល់។ ការប៉ះទង្គិចគ្នានេះទៀតសោត បានរីករាលដាលដល់ភាគខាងកើតនិងខាងលិចនៃប្រទេស ដែលបង្ខំឱ្យមនុស្សជាងកន្លះលាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ នេះបើយោងតាមអង្គការសហប្រជាជាតិ៕
ប្រភព៖ CNA ចុះនៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣
អត្ថបទ៖ងិន ស៊ាងលីម